ព័ត៌មានក្នុងស្រុក
សាលាក្រុងនឹងប្ដូរមុខតំបន់ស្ទឹងមានជ័យ ទៅជាសហគមន៍រស់នៅគំរូមានសណ្តាប់ធ្នាប់
រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំកែប្រែមុខមាត់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ស្ទឹងមានជ័យ ឱ្យក្លាយជាសហគមន៍រស់នៅគំរូ មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយជាងមុន។ នេះបើតាមកិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ ហេដ្ឋារចសម្ព័ន្ធដែលនឹងត្រូវសាងសង់ រួមមាន លំហសាធារណៈ លំហប្រើប្រាស់រួម មជ្ឈមណ្ឌលសហគមន៍ ផ្លូវថ្មើរជើង កន្លែងហាត់ប្រាណ សួន ការដាំដើមឈើ និងរុក្ខជាតិបៃតងជាដើម។ គម្រោងនេះមានទាំងការកែប្រែទម្រង់ខាងមុខ និងការរៀបចំប្លង់ផ្ទះដែលគ្មានសណ្ដាប់ធ្នាប់ឡើងវិញផងដែរ ដើម្បីបង្កើនសោភ័ណភាពក្រុង។ គួរបញ្ជាក់ថា គម្រោងប្ដូរមុខមាត់តំបន់ស្ទឹងមានជ័យនេះ ជាជំនួយពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) សាលាក្រុងប៉ារីស និងសហភាពអឺរ៉ុប (EU) ដែលស្ថិតក្នុងគម្រោងរៀបចំផែនការនគររូបនីយកម្ម និងការគ្រប់គ្រងដីធ្លីដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ ចំណុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City ផងដែរ។ យុទ្ធសាស្ត្រទី ៥ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន CAIC ស្នើកែគន្លងផ្លូវថ្មី ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានស្នើកែសម្រួលគន្លងផ្លូវថ្មី តភ្ជាប់ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែ្រត) ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ បច្ចុប្បន្នសំណើកំពុងស្ថិតក្នុងការពិចារណារបស់រដ្ឋបាលខេត្តកណ្តាល ខណៈក្រុមការងារពាក់ព័ន្ធ កាលពីថ្ងៃទី០៧ ខែមីនា កន្លងទៅ បានបើកកិច្ចប្រជុំពិភាក្សាសំណើនេះ។ យ៉ាងណាក្ដី កិច្ចប្រជុំមិនបានបង្ហាញលទ្ធផលអ្វីនៅឡើយទេ។ បើតាមការប្រកាសរបស់ក្រុមហ៊ុន CAIC កាលពីដើមឆ្នាំ ផ្លូវតភ្ជាប់ព្រលានទៅ ផ្លូវ៦០ម៉ែត្រ នេះ កំពុងសិក្សា និងអនុវត្តដោយក្រុមហ៊ុន CHIC ដែលរួមមាន ផ្លូវប្រវែង ១១,៧គ.ម និងស្ពានបេតុង ២ ឆ្លងកាត់ស្ទឹងព្រែកត្នោត។ ផ្លូវនេះ នឹងជួយសម្រួលការធ្វើដំណើរទៅព្រលានយន្តហោះឱ្យងាយស្រួលជាងមុន។ ជាក់ស្ដែង ក្រុមហ៊ុន OCIC ក៏ធ្លាប់បង្ហាញផែនការចង់ធ្វើផ្លូវល្បឿនលឿនលើអាកាសភ្ជាប់ពីភ្នំពេញទៅព្រលានថ្មីនេះផងដែរ ដោយមាន ២កំណាត់ គឺកំណាត់ផ្លូវ៦០ម៉ែត្រដល់ផ្លូវជាតិលេខ ២ ប្រវែង១០គម និងកំណាត់ផ្លូវជាតិលេខ ២ ដល់ព្រលាន ប្រវែង១១គម។ (អានបន្ថែម) ប៉ុន្តែបើយោងតាមឯកឧត្តម ស៊ិន […]
អានបន្ថែមអគាររដ្ឋបាលខេត្តព្រះសីហនុថ្មី តម្លៃជាង៣លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ
អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ត្រូវបានបុកគ្រឹះបើកការដ្ឋានសាងសង់ហើយ នៅលើទីតាំងចាស់ កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ អគារសាលាខេត្តនេះ មានកម្ពស់ ៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដោយសាងសង់ឡើងដោយយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។ អគារនេះ គ្រោងនឹងប្រើពេលសាងសង់ ១៨ខែ ដោយនឹងថវិកាប្រមាណជាង៣លានដុល្លារ។ ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ គឺដោយសារអគារចាស់មានទំហំតូច និងចាស់ទ្រុឌទ្រោម ដែលមិនអាចបំពេញតម្រូវការស្ថានភាពការងារនាពេលបច្ចុប្បន្នបាន។ អគារថ្មីនេះ នឹងជួយឲ្យងាយស្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
អានបន្ថែមការដ្ឋានពង្រីកស្ថានីយទឹកស្អាតតាខ្មៅតម្លៃ៣០លានដុល្លារ នឹងចាប់ផ្ដើម នៅខែមិថុនា ឆ្នាំនេះ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនជប៉ុន KKKCT Consortium កាលពីថ្ងៃទី ៧ មីនា នេះ បានចុះហត្ថលេខាកិច្ចសន្យាសាងសង់ លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ តម្លៃ ៣០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ នៅក្រោមកិច្ចសន្យានេះ គម្រោងនឹងចាប់ផ្តើមបើកការដ្ឋាននៅខែមិថុនា ឆ្នាំ២០២២ នេះ ដោយគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤។ យោងតាមឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គម្រោងថ្មីនេះ មានកញ្ចប់ថវិកា ៣០លានដុល្លារ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ហើយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្ថែមថវិកា១០លានដុល្លារទៀត សម្រាប់គម្រោងបណ្តាញចែកចាយទឹកស្អាត។ គម្រោងនេះនឹងពង្រីកសមត្ថភាពផលិតទឹកស្អាតនៅស្ថានីយក្រុងតាខ្មៅឱ្យបាន ៣០ពាន់ម៉ែត្រគូប ក្នុង១ថ្ងៃ នៅឆ្នាំ ២០២៤ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកនៅភាគខាងត្បូង និងខាងលិចនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
អានបន្ថែមព្រលានភ្នំពេញថ្មីសម្រេចបាន ៣២% ហើយ ខណៈទុនជាង ៤១៤ លានដុល្លារត្រូវបានចំណាយ
បើគិតត្រឹមដើមខែមីនានេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សម្រេចបាន ៣២% ហើយ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) នៅថ្ងៃទី៤ ខែមីនា។ CAIC បានបន្ថែមថា រហូតមកដល់ពេលនេះ ទឹកប្រាក់សរុបចំនួន ៤១៤ លានដុល្លារអាមេរិក ត្រូវបានចំណាយលើការអភិវឌ្ឍន៍ ដោយមិនរាប់បញ្ចូលតម្លៃដី។ ទោះបីជាការរាតត្បាតនៃជំងឺកូវីដ-១៩ និងការជន់លិចក្នុងរដូវវស្សាកន្លងមក បានបង្ករអាក់រអួលក្នុងការសាងសង់ក៏ដោយ គម្រោងនៅតែបន្តដោយរលូន ខណៈដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ គឺជាគម្រោងវិនិយោគដ៏ធំមួយដែលមានតម្លៃជាង ១,៥ ពាន់លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដី ២,៦០០ ហិកតា នៅខេត្តកណ្តាល។ គម្រោងនេះ រចនា សាងសង់ ប្រតិបត្តិការ និងគ្រប់គ្រង ដោយក្រុមងហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ ថ្មីៗនេះ CAIC ក៏បានចេញមូលបត្របំណុលដែលមានតម្លៃសរុប ៣០០ លានដុល្លារ ដើម្បីស្វែងរកទុនបន្ថែមមកវិនិយោគលើគម្រោងព្រលានដ៏ធំនេះ។ […]
អានបន្ថែមរដ្ឋចេញវិធានការថ្មីរឹតបន្ដឹង និងពន្លឿនដំណើរការគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធឃុំសង្កាត់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញបញ្ជាថ្មី ដើម្បីពន្លឿនដំណើរការគម្រោងសំណង់សាធារណៈនានារបស់រដ្ឋបាលឃុំ សង្កាត់។ បើតាមសារចរណែនាំលេខ ០០២ សហវ ចុះថ្ងៃទី០៣ ខែមីនា បញ្ជាថ្មីគឺផ្ដោតលើការងារលទ្ធកម្ម ឬនិយាយឱ្យងាយយល់ គឺកិច្ចការងារស្វែងរកក្រុមហ៊ុនឯកជនមកសង់គម្រោងណាមួយឱ្យរដ្ឋ។ បញ្ជាថ្មីនេះ ធ្វើឡើងដោយឃើញភាពយឺតយ៉ាវក្នុងការរៀបចំគម្រោង ការពិនិត្យបច្ចេកទេស និងការទូទាត់ប្រាក់ឲ្យអ្នកទទួលការសាងសង់មិនទាន់ក្នុងឆ្នាំអនុវត្តថវិកា។ ក្រោមបញ្ជាថ្មីនេះ រដ្ឋបាល ឃុំ សង្កាត់ ត្រូវរៀបចំឯកសារគម្រោងដេញថ្លៃ និងផ្សព្វផ្សាយឱ្យមានការចូលរួមជាសាធារណៈចាប់ពីខែមករា ដល់ខែមីនា នៃឆ្នាំអនុវត្តថវិកា។ បន្ទាប់មក រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបូកសរុបគម្រោងវិនិយោគរបស់ខ្លួន ជាមួយនឹងគម្រោងរបស់រដ្ឋបាលឃុំ សង្កាត់ រួចបញ្ជូនទៅរដ្ឋបាលរាជធានីខេត្ត ដើម្បបូកសរុប ហើយបញ្ជូនទៅក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត។ រដ្ឋបាលរាជធានី ខេត្ត ត្រូវបញ្ជូនមន្ត្រីជំនាញ ចុះសិក្សាគម្រោងរដ្ឋបាលឃុំសង្កាត់ឲ្យបានមុនខែដំណាច់ខែសីហា និងផ្តល់អនុលោមភាពមុនដំណាច់ខែវិច្ឆិកា នៃឆ្នាំនីមួយៗ។ រដ្ឋបាលរាជធានី ខេត្ត ត្រូវបញ្ជូនបញ្ជីឈ្មោះអ្នកទទួលការសាងសង់ ទៅរដ្ឋបាលឃុំសង្កាត់ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ។ ចំពោះការទូទាត់វិញ រដ្ឋបាលឃុំ សង្កាត់ មិនត្រូវទូទាត់ប្រាក់ឲ្យអ្នកទទួលការសាងសង់ជាមុនឡើយ។ រដ្ឋបាលឃុំ សង្កាត់ អាចទូទាត់ចំនួន៤៥% […]
អានបន្ថែមមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃ៥០លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅខេត្តភាគខាងកើត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីសម្ពោធត្រូវបានប្រារព្ធធ្វើឡើង នៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤ ៣០០ម៉ែត្រការ៉េ ដោយមានផ្ទៃក្រឡាអគារសរុប ៥៥ ៨១៥ម៉ែត្រការ៉េ។ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ចិនប្រមាណ ៥០លានដុល្លារ មន្ទីរពេទ្យនេះមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក ដោយមានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលបើកការដ្ឋាននោះថា មន្ទីរពេទ្យនេះដែលបំពាក់ដោយបរិក្ខារទំនើបនេះ មិនត្រឹមតែបម្រើដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏សម្រាប់ខេត្តជិតខាងដូចជាខេត្តកំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីផងដែរ។
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងជិត៣០ម៉ឺនដុល្លារ ជួយសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន
រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចផ្តល់ថវិកាសរុបជិត៣០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត តាមរយៈគម្រោង KUSANONE ដើម្បីសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច ផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត និងជួយដំឡើងឧបករណ៍សិប្បនិម្មិតព្យាបាលដោយចលនាផងដែរ។ ភាគីជប៉ុន និងកម្ពុជាបានចុះហត្ថលេខាសម្រាប់ជំនួយនេះ កាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ គម្រោងដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នឹងធ្វើឡើងនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ។ ដោយឡែក ការសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច នឹងអនុវត្ត នៅក្នុងឃុំចំនួន៨ ក្នុងខេត្តចំនួន៤ ខណៈការផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត គឺសម្រាប់ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗឲ្យកាន់តែប្រសើរឡើង។ គួររំឭកដែរថា តាមរយៈគម្រោង KUSANONE នេះដែរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលនៃប្រទេសជប៉ុន ក៏បានសម្រេចផ្តល់ថវិកាសរុបជាង ៥២ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ស្ពាន និងប្រព័ន្ធធារាសាស្រ្តក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តកណ្តាល ក្រចេះ និងខេត្តបន្ទាយមានជ័យផងដែរ៕ (អានបន្ថែម)
អានបន្ថែមធនាគារហត្ថាវិនិយោគ ១៥ លានដុល្លារ លើគម្រោងព្រលានថ្មី តាមរយៈមូលបត្របំណុល
ធនាគារ ហត្ថា ម.ក បានទិញបណ្ណបំណុល ១៥លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី ៤ មីនា រវាងអគ្គនាយករង CAIC លោកឆារស៍ វ៉ាន់ និង ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ា ហួត អៀងតុង ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ […]
អានបន្ថែមក្រសួងប្រកាសឱ្យក្រុមហ៊ុននាវា ចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងនាវាថ្មី Port EDI
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យក្រុមហ៊ុននាវា ម្ចាស់នាវា និងក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែថ្មី (Port EDI)។ បើយោងតាតាមសេចក្តីជូនរបស់ក្រសួងកាលពីថ្ងៃទី៤ ខែមីនា វគ្គបណ្ដុះបណ្ដាល នឹងធ្វើឡើងដោយក្រុមអ្នកជំនាញ ទិសដៅដើម្បីឱ្យភាគីឯកជនពាកព័ន្ធសម្របខ្លួន និងចេះប្រើប្រាស់បែបបទគ្រប់គ្រងនាវាបែបថ្មី និងទំនើបជាងមុន។ ក្រុមហ៊ុន អាចចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះបានត្រឹម ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ។ បើតាមផែនការ ក្រោយការតេស្ដសាកល្បង និងវគ្គបណ្ដុះបណ្ដាលបញ្ចប់ ប្រព័ន្ធនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការ នាចុងឆ្នាំ ២០២២ ខាងមុខនេះ។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្ន រាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ (អានបន្ថែម)
អានបន្ថែម