មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារដ៏ទំនើបត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យដ៏ទំនើបនៅខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះមានទីតាំងស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ហើយដឹកនាំការសាងសង់ដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ មានអគារធំៗចំនួន២ ដែលអគារទាំងពីរមានទំហំប៉ុនគ្នា ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់៤ជាន់ ស្មើ ១៥,១០ម៉ែត្រ។ អគារទី១ មានតម្លៃ ១,៤លានដុល្លារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ បញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ អគារទី២ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ (អានបន្ថែម) […]

អាន​បន្ថែម

សម្តេចតេជោ៖ កម្ពុជាត្រូវសាងមន្ទីរពេទ្យដ៏ធំមួយ ដើម្បីបង្ការហានិភ័យសុខភាពសង្គម

កម្ពុជាត្រូវកសាងមន្ទីរពេទ្យដ៏ធំមួយមានជាង ១ម៉ឺនគ្រែ ដើម្បីពង្រឹងប្រព័ន្ធសុភិបាល និងបង្ការហានិភ័យសុខភាពសង្គម។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន​ សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB)ជាង ៦ពាន់នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ បានឱ្យដឹងថា ប្រព័ន្ធដៃគូអង្គការសហប្រជាតិនៅកម្ពុជា បានលើកឡើងនូវកង្វល់អំពីការត្រៀមទុកជាមុនលើបញ្ហាពីរទី១). គឺហានិភ័យសុខភាពសាធារណៈ និងទី២). ចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជាកាន់តែកើនឡើង។ ដោយសារបញ្ហាទាំងនេះ សម្តេចបានឆ្លើយតបទៅកាន់ប្រព័ន្ធដៃគូអង្គការសហប្រជាតិនៅកម្ពុជាថា កម្ពុជាត្រូវកសាង​មន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់ទៅ ១ម៉ឺនគ្រែ ខណៈមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញពេលនេះ មាន​ត្រឹមតែជាង ៥ពាន់គ្រែតែប៉ុណ្ណោះ។ សម្តេចបានបញ្ជាក់ ក្នុងគ្រាជំងឺឆ្លងកូវីដ១៩ កម្ពុជាត្រូវបង្ខំចិត្តខ្ចីសាលមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីដាក់អ្នកជំងឺឱ្យសម្រាក និងព្យាបាល ដោយមិនអនុញ្ញាតឱ្យអ្នកជំងឺសម្រាកនៅខាងក្រៅគ្មានការថែទាំនោះទេ។ គួរបញ្ជាក់ថា ពាក់ព័ន្ធជាមួយនឹងការងារថែទាំអ្នកជំងឺនេះ អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ (អានបន្ថែម)  

អាន​បន្ថែម

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី  សម្រេច​បានជាង ៤៤ភាគរយ

គិតត្រឹមខែមីនា ឆ្នាំ​២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោថ្មី នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចការសាងសង់បាន​ជាង ៤៤ភាគរយ​ហើយ។ នេះបើតាម​ការបញ្ជាក់របស់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាល​រង​ខេត្ត​កណ្តាល​ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបាន​បញ្ជាក់​ថា រហូតមកទល់នឹងពេលនេះ គម្រោង​សាងសង់​ព្រលាន​យន្តហោះតេជោ​​នៅក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ នៃខេត្តកណ្តាល សម្រេចបាននូវវឌ្ឍនភាព​ចំនួន ៤៤,៣ភាគរយហើយ។ ដោយឡែក ឯកឧត្តមបានបញ្ជាក់ថា ទិដ្ឋភាពដីនៅគម្រោងអភិវឌ្ឍព្រលានថ្មីនេះ បែងចែកជាពីរ មួយដីទិញដោយក្រុមហ៊ុន និងមួយទៀតជាដីរូបវន្តបុគ្គល ដែលប្រជាពលរដ្ឋគ្រប់គ្រង។ ក្នុងចំណោមផ្ទៃដីសរុប ២.៦០០ហិកតា ការដោះស្រាយទំនាស់ដីធ្លីពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍព្រលានថ្មីនេះសម្រេចបាន ៦៣,១ភាគរយ ស្មើ ១.៦៤០ហិកតា។ ក្នុងនោះដែរ ដីដែលត្រូវដោះស្រាយបន្តមាន ដីគ្រប់គ្រងដោយក្រុមហ៊ុន មានទំហំសរុបជាង ៦៥៧ហិកតា ត្រូវ ២៥,២៦ភាគរយ និងដីដែលគ្រប់គ្រងដោយប្រជាពលរដ្ឋមានជាង ៣០២ហិកតា ត្រូវជា ១១ភាគរយ។ ជាមួយគ្នានេះដែរ គម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីនេះ ក៏មានការសាងសង់ផ្លូវតភ្ជាប់ចូលទៅ ព្រលាន ដែលតភ្ជាប់ផ្លូវជាតិលេខ២ និងមហាវិថីសម្តេចតេជោ ដែលមានប្រវែង១៣,៥ គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបានជាង ៣៥ភាគរយហើយ។ […]

អាន​បន្ថែម

រដ្ឋទើបអនុម័តគម្រោងថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពសរុប ៥២០ មេហ្កាវ៉ាត់

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពថាមពលសរុប ៥២០ មេហ្គាវ៉ាត់ សម្រាប់បង្កើនការផ្គត់ផ្គង់ថាមពលចូលបណ្តាញជាតិ និងចូលរួមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ គម្រោងថាមពលកកើតឡើងវិញនេះ នឹងអនុម័តរបៀបវារៈគម្រោងអគ្គិសនីចំនួន៥ សម្រាប់ពិភាក្សានិងអនុម័ត សម្រាប់សម័យប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៧ មេសា ២០២៣នេះ​។ យោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល គម្រោងវារីអគ្គីសនីនៅខេត្តកោះកុង ១៧០មេហ្កាវ៉ាត់ ដែលជាការផ្គូបបញ្ជូលគ្នា រវាងគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០ មេហ្កាវ៉ាត់) និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់) នៅខេត្តកោះកុង ។ ចំណែកគម្រោងស្ថានីយពន្លឺព្រះអាទិត្យ រួមមាន គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ និងគម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។ ក្រៅពីបង្កើនការផ្គត់ផ្គង់ថាមពលដោះស្រាយបង្គ្រប់កង្វះខាតថាមពលប្រើប្រាស់ រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២.៨៨០.៣៨២ដុល្លារ ក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា […]

អាន​បន្ថែម

គម្រោងសង់ស្ថានីយបំប្លែងភក់បង្គន់​ដំបូងគេនៅភ្នំពេញ សម្រេចបាន ៩០%ហើយ

គម្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១នេះ នឹងឈានទៅសម្រេចការសាងសង់ ១០០% នៅចុងខែមេសា ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវកានៅពាក់កណ្តាលខែឧសភាខាងមុខនេះផងដែរ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីខែឧសភា ឆ្នាំ២០២២ លើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។ (អានបន្ថែម) ​បើតាមឯកឧត្តមអភិបាលរង បានបញ្ជាក់ដែរថា សមិទ្ធផលនេះ ជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលបានសហការគ្នាលើការងារនេះតាំងពីឆ្នាំ២០១៨ មកម្លេះ ហើយក៏សង្ឃឹមថានឹងអាចកៀរគរហិរញ្ញប្បទានបន្ថែម ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មជាបន្តបន្ទាប់ទៀតទៅតាមផែនការ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

អាន​បន្ថែម

រយៈពេល៥ឆ្នាំ សៀមរាបទទួលបានគម្រោងអភិវឌ្ឍន៍ជាង ២ពាន់គម្រោង តម្លៃសរុបជាង ១ពាន់លានដុល្លារ

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខេត្តសៀមរាបទទួលបានគម្រោងសាងសង់សរុបចំនួន ២​.៣០៥ គម្រោង មានផ្ទៃក្រឡាសរុបចំនួន ២,១៩លានម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ១.៥៨៤លានដុល្លារអាមេរិក។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា មួយរយៈចុងក្រោយនេះខេត្តសៀមរាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើអភិវឌ្ឍវិស័យសំណង់ ក្នុងនោះមានការអភិវឌ្ឍលើប្រភេទសំណង់ទាំងតូច ធំ និងសំណង់ប្រភេទលំនៅឋានគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តផងដែរ។ ឯកឧត្តមបន្ថែមថា ក្នុងចំណោមគម្រោងសរុប រួមមាន គម្រោងសាងសង់ ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសរុបចំនួន ៣៧គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥៨២ពាន់ម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ១.១១៩លានដុល្លារ។ ដោយឡែក គម្រោងសំណង់ ដែលទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាបមានចំនួនសរុប ៣៥១គម្រោង មានផ្ទៃក្រឡាសំណង់ប្រមាណ ១លានម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ៣១០លានដុល្លារ ហើយមានគម្រោងសាងសង់ចំនួន ១.៩១៥ គម្រោងផ្សេងទៀត ដែលមានផ្ទៃក្រឡាសំណង់សរុប ៦១១ពាន់ម៉ែត្រក្រឡា ក្រោមទុនវិនិយោគ ១៥៥លានដុល្លារអាមេរិក៕

អាន​បន្ថែម

ជប៉ុនផ្តល់ ១៦ម៉ឺនដុល្លារ សម្រាប់គម្រោងសង្គ្រោះបន្ទាន់ដល់គិលានដ្ឋាន១ ក្នុងខេត្តព្រះសីហនុ

រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ១៦៦,៨៣៧ដុល្លារ សម្រាប់គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួចសម្រាប់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងនេះ មានផ្តល់ជារថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដែលត្រូវបានកែសម្រួល និងផ្តល់ជូនដល់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា តាមរយៈការផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងនេះ គិលានដ្ឋានអាចកែលម្អសមត្ថភាពរបស់ខ្លួនក្នុងករណីមានអាសន្ន ដូចជាអាចបញ្ចូនអ្នកជំងឺដែលត្រូវការ បញ្ចូនបន្ទាន់បានច្រើននាក់ជាងមុន ឬអាចពន្លត់អគ្គីភ័យធំៗ និងភ្លើងឆេះព្រៃបានផងដែរ។ ឯកឧត្ដមបានបន្ថែមថា គម្រោងនេះនឹងចូលរួមចំណែកក្នុងការធានាសុវត្ថិភាពដល់ប្រជាជនប្រមាណ ២០,០០០ នាក់ ដែលរស់នៅក្បែរគិលានដ្ឋាននេះ។ គួរបញ្ជាក់ថា ជំនួយខាងលើ ស្ថិតក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ដែលថ្មីៗនេះ​ ជប៉ុនបានផ្តល់ជំនួយ ១៤៥,៦៩២ដុល្លារ សម្រាប់​ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅស្រុកបាទី ខេត្តតាកែវផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

បារាំងបង្កើនទំហំហិរញ្ញប្បទានដល់ ២០០លានអឺរ៉ូ ដល់កម្ពុជា ខណៈ ២៥លានអឺរ៉ូ សម្រាប់អភិវឌ្ឍផ្លូវជនបទ

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការទេ្វដងដល់កម្ពុជា ពី ១០០​ លានអឺរ៉ូ ទៅ ២០០​ លានអឺរ៉ូ ក្នុងមួយឆ្នាំ និងបានបញ្ជាក់អំពីជំហរក្នុងបន្ថែមជូននូវទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ ស្មើនឹងជាង ២៧លានដុល្លារអាមេរិក ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ។ នេះបើតាមកិច្ចប្រជុំរវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងលោកជំទាវMarie-Helene LOISON អនុប្រធានប្រតិបត្តិ​របស់ AFD ចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកជំទាវបានបញ្ជាក់ថា បារាំងនៅតែបន្តគាំទ្រ និងសហការលើគ្រប់វិស័យរបស់កម្ពុជា ហើយថែមទាំងជួយកៀរគរ​ហិរញ្ញ​ប្ប​ទានឥតសំណងពីសហគមអឺរ៉ុប និងសហហិរញ្ញប្បទានពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រសកម្មភាពរបស់ AFD ឆ្នាំ២០២២–២០២៦ សម្រាប់កម្ពុជា។ ជាមួយគ្នានេះដែរ AFD ក៏បានផ្តល់ហិរញ្ញប្បទានចំនួន ២៥លានអឺរ៉ូ នឹងចាក់បំពេញបន្ថែមទៅក្នុងកម្មវិធី RID4CAM ជំហាន ១ ដែលកំពុងដំណើរការស្រាប់។ គួរបញ្ជាក់ថា កម្មវិធី RID4CAM នេះ មានគោលដៅផុ្តល់ហិរញ្ញប្បទានដើម្បីអភិវឌ្ឍបណ្តាញផ្លូវថ្នល់ក្នុងខេត្តមួយចំនួននៅតំបន់ទំនាបកណ្តាលនៃប្រទេស ដែលមានចំនួនប្រជាជនច្រើន និងងាយរងគ្រោះបំផុតដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ។ គម្រោងនេះក៏នឹងពង្រឹងសមត្ថភាពរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែរ។ […]

អាន​បន្ថែម

អាជ្ញាធរកំពង់ស្ពឺសម្ពោធដាក់ឱ្យប្រើផ្លូវ ១៤ខ្សែ-ប្រវែងជាង១៦៥គីឡូម៉ែត្រ ជាផ្លូវការហើយ

ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ និងមានប្រវែងសរុបជាង ១៦៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៣នេះ។ គម្រោងស្ថាបនាផ្លូវនេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងជំហានទី២ ដោយមានចំនួនសរុបចំនួន ១៤ខ្សែ និងមានប្រវែងសរុបចំនួន ១៦៥,៦៣គីឡូម៉ែត្រ ដោយក្នុងនោះ រួមមានផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៥៣,២៥គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុងចំនួន ១២,៣៨គីឡូម៉ែត្រ។ គម្រោងផ្លូវនេះត្រូវបានសាងសង់ឆ្លងកាត់ឃុំចំនួន ២៥ និង ៦ស្រុក ដោយចំណាយថវិកាសរុបចំនួន ១៥,១៥លានដុល្លារអាមេរិក​ក្នុងការសាងសង់។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទគឺជាការចូលរួមក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវទាំងអស់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដល់សុខភាពក្នុងកម្រិតអតិបរមា ព្រមទាំងផ្តល់នូវកាលានុវត្តភាពយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត៕

អាន​បន្ថែម

ទីស្តីការក្រសួងមហាផ្ទៃថ្មីតម្លៃជាង ៦០លានដុល្លារ សង់បាន ៨០% ហើយ

អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ សាងសង់សម្រេចបាន ៨០%ហើយ។ នេះបើតាមកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ កំពុងត្រូវបានសាងសង់ឡើង នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមការគ្រោងទុក គម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ គ្រោងចំណាយថវិកាជាង ៦០លានដុល្លារអាមេរិក និងបានរៀបចំបុកគ្រឹះសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ។ (អានបន្ថែម)  

អាន​បន្ថែម