ព័ត៌មានក្នុងស្រុក
កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង សម្រេចការសាងសង់បាន៨០ភាគរយហើយ
កំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) សម្រេចការសាងសង់បាន ៨០ភាគរយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង ១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម (ខេត្តពោធិ៍សាត់ គ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ។ (អានបន្ថែម) សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក […]
អានបន្ថែមសំណង់មាំ ឈ្នះ! ឈ្នះ! ត្រលប់មកវិញហើយ, ឈ្នះម៉ូតូស៊េរីថ្មី និងរង្វាន់ជាច្រើន រៀងរាល់ខែ!
ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ក្រុមហ៊ុន និងផលិតផលរបស់ក្រុមហ៊ុន ជាពិសេសផលិតផល ដែកទីប-ស អាយ.អេស.អាយ (ISI PIPE) ស័ង្កសី ISI ផាម (ISI PALM) និង ដែកសរសៃ ISI ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានបង្កើតនូវកម្មវិធី សំណង់មាំ ឈ្នះ! ឈ្នះ! រដូវកាលទី៣ ដើម្បីឲ្យអតិថិជន ជាពិសេសបងៗដែលជាអ្នកសាងសង់ទាំងអស់បានចូលរួមលេង និងមានឱកាសឈ្នះរង្វាន់ម៉ូតូស៊េរីថ្មី និងរង្វាន់ជាច្រើនទៀត ដោយគ្រាន់តែថតរូបរួចបង្ហោះជាសាធារណៈចំនួន២ប៉ុស្តិ៍ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន (១ប៉ុស្តិ៍ជារូបជាប់គម្រោង និង១ទៀតជាប់ម៉ាកសញ្ញា ISI) ដោយមានសរសេរពាក្យ “ISI STEEL” រួចហើយ Screenshot ផុសនោះ។ បន្ទាប់មកចូលទៅក្នុងផេក ISI STEEL ហើយស្វែងរក “កម្មវិធី សំណង់មាំ ឈ្នះ! ឈ្នះ! រដូវកាលទី៣” រួចទំលាក់ Screenshot នោះចូលទៅក្នុង Comment របស់ផុសនោះជាការស្រេច។ […]
អានបន្ថែមក្រុមហ៊ុនសាងសង់សាងសង់ផ្លូវ អាចនឹងសុំបង្កើនថវិកាបន្ថែម ព្រោះតម្លៃប្រេងហក់ឡើងរាល់ថ្ងៃ
វិបត្តិកូវីដមិនទាន់បញ្ចាប់ស្រួលបួលផង ឥឡូវវិបត្តិតម្លៃប្រេងសាំងឡើងថ្លៃ កំពុងតែក្រឡុកទីផ្សារ ជាពិសេសគឺទីផ្សារសម្ភារសំណង់ ដែលនេះអាចនឹងជំរុញឱ្យក្រុមហ៊ុនទទួលបានគម្រោងសាងសង់ផ្លូវជាតិ ស្នើសុំថវិកាបន្ថែម ដោយសារប៉ះពាល់ដល់គម្រោងចំណាយលើការសាងសង់របស់ពួកគេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងដំ ណើរចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២៣ ខែមិថុនា។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “ពេលយើងដេញថ្លៃគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ យើងមានថវិកានៅសេសសល់ដែរ ក៏ប៉ុន្តែពេលសព្វថ្ងៃ តម្លៃប្រេងឡើងថ្លៃ ដូច្នេះក្រុមហ៊ុនអាចនឹងទាមទារបន្ថែមលើតម្លសាងសង់ផ្លូវ៤៨។ ដូច្នេះ យើងត្រូវទុកថវិកាមួយកញ្ចប់នឹងដើម្បីត្រៀមនឹងការកែ ផ្លូវមួយចំនួនផង ក៏ដូចជាការដំឡើងថ្លៃដោយសារប្រេងឡើងថ្លៃដែរ”។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីស្រែអំបិល ទៅកោះកុង មានប្រវែង ១៤៨គីឡូម៉ែត្រ។ ផ្លូវនេះសាងសង់សម្រេចបាន ៨ភាគរយ ហើយគិតចាប់ពីថ្ងៃបើកការដ្ឋាន ខែមីនា ឆ្នាំ២០២២នេះ។
អានបន្ថែមក្រសួងកែប្រែខ្លឹមសារសំខាន់ៗមួយចនួនដើម្បីសម្រួលដល់នីតិវិធីស្នើសុំលិខិតអនុញ្ញាតសាងសង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការកែប្រែចំណុចទី៧ និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ ០១៣ ដនស/ ប្រ.ក/ នី.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់។ នេះបើតាមប្រកាសលេខ ០៩៦ ដនស/ ប្រ.ក/ នី.ក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ការកែសម្រួលថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសម្រួលដល់នីតិវីធីស្នើសុំលិខិតអនុញ្ញាតសាងសង់ ដូចខាងក្រោមនេះ ៧ថ្មី ៖ លិខិតបញ្ជាក់ព័ត៌មានសុរិយោដី សំដៅដល់ឯកសារដែលផ្តល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលមានបង្ហាញទីតាំងក្បាលដី និងព័ត៌មានផ្សេងៗនៃក្បាលដី មានជាអាទិ៍ ប្រភេទស្ថានភាពគតិយុត្ត លក្ខណៈរូប និងបន្ទុកនៃក្បាលដី ដោយផ្អែកលើឯកសារ និងសៀវភៅគោលបញ្ជីដីធ្លី ៨ថ្មី៖ សលាកបត្រក្បាលដី សំដៅដល់ឯកសារផ្ដល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលបង្ហាញប្លង់ដីឡូតិ៍ ប្លង់តំបន់ កម្មសិទ្ធិករនៃដី ទីតាំងនៃដី ទំហំដី និយាមកាចំណុចព្រំដី។
អានបន្ថែមកម្ពុជានឹងបើកដំណើរការកំពង់ផែថ្មីតម្លៃ ១,៥លានដុល្លារ នៅកោះកុង នៅចុងឆ្នាំនេះ
ការសាងសង់កំពង់ផែដងទង់ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២នេះ ដែលបម្រើដល់វិស័យទេសចរណ៍ និងនាវាដឹកកសិផល។ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ។ បើកការដ្ឋាននៅខែឧសភា ឆ្នាំ២០២១ កំពង់ផែនេះជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ។ កំពង់ផែតម្លៃ១,៥លានដុល្លារនេះ ក៏នឹងបម្រើនាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។
អានបន្ថែមក្រសួងកំពុងពន្លឿនចេញសេចក្តីព្រាងច្បាប់ចំនួនពីរលើការប្រើប្រាស់ផ្លូវថ្នល់ និងផ្លូវដែក
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅ តាមបណ្តាញផ្លូវថ្នល់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណុចផ្លូវកាត់ និងដីចំណីផ្លូវដែក។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង ក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងអនុក្រឹត្យ និងក្រុមអ្នកបច្ចេកទេសភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើមតិយោបល់ និងធាតុចូលរបស់ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ក្រោយពីបានពិនិត្យ និង ពិភាក្សាចប់សព្វជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ សេចក្តីព្រាងអនុក្រឹត្យនេះ នឹងត្រូវលើកយកទៅពិភាក្សាបន្តជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមុនសិន មុននឹង គោរពស្នើសុំទៅសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីចុះហត្ថលេខាលើប្រកាសឱ្យប្រើជាផ្លូវការ។
អានបន្ថែមគម្រោងពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ សម្រេចបាន ១៥%
ការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ១៥ភាគរយ គិតត្រឹមខែមិថុនានេះ។ វឌ្ឍនភាពសាងសង់កំណាត់ផ្លូវនេះ ត្រូវបានបង្ហាញឡើងក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងនឹងបន្តចុះមកត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវនេះថែមទៀត ដោយក្រសួងមានសម្ភារៈឧបករណ៍គ្រប់គ្រាន់ក្នុងការពិនិត្យតាមដានលើគុណភាពនៃការស្ថាបនាពង្រីកកំណាត់ផ្លូវនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា បាន ទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ ក្នុងថវិកាចំនួន ១១០លានដុល្លារនេះត្រូវបានបែងចែកចេញជាការងារចំនួន៧កញ្ចប់ ក្នុងនោះ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន ១៥% ហើយមានការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង។ ដោយ ឡែក២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ […]
អានបន្ថែមរដ្ឋឯកភាពគម្រោងវិនិយោគសួនកម្សាន្តលើទឹកសមុទ្រតម្លៃ ៥០ម៉ឺនដុល្លារ
រដ្ឋបាលខេត្តព្រះសីហនុ បានឯកភាពលើគម្រោងវិនិយោគសួនកម្សាន្តកីឡាទេសចរណ៍លើទឹកសមុទ្រ ដែលមានតម្លៃប្រមាណ៥០ ម៉ឺនដុល្លារអាមេរិក របស់ក្រុមហ៊ុនឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ បើតាមបទបង្ហាញរបស់ក្រុមហ៊ុន ទីតាំងវិនិយោគនេះ នឹងសាងសង់ឡើងនៅទល់មុខនឹងអគារសណ្ឋាគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំមានទទឹង ១០០ម៉ែត្រ បណ្តោយ ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ២០ម៉ែត្រ ដោយមិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។ ចំពោះសួនកម្សាន្តនេះ ក្រុមហ៊ុននឹងរៀបចំឲ្យមានប្រាសាទទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ពោងរត់បង្វិលលើទឹក ទូកពោងរាងផ្លែចេក ទូកចែវ ពោងបណ្តែតកម្សាន្តលើទឹក ស្ពានដើរបណ្តែតទឹក ទោងជិះកម្សាន្ត និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការគាំទ្រលើការស្នើសុំរបស់ក្រុមហ៊ុន ព្រោះជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុក។ បន្ថែមពីនេះ ឯកឧត្តមអភិបាល ក៏បានណែនាំឲ្យក្រុមហ៊ុន ធ្វើការសិក្សាពីអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គម លក្ខណៈបច្ចេកទេស ផលប៉ះពាល់បរិស្ថានឲ្យបានលម្អិត ដើម្បីរដ្ឋបាលខេត្ត រៀបចំជាគោលការណ៍ស្នើទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបន្តទៀត។
អានបន្ថែមកម្ពុជាស្នើ WB ជួយសង់ប្រព័ន្ធស្រោចស្រពដោយប្រើថាមពលពន្លឺព្រះអាទិត្យ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ធនាគារពិភពលោកឲ្យជួយពិនិត្យមើលលទ្ធភាពក្នុងការជួយសាងសង់ប្រព័ន្ធស្រោចស្រពដោយប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់ បន្ថយការចំណាយលើថ្លៃភ្លើង និងប្រេងឥន្ទន: ដល់កសិករខ្មែរ។ នេះបើតាមកិច្ចប្រជុំពិភាក្សា និងនិងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ (MTR) និងបេសកកម្មគាំទ្រការអនុវត្តលើកទី៥ (ISM) សម្រាប់គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រុមការងារធនាគារពិភពលោកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើផលិតកម្មដំណាំ និងបន្លែ ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែម រួមទាំងទីផ្សារ និងការកែច្នៃ។ ក្រៅពីនេះ ឯកឧត្តម ស្នើឲ្យមានការផ្តល់កម្ចីដល់សមាគមន៍ចិញ្ចឹមសត្វក្នុងការពង្រីកផលិតកម្ម និងជួយគាំទ្រ បណ្តុះបណ្តាលជំនាញផ្សេងៗ ដើម្បីប្រែក្លាយសហគមន៍កសិកម្ម ឬសហគមន៍ចិញ្ចឹមសត្វឲ្យទៅ ជាសហគ្រាសកសិធុរកិច្ចនៅជនបទ។ សំណើទាំងនេះ ធ្វើឡើងគឺដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាកសិករ ធ្វើយ៉ាងណាឲ្យស្របទៅនឹងបរិបទនៃស្ថានភាពសេដ្ឋកិច្ចសកល និងជាពិសេសស្ថានភាពនៃវិបត្តិជំងឺឆ្លង កូវីដ-១៩ ដែលមានលក្ខណ:ល្អប្រសើរជាបន្តបន្ទាប់។
អានបន្ថែមកម្ពុជា-ថៃ បានប្តូរបទពិសោធន៍ល្អៗ លើការគ្រប់គ្រង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃនៅរាជធានីភ្នំពេញ
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងដឹកជញ្ជូនប្រទេសថៃ បានពិភាក្សាគ្នា លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃក្នុងទីក្រុង។ កិច្ចពិភាក្សានេះ ធ្វើឡើងរវាងគណៈប្រតិភូនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ដឹកនាំដោយ លោក កើត ឆែ អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំការិយាល័យគោលនយោបាយ និងផែនការដឹកជញ្ជូន និងចរាចរណ៍ នៃក្រសួងដឹកជញ្ជូន ប្រទេសថៃ កាលពីថ្ងៃទី២០ ខែមិថុនា នៅប្រទេសថៃ។ កិច្ចពិភាក្សានេះ ធ្វើឡើង ក្រោមគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ នៅក្នុង រាជធានីភ្នំពេញ រៀបចំដោយក្រុមជំនាញការជប៉ុន JICA។ ក្នុងជំនួបនេះ អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងស្វែងយល់បន្ថែមពីការរៀបចំប្រព័ន្ធដឹក ជញ្ជូនសាធារណៈឆ្លាតវៃ និងវិធានការល្អៗក្នុងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។
អានបន្ថែម