ទីស្តីការក្រសួងមហាផ្ទៃថ្មីតម្លៃជាង ៦០លានដុល្លារ សង់បាន ៨០% ហើយ

អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ សាងសង់សម្រេចបាន ៨០%ហើយ។ នេះបើតាមកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ កំពុងត្រូវបានសាងសង់ឡើង នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមការគ្រោងទុក គម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ គ្រោងចំណាយថវិកាជាង ៦០លានដុល្លារអាមេរិក និងបានរៀបចំបុកគ្រឹះសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ។ (អានបន្ថែម)  

អាន​បន្ថែម

រោងចក្រ​ដំឡើង​រថយន្តរបស់​ជប៉ុន​ ISUZU បើកដំណើរការជាផ្លូវការនៅកំពង់ស្ពឺហើយ

​រោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) តម្លៃជាង ៧លានដុល្លារ របស់ក្រុមហ៊ុន ខេ (​ខេ​ម​បូ​ឌា​) ដែលមានទីតាំងនៅក្នុង​ខេត្តកំពង់ស្ពឺ ត្រូវបាន​សម្ពោធបើកដំណើរការ​ជា​ផ្លូវការ​ហើយ ក្រោមអធិបតីឯកឧត្តម សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គម្រោងរោងចក្រនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តកាលពីដើមឆ្នាំ២០២២កន្លងមក មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លា និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។ ឯកឧត្តមបញ្ជាក់ថា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុន, នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមលើសារព័ត៌មាន ​​Fresh News ។ ឯកឧត្តមបន្តថា វត្តមាន​នៃ​គម្រោង​វិនិយោគក្នុងខេត្តកំពង់ស្ពឺ​នេះ ​ គឺជា​ជោគជ័យ​នៃ​គោលនយោបាយ​ពង្រាយ​រោងចក្រ​នៅតាម​បណ្តា​ខេត្ត​ផងដែរ​។ ជាក់ស្តែង ក្នុងអំឡុង​រយៈពេល ៣​ ឆ្នាំ ​ចុង​ក្រោយនេះ មានប្រមាណ ​៦០% នៃ​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា […]

អាន​បន្ថែម

អ្នកជំនាញចិនចង់វិនិយោគ​កែច្នៃសំរាមនៅ​ភ្នំពេញ​​ទៅជាថាមពលអគ្គិសនី

ក្រុមហ៊ុនចិន មីហ្ស៊ុដា Mizuda Waste Management Co., Ltd. ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការ​សេវា​ប្រមូល​សំរាម​នៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃសំរាមទៅជា​ថាមពល​អគ្គិសនី បន្ថែមពីលើការងារដែល​ក្រុមហ៊ុន​កំពុងអនុវត្តន៍រាល់ថ្ងៃ។ គម្រោងកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុនត្រូវបានលើកឡើងដោយលោកអគ្គនាយក​ក្រុម​ហ៊ុន ​មីហ្ស៊ុដា លោក Shan Jian Ming ក្នុងឱកាសកិច្ចប្រជុំជាមួយឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំ​ពេញ នៅថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣។ លោក Shan Jian Ming បានលើកឡើងថា ក្រុមហ៊ុនមានគោលបំណងពិភាក្សាអំពីលទ្ធភាព​នៃការធ្វើវិនិយោគ​លើ​គម្រោ​ង​​​​​​​​ផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍ​រាជធានីភ្នំពេញឱ្យកាន់តែ​ស្រស់ស្អាត មា​នសោភណ្ឌភា​ព និង​ស័​ក្ដិសម​​ជា​ទី​ក្រុង​ទំនើប ដោយទី១ ក្រុមហ៊ុនស្នើសុំ​មតិយោបល់ណែនាំពីចំណុចខ្វះខាតលើកិច្ចការងារប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងទី២ ក្រុ​មហ៊ុនមានគម្រោងច​ង់កែច្នៃការដុតសំ​រាមទាំងនោះឱ្យទៅជា​ថាមពលអគ្គិសនី។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងចង់វិនិយោគ​លើគម្រោង​នេះ ដោយសារតែក្រុមហ៊ុនមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ​ក៏ដូចជារ​ដ្ឋបា​ល​រាជ​ធានី​ភ្នំពេញ ហើយក្រុមហ៊ុនបានទទួលជោគជ័យលើការវិនិយោគលើទីផ្សារបែបនេះនៅប្រទេសចិន ម្យ៉ាងក្រុមហ៊ុនក៏មានរោងចក្រដុតសំរាមទៅ​ជាអគ្គិសនី​ចំនួន​ ​៣៣រោង​ចក្ររួចមកហើយ។ ចំពោះគម្រោងវិនិយោគថ្មី ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ឯកឧត្ដមឃួង ស្រេង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញគាំទ្រក្រុមហ៊ុនមុនគេ ប៉ុន្តែយ៉ាងណាក្តី […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបោះមូលបត្រប្រមូលចំណូលបាន​ ៣០៧លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមដើមឆ្នាំ២០២៣ ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធនៅក្នុងទីផ្សារកម្ពុជា អាចប្រមូលទុនពីទីផ្សារមូលបត្របានចំនួនប្រមាណ ៣០៧លានដុល្លារអាមេរិក ដោយទុនទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។​ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយនិយតករ​មូល​ប​ត្រ​​កម្ពុជា ​(SERC) នៅថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០២៣។ របាយការណ៍ខាងលើបានឱ្យដឹងថា សាច់ប្រាក់ទាំងអស់នោះត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍបណ្តាញទឹកស្អាត ធ្វើជាទុនបង្វិល អភិវឌ្ឍចំណតផែកុងតឺន័រ ពង្រីកសមត្ថភាពលើកដាក់ទំនិញនៅកំពង់ផែ អភិវឌ្ឍបណ្តាញអគ្គិសនី ពង្រីកអាជីវកម្មសំណង់ អភិវឌ្ឍគម្រោងខុនដូ គាំទ្រមីក្រូហិរញ្ញវត្ថុជនបទ បង្កើនផលបត្រឥណទាន បង្កើនសំពៀតឥណទាន ធ្វើបុនហិរញ្ញប្បទាន អភិវឌ្ឍសេវាកម្មទូរគមនាគមន៍ ធ្វើហិរញ្ញប្បទានលើគម្រោងបៃតង ជាដើម។ យោងតាមរបាយការណ៍របស់និយ័តករមូលបត្រកម្ពុជា  គិតចាប់ពីឆ្នាំ២០១២ ដល់ត្រីមាសទី៤ ឆ្នាំ២០២២ មានក្រុមហ៊ុនសរុបចំនួន៧ បានចុះបញ្ជីមូលប័ត្រកម្មសិទ្ធិនៅលើទីផ្សារគោល ខណៈការជួញដូរមូលបត្រកម្មសិទ្ធិមានតម្លៃជួញដូរចំនួន ២៩៤.០៦៣.៩៧០ដុល្លារអាមេរិក៕

អាន​បន្ថែម

ជប៉ុនសម្រេចផ្តល់ ៣០លានដុល្លារបន្ថែម ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅស្វាយរៀង

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាលើវិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀង ក្នុងទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក។ បើតាមការប្រកាសរបស់ទីភ្នាក់ងារជប៉ុន JICA បានឱ្យដឹងថា វិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀងដែលមានទឹកប្រាក់សរុបចំនួន ៣ ៩៨៦ លានយ៉េន (ជាង ៣០ លានដុល្លារអាមេរិក) ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ កន្លងមក  ជំនួយនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម តាកេ ហ្ស៉ឺនសឹកិ រដ្ឋលេខាធិកានៃក្រសួងការបរទេសជប៉ុន លើលិខិតប្តូរសារម្តងរួចមកហើយ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍន៍ដែលមានលក្ខណះគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងភាពជាដៃគូជាយុទ្ធសាស្រ្តរយៈពេលយូរជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គួររម្លឹកថា គម្រោងនេះមានគោលបំណងរក្សាឱ្យបាននូវស្ថិរភាពក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតរហូតដល់ ៦ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងធ្វើអោយប្រសើរឡើងនូវការទទួលបានទឹកស្អាតក្នុងក្រុងស្វាយរៀង។ (អានបន្ថែម)

អាន​បន្ថែម

បន្ទាយមានជ័យត្រូវការថាមពលរហូតដល់ ១១៥គីឡូវ៉ុល ខណៈបច្ចុប្បន្នបានត្រឹមតែ ៣០គីឡូវ៉ុល

ខេត្តបន្ទាយមានជ័យ ត្រូវការប្រើប្រាស់ថាមពលអគ្គិសនីទូទាំងខេត្តប្រមាណ ១១៥គីឡូវ៉ុល ខណៈខេត្តនេះ ផលិតបានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣​។ ឯកឧត្តមអភិបាល បានបន្ថែមឱ្យដឹងថា ក្នុងខេត្តមានអ្នកវិនិយោគផលិតថាមពលអគ្គិសនីតាមរយៈប្រព័ន្ធសូឡា បានត្រឹមតែ ៣០គីឡូវ៉ុលប៉ុណ្ណោះ ដោយនៅខ្វះជាង ៨០គីឡូវ៉ុលទៀតឯណោះ។ ឯកឧត្តមបានបន្តថា ចំពោះថាមពលដែលនៅខ្វះ រាជរដ្ឋាភិបាល បានបំពេញដោយសហការទិញថាមពលពីភាគីថៃ ដើម្បីប្រើប្រាស់សម្រាប់ ៣ខេត្តរួមមានបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ ដោយឡែក ប្រភពមួយទៀត រដ្ឋយកថាមពលពីរាជធានីភ្នំពេញ​តាមរយៈអគ្គិសនីកម្ពុជាចូលខេត្តបន្ទាយមានជ័យនៅរដូវវស្សា។ បន្ថែមពីនេះ ឯកឧត្តមអភិបាល​ បានបញ្ជាក់ថា មកទល់ពេលនេះ មានភូមិចំនួន ៦គត់ក្នុងចំណោមភូមិ៦៥៨ មិនទាន់មានអគ្គិសនីប្រើប្រាស់ ដោយសារជាភូមិដាច់ស្រយាល ហើយភូមិទាំង ៦នោះ ស្ថិតក្នុងស្រុកម៉ាឡៃ។

អាន​បន្ថែម

មន្ទីរពេទ្យរដ្ឋដ៏ទំនើបដំបូងបំផុតក្នុងក្រុងភ្នំពេញ គ្រោងដាក់ឱ្យដំណើរការឆាប់ៗនេះ

អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់របស់ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងមានគម្រោងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ នៅចុងខែឧសភាខាងមុខនេះ ខណៈពេលនេះ ការងារសាងសង់សម្រេចបានជាង ៩៨% បើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់។ គម្រោងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានបើកការដ្ឋានកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកម្ពស់ ១២ជាន់ មានផ្ទៃក្រឡាសរុបជាង ៤២.០០០ ម៉ែត្រការ៉េ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋនឹងកាត់បន្ថយការប្រើថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០

រដ្ឋបានដាក់ផែនការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ៣៤% តាមលំនៅឋាន នៅត្រឹមឆ្នាំ២០៣០ ខណៈចំនួនលំនៅឋានមានការកើនឡើង ១,៧ភាគរយជារៀងរាល់ឆ្នាំ គិតពីឆ្នាំ២០២០មក។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិលើប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលចេញផ្សាយនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា តំាងពីឆ្នាំ២០២០មក ប្រទេសកម្ពុជាមានគេហដ្ឋានចំនួនជាង ៣,៦ លានខ្នង នៅទូទាំងប្រទេស ដែលចំនួននេះបានកើតឡើងប្រមាណ ១,៧ភាគរយ ជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ទៀតថា បើតាមកំណើននៃតួលេខខាងលើបង្ហាញឱ្យដឹងថា ការរស់នៅតំបន់ទីក្រុងកំពុងកើនឡើងយ៉ាងលឿន ដែលនេះជាមូលហេតុនាំឱ្យមានប្រជាជនប្រហែលមួយភាគបីនៃប្រជាជនសរុប នឹងរស់នៅក្នុងតំបន់ទីក្រុងក្នុងឆ្នាំ២០៣០។ ផ្អែកលើកំណើនលំនៅឋាន និងចំនួនប្រជាជនកើនឡើងដ៏ច្រើនសន្ធឹកនេះ រដ្ឋាភិបាលបានដាក់គោលដៅក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបានចំនួន ៣៤% នៅក្នុងវិស័យអគារលំនៅឋាន ពោលគឺពី ១៧.៩៨១ GWh មកត្រឹមតែ ១១.៨២៦ GWh។ ការដាក់ចេញនូវប្រសិទ្ធភាពថាមពលនេះមានសារៈសំខាន់ណាស់ ដោយសារតែកំណើនអត្រាការរស់នៅក្នុងតំបន់ទីក្រុង និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ ហើយក៏មានតម្រូវការខ្ពស់លើការប្រើប្រាស់ឧបករណ៍ ឬបរិក្ខារអគ្គិសនី ជាច្រើន ដូចជា ទូទឹកកក ឬ ម៉ាស៊ីនត្រជាក់ បន្ថែមទៀតនាពេលអនាគតផងដែរ៕

អាន​បន្ថែម

អ្នកជំនាញផ្លូវថ្នល់ចិន នឹងចុះសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឆាប់ៗ

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានដាក់លិខិតសុំចុះសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាបឆាប់ៗនេះ។ នេះយោងតាមលិខិតស្នើលេខ ១៣៣៥សក ទៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ មីនា ២០២៣។ តាមខ្លឹមសារលិខិតបានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)នឹងចាប់ផ្តើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាប នាពេលឆាប់ៗនេះ។ ជាមួយគ្នានេះដែរ ក្រសួងក៏បានស្នើដល់ឯកឧត្តមអភិបាលខេត្ត ជួយសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមសហការ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីអាចដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឱ្យបានរលូនផង។ កន្លងមក ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងសង់រោងចក្រទឹកស្អាតតម្លៃ ១១៥លានដុល្លារ នៅសៀមរាប សម្រេចបាន ៩៩% ហើយ

គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តសៀមរាបតម្លៃ ១១៥លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ ខណៈរោងចក្រនេះ គ្រោងនឹងបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឱ្យដឹងពីរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប នៅថ្ងៃទី២៧ មីនា ២០២៣។ លោក សៀក ប៉េងគៀង អគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប បានឱ្យដឹងថា រោងចក្រផលិតទឹកស្អាតថ្មីនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ លោកបន្តថា ចំពោះសំណង់រោងចក្រនាពេលបច្ចុប្បន្នសាងសង់បាន ៩៩ភាគរយ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែឧសភា ២០២៣នេះ។ គួរបញ្ចាក់ទៀតថា រោងចក្រមួយនេះនឹងធ្វើការបូមទឹកពីបឹងទន្លេសាប ដើម្បីផលិតជាទឹកស្អាតសម្រាប់ប្រើប្រាស់ ដែលពេលនេះរដ្ឋាករទឹកបានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្ររួចរាល់ហើយ។ គួរម្លឹកទៀតថា រោងកច្រផលិតទឹកស្អាតថ្មីនេះ បានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ២០២០ នៅលើផ្ទៃដីចំនួន៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ១១៥លានដុល្លារ ក្រោមជំនួយឥណទានរបស់អង្គការ JACA ។ បច្ចុប្បន្ន ខេត្ដសៀមរាបមានរោងចក្រផលិតទឹកស្អាតចំនួន៣កន្លែង ដែល២កន្លែងទៀត អាចផលិតទឹកបានជាង ២ម៉ឺន ៥ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ បើរាប់ទំាងរោងចក្រថ្មីនៅសង្កាត់ជ្រាវផង អាចចែកចាយនិងផលិតទឹកស្អាតបានជិត១០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ និងមានសម្ថភាពផលិតទឹកស្អាតឱ្យបានគ្រប់តាមតម្រូវការនៅក្រុងសៀមរាបរហូតដល់ឆ្នាំ២០៣០។

អាន​បន្ថែម