ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា គ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមីនា

គម្រោងស្ពានអាកាសថ្មីត្រង់ស្តុបផ្សារស៊ិនជូរីផ្លាហ្សា ឬស្ពានអាកាសផ្លូវ ២០០៤ គ្រោងនឹងបើកការដ្ឋាននៅខែមីនា ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១៤ ខែ។ នេះបើយោងតាមកិច្ចប្រជុំរវាង អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង ស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តម ស ថេត តំណាងក្រុមហ៊ុន OCIC និងភាគីពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី ១១ មករា។ ស្ពានអាកាសថ្មីមួយនេះ នឹងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ផ្លូវប្រសព្វ វិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤)។ ស្ពាននេះមានប្រវែង ៥១៦,២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥,៨ម៉ែត្រ កម្ពស់តួស្ពានត្រង់ចំណុចកណ្ដាល ៥ ~៥,៥ម៉ែត្រ។ ការសាងសង់នេះ នឹងចាប់ពីខែមីនាឆ្នាំ២០២២ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួនជាង១៤ខែ ធ្វើយ៉ាងណាឱ្យស្ថាបនាឱ្យបានរួចរាល់នៅមុនពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣។ គួរបញ្ជាក់ថា ការដ្ឋានស្ពាននឹងបើកស្របពេលដែលស្ពានអាកាសចោមចៅប្រកាសដាក់ឱ្យប្រើប្រាស់នៅខែមីនាខាងមុខ។

អាន​បន្ថែម

ការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ Port EDI នឹងដំណើរការនៅខែសីហា

គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) នឹងចាប់ផ្តើមដំណើរការអំឡុងខែសីហា ខាងមុខនេះហើយ ខណៈបច្ចុប្បន្នក្រុមការងារកំពុងពន្លឿនបញ្ចប់ការរៀបចំប្រព័ន្ធ។ នេះយោងតាមជំនួបពិភាក្សាលើបច្ចុប្បន្នភាពការងារ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទទួលបន្ទុករៀបចំ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យានៃគម្រោង Port EDI បានឱ្យដឹងថា កិច្ចពិភាក្សាបានផ្តោតសំខាន់លើវឌ្ឍនភាពការងារសម្រេចបាន និងកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញឱ្យការដាក់ដំណើរការប្រព័ន្ធនេះអាចដំណើរការបានតាមការគ្រោងទុក។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ (អានបន្ថែម)

អាន​បន្ថែម

ឯកជនគ្រោងបំប្លែងផ្ទៃទឹកសមុទ្រជិត ២០០០ហិកតា នៅខេត្តព្រះសីហនុ ជាវារីវប្បកម្មសមុទ្រ

ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានសម្រេចវិនិយោគលើគម្រោងវារីវប្បកម្មសមុទ្រ លើផ្ទៃទឹកសមុទ្រទំហំ ១ ៩៨៤ហិកតា នៅជិតតំបន់កោះថាស ខេត្តព្រះសីហនុ។ តំណាងក្រុមហ៊ុន បានលើកឡើងវឌ្ឍនភាពគម្រោងវិនិយោគក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែធ្នូនេះ។ បន្ទាប់ពីបានចុះហត្ថលេខាលើ MoU រវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការពិនិត្យ និងសិក្សាវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម។ ជាលទ្ធផល ក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ការវិនិយោគ។ ឯកឧត្តម វេង សាខុន គាំទ្រចំពោះផែនការវិនិយោគនេះ ព្រោះគម្រោងនេះនឹងជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា ចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនផលត្រីសមុទ្រធម្មជាតិ ផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

អាន​បន្ថែម

ប្រព័ន្ធផលិតទឹកស្អាតបច្ចេកវិទ្យាថ្មី UF-MEMBRANE នៅខេត្តកំពត ដាក់ឱ្យដំណើរហើយ

ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹក ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ របស់រដ្ឋាករទឹកខេត្តកំពត បានប្រកាសដាក់ដំណើរការហើយ ក្រោមវត្តមានឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី៩ ខែមករា កន្លងទៅ។ ប្រព័ន្ធថ្មីនេះ គឺប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRANE ដែលផលិតទឹកគុណភាពខ្ពស់ ពោលគឺស្អាតដល់ថ្នាក់អាចពិសាទឹកពីក្បាលម៉ាស៊ីនផ្ទាល់បានតែម្ដង។ លើសពីនេះ ស្ថានីយផលិតទឹកស្អាតថ្មីនេះ ក៏ប្រើ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្ម នៅពេលដែលបញ្ជូនទឹកចេញទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។ គម្រោងនេះជាការបន្ថែមលើអាងប្រព្រឹត្តកម្មដែលមានស្រាប់ ដែលធ្វើឱ្យរដ្ឋាករទឹកខេត្តកំពតមានលទ្ធភាពបង្កើនសមត្ថភាពផលិតរហូតដល់ ១៨ ៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន។ ក្រៅពីប្រព័ន្ធនេះ រដ្ឋក៏កំពុងសហការជាមួយឯកជន ពិចារណាបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែមទៀត ស្របគ្នានឹងគម្រោងសាងសង់ទំនប់បង្ហៀរទឹកនៅព្រែកទឹកឈូ។ គួរបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ជាង ១លានគ្រួសារ ឬ ៣៨៣លានម៉ែត្រគូប។ រដ្ឋក៏មានផែនការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥។

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ១០៧គម្រោង ក្នុងរយៈពេល១១ខែ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុប ១០៧គម្រោង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដែលតួលេខនេះបានធ្លាក់ចុះ ៣៤ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទុនវិនិយោគសរុបនៃគម្រោងទាំងនេះ មាន ១ ៧១៦លានដុល្លារ ដែលធ្លាក់ចុះ ៧២,៨%។ ក្នុងចំណោមគម្រោងទាំងអស់ វិស័យឧស្សាហកម្ម រួមចំណែកច្រើនជាងគេ ក្នុងរយៈពេលនេះ។ គួរបញ្ជាក់ថា គម្រោងវិនិយោគឯកជនដែលទទួលបានការអនុម័តទាំងនេះ មានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណ ៨៩ ០០០ នាក់ ដែលក៏ធ្លាក់ចុះ ២០,៣%។

អាន​បន្ថែម

សំណង់ជិត ៤000គម្រោង តម្លៃ ៥,៤ប៊ីលានដុល្លារ ត្រូវបានអនុម័ត ក្នុងពេល ១១ខែ ឆ្នាំ២០២១

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតដល់គម្រោងសំណង់សរុប ៣ ៩២៥គម្រោង ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ដែលធ្លាក់ចុះ ៤០៣ គម្រោង បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃសរុបនៃគម្រោងទាំងនោះមាន ៥ ៤៥៦ លានដុល្លារ ដែលធ្លាក់ចុះ ២២,១%។ របាយការណ៍ដដែលបញ្ជាក់ថា ប្រភេទសំណង់លំនៅឋានមាន ៣ ២៨៤ គម្រោង ស្មើនឹង ៨៦,២% នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះ ២៦៨គម្រោង។ ដោយឡែក ទំហំទឹកប្រាក់នាំចូលគ្រឿងសំណង់ បានកើនឡើង ២២,៥% ក្នុងរយៈពេល ១១ខែនេះ បើទោះជាមិនបានបញ្ជាក់ពីទំហំទឹកប្រាក់នៃការនាំចូលក្ដី។

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែបសាងសង់រួចរាល់ ត្រៀមដាក់សម្ពោធឆាប់ៗនេះ

រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ការស្ថាបនាកំពង់ផែទេសចរណ៍តម្លៃ ១,២លានដុល្លារ បានបញ្ចប់រួចរាល់ហើយ និងត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ។ ពេលដាក់ឱ្យដំណើរការ កំពង់ផែនេះនឹងបម្រើដល់ការដឹកជញ្ជូនទេសចរណ៍ទៅកាន់កោះទន្សាយ និងទៅកាន់កំពង់ផែទេសចរណ៍ប្រទេសជិតខាង វៀតណាម។ នេះជាការលើកឡើងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។ កំពង់ផែនេះអាចទទួលនាវាដឹកទេសចររហូតដល់ជិត ៣០០នាក់ ដែលជាចំនួនមួយយ៉ាងច្រើន។ កំពង់ផែនេះ ស្ថិតនៅលើ ទីតាំងផែចាស់ ស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូបក្តាម មានចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាប្រមាណ ៥០០០ ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាសាងសង់ ១,២លានដុល្លារ ។ គួរបញ្ជាក់ថា នៅលើកោះទន្សាយ រដ្ឋបាលខេត្តកែប ក៏កំពុងសាងសង់កំពង់ផែទេសចរណ៍មួយដែលមានតម្លៃប្រមាណជិត៧លានដុល្លារ ដែលជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ (អានបន្ថែម)

អាន​បន្ថែម

ធនាគារ អេស៊ីលីដា វិនិយោគ៣០លានដុល្លារ លើគម្រោងសាងសង់ព្រលានភ្នំពេញថ្មី

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចវិនិយោគ ៣០លានដុល្លារ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី តាមរយៈសញ្ញាបណ្ណមានបុគ្គលធានា របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC)។ ពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងអគ្គនាយករងក្រុមហ៊ុន CAIC លោក ឆារស៍ វ៉ាន់ និងនាយកប្រតិបត្តិធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ក្រោមអធិបតីភាពអ្នកឧកញ៉ាពុង ឃាវសែ។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គួរបញ្ជាក់ថា CAIC បានបោះពុម្ពមូលបត្រសរុប ៣០០លានដុល្លារអាមេរិក ដោយបានលក់ជាបន្ដបន្ទាប់។ ទាក់ទិននឹងការគៀងគរទុននេះ សម្ដេច ហ៊ុន សែន ក៏បានជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកនានា ត្រូវបន្ដជួយវិនិយោគមូលបត្របំណុលនេះ។ ការគៀងគរទុនវិនិយោគពីប្រភពក្នុងស្រុកនេះ […]

អាន​បន្ថែម

ស្ពានស្វាយជ្រុំ គ្រោងបើកការដ្ឋានឆ្នាំ២០២៣ បច្ចុប្បន្នរដ្ឋកំពុងពិចារណាទីតាំង និងម៉ូតស្ពាន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វារ-ស្វាយជ្រុំ អាចនឹងបើកការដ្ឋាននៅឆ្នាំ ២០២៣ បច្ចុប្បន្នរដ្ឋាភិបាលកំពុងជ្រើសរើសទីតាំង និងគំរូស្ពាន។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៩ ខែមករា។ ទាក់ទិននឹងទីតាំង មានទីតាំងចំនួន ២ដែល កំពុងជ្រើសរើស។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន ២។ «យើងកំពុងសម្រេចចិត្ត ដោយជ្រើសយកទីតាំងមួយ ដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិច និងស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺជាជម្រើសល្អ» ឯកឧត្តមបន្ដ។ ដោយឡែក ទាក់ទិននឹងម៉ូតស្ពានវិញ មានជម្រើសស្ពាន ៣ ប្រភេទ រួមមាន ស្ពានធម្មតា ស្ពានខ្សែកាបិ៍ ឬស្ពានដូចនៅអ្នកលឿង។ «យើងកំពុងពិនិត្យចុងក្រោយ ដើម្បីរៀបចំដាក់ដេញថ្លៃសាងសង់ យ៉ាងយូរឆ្នាំ២០២៣ ទើបយើងអាចបើកការដ្ឋានសាងសង់» ឯកឧត្តម បញ្ជាក់។ ជាក់ស្ដែង បើយោងតាម ឯកឧត្តម Park Heung-kyeong […]

អាន​បន្ថែម

ផ្លូវ៣៨ខ្សែ នៅសៀមរាប បញ្ចប់ ១០០% ហើយ ខណៈការងារភ្លើងបំភ្លឺនិងបរិក្ខារនានាបាន ៧២%

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ការសាងសង់១០០%ហើយ បច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ ដែលសម្រេចបាន ៧២% ហើយ។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យគម្រោងផ្ទាល់កាលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។ ឯកឧត្ដមបន្តថា ការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត បានបញ្ចប់ការសាងសង់១០០% តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ ដោយឡែក ការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន ២០ទីតាំង ការងារដាំដើមឈើចំនួន ៣១២៥ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ ជាលទ្ធផលសម្រេចបាន ៧២,៧៤%។ លើសពីនេះ ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះពលរដ្ឋជាងចំនួនជាង ១ម៉ឺនគ្រួសារ ក៏សម្រេច ៥០% ផងដែរ។ ជាមួយគ្នានេះ ផ្លូវជាតិលេខ៦ ចាប់ពីស្តុបសណ្ឋាគារសុខា ដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប តម្លៃ៩លានដុល្លារ ក៏គ្រោងនឹងបញ្ចប់ចុងខែមករានេះផងដែរ។ គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ […]

អាន​បន្ថែម