ព័ត៌មានក្នុងស្រុក
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃ៥០លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅខេត្តភាគខាងកើត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីសម្ពោធត្រូវបានប្រារព្ធធ្វើឡើង នៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤ ៣០០ម៉ែត្រការ៉េ ដោយមានផ្ទៃក្រឡាអគារសរុប ៥៥ ៨១៥ម៉ែត្រការ៉េ។ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ចិនប្រមាណ ៥០លានដុល្លារ មន្ទីរពេទ្យនេះមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក ដោយមានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលបើកការដ្ឋាននោះថា មន្ទីរពេទ្យនេះដែលបំពាក់ដោយបរិក្ខារទំនើបនេះ មិនត្រឹមតែបម្រើដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏សម្រាប់ខេត្តជិតខាងដូចជាខេត្តកំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីផងដែរ។
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងជិត៣០ម៉ឺនដុល្លារ ជួយសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន
រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចផ្តល់ថវិកាសរុបជិត៣០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត តាមរយៈគម្រោង KUSANONE ដើម្បីសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច ផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត និងជួយដំឡើងឧបករណ៍សិប្បនិម្មិតព្យាបាលដោយចលនាផងដែរ។ ភាគីជប៉ុន និងកម្ពុជាបានចុះហត្ថលេខាសម្រាប់ជំនួយនេះ កាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ គម្រោងដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នឹងធ្វើឡើងនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ។ ដោយឡែក ការសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច នឹងអនុវត្ត នៅក្នុងឃុំចំនួន៨ ក្នុងខេត្តចំនួន៤ ខណៈការផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត គឺសម្រាប់ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗឲ្យកាន់តែប្រសើរឡើង។ គួររំឭកដែរថា តាមរយៈគម្រោង KUSANONE នេះដែរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលនៃប្រទេសជប៉ុន ក៏បានសម្រេចផ្តល់ថវិកាសរុបជាង ៥២ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ស្ពាន និងប្រព័ន្ធធារាសាស្រ្តក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តកណ្តាល ក្រចេះ និងខេត្តបន្ទាយមានជ័យផងដែរ៕ (អានបន្ថែម)
អានបន្ថែមធនាគារហត្ថាវិនិយោគ ១៥ លានដុល្លារ លើគម្រោងព្រលានថ្មី តាមរយៈមូលបត្របំណុល
ធនាគារ ហត្ថា ម.ក បានទិញបណ្ណបំណុល ១៥លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី ៤ មីនា រវាងអគ្គនាយករង CAIC លោកឆារស៍ វ៉ាន់ និង ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ា ហួត អៀងតុង ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ […]
អានបន្ថែមក្រសួងប្រកាសឱ្យក្រុមហ៊ុននាវា ចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងនាវាថ្មី Port EDI
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យក្រុមហ៊ុននាវា ម្ចាស់នាវា និងក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែថ្មី (Port EDI)។ បើយោងតាតាមសេចក្តីជូនរបស់ក្រសួងកាលពីថ្ងៃទី៤ ខែមីនា វគ្គបណ្ដុះបណ្ដាល នឹងធ្វើឡើងដោយក្រុមអ្នកជំនាញ ទិសដៅដើម្បីឱ្យភាគីឯកជនពាកព័ន្ធសម្របខ្លួន និងចេះប្រើប្រាស់បែបបទគ្រប់គ្រងនាវាបែបថ្មី និងទំនើបជាងមុន។ ក្រុមហ៊ុន អាចចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះបានត្រឹម ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ។ បើតាមផែនការ ក្រោយការតេស្ដសាកល្បង និងវគ្គបណ្ដុះបណ្ដាលបញ្ចប់ ប្រព័ន្ធនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការ នាចុងឆ្នាំ ២០២២ ខាងមុខនេះ។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្ន រាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ (អានបន្ថែម)
អានបន្ថែមជប៉ុនជួយកម្ពុជារៀបចំផែនការមេអភិវឌ្ឍទឹកស្អាត ២០២០-២០៣០ បច្ចុបន្នការសិក្សាបានបញ្ចប់ហើយ
ភាគីជប៉ុនបានសិក្សាផែនការមេអភិវឌ្ឍន៍ទឹកស្អាតទី៣ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ចប់ហើយ ដោយនឹងឈានទៅរកការអនុវត្តឆាប់ៗ។ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យកាលថ្ងៃទី១ ខែមីនា ជប៉ុនបានជួយសិក្សាគម្រោងផែនការមេអភិវឌ្ឍន៍ទឹកស្អាតដល់រដ្ឋាករទឹកភ្នំពេញ ចំនួន៣គម្រោង រួមមាន៖ គម្រោងទី១-ចាប់ពីឆ្នាំ១៩៩១-២០០០, គម្រោងទី២-ឆ្នាំ២០០០-២០១០ និងគម្រោងទី៣ -ឆ្នាំ២០២០-២០៣០។ «សម្រាប់គម្រោងទី ៣ ការសិក្សាទើបបញ្ចប់កាលពីខែចុងខែមករា ឆ្នាំ២០២២ នេះ។ នៅឆ្នាំ២០៣០ រាជធានីភ្នំពេញ ត្រូវមានសមត្ថភាពផលិតទឹក ១,៨ លានម៉ែត្រគូប ដើម្បីធានាដល់ការប្រើប្រាស់ទឹក» ឯកឧត្តមបន្ត។ គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៣-២០២០ ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់ថវិកាអស់ ៦៩០លានដុល្លារ ដែលធ្វើឱ្យសមត្ថភាពផលិតទឹកកើនពី ៦៣ពាន់ម៉ែត្រគូប/ថ្ងៃ រហូតដល់ ៥៩២ពាន់ម៉ែត្រគូប/ថ្ងៃ។ យ៉ាងណាក្ដី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានអំពាវនាវឱ្យពលរដ្ឋភ្នំពេញសន្សំសំចៃទឹក ខណៈក្រុងភ្នំពេញកំពុងប្រឈមនឹងបញ្ហាពីរ គឺ៖ -កត្តាទី១៖ ប្រជាជនចូលក្រុងភ្នំពេញកើន (ខណៈក្នុងមនុស្សម្នាក់សព្វថ្ងៃបានប្រើប្រាស់ទឹកលើសតម្រូវការរហូត២០០-២៨០លីត្រ/ថ្ងៃ ដែលជាទូទៅក្នុងម្នាក់អាចប្រើបាន១៥០ម៉ែត្រគូប/ថ្ងៃប៉ុណ្ណោះ)។ -កត្តាទី២៖ កំរិតទឹកទន្លេមេគង្គបានស្រក់ចុះខុសពីប្រក្រតី ១ម៉ែត្រ រយៈពេល៥ឆ្នាំមកនេះ ដែលធ្វើឲ្យតំបន់មួយចំនួនខ្វះខាត់ទឹកប្រើប្រាស់ ពិសេសនារដូវប្រាំង៕
អានបន្ថែមក្រសួងសាធារណការ និង TOTAL ពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេង
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន TOTAL Energies (CAMBODIA) Co., LTD បានពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេងនានារបស់ TOTAL ទិសដៅគាំទ្រដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ការពិភាក្សានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែមីនា រវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Jean LESCURE ដឹកនាំគណៈប្រតិភូក្រុមហ៊ុន TOTAL។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំង ២ ផ្តោតជាសំខាន់លើការរិះរកវិធី និងរបៀបរបបបំពេញការងាររួមគ្នា ទាក់ទងនឹងការបំពាក់ សម្ភារៈ ឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគម្រោងកិច្ចសហប្រតិបត្តិរវាងក្រសួងជាមួយ UNDP ក្រុមហ៊ុនវិនិយោគឯកជន និងស្ថានីយប្រេងនានា ដើម្បីបង្កើតស្ថានីយសាករថយន្តអគ្គិសនី ចំនួន១៥ ទីតាំង ផងដែរ។ (អានបន្ថែម)
អានបន្ថែមផ្លូវជាតិចំនួន ៣ ខ្សែ គ្រោងបើកដ្ឋានពង្រីក និងពង្រឹងគុណភាពក្នុងឆ្នាំនេះ ក្រោមជំនួយរបស់ចិន
ស្ថានទូតចិនប្រចាំប្រទេសកម្ពូជា បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងជួយជំរុញឱ្យគម្រោងពង្រឹងគុណភាព និងពង្រីកផ្លូវជាតិចំនួន ៣ ខ្សែ ឱ្យបានបើកការដ្ឋានក្នុងឆ្នាំនេះ។ ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលពីថ្ងៃទី២ ខែមីនា ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចិននឹងផ្តល់ជំនួយដល់កម្ពុជាក្នុងសមត្ថភាពរបស់ខ្លួនដែលអាចធ្វើបានដើម្បីកែលម្អបណ្តាញផ្លូវទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម ថ្លែងថា៖ «ផ្លូវជាតិលេខ ៣១ ៣៣ និង៤១ ដែលភាគីកម្ពុជា បានយកចិត្តទុកដាក់ ក៏មានសង្ឃឹមអាចបើកការដ្ឋាន ជាផ្លូវការនៅឆ្នាំនេះ»។ ទន្ទឹមនឹងនេះ ឯកឧត្តម Wang Wentian បញ្ជាក់បន្ថែមថា ភាគីចិន ក៏កំពុងពិចារណា កែលម្អកំណាត់ផ្លូវរវាងខេត្តកំពត ដល់វាលរិញ និងខេត្តព្រះសីហនុផងដែរ។
អានបន្ថែមរោងចក្រផលិតទឹកស្អាតបាក់ខែង សាងសង់បាន៦០%ហើយ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២៣។ នេះបើតាម ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី១ ខែមីនា។ ឯកឧត្តម ថា «បច្ចុប្បន្ន ក្រុមសាងសង់កំពុងដាក់ទុយោបំពង់មុខកាត់២ម៉ែត្រ ក្រោមបាត់ទន្លេសាប ដែលជាសំណង់ប្រវត្តិសាស្រ្ត ដែលយើងនឹងចាប់ផ្តើមសាងសង់នៅដើមខែ៤ ខែ៥ ឆ្នាំ២០២២ នេះផងដែរ»។ «ដូច្នេះ ចុងឆ្នាំ២០២៣ យើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយដើមឆ្នាំ២០២៤ ខាងមុខធានាថា ទឹកក្នុងរាជធានីភ្នំពេញលែងមានបញ្ហាហើយ គឺគ្រប់គ្រាន់ទាំងអស់» ។ គម្រោងនេះ ប្រើទុនវិនិយោគសរុប ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ២ជំហាន។ ជំហានទី ១ គ្រោងនឹងបញ្ចប់ ២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤។ […]
អានបន្ថែមរដ្ឋាភិបាលអនុម័តគម្រោងថ្មីមួយតម្លៃ ២,៥លានដុល្លារ នៅខេត្តកំពង់ចាម
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ ក្រុមហ៊ុន SKUON SHOES MANUFACTURE CO., LTD លើគម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើងថ្មីមួយកន្លែង។ យោងតាមការប្រកាសរបស់ CDC ចេញកាលពីថ្ងៃទី ៣ មីនា គម្រោងនេះមានទុនវិនិយោគ ២,៥លានដុល្លារ ដោយមានទីតាំងស្ថិតនៅផ្លូវជាតិលេខ 6A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រោងចក្រនេះនឹងអាចបង្កើតការងារបានចំនួន ៤៣៥កន្លែង នៅពេលដំណើរការ។ គួររំឭកដែរថា នៅក្នុងរយៈពេល១ខែដំបូង ដើមឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥ គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ ក្នុងនោះគម្រោងពាក់ព័ន្ធក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យមានរហូតដល់ទៅ ១,៤ ពាន់លានដុល្លារផងដែរ៕
អានបន្ថែមក្រសួងដាក់កំហិតតឹង! ហាមសាងសង់ ជួសជុល ឬរុះរើសំណង់ដាច់ខាត បើកគ្មានលិខិតអនុញ្ញាត
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហាមឃាត់ដល់ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ទាំងអស់ ហាមមិនឱ្យចុះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើ សំណង់ណាដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានពីអជ្ញាធរមានសមត្ថកិច្ចជាមុនឡើយ។ បើតាមលិខិតជូនដំណឹង ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្នុងគោលបំណងកុំឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាគម្លាត គុណភាព សុវត្ថិភាពសំណង់ ដល់អ្នកប្រើប្រាស់ និងសាធារណៈជនទូទៅ។ ចំពោះក្រុមហ៊ុន ឬក្រុមជាងសំណង់ណាមួយ មិនគោរពតាមលិខិតជូនដំណឹងនេះ នឹងអាចត្រូវដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ទណ្ឌកម្មនានា និងកសាងបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន។
អានបន្ថែម