Condotel គឺជាអ្វី ហើយដើរតួរយ៉ាងដូចម្តេចក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា?
អចលនទ្រព្យក្នុងរាជធានីភ្នំពេញ
ដោយ Alexander Evengroen
ពាក្យថាខុនដូតែល អាចចាត់ទុកថាជាពាក្យមួយថ្មីសម្រាប់មនុស្សទូទៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពាក្យនេះត្រូវបានប្រើប្រាស់ជាទូទៅ និងយ៉ាងទូលំទូលាយក្នុងវិស័យអចលនទ្រព្យនៅឯក្រៅប្រទេស។ ជាទូទៅខុនដូតែលកំពុងមានប្រជាប្រិយភាពនៅក្នុងតំបន់ទេសចរណ៍ធំៗ ដូចជាសហរដ្ឋអាមេរិក និងឌុយបៃជាដើម ប៉ុន្តែបច្ចុប្បន្នទីផ្សារខុនដូតែលក៏កំពុងរំកិលខ្លួនចូលមកកាន់ប្រទេសផ្សេងៗទៀត ដូចជា ប្រទេសកម្ពុជាផងដែរ។
ខុនដូតែល (Condotel) ជាការច្របាច់បញ្ចូលគ្នានៃពាក្យ ២ គឺ ខុនដូ (Condo) និង ហូតែល (Hotel) ទើបក្លាយជាខុនដូតែល។ ដូច្នេះ បើពន្យល់ក្នុងអត្ថន័យខ្លីៗ គឺខុនដូដែលបំរើសេវាកម្មបែបជាស្តង់ដាសណ្ឋាគារ។
ប៉ុន្តែខុនដូតែលមិនដូចសណ្ឋាគារទូទៅនោះទេ ដែលគ្រប់បន្ទប់ទាំងអស់មានម្ចាស់ផ្សេងៗគ្នា ពោលគឺមិនមានក្រុមហ៊ុនឬម្ចាស់ណាមួយដូចសណ្ឋាគារនោះទេ។ ខុនដូតែល គឺជាបន្ទប់សណ្ឋាគារ ដែលបន្ទប់នីមួយៗមានម្ចាស់ដាច់ដោយឡែកពីគ្នា តែស្ថិតក្រោមការគ្រប់គ្រងសេវាកម្មរបស់ក្រុមហ៊ុនតែមួយ ដែលទទួលខុសត្រូវនិងសម្អាតដោយក្រុមហ៊ុនមួយ។
ក្រុមហ៊ុនទាំងនោះអាចជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យទូទៅ (Property Management Company) ឬអាចជាក្រុមហ៊ុនផ្តល់សេវាកម្មសណ្ឋាគារ (Hotel Chain) ធំៗ ដូចជា សណ្ឋាគារ Marriott International របស់ ក្រុមហ៊ុន Accord Hotels ក្រុមហ៊ុន Starwood និងក្រុមហ៊ុនសេវាកម្មបដិសណ្ឋារកិច្ចផ្សេងទៀត។
ចំពោះរបៀបនៃការគ្រប់គ្រងវិញគឺ ម្ចាស់បន្ទប់ខុនដូនីមួយៗចុះកិច្ចសន្យាជួលបន្ទប់របស់ខ្លួនឲ្យក្រុមហ៊ុនគ្រប់គ្រងដើម្បីបំរើសេវាកម្មសណ្ឋាគារ ដែលប្រាក់ចំណូលនឹងបែងចែកគ្នាតាមកិច្ចសន្យាដែលបានព្រមព្រៀងឧទាហរណ៍ដូចជា ៥០ ភាគរយ ម្នាក់ជាដើម។
លើសពីនេះម្ចាស់បន្ទប់ខុនដូ ក៏អាចមានសិទ្ធិទៅស្នាក់នៅក្នុងបន្ទប់របស់ខ្លួនដោយឥតគិតថ្លៃ ក្នុងអំឡុងពេលណាមួយដែលបានព្រមព្រៀងគ្នាជាមុនផងដែរ។
បើវិភាគទៅ មានតែចំណេញនិងចំណេញ ជាម្ចាស់ខុនដូហើយ មិនបាច់សម្អាត មិនបាច់មើលការខុសត្រូវខ្លួនឯង តែមានលុយចូលរាល់ឆ្នាំ ថែមទាំងអាចទៅស្នាក់នៅបានម្តងម្កាលទៀតផង។
ដូច្នេះហើយទើបអ្នកវិភាគអចលនទ្រព្យបានព្យាករណ៍ថា ខុនដូតែលអាចនឹងក្លាយជាសក្តានុពលវិនិយោគថ្មីមួយក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលអនាគត។
បើយោងតាមលោក Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន UK Condo & Real Estate Co., Ltd. បានឲ្យដឹងថា ៖ “កម្ពុជាគឺជាទីផ្សារដែលមានសក្តានុពលសម្រាប់ខុនដូតែល ព្រោះថាបច្ចុប្បន្នអគារខុនដូជាច្រើនបានកើនឡើងជាបន្តបន្ទាប់”។
“ខុនដូតែលក៏អាចនឹងជាដំណោះស្រាយនិងជាការបើកឱកាសទីផ្សារសម្រាប់គម្រោងខុនដូដែលកំពុងប្រឈមនឹងបញ្ហាដូចជា ការផ្គត់ផ្គង់លើសតម្រូវការ បញ្ហាលក់មិនដាច់ សង់មិនទាន់រួច ឬខ្វះថវិកាសង់បន្តជាដើម។ លើសពីនេះ ខុនដូតែលនឹងជាការជួយទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជាបានច្រើនជាងមុន ជាពិសេសអ្នកវិនិយោគបរទេស ដោយសារតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជនជាតិបរទេសអាចទិញនិងមានកម្មសិទ្ធិលើខុនដូបាន ដូច្នេះយើងអាចនិយាយបានថាជាការបណ្ដាក់ទុនមួយដែលមានសុវត្ថិភាព និងសក្ដានុពលខ្ពស់” លោក Alexander Evengroen បានបន្ត។
លោក Alexander Evengroen បានបន្តទៀតថា អត្ថប្រយោជន៍ចម្បងមួយទៀតនៃខុនដូតែល គឺប្រាក់ចំណូលអកម្មដែលទទួលបានដោយទៀងទាត់ ឬដែលស្គាល់ជាទូទៅថា Passive Income ដែលម្ចាស់ខុនដូនឹងទទួលបានបន្ថែមពីការវិនិយោគរបស់ខ្លួនផងដែរ។

Alexander Evengroen, Group CEO of UK Condo & Real Estate Co,. Ltd
- Video Advertisement -