គម្រោងចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសង់នៅចុងឆ្នាំ២០២២នេះ

គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រចូលចតបាន ។ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹក។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា។ ដើម្បីធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ទាំងក្នុងតំបន់និងទូទាំងពិភពលោកឱ្យកាន់តែល្អប្រសើរ កំពង់ផែបានដាក់ចេញគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយរួមមាន គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន ។ បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្ដល់កម្ចីសម្បទានដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅជំហានទី២ និង ជំហានទី៣ បន្ថែមទៀត ដែលគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ មានប្រវែង ៤០០ម៉ែត្រ និង ជម្រៅទឹក ១៦,៥០ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ និងគម្រោងជំហានទី៣មានប្រវែង ៤៣០ម៉ែត្រ និងជម្រៅទឹក ១៧,៥០ម៉ែត្រ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០៣០។ បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុញ្ញាតឱ្យនាវាចូលចតមានជម្រៅទឹកត្រឹមតែ ៩,២ម៉ែត្ រចេញចូលនៅទីនេះបានប៉ុណ្ណោះ ។

អាន​បន្ថែម

សម្តេចតេជោ​៖ ចិនរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិនជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យថាមពលនៅកម្ពុជា។​ ថ្លែងក្នុងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បន្តថា គម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ផ្លូវបី-បួនពាន់គីឡូម៉ែត្រ ជាផ្លូវរបស់ចិនជួយ បើសិនជាយើងខ្ញុំមិនមានថវិកាពីចិនទេ តើយើងបានអ្វីពិតប្រាកដ។ នៅមានការវិនិយោគលើផ្លូវល្បឿនលឿន និងការវិនិយោគដទៃទៀត-វារីអគ្គិសនី បើយើងខ្ញុំមិនមានការវិនិយោគពីចិនទេ តើយើងបានអគ្គិសនីមកពីណាប្រើប្រាស់”។​ តបនឹងការលើកឡើងថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងៗទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។​

អាន​បន្ថែម

ក្រសួងកំពុងពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។​ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ដឹកនាំដោយ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសជំនាញក្រោមឱវាទ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីការដោះស្រាយផលប៉ះពាល់ទៅលើទីតាំងគ្រោងសាងសង់ស្ថានីយបូមចំនួន ៤កន្លែង ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។ ស្ថានីយបូមទឹកទី១ មានទីតាំងស្ថិតនៅសង្កាត់តាខ្មៅ ស្ថានីយបូមទី២ ស្ថិតក្នុងសង្កាត់តាក្តុល ស្ថានីយបូមទី៣ និងស្ថានីយបូមទឹកទី៤ ស្ថិតនៅក្នុង សង្កាត់កំពង់សំណាញ់៕ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាជំរុញបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញប្រទេសក្នុងតំបន់អាស៊ីបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិ ដែលនេះគឺជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍ជាសកលប្រកបដោយនិរន្តរភាព។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងសន្និសីទអន្តរជាតិស្តីពីអនាគតនៃអាស៊ី កាលពីថ្ងៃទី២៧ កន្លងទៅ។ សមេ្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ បរិយាបន្ន និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ប្រទេសទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ការមិនជ្រៀតជ្រែក និងការគោរពចំពោះជីវភាពរស់នៅ ប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់គ្នាទៅវិញទៅមក ដែលជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍សកលប្រកបដោយចីរភាព និងបរិយាបន្ន”។ RCEP ចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ រួមមានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំរបស់ពួកគេគឺ […]

អាន​បន្ថែម

ក្រសួងសាធារណការស្វាគមន៍អ្នកវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី

ក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ញើញ និងស្វាគមន៍ចំពោះក្រុមហ៊ុន​ឯកជន​​លើការវិនិយោគលើការបង្កើត ឬដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនី ដោយបញ្ជាក់ថា​ ការចូលរួមវិនិយោគនេះ នឹងជំរុញការប្រើប្រាស់រថយន្តមិនបញ្ចេញឧស្ម័នពុលដល់បរិស្ថាននៅកម្ពុជា។​ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការចូលរួមថ្នាក់ពីដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២៧ ខែឧសភា។ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា អ្នកវិនិយោគ អាចទាក់ទងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យលើនីតិវិធីនៃការស្នើសុំ និងទាក់ទងអគ្គិសនីកម្ពុជាដើម្បីពិនិត្យការស្នើសុំការផ្គត់ផ្គង់អគ្គិសនីផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រសួងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីបង្កើត សេចក្តី ប្រកាសរួមទាក់ទងនឹងការបង្កើត ឬដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី។ ជាមួយគ្នានេះផងដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា៖ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។ ស្ថានីយសាកយានយន្តអគ្គិសនីនៅតាមផ្លូវជាតិសំខាន់ៗត្រូវបានត្រៀមរៀបចំតាមផ្លូវជាអាទិភាព ដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងតាមបណ្តាផ្លូវជាតិសំខាន់ៗផងដែរ។ […]

អាន​បន្ថែម

ក្រសួងធនធានទឹក និង JICA សហការគ្នារៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ

ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បើកកិច្ចប្រជុំដំបូងលើគម្រោងរៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ  (NaSDeP) ដើម្បីបង្កើតប្រព័ន្ធនៃនិម្មិតកម្ម និងប្រើប្រាស់ស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានអនុម័តលើផែនការការងារ និងបានឯកភាពលើកាលវិភាគសកម្មភាពសម្រាប់ឆ្នាំទី១ ដែលជាដំណាក់កាលត្រៀមសម្រាប់ការរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ ។ គម្រោងនេះ ស្ថិតក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមប្រមូលព័ត៌មាន និងការស្ទង់មតិលើគម្រោងនេះនៅឡើយ។ ស្តង់ដារជាតិមួយនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍ ប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ តាមរយៈការណែនាំស្តង់ដារប្រព័ន្ធធារាសាស្ត្រ ដែលនឹងរួមចំណែកក្នុងការបង្កើនផលិ​តភាពកសិកម្មនៅកម្ពុជា។

អាន​បន្ថែម

SSEZ គ្រោងសង់សួនឧស្សាហកម្មដំណាក់កាលទី២ អាចទទួលរោងចក្រសហគ្រាសដល់៣០០ទីតាំង

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជំរុញគម្រោងសាងសង់សួនឧស្សាហកម្មដំណាក់កាលទី២ ដែលអាចទទួលរោងចក្រសហគ្រាសបានរហូតដល់ទៅ៣០០ទីតាំង។ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ ដែលមានសហគ្រាសចំនួន ១៧០ក្រុមហ៊ុន បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត ៣ម៉ឺននាក់។ ប្រភពដដែលបន្តថា ពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសកើនឡើងដល់ ៣០០ក្រុមហ៊ុន នឹងអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ពី ៨ម៉ឺន ដល់ ១០ម៉ឺននាក់។ ត្រីមាសទី១ នៃឆ្នាំ២០២២នេះ ការនាំចូលនិងនាំចេញសរុបកើនដល់ ៧១០លានដុល្លារអាមេរិក កើនឡើង ៥០,៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ (អានបន្ថែម)

អាន​បន្ថែម

ធនាគារពិភពលោកផ្តល់ជំនួយ ១៦៩លានដុល្លារ ដល់កម្ពុជាសង់ផ្លូវជនបទ និងការពារគ្រោះធម្មជាតិ

ធនាគារពិភពលោក បាន​អនុម័តផ្តល់ជំនួយដល់កម្ពុជាចំនួន ១៦៩​លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនភាពធន់នៃបណ្តាញផ្លូវជន​បទ​ទៅនិងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគម្រោង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែឧសភា។ នេះជាកញ្ចប់ហិរញ្ញប្បទានថ្មី សម្រាប់អនុវត្ត​គម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍នៅកម្ពុជា​ ដំណា​​​ក់​​​កាល​ទី២ ដែលក្នុងនោះទឹកប្រាក់ចំនួន ៤៥០ ០០០ដុល្លារអាមេរិកទៀត​ ជាជំនួយរបស់ប្រទេសជប៉ុន និងចំនួន ២លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ នឹងធ្វើបន្តពីដំណាក់កាលទី១ ដោយសាងសង់ផ្លូវ និង​ស្ពាន​នៅតាម​តំបន់​រងការជន់លិចទឹក និងជួយ​បង្កើន​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយ​អាកាសធាតុផងដែរ។ មួយវិញទៀត មន្រ្តីនៃក្រសួង​អភិវឌ្ឍន៍​ជន​បទ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាលលើ​ការ​គ្រប់​គ្រងហានិភ័យ​គ្រោះ​ធម្មជាតិ ការ​បន្ស៊ាំទៅនឹងការប្រែប្រួល​អាកាសធាតុ និង​ការ​វាយតម្លៃ​តម្រូវការ​ក្រោយ​មានគ្រោះធម្មជាតិ។ ក្រៅពីនេះ ​ប្រជាជន​ចំនួន​ប្រហែល ៥,៥​លាននាក់​ ក្នុង​នោះ ៥២​ភាគរយជា​ស្ត្រី នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំពីរ និង​ដល់​អ្នក​​ដែល​ប្រើ​ប្រាស់​បណ្តាញផ្លូវទាំងនេះ នឹងទទួលបានប្រយោជន៍ពីគម្រោងនេះ។​ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត​មោះមុត​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ គម្រោង​នេះ​នឹង​ជួយធ្វើ​យ៉ាង​ណា​ឱ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវជនបទ​ឱ្យ​នៅមានភាពរឹងមាំ និងធន់​ទៅនឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ហើយ​ទន្ទឹមគ្នានោះជួយការ​ពារ​ផងដែរដល់ប្រជាជនងាយរ​ងគ្រោះ​ពីហេតុការណ៍គ្រោះធម្មជាតិ​ដែលគ្មាន​អ្នក​ណា​អាច​ដឹងមុន”។    

អាន​បន្ថែម

ពហុកីឡដ្ឋានកំពង់ស្ពឺ តម្លៃ ២លានដុល្លារ សង់ជិតរួចរាល់

ពហុកីឡដ្ឋានស្តង់ដារអន្តរជាតិថ្មីមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ សាងសង់ជិតរួចរាល់ នឹងក្លាយជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅ ប្រើប្រាស់សម្រាប់វិស័យកីឡា។ បើតាមឯកឧត្តម ហ៊ុន ម៉ានី ការកសាងកីឡដ្ឋានកំពង់ស្ពឺនេះ ជិតបានសម្រេចការសាងសង់ជាស្ថាពរហើយ នេះបើតាមឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានដឹកនាំមន្រ្តីពិនិត្យពិនិត្យលើវឌ្ឍនភាពនៃការសាងសង់ កីឡដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦​ ខែឧសភា។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖ “ឆាប់ៗនេះ កីឡដ្ឋានកំពង់ស្ពឺ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅប្រើប្រាស់សម្រាប់វិស័យកីឡា និងតម្រូវការចាំបាច់នានា។ ​ “កីឡដ្ឋាននេះមិនត្រឹមតែជាផ្នែកមួយនៃការពង្រឹងវិស័យកីឡាក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ”។ កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារ មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងវិយោគឯកជនធំៗថ្មីចំនួន៤ តម្លៃសរុប ៨,៤ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៨,៤លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺ  Xiantong Wire and Cable Co., Ltd. ដែលវិនិយោគ ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។​ ក្រុមហ៊ុនទី២ Neutralize (Cambodia) Industrial Co., Ltd. ដែលវិនិយោគ ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី៣ គឺ Cambodian Longwan Light Industry Co., Ltd. ដែលវិនិយោគ ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូប និងស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី៤ គឺ LUUS […]

អាន​បន្ថែម