ព័ត៌មានក្នុងស្រុក
ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នៅសៀមរាប សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ តម្លៃជាង ១,៨លានដុល្លារ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ គម្រោងនេះ បានសាងសង់ឡើងលើផ្ទៃដីចំនួន ៣ហិកតាកន្លះ ដែលបានចាប់ផ្តើមការសាងសង់នៅខែឧសភា ឆ្នាំ២០២២ និងបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៣ ខែឧសភា លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងមានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដោយហេតុថាគម្រោងនេះមានគោលបំណងកែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស (លាមក) ធ្វើជីកសិកម្មជីមមោគ បង្កើតខ្សែច្រវ៉ាក់ទីផ្សារជីមមោគ ដើម្បីផ្គត់ផ្គង់តាមតម្រូវការវិស័យកសិកម្ម ដល់ប្រជាកសិករឱ្យមានតម្លៃថោកជាងទីផ្សារ។ គម្រោងស្ថានីយនេះ ស្ថិតក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសរបស់ AIMF , សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស (SIAAP) និងទីភ្នាក់ងារទឹកសែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍសាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប។ គម្រោងនេះ ប្រើថវិកាជាពីរជំហានគឺ៖ ទី១.សិក្សាគម្រោងដែលជាជំនួយរបស់រដ្ឋបាលអូដឺសេន ប្រើថវិកាចំនួន ៨ម៉ឺនយូរ៉ូ និងទី២.គម្រោងផលិតជីកសិកម្ម (ជីមមោគ) នៅខេត្តសៀមរាប គ្រោងនឹងអនុវត្តរយៈពេល […]
អានបន្ថែមមន្ទីរពេទ្យរដ្ឋដ៏ទំនើបបំផុតនៅភ្នំពេញ តម្លៃជាង ៧០លានដុល្លារ បើកដំណើរការផ្លូវការហើយ
អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើតាមឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃជាទឹកប្រាក់សរុប ៧០.៣៣១.៨១១,១១ដុល្លារ ដែលជាការឧបត្ថម្ភពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានា នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា អគារតេជោអភិវឌ្ឍន៍ សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្ដោយមហាវិថីព្រះមុនីវង្ស មានបណ្តោយប្រវែង១៥៣ ទទឹងប្រវែង២២.៥ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ ដោយសាងសង់ស្របតាមប្រព័ន្ធស្តង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសរបស់បារាំង) មានគ្រែសម្រាកព្យាបាល សរុបចំនួន ៤២៦គ្រែ។ គួរបញ្ជាក់ថា អគារតេជោអភិវឌ្ឍន៍នេះ អាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥ម៉ឺននាក់ក្នុង១ឆ្នាំ។ លើសពីនេះ អគារតេជោអភិវឌ្ឍន៍នេះនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវិជ្ជសាស្រ្តតាមប្រព័ន្ធឌីជិថលដ៏ទំនើបឈានមុខគេក្នុងប្រទេសបានថែមទៀតផង។ […]
អានបន្ថែមកូរ៉េផ្តល់កម្ចី ៦៦លានដុល្លារ សង់មន្ទីរពេទ្យជាតិបង្រៀនស្តង់ដារល្អបំផុតនៅភាគឦសាននៃក្រុងភ្នំពេញ
រដ្ឋាភិបាលកូរ៉េ ផ្តល់កម្ចីប្រមាណ ៦៦,៥លានដុល្លារ ដល់កម្ពុជារៀបចំបង្កើតមន្ទីរពេទ្យជាតិបង្រៀន (University of Health Science Teaching Hospital-UHS) ដែលមានកម្ពស់ ៧ជាន់ ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រ ព្រមជាមួយនិងឧបករណ៍ទំនើបៗ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។ គម្រោងមួយនេះ នឹងត្រូវបង្កើតឡើងដើម្បីសម្រេចឲ្យបានប្រសើរឡើងនូវបរិមាណ និងគុណភាពនៃធនធានមនុស្សផ្នែកវេជ្ជសាស្ដ្រ ចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់កម្ពុជា។ មន្ទីរពេទ្យនេះក៏នឹងក្លាយជាមន្ទីរពេទ្យទូទៅ និងជាសាកលវិទ្យាល័យ សម្រាប់អប់រំនិស្សិតសុខាភិបាល ការបណ្តុះបណ្តាលជាប្រព័ន្ធ និងផ្នែកគ្លីនិក ជាពិសេសនឹងក្លាយជាអគារវេជ្ជសាស្ត្រដ៏ល្អបំផុតនៅកម្ពុជា ស្ថិតក្នុងចំណោមមន្ទីរពេទ្យបង្រៀនជាតិទាំង ៨ របស់កម្ពុជា។ គួរបញ្ជាក់ថា គម្រោងនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីប្រមាណ ២៥.០៨៧ម៉ែត្រការ៉េ ស្ថិតតំបន់ដីអភិវឌ្ឍន៍មួយនៅភាគឦសាន្តជាយរាជធានីភ្នំពេញ។ គួររម្លឹកទៀតថា អគារមន្ទីរពេទ្យនេះនឹងត្រូវរចនាបែបសាមញ្ញ និងទំនើប ដែលបង្ហាញពីលក្ខណៈពិសេសបែបសហសម័យ ខណៈដែលច្រកចេញ-ចូលមានទំហំធំទូលាយ និងដំបូលរបស់វាឆ្លុះបញ្ជាំងពីផ្លូវចូលប្រាសាទបូរាណនៃព្រះពុទ្ធសាសនា និងរចនាបទខ្មែរ។ ផ្នែកក្នុង និងខាងក្រៅ មានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា ដែលផ្នែងខាងក្នុងមន្ទីរពេទ្យ មានបន្ទប់ជំនាញអនុវត្ត Simulation Skill Labs ជាមួយនឹងកម្មវិធីផ្សេងៗ សម្រាប់ការអប់រំផ្នែកវេជ្ជសាស្ត្រ រួមទាំងបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកជំងឺឆ្លង […]
អានបន្ថែមរោងចក្រផលិតសំបកកង់រថយន្តតម្លៃ៣០០លានដុល្លារ នៅក្រុងព្រះសីហនុ បើកសម្ពោធជាផ្លូវការ
រោងចក្រផលិតសំបកកង់រថយន្ត មានតម្លៃវិនិយោគប្រមាណ ៣០០លានដុល្លារ បានបើកសម្ពោធជាផ្លូវការ ដោយមានសមត្ថភាពផលិតកង់រថយន្តប្រមាណ ១,៣ លានកង់ក្នុងមួយឆ្នាំ។ ពិធីសម្ពោធរោងចក្រនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២២ ខែឧសភា។ វិនិយោគដោយក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់។ រោងចក្រនេះ នឹងប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិដែលមាននៅក្នុងស្រុកជិត ៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។ សម្តេចតេជោថ្លែងថា ៖ “កម្ពុជា ចង់បានរោងចក្រឧស្សាហកម្ម ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជា កៅស៊ូ ស្វាយចន្ទី ជាដើម ដែលបានចូលរួមបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ និងការវិនិយោគនៃរោងចក្រទាំងនោះ នាំមកនូវបច្ចេកវិទ្យាទំនើបៗចូលមកកម្ពុជា ដែលស្របនឹងគោលនយោបាយឧស្សាហកម្មរបស់យើង”។ ជារោងចក្រ ដែលមានទុនវិនិយោគធំជាងគេនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រនេះអាចផលិតសំបកកង់រថយន្ត នឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១,១៥០នាក់។ សូមបញ្ជាក់ថា នេះជារោងចក្រផលិតកង់រថយន្តទីពីរ ដែលបានបើកដំណើរការ បន្ទាប់ពីរោងចក្រផលិតកង់រថយន្តទី១ នៅក្រុងបាវិត ខេត្តស្វាយរៀង ។ រោងចក្រផលិតកង់រថយន្តទី៣ បានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ នៅខេត្តក្រចេះ។ (អានបន្ថែម)
អានបន្ថែមស្ពានបេតុង ៩ខ្សែតម្លៃ៦លានដុល្លារ នៅស្រុកស្រីសន្ធរ-កំពង់ចាម សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
រដ្ឋបាលខេត្តកំពង់ចាម បានសម្ពោធដាក់ប្រើប្រាស់ស្ពានបេតុងចំនួន ០៩កន្លែង ស្ថិតលើកំណាត់ផ្លូវជាតិលេខ ៧០B ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បើតាមពិធិសម្ពោធកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្ពានបេតុងទាំងនេះ ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ដែលរួមមាន៖ ឃុំផ្ទះកណ្តាល, ឃុំព្រែកដំបូក, ឃុំស្វាយខ្សាច់ភ្នំ, ឃុំឫស្សីស្រុក និងឃុំព្រែករំដេង លើកំណាត់ផ្លូវជាតិលេខ ៧០B ដែលមានប្រវែង ២១ គ.ម។ ស្ពានបេតុងទាំងនេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាអស់ប្រមាណជាង ៦លានដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជូនដល់ប្រជាពលរដ្ឋស្រុកស្រីសន្ធរ។
អានបន្ថែមរដ្ឋនឹងឆ្លាក់អត្តពលិកឆ្នើម២០២៣ នៅវិមានឈ្នះឈ្នះ ខណៈត្រៀមជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ី ២០២៩
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង ខណៈតៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩។ នេះបើតាមសេចក្តីប្រកាសពត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ។ ចម្លាក់ដែលនឹងឆ្លាកនេះ នឹងក្លាយជាតឹកតាងអំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅ គ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ ក្រៅពីនេះ អត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះឈ្នះផងដែរ។ ខណៈនេះដែរ កម្ពុជាក៏កំពុងត្រៀមខ្លួនធ្វើជាម្ចាស់រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅរាជធានីភ្នំពេញ។ គួររម្លឹកដែរថា កម្ពុជាទទួលបានសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះនេះ នៅក្នងមហាសន្និបាតលើកទី៤០ របស់ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ២១-១១-២០២១ ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ថោង ខុន ក្នុងនាមជាអ្នករៀបចំព្រិត្តិការណ៍ និងឯកឧត្ដម ឃួង ស្រេង ក្នុងនាមទីក្រុងម្ចាស់ផ្ទះ ឯកឧត្ដម […]
អានបន្ថែមគម្រោងសង់សាលាវិជ្ជាជីវៈទេសចរណ៍ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤
គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ អាចនឹងរួចរាល់នៅមុនចូលឆ្នាំប្រពៃណីខ្មែរ និងជ្រើសរើសនិស្សិតចូលរៀននៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ក្នុងទីតាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា វិស័យទេសចណ៍គឺជាវិស័យដែលត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចនេះសាលាជាតិទេសចរណ៍មួយនេះ ដែលជាសាលាដំបូងរបស់ក្រសួងទេសចរណ៍នឹងចូលរួមបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណឆ្លើយតបទៅការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍កម្ពុជា។ ទន្ទឹមនិងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈវឌ្ឍនភាពនៃការសាងសង់អគារសាលានេះ ការងារសាងសង់អាចនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ហើយរំពឹងថានៅឆមាសទី២ ឆ្នាំ២០២៤ ខាងមុខ សាលាអាចជ្រើសរើសសិស្ស-និសិត្សចូលរៀនបាន។ សាលាវិជ្ជាជីវៈទេសចរណ៍នេះ នឹងបណ្តុះបណ្តាលលើជំនាញសេវាកម្មសណ្ឋាគារ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ,សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍។ ម៉្យាងវិញទៀត ការបណ្តុះបណ្តាលជំនាញទាំងនេះ គឺស្របទៅតាមក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន គឺចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ។ សាលាក៏នឹងក្លាយជាមជ្ឈមណ្ឌលវាយតម្លៃ Center of Excellence ផងដែរ ដើម្បីទទួលស្គាល់អ្នកមានបទពិសោធន៍ក្នុងជំនាញទេសចរណ៍។ គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍តម្លៃ១១លានអឺរ៉ូ្ ចំនួន ២ទីតាំង ទី១ស្ថិតក្នុងរាជធានីភ្នំពេញ […]
អានបន្ថែមអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការសាងសង់ក្នុងខែកក្កដាខាងមុខនេះ
គម្រោងសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែកក្កដាដ៏ខ្លីខាងមុខនេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារថ្មី របស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ កំពុងត្រូវបានសាងសង់ឡើង នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គួរម្លឹកផងដែរថា អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃនេះ បានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានមានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ម៉ែត្រការ៉េ ក្រោមទុនវិនិយោគ ៦០លានដុល្លារ ដែលជាថវិកាផ្ទាល់របស់ក្រសួងមហាផ្ទៃ។ (អានបន្ថែម)
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ
គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា មានតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីកាលពីថ្ងៃទី១៩ ខែឧសភា នោះថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១.១៩៤.៥៥៧ ដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លារ ដែលជាការចូលរួមពីដៃគូ រួមមាន សហជីពស៉្យាប SIAAP, សមាគមAIMF, ទីភ្នាក់ងារ AESN និងថវិកាបដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ឯកឧត្តមបន្តទៀតថា តាមការសិក្សា នៅឆ្នាំ ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ម៉ែត្រគុបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគុបក្នុងមួយឆ្នាំ ពោលគឺ កើនឡើងជិត ១៣ដង។ ទន្ទឹមនឹងនេះ លោកស្រី […]
អានបន្ថែមគម្រោងសាងសង់ កើនឡើងខ្ពស់ជិត ៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣
ចំនួនការអនុញ្ញាតការសាងសង់ ដែលត្រូវបានអនុម័ត មានការកើនឡើងខ្ពស់ដល់ជិត៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣។ ក្នុងរបាយការណ៍បច្ចុប្បន្នសេដ្ឋកិច្ចប្រទេសកម្ពុជា របស់ធនាគាពិភពលោក ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា បង្ហាញថា ចំនួនការអនុញ្ញាតការសាងសង់ មានការកើនឡើងជាលើកទី១ បើទោះជាការនាំចេញសម្ភារសំណង់នៅមានកម្រិតខ្សោយក៏ដោយ។ ក្នុងរយៈពីរខែដើមឆ្នាំ២០២៣ ការអនុញ្ញាតសម្រាប់ការសាងសង់កើនឡើងដល់ ៨០២លានដុល្លារ កើនឡើង ៤៨៤ភាគរយ។ របាយការណ៍ដដែលលើកឡើងថា បរិមាណនៃការនាំចូលដែកមានការកើនឡើង ១៨,៥ភាគរយ និងការនាំចូលស៊ីម៉ង់ត៍ថយចុះ ៣៨,៣ភាគរយ។ របាយការណ៍ លើកឡើងទៀតថា៖ “ខណៈពេលដែលភាពមិនប្រាកដប្រជានៅតែមាន ការបើកប្រទេសចិនឡើងវិញ ធ្វើឱ្យវិស័យនេះកាន់តែមានសក្តានុពល”។ ធនាគារពិភពលោក បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ក្នុងរង្វង់ ៥,៥ភាគរយ ជំរុញដោយវិស័យជំរុញកំណើន ដោយវិស័យសេវាកម្ម និងកសិកម្មវិញ។
អានបន្ថែម