ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា សម្រេចការសាងសង់បាន ២០% ហើយ

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សាងសង់សម្រេ​ច​បាន ២០% ហើយ។ នេះបើតាមដំណើរចុះពិនិត្យការដ្ឋានសាងសង់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងដំណើរខាងលើនេះ  ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ បានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា ការសាងសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង ១លានដើម ឆ្ពោះទៅសម្រេចតាមផែនការ របស់រាជរដ្ឋាភិបាល ដែលមានទស្សនវិស័យប្រែក្លាយកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ ទំហំដីចំនួនជាង៣ហិកតា និងត្រូវបានសាងសង់ឡើង ក្រោមការគាំទ្រថវិកា របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ (អានបន្ថែម)

អាន​បន្ថែម

បារាំង និងអឺរ៉ុប គ្រោងពង្រីកសក្តានុពលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា

ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប គ្រោងនឹងសិក្សាពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ។ នេះបើតាមកិច្ចពិភាក្សាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការ ដើម្បីពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពកម្ពុជាឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ដែលផ្តោតលើការទទួលបានសេវា និងការគ្រប់គ្រងវិស័យទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់ពលរដ្ឋគ្រប់រូប។ ក្នុងកិច្ចពិភាក្សាខាងលើនេះ លោកជំទាវ Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង ៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ​ AF​D ​បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិ​​លទ្ធភា​ព​នៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺ​រ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្ប​ងមួ​យរបស់ខ្លួន។ កិច្ចប្រជុំនេះ បានសម្រេចដោយឯកឧត្តម ហែម វណ្ណឌី និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់ធាតុចូលសំខាន់ៗដល់ក្រុមការងាររបស់ AFD ពិសេសទាក់ទងនឹងគោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្មរបស់ពួកគេ។ សមភាគីក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការគាំទ្រគំនិតផ្តួចផ្តើមនេះឱ្យសម្រេចជោគជ័យតាមការគ្រោងទុក។

អាន​បន្ថែម

រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិដ៏ធំតម្លៃ ១,៣៤១ដុល្លារ នៅកោះកុង បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន Royal Group Power ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានបើកការដ្ឋានសាងសង់រោងចក្រថាមពលដើរថាមពលឧស្ម័នធម្មជាតិ មានអនុភាព៩០០មេហ្គាវ៉ាត នៅស្រុកបទុមសាគរ ក្នុងខេត្តកោះកុង។​ ពិធីបើកការដ្ឋានរោងចក្រថាមពលខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ដោយមានការចូលរួមជាអធិបតីដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, អ្នកឧកញ៉ា គិត ម៉េង, លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។​ រោងចក្រដ៏ធំមួយនេះ នឹងត្រូវបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ២០២៧ តទៅ ។ បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងមួយនេះនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។ […]

អាន​បន្ថែម

វិស័យឯកជនជ្រើសរើសវិធានការសំខាន់ ៣ ដើម្បីចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា

វិស័យឯកជន បានសម្រេចជ្រើសរើសយកវិធានការអាទិភាពចំនួន ០៣សំខាន់ៗ ក្នុងចំណោមវិធានការ ២០ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត​ និងអេឡិចត្រូនិចលើកទី២ ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធចំនួន ១០០រូប ក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាពក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ តាមរយៈការស្ទង់មតិ លើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព៖ ១)-កម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញកម្លាំងពលកម្មដោយសហការ ជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។ ទន្ទឹមនេះ វិស័យឯកជន ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាល លើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល ព្រមទាំងការរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និងអាណិកជន ខ្មែរដែលមានជំនាញ និងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរផងដែរ។ […]

អាន​បន្ថែម

​នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យពន្លឿនការចរចាគម្រោងពង្រឹងផ្លូវដែកឱ្យ​ចេញជារូបរាងនៅមុនដំណាច់ឆ្នាំនេះ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទទួលសម្បទានគ្រប់គ្រងប្រព័ន្ធផ្លូវដែកកម្ពុជា Royal Railway of Cambodia ធ្វើការចរចារឱ្យបានចេញជាកាចុះអនុស្សរណៈយោគយល់គ្នាយ៉ាងយូរត្រឹមចុងឆ្នាំនេះ ដើម្បីធ្វើការពង្រឹងផ្លូវដែកនៅកម្ពុជាបន្ថែមទៀត។ ថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជា​ចូលជាសមាជិកអង្គការ​ពាណិជ្ជកម្មពិភពលោក (WTO)នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងតែចរចារធ្វើបន្ថែមទៀតទៅលើ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវ៉េ និងផ្លូវដែក ដើម្បី​បម្រើឲ្យវិស័យ​ដឹកបញ្ជូន។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា«ខ្ញុំបានឱ្យគោលការរួចហើយដល់ក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាចរចារឱ្យបានចេញជាការចុះអនុស្សរណៈយោគយល់គ្នា ឱ្យបានយ៉ាងយូរ​នៅចុងឆ្នាំនេះ ពីព្រោះបញ្ហាផ្លូវដែកនេះបានកកស្ទះគាំងរាប់ឆ្នាំមកហើយ ដោយយើងត្រូវពង្រឹងនិងមិនអាចទុកតទៅទៀតបានទេ»។ សម្តេចព្រមានដកគម្រោងនេះ ពីវិស័យឯកជនវិញ បើការចរចាឱ្យបានចេញជាកាចុះអនុស្សរណៈយោគយល់គ្នាយ៉ាងយូរត្រឹមចុងឆ្នាំនេះ មិនទទួលបានជោគជ័យ។​ បច្ចប្បន្ន ក្រុមហ៊ុន Royal Railway of Cambodia ទទួលបានសិទ្ធសម្បទានវិនិយោគលើការគ្រប់គ្រងប្រព័ន្ធផ្លូវដែកនៅកម្ពុជា ដែលមានពីរខ្សែ ពីរាជភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត។​

អាន​បន្ថែម

រយៈពេល ៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង $១០ពាន់លាន កើនជាង ១១%

​រយៈពេល ៨ខែ ឆ្នាំ២០២៤ ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជាជាមួយបណ្តា​ប្រទេស​អាស៊ាន មានទំហំ​ទឹកប្រាក់ប្រមាណ ១០,៤៩ពាន់​​លាន​ដុល្លារ​ ​កើនឡើង ១១,៨ភាគរយ ​ធៀបនឹងក្នុងរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៩,៣៨ ពាន់​លាន​ដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផលចម្រុះ​ទៅ​កាន់​បណ្តាប្រទេស​​ដែលជាសមាជិកអាស៊ាន​មានទំហំទឹកប្រាក់ ​ប្រ​មា​​​​ណ​ ៣,៤៣ ពាន់​លាន​ដុល្លារ ​កើន​ឡើង ១០ភាគរយ​ ធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ខណៈដែលការ​នាំ​ចូ​ល​​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​តម្លៃ ៧,០៦ពាន់​លាន​ដុល្លារ កើន​ឡើង ១២,៥ ភាគរយ​ ធៀ​បនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងរយៈពេល ​៨ខែនេះដែរ ទំហំ​ពាណិជ្ជ​កម្ម​​​ប្រទេស​កម្ពុជា​ជាមួយ​អាស៊ាន​មាន​​ចំនួន ​២៨.៤ភាគរយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​សរុបដែលមានទឹកប្រាក់ប្រមាណ ៣៦.៩ពាន់​លាន​ដុល្លារ​ ហើយដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ប្រាំ​របស់​ប្រទេស​ក្នុ​ង​​អាស៊ាន​គឺ ប្រទេសវៀតណាម ថៃ សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ប្រទេសម៉ាឡេស៊ី។ ដោយឡែកក្នុងទំនាក់ទំនង​ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន​នេះដែរ គឺប្រទេសចិន ដែលរយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារ  ដែលមានការកើនឡើង […]

អាន​បន្ថែម

ប្រព័ន្ធចម្រោះទឹកស្អាតតម្លៃជាង ១៥ម៉ឺនដុល្លារ នៅមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងបរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានតម្លៃ ១៥៦.១៥០ដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោងខ្នាតតូចតម្លៃ ១៥៦.១៥០ ដុល្លារនេះ​គឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ។” ​ ឯកឧត្តមបានបន្ថែមថា៖ “ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំង​នេះបានរួមចំណែក​ធ្វើឱ្យកម្ពុជា​មានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តា​រាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើ​ននៃតម្រូវការទឹកស្អាត​របស់​ប្រជាជន​ ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។” គួរបញ្ជាក់ថា គម្រោងខ្នាតតូចនេះ ស្ថិតក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.000 ម៉ែត្រគូប ទៅ 3.000 ម៉ែត្រគូបក្នុងមួយថ្ងៃ។ […]

អាន​បន្ថែម

ចិនចង់សិក្សារុករករ៉ែនៅបឹងទន្លេសាប ខណៈកំពុងផលិតស៊ីម៉ង់នៅខេត្តកំពត

​ប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ចង់មកសិក្សាពីការរុករករ៉ែធម្មជាតិនៅបឹងទន្លេសាបក្នុងខេត្តសៀមរាប ខណៈបច្ចុប្បន្នកំពុងមានកិច្ចសហការជាមួយខេត្តកំពតលើការវិនិយោគសង់រោងចក្រផលិតស៊ីម៉ងត៍។ នេះបើតាមជំនួបរវាង លោក ឌី រ៉ាដូ អភិបាលរងខេត្ត​សៀ​មរាប និងប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ហ៊ូ ជីងលឹ សមាជិកគណៈកម្មាធិការ​បក្ស និងជាអនុប្រធានការិយាល័យភូមិសាស្ត្រ នៃរដ្ឋបាលប្រជាជនខេត្តហ៊ូប៉ី កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ តាមរយៈជំនួបពិភាក្សានេះ លោកប្រធានប្រតិភូ បានលើកឡើងថាខេត្តរបស់លោកមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាយូរមកហើយ តែដោយមានបញ្ហា និងវិបត្តិមួយចំនួនដូចជា COVID-19 ទើបធ្វើឱ្យកិច្ចសប្រតិបត្តិការរវាងភាគីទាំងពីរមានភាពលំបាកមួយចំនួន។ លោកបានបន្ថែមថា ខេត្តរបស់លោកមានកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពត លើការវិនិយោគសង់រោងចក្រផលិតស៊ីម៉ងត៍។ ដោយឡែក ក្នុងខេត្តសៀមរាបវិញ លោកមានបំណងចង់សិក្សា និងរុករកធនធានរ៉ែធម្មជាតិក្នុងខេត្តមួយនេះ ដោយលោកបានឡើងថាបឹងទន្លេសាបជាបឹងដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា លោកប្រាកដក្នុងចិត្តថានឹងមានធនធានរ៉ែធម្មជាតិជាក់ជាមិនខាន។ ក្រៅពីនេះ ដោយសារខេត្តសៀមរាប មានសក្តានុពលលើវិស័យទេចរណ៍ លោកក៏មានបំណងសហការលើវិស័យមួយចំនួនបន្ថែមទៀតដែលស្របនឹងសក្កានុពលរបស់ខេត្តមួយនេះ ដូចជា៖ ការបណ្តុះបណ្តាលអ្នកជំនាញលើវិស័យទេចរណ៍ ដោយខេត្តរបស់លោកមាន សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន​ ២០សាលា ដែលបណ្តុះបណ្តលលើជំនាញចំនួន៣០ ក្នុងនោះក៏មានវិស័យទេចរណ៍ផងដែរ។ សហការលើវិស័យកសិកម្មដោយខេត្តរបស់លោកអាចជួយលើការសិក្សាពីគុណភាពដី ថាតើដីប្រភេទណាសមនឹងដាំដំណាំអ្វីខ្លះ។

អាន​បន្ថែម

កាណាដាគ្រោងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញឆាប់ៗខាងមុខនេះ

​ប្រទេសកាណាដា គ្រោងនឹងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងទំនា​ក់​ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា ជាពិសេសសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម។ នេះបើតាមជំនួបពិភាក្សាការងាររវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងរៀងចន្ទន៍ ប្រទេសឡាវ។ ក្នុងជំនួបនេះ ឯកឧត្តម Justin Trudeau   បានជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត ដោយកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ ឯកឧត្តមបានបន្ថែមថា ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា។ បន្ថែមលើសពីនោះ សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តម Justin Trudeau   ថាកាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដាជាដើម។

អាន​បន្ថែម

គម្រោងសង់ស្ថានីយ៍បូមទឹកថ្មីនៅស្វាយប៉ាក សម្រេចបាន ៩៦% ហើយ

គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីនៅស្វាយប៉ាក សម្រេចបាន ៩៦% ខណៈស្ថានីយ៍នេះ ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញបានមួយកម្រិតធំផងដែរ។ នេះបើតាមការប្រកាសឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែល បានបន្តថា គិតត្រឹមថ្ងៃទី ៩ ខែតុលាឆ្នាំ២០២៤នេះ ការសាងសង់ស្ថានីយ៍បូមទឹកថ្មីស្វាយប៉ាក សម្រេចបាន ៩៦% និងសាងសង់ស្ថានីយ៍បូមទឹកបន្ថែម សម្រេចបាន ២៥% ដែលគម្រោងទាំង២នេះ នឹងមានសមត្ថភាពបូមទឹកបន្ថែមសរុប នឹងកើនដល់ ៣៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយ ការលិចលង់នៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ។ បើតាមមន្ទីសារធារណការភ្នំពេញ បានបញ្ជាក់ទៀតថា នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤នេះ នឹងដាក់ដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន ២គ្រឿងទៀត ដែលមានអង្កត់ផ្ចិតទំហំ ១ម៉ែត្រ នៅស្ថានីយ៍បូមទឹកស្វាយប៉ាក ដែលសង្ឃឹមថា នឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ ពិសេសនៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ។ សូមរម្លឹកដែរថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកថ្មី ដែលមានសមត្ថភាព អាចបូមទឹកបានរហូត ៣ម៉ឺនម៉ែត្រគូប/១ម៉ោង ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ។ (អានបន្ថែម) មន្ទីរសាធារណការ […]

អាន​បន្ថែម