ក្រសួងការងារ៖ កំណើនសំណង់អគារខ្ពស់ៗ ធ្វើឱ្យទីផ្សារការងារលើជំនាញមួយនេះកើនឡើង

ក្រសួងការងារ កាលពីថ្មីៗនេះ បានឱ្យដឹងថា ដោយសារកំណើននៃសំណង់អគារខ្ពស់ៗ បានធ្វើឱ្យកម្ពុជាត្រូវជំនាញធនធានមនុស្សផ្នែកជណ្តើរយន្តបន្ថែមទៀតជាច្រើន ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ។ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងសិក្ខាកាមជំនាញជណ្តើរយន្តជំនាន់ទី១ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្រោមកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រុមហ៊ុន GGear Group អង្គការ UNIDO និង ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ។ ឯកឧត្តម ពេជ សោភ័ន មានប្រសាសន៍ថា៖ «កំណើននៃការសាងសង់អគារខ្ពស់ៗ និងតម្រូវការជណ្តើរយន្តនៅកម្ពុជា កំពុងប្រឈមនឹងការខ្វះខាតមួយចំនួន រួមមាន ជាងដំឡើង ជាងជួសជុល និងការថែទាំជណ្តើរយន្ត»។ «នៅខណៈពេលនេះ ក៏ពុំទាន់មានគ្រឹះស្ថានសិក្សាណាមួយបើកវគ្គបណ្តុះ បណ្តាលជំនាញជណ្តើរយន្ត ដើម្បីផ្តត់ផ្គង់កម្លាំងពលកម្មដល់ទីផ្សារមួយនេះនៅឡើយទេ» ឯកឧត្តមបានបន្ដ។ ដូច្នេះ ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញជណ្តើរនេះ គឺស្របតាមការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសំណង់អគារខ្ពស់ៗ ដែលចាំបាច់ត្រូវការប្រើប្រាស់ជណ្តើរយន្ត។ ការបើកវគ្គបណ្តុះបណ្តាលនេះដែរ គឺជាការចាប់ផ្តើមជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការធ្វើពិពិធកម្មជំនាញថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

អាន​បន្ថែម

តើច្បាប់វិនិយោគថ្មីអនុគ្រោះពន្ធអ្វីខ្លះ? គម្រោងសំណង់ និងអចលនទ្រព្យលើកលែងទេ?

កាលពីពេលថ្មីៗនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ដែលមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម) តើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្វី? តើការលើកទឹកចិត្តពន្ធមានអ្វីខ្លះ? គម្រោងសំណង់ និងអចលនទ្រព្យមានសិទ្ធិទទួលការអនុគ្រោះឬទេ? គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) សំដៅដល់គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ ដោយឡែក វិស័យ និងសកម្មភាព គ.ល.គ ដែលទទួលបានការលើកទឹកចិត្តផ្នែកពន្ធរួមមាន វិស័យឧស្សាហកម្ម និងកម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កសិកម្ម-កសិឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម វិស័យថាមពលបៃតង តំបន់សេដ្ឋកិច្ចពិសេស សេវាកម្មអប់រំ បណ្តុះបណ្តាល និងជំរុញផលិតភាព ជាដើម។ ការលើកទឹកចិត្តផ្នែកពន្ធនេះទៀតសោត ត្រូវបានបែងចែកជា ៣ប្រភេទ គឺ ការលើកទឹកចិត្តមូលដ្ឋាន ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេស។ គ.ល.គ អាចទទួលបានលើកលែងទាំង ៣ ប្រភេទ ឬត្រឹមប្រភេទណាមួយ ទាំងស្រុង ឬបានត្រឹមផ្នែកខ្លះ ដោយអាស្រ័យទៅតាមប្រភេទនៃគម្រោង និងការពិចារណារបស់រដ្ឋ។ ការលើកទឹកចិត្តមូលដ្ឋាន ការលើកទឹកចិត្តនេះមាន ២ជម្រើស អាស្រ័យលើថាវិនិយោគិនជ្រើសរើសមួយណា ក្នុងនោះជម្រើសទី១ គឺលើកលែងពន្ធលើប្រាក់ចំណូលរយៈពេលពី ៣ឆ្នាំ […]

អាន​បន្ថែម

វិនិយោគផ្ទាល់បរទេសកើន ៩,៦% នៅឆមាសទី១ ខណៈអចលនទ្រព្យ និងសំណង់រួមចំណែក ១៥,៩%

គិតត្រឹមឆមាសទី ១ នៃឆ្នាំ ២០២១ នេះកម្ពុជាមានគម្រោងវិនិយោគផ្ទាល់ពីបរទេសសរុប ៣៩ប៊ីលានដុល្លារ ដែលកើនឡើង ៩,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២៧ វិច្ឆិកា នេះ។ ក្នុងនោះ វិស័យអចលនទ្រព្យស្ថិតក្នុងលំដាប់ទី ៣ ពោលគឺ រួមចំណែក ១២,២% នៃទុនសរុប ដែលស្មើនឹងជាង ៤,៧ប៊ីលានដុល្លារ។ ដោយឡែក វិស័យសំណង់រួមចំណែក ៣,៧% ឬស្មើនឹងទុន១,៤ប៊ីលានដុល្លារ។ របាយការណ៍បញ្ជាក់ថា ប្រទេសចិនជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំជាងគេរបស់កម្ពុជា ដែលមានទុនវិនិយោគសរុប ១៧,៣ប៊ីលានដុល្លារ ឬតំណាង ៤៤,២% នៃទុនវិនិយោគសរុប។ ប្រទេសកូរ៉េខាងត្បូង ស្ថិតក្នុងលំដាប់ទី២ ដែលមានគម្រោងវិនិយោគចុះបញ្ជីមានតម្លៃសរុប ៤,១ប៊ីលានដុល្លារ តាមពីក្រោយដោយវៀតណាម និងសិង្ហបុរី ដែលមានទុនវិនិយោគសរុប ២,៥ប៊ីលានដុល្លារ និង២,៤ប៊ីលានដុល្លារ រៀងគ្នា។ ប្រទេសដទៃទៀត មានដូចជាប្រទេសជប៉ុន ២,៣ប៊ីលានដុល្លារ ម៉ាឡេស៊ី ១,៨ប៊ីលានដុល្លារ ប្រទេសថៃ ១,៨លានដុល្លារ អង់គ្លេស ១,៣ប៊ីលានដុល្លារ កាណាដា ១ […]

អាន​បន្ថែម

បារាំងចង់ជួយបង្កើតប្រព័ន្ធរំដោះទឹកបែបទំនើបនៅក្រុងបាត់ដំបង ដើម្បីបញ្ចៀសការលិចលង់រាល់ឆ្នាំ

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គ្រោងសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ក្នុងក្រុងបាត់ដំបង ទិសដៅដើម្បីដោះស្រាយបញ្ហាជន់លិចដែលតែងតែកើតឡើងរៀងរាល់ឆ្នាំ ព្រោះទឹកស្ទឹងសង្កែមានកម្រិតខ្ពស់។ គម្រោងនេះ ត្រូវបានលើកឡើងដោយ លោកស្រី BOURHIS Ophélie នាយិកា AFD ប្រចាំប្រទេសកម្ពុជា ក្នុងជំនួបជាមួយអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។ គម្រោងនេះ ស្ថិតក្នុងគម្រោងដែល AFD កំពុងដំណើរការអនុវត្ត ដែលផ្ដោតទៅលើវិស័យកសិកម្ម ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងប្រព័ន្ធទឹកក្នុងខេត្តបាត់ដំបង។ លោកស្រី BOURHIS Ophélie ថ្លែងថា៖ «បើសិនមានការគាំទ្រពីរដ្ឋបាលខេត្ត ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងធ្វើការសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ដែលតែងតែកើតមានឡើងរៀងរាល់ឆ្នាំ»។ ជាការឆ្លើយតប ឯកឧត្តម សុខ លូ បានគាំទ្រលើផែនការ ក៏ដូចជាថ្លែងអំណរគុណដល់គណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា ក៏លើការពិភាក្សាលើគម្រោងអភិវឌ្ឍន៍វិស័យនានាក្នុងខេត្តបាត់ដំបង។

អាន​បន្ថែម

កម្ពុជាចេញច្បាប់ថ្មីជំរុញ និងសម្រួលការវិនិយោគរួមរវាងរដ្ឋនិងឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន (ភ.រ.ជ) ត្រូវបានដាក់ឱ្យប្រើប្រាសជាផ្លូវការហើយ ដែលនឹងក្លាយជាចលករថ្មីមួយជួយជំរុញ និងសម្រួលនីតិវិធីនៃការវិនិយោគរវាងរដ្ឋ និងឯកជន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនានា ឱ្យងាយស្រួលជាងមុន។ ភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅដល់កិច្ចព្រមព្រៀងរវាងភាគីរដ្ឋ និងដៃគូឯកជន ដើម្បីធ្វើការងារស្តារ ជួសជុល ពង្រីក សាងសង់ ប្រតិបត្តិការ និងថែទាំលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬទ្រព្យសម្បតិ្តគម្រោង ឬដើម្បីផ្តល់សេវាសាធារណៈ ក្នុងអំឡុងពេលកំណត់ណាមួយ។ យោងតាមច្បាប់ថ្មីនេះ គម្រោងដែលអាចធ្វើឡើងក្រោមវិនិយោគរួមរវាងរដ្ឋ និងឯកជនរួមមាន គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ដែលបំរើដល់វិស័យដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា ថាមពល អគ្គិសនី រ៉ែ ឧស្សាហកម្ម កសិកម្ម សុខាភិបាល អប់រំ កីឡា ទេសចរណ៍ ទឹកស្អាត អនាម័យ លំនៅឋាន និងគម្រោងផ្សេងៗទៀត។ ដោយឡែក ចំពោះកិច្ចសន្យា ភ.រ.ជ ត្រូវធ្វើឡើងតាមទម្រង់ជា៖ -សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ -សាងសង់ ធ្វើជាម្ចាស់កម្មសិទ្ធិ ធ្វើប្រតិបត្តិការ និងផ្ទេរ […]

អាន​បន្ថែម

ក្រសួងសាធារណការ នឹងចាប់ផ្ដើមជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ ២១B ឆាប់ៗនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្ដើមជួសជុលពង្រីកជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ ប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង នៃខេត្តកណ្តាល ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលពិនិត្យស្ថានភាពផ្លូវ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ផ្លូវជាតិលេខ២១បេ នេះ ជាក់ស្ដែងមានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ គឺចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១ ដោយឆ្លងកាត់ស្ពានព្រែកសំរោង។ ដោយឡែក កំណាត់ ៣ គីឡូម៉ែត្រដែលជួសជុល គឺកំណាត់សំខាន់ក្នុងការដឹកទំនិញឆ្លងកាត់វាងក្រុង។ ឯកឧត្តមស៊ុន ចាន់ថុល បានបញ្ជាក់ថា ការជួសជុលស្តារផ្លូវនេះ នឹងប្រើគ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ចរាចរណ៍ ផលប៉ះពាល់បរិស្ថាន និងពិសេសជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ។ ឯកឧត្តមបន្ដថា ការពង្រីកជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២១Bនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសនូវការកកស្ទះផងដែរ។ លើសពីនេះ ឯកឧត្តមក៏បានស្នើដល់មន្ត្រីជំនាញត្រូវចុះសិក្សា និងធ្វើយ៉ាងណាឱ្យការពង្រីកធ្វើឱ្យរួចរាល់លឿនបំផុត និងមានគុណភាពរឹងមាំ កុំឱ្យគេថាធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។  

អាន​បន្ថែម

OCIC និង CAIC លក់មូលបត្របំណុល២០លានដុល្លារឱ្យធនាគារ FTB យកទុនបន្ថែមសង់ព្រលានថ្មី

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បានបោះផ្សាយសញ្ញាបណ្ណមាន បុគ្គលធានាតម្លៃ ២០លានដុល្លារ លក់ឱ្យទៅធនាគារFTB ដើម្បីប្រមូលទុនយកទៅប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសង់អាកាសយាន្តដា្ឋនភ្នំពេញថ្មី នៅខេត្តកណ្តាល។ បណ្ណបំណុល ឬសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុនCAIC ផ្តល់អត្រាការប្រាក់ ៥,៥% ក្នុងមួយឆ្នាំ រយៈពេល ៣ឆ្នាំ ដោយក្រុមហ៊ុន OCIC ជាក្រុមហ៊ុនធានាលើសញ្ញាបណ្ណនេះ។ កិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា ត្រូវបានចុះហត្ថលេខា ដោយលោកឧកញ្ញា ឆាលស៍ វ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន CAIC និងជានាយកប្រតិបត្តិក្រុមហ៊ុន OCIC និងលោកឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារFTB កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ។ គួរបញ្ជាក់ថា កាលពីដើមខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុន CAIC ក៏បានបោះផ្សាយសញ្ញាបណ្ណមានបុគ្គលធានា តម្លៃ១៥លានដុល្លារ លក់ឱ្យធនាគារ Prince ផងដែរ ដើម្បីរកទុនមកប្រើក្នុងគម្រោងអាកាសយាន្តដា្ឋនភ្នំពេញថ្មី។ (អានបន្ថែម) យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីដើមខែវិច្ឆិកា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន២៦% ដោយទឹកប្រាក់សរុបជាង ៣៤៦លានដុល្លាអាមេរិក […]

អាន​បន្ថែម

ប្រកាសថ្មី៖ គម្រោងសំណង់ត្រូវឆ្លងកាត់ការពិនិត្យប្លង់សិន ទើបអាចសុំលិខិតអនុញ្ញាតិសាងសង់បាន

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញប្រកាសថ្មីមួយ តម្រូវឱ្យគម្រោងសំណង់នានា ត្រូវដាក់ប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ឱ្យក្រុមការងារជំនាញរបស់ក្រសួងត្រួតពិនិត្យ និងបញ្ជាក់សិន ទើបអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ ឬលិខិតអនុញ្ញាតផ្សេងទៀតបាន។ បើតាមប្រកាសលេខ ១០៩ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ ការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ គឺត្រូវធ្វើជាដាច់ខាត ចំពោះសំណង់គ្រប់ប្រភេទ ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬ/និង រដ្ឋបាលរាជធានីខេត្ត។ ប៉ុន្តែ សំណង់សាសនា និងគម្រោងសំណង់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ពីរដ្ឋបាលថ្នាក់ក្រោម ដូចជា ក្រុង ស្រុក ខណ្ឌ គឺមិនតម្រូវឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់នោះទេ តែអាចធ្វើឡើងបានដោយការស្ម័គ្រចិត្ត។ គួរបញ្ជាក់ថា ការត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ សំដៅដល់ការត្រួតពិនិត្យ ការវិភាគ ការផ្ទៀងផ្ទាត់ និងការបញ្ជាក់អំពីអនុលោមភាព តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ សម្រាប់ការងារសាងសង់ សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ ការងាររុះរើ ឬការប្ដូរមុខងារប្រើប្រាស់សំណង់។ បើតាមប្រកាសថ្មីនេះ ម្ចាស់សំណង់ទាំងអស់ ត្រូវចុះកិច្ចសន្យា និងបង់សោហ៊ុយ […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន៖ កម្ពុជានឹងក្លាយជាបណ្ដុំផលិតកម្ម ធុរកិច្ច និងវិនិយោគសក្ដានុពលក្នុងតំបន់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាថា នឹងបន្ដអនុវត្តគោលនយោបាយនានាបន្ថែម ដើម្បីទាក់ទាញការវិនិយោគបរទេស ទិសដៅដើម្បីប្ដូរមុខមាត់កម្ពុជា ឱ្យទៅជាបណ្ដុំផលិតកម្ម ធុរកិច្ច និងការវិនិយោគ ដែលមានសក្តានុពលមួយនៅក្នុងតំបន់។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះក្នុងសន្ទរកថាបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។ សម្តេចបន្ដថា កម្ពុជាបាន និងកំពុងដាក់ចេញ និងអនុវត្តគោលនយោបាយច្បាស់លាស់ជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អប្រព័ន្ធដឹកជញ្ជូន ការសម្រួលនិតីវិធីធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជាដើម។ គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបឡើងបណ្ដើរៗហើយក្រោយការបើកប្រទេស។ ក្នុងរយៈពេល ៩ ខែ នៅឆ្នាំ២០២១ រដ្ឋាភិបាលប្រមូលចំណូលចរន្តប្រមាណជិត៣ប៊ីលានដុល្លារ ស្មើនឹង ៧៥% ធៀបនឹងច្បាប់ថវិកា។

អាន​បន្ថែម

មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំសាងសង់បាន ៩៧% គ្រោងបញ្ចប់នៅចុងខែវិច្ឆិកានេះ

មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន តម្លៃជិត ៥០ លានដុល្លារ ស្ថិតក្នុងខេត្តត្បូងឃ្មុំ មកទល់បច្ចុប្បន្នសម្រេចបាន ៩៧% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែវិច្ឆិកានេះ ដែលនឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ទំនើបខ្នាតធំសម្រាប់ខេត្តត្បូងឃ្មុំ ក្រចេះ រតនគីរី ស្ទឹងត្រែង និងខេត្តមណ្ឌលគីរី។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិតូក្រសួង ចុះត្រួតពិនិត្យការដ្ឋានមន្ទីរពេទ្យកាលពីថៃ្ងទី២៣ ខែវិច្ឆិកា កន្លងទៅនេះ។ មន្ទីរពេទ្យនេះ មានអគារចំនួន៨ខ្នង ៥ជាន់ កម្ពស់២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន៥ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្រ្ត អគាររដ្ឋបាល និងស្នាក់នៅចំនួន២ជាន់ និងអគារផ្សេងៗទៀត១ជាន់។ (អានបន្ថែម) មន្ទីរពេទ្យមានចំនួនគ្រែសរុប៣០០គ្រែ ដែលសាងសង់ឡើងដោយបំពាក់បរិក្ខារទំនើប ចំណាយទឹកប្រាក់ជិត ៥០ លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន។ សូមបញ្ជាក់ថា អគារមន្ទីរពេទ្យនេះត្រូវបានប្រារព្ធពីធីបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ដោយប្រើពេលសាងសង់សរុប ៤០ ខែ។ ក្រោយពីការបញ្ជប់ការសាងសង់ […]

អាន​បន្ថែម