ព័ត៌មានក្នុងស្រុក
គម្រោងសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដថ្មី នៅខេត្តព្រះសីហនុ បើកការដ្ឋានហើយ
រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់មន្ទីរពេទ្យថ្មីមួយខ្នង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្ទាល់។ មានឈ្មោះថា «អគារតេជោព្យាបាលជំងឺកូវីដ-១៩» អគារថ្មីនេះកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី។ អគារព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦ គ្រែ សម្រាប់គ្រែ០១ជាន់ ឬអាចបានចំនួន ៧១២ គ្រែ ប្រសិនប្រើគ្រែ០២ជាន់។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ នឹងបញ្ចប់ការសង់រយ:ពេល ៣ខែ ហើយនឹងត្រូវប្រើប្រាស់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ប៉ុណ្ណោះ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងកិច្ចត្រួតពិនិត្យការដ្ឋានកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមកនេះ ថា ក្រោយពីបញ្ចប់ជំងឺរាតត្បាតនៃកូវីដ-១៩ រដ្ឋបាលខេត្ត អាចកែសម្រួលអគារ ដើម្បីព្យាបាលជំងឺទូទៅបន្ថែមទៀត ទៅតាមស្ថានភាពជាក់ស្តែង៕
អានបន្ថែមអាជ្ញាធរស្នើឱ្យពលរដ្ឋជិះវាងផ្លូវ ៣៧១ រយៈពេល ២ខែ ដើម្បីពន្លឿនការដ្ឋានស្ថានីយបូមទឹកបឹងទំពុន
ការដ្ឋានស្ថានីយបូមទឹកបឹងទំពុន ជំហានទី២ នៅតែបន្តដោយរលូន បច្ចុប្បន្នក្រុមការងារកំពុងត្រៀមជីកកាត់ទទឹងផ្លូវលេខ ៣៧១ ដើម្បីដាក់បំពង់ខ្នាតធំ ៣ ខ្សែ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យពលរដ្ឋសូមជិះវាងផ្លូវនេះ ចាប់ពីថ្ងៃទី៦ កញ្ញា ដល់ ៥ វិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះត្រង់ចំណុចការដ្ឋាន។ ក្នុងរយៈពេលសាងសង់នេះ ការដ្ឋាននឹងរៀបចំផ្លូវចរាចរបណ្តោះអាសន្នទៅមកសម្រាប់រថយន្តតូច-ម៉ូតូ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នេះតែប៉ុណ្ណោះ។ ស្ថានីយបូមទឹកបន្ថែមជំហានទី២ នេះ នឹងមានការបំពាក់ម៉ូទ័រខ្នាតធំទំហំអង្កត់ផ្ចិត១.៥ម ចំនួន១គ្រឿង និងទំហំអង្កត់ផ្ចិត១.២ម ចំនួន២គ្រឿង មានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី។ ក្រោយសាងសង់ចប់គ្រប់ដំណាក់កាល ស្ថានីយនេះ នឹងក្លាយជាស្ថានីយបូមទឹកធំជាងគេដែលមានសមត្ថភាពបូមទឹកសរុប ៣៣មែត្រគូបក្នុង១វិនាទី និងជាស្ថានីយបូមទឹកដែលបំពាក់ម៉ូទ័រខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ(អង្កត់ផ្ចិត ១.៥ម)។ ស្ថានីយនេះទៀតសោត នឹងជួយដោះស្រាយបញ្ហាទឹកជំនន់ជន់លិច នៅភូមិសាស្រ្ត ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ៕
អានបន្ថែមមជ្ឈមណ្ឌលធុរកិច្ចថ្មី តម្លៃ២,៧លានដុល្លារ បើកការដ្ឋានសាងសង់ក្រោមជំនួយរបស់កូរ៉េខាត្បូង
អគារមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលធុរកិច្ចថ្មីនៃកម្ពុជា ឬNICC បានការដ្ឋានសាងសង់ជាផ្លូវការហើយ នៅក្នុងបរិវេណនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ក្រោមជំនួយ ៨ លានដុល្លារ ពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA។ ពិធីបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមវត្តមានរបស់ ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Park Heung-kyoeng អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឯកឧត្តម Rho Hyunjun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ KOICA និងឯកឧត្តម ជាតិ ជាលី សកលវិទ្យាធិការ។ បើតាមផែនការ មជ្ឈមមណ្ឌលនឹងត្រូវសាងសង់ជាអគារកម្ពស់ ៣ ជាន់ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខ។ ឯកឧត្តម Rho Hyunjun សង្ឃឹមថាគម្រោងនេះ នឹងក្លាយជាការបោះជំហានសំខាន់មួយទៀតដើម្បីគាំទ្រដល់ ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមបច្ចេកវិទ្យាឌីជីថល និងបណ្តាញទីផ្សារនៅកម្ពុជា ពិសេសចូលរួមលើកកម្ពស់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយឱ្យអាចបង្កើតអាជីវកម្មដោយខ្លួនឯងបានដោយមានប្រសិទ្ធភាព។
អានបន្ថែមតើគម្រោងផែនការខ្សែក្រវាត់និងផ្លូវរបស់ចិនអាចជួយទប់លំនឹងសេដ្ឋកិច្ចកម្ពុជាពីកូវីដបានទេ?
អ្នកវិភាគសេដ្ឋកិច្ច រដ្ឋមន្រ្តី និងអ្នកនាំពាក្យរដ្ឋាភិបាល ជាច្រើនរូប បានយល់ឃើញដូចគ្នាថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានប្រភពទុនចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន បាននិងកំពុងជួយជំរុញសេដ្ឋកិច្ចកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ ហើយក៏ជាចលករសំខាន់ ជួយទប់លំនឹងសេដ្ឋកិច្ចក្នុងអំឡុងវិបត្តកូវីដ១៩ នេះ។ សាស្ត្រាចារ្យ នាក់ ចិន្តារិទ្ធ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថាក្នុងសារព័ត៌មាន Xinhua ចេញផ្សាយកាលពីថ្ងៃទី ១ កញ្ញា នេះថា គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន បានដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងបង្កើតស្ថេរភាពក្នុងកំឡុងកូវីដ១៩។ លោកបន្តថា គម្រោងទាំងនេះ នឹងចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាក្នុងការស្តារឡើងវិញក្រោយកូវីដ-១៩ ក៏ដូចជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាជាមួយសេដ្ឋកិច្ចដទៃទៀតនៃពិភពលោក។ ដូចគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលពីថ្ងៃទី ០១ ខែកញ្ញា កន្លងទៅថា កម្ពុជា បាននិងកំពុងទទួលបានផលប្រយោជន៍ជាច្រើនចេញពីគំនិតផ្តួចផ្តើមនេះ សឱ្យឃើញតាមរយៈសមិទ្ធិផលហេដ្ឋរចនាសម្ព័ន្ធជាច្រើន រួមមានស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងទន្លេ ជាដើម។ «ការអភិវឌ្ឍទាំងនេះនឹងឈានទៅដល់ ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច និងការលុបបំបាត់ភាពក្រីក្រ» ឯកឧត្តមបានបន្ត។ យោងតាមក្រសួងសាធារណការ […]
អានបន្ថែមរដ្ឋនឹងចាត់វិធានការណ៍ក្ដៅលើអ្នករំលោភចំណីផ្លូវជាតិលេខ ១ ក្នុងទីតាំងខេត្តកណ្ដាល
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើសំណង់រំលោភដីរដ្ឋ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ នេះតាមសេចក្តីជូនដឹណឹងលេខ១០៣១ ចុះថ្ងៃទី៣១ ខែសីហា។ ក្នុងសេចក្ដីជូនដំណឹង មន្ទីរក៏បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានសំណង់ដែលរំលោភលើដីចំណីផ្លូវជាតិលេខ១ ត្រូវប្រញាប់រួសរាន់រុះរើចេញ ឬរំកិលថយក្រោយឱ្យផុតពីដីចំណីផ្លូវ ឱ្យបានមុនថ្ងៃទី១៧ ខែកញ្ញានេះ។ បើនៅថ្ងៃកំណត់ មន្ទីរឃើញថានៅតែមានការរំលោភផ្លូវ មន្ទីរនឹងចុះរុះរើសំណង់ទាំងនោះចេញ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតអ្វីឡើយ ខណៈម្ចាស់សំណង់អាចនឹងត្រូវមានទោសតាមផ្លូវច្បាប់។
អានបន្ថែមសំណង់គ្មានលិខិតអនុញ្ញាត ខុសច្បាប់សំណង់ តើម្ចាស់សំណង់គួរធ្វើបែបណាទើបស្របច្បាប់វិញ?
សំណង់អគារជាច្រើននៅកម្ពុជាត្រូវបានសាងសង់ឡើងដោយគ្មានការអនុញ្ញាតត្រឹមត្រូវ គ្មានលិខិតអនុញ្ញាតសាងសង់ ឬផ្ទុយពីចំណុចណាមួយនៃច្បាប់សំណង់ ។ ដូច្នេះហើយទើប ក្រោយពេលច្បាប់សំណង់ដាក់ចេញកាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលបានទុកពេល ២ឆ្នាំ ឱ្យម្ចាស់សំណង់ប្រភេទនេះ សម្របខ្លួន ហើយអនុវត្តតាមច្បាប់ដែលបានកំណត់វិញ។ ប៉ុន្តែ រយៈពេល ២ ឆ្នាំ នឹងត្រូវបញ្ចប់ ក្នុងពេល២ ខែខាងមុខនេះហើយ។ ជាក់ស្ដែង មុនមានច្បាប់សំណង់ អនុក្រឹត្យលេខ ៨៦ ចុះថ្ងៃទី ១៩ ខែធ្នូឆ្នាំ ១៩៩៧ បានចែងយ៉ាងច្បាស់ថា ការសាងសង់អគារនានាគឺតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់។ អនុក្រឹត្យលេខ ៨៦ នេះ ក៏បញ្ជាក់នូវប្រភេពសំណង់ដែលត្រូវសុំ និងប្រភពសំណង់ត្រូវបានលើកលែងផងដែរ។ ប៉ុន្តែទោះជាមានអនុក្រឹត្យក្ដី ក្នុងសង្គមជាក់ស្ដែង ក៏នៅតែមានសំណង់ភាគច្រើននៅតែត្រូវសាងសង់ដោយគ្មានការអនុញ្ញាត ឬមិនអនុលោមតាមលក្ខខណ្ឌនៃលិខិតអនុញ្ញាតិសាងសង់។ ដោយឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ឬសង់មិនត្រូវតាមច្បាប់នេះ មានច្រើនលើសលុប ហើយភាគច្រើនត្រូវបានកាន់កាប់ដោយអ្នកប្រើប្រាស់រួចទៅហើយ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់ពួកគេដែរ ដូច្នេះហើយទើប ច្បាប់សំណង់ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ បានបន្ធូរបន្ថយដល់ម្ចាស់សំណង់ទាំងនោះ ដោយមិនចាំបាច់អនុវត្តច្បាប់បកថយក្រោយទេ តែគ្រាន់តែត្រូវដាក់ពាក្យសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់តែប៉ុណ្ណោះ។ មាត្រា ១០៦ […]
អានបន្ថែមព្រលានយន្តហោះធំៗ ២ នៅកម្ពុជា នាំចូលបច្ចេកវិទ្យាថ្មីគ្រប់គ្រងផ្លូវរត់យន្តហោះបែបវៃឆ្លាត
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងកម្រាលផ្លូវ(APMS) ដែលជាបច្ចេកវិទ្យាថ្មីជួយដោះស្រាយបញ្ហា និងធ្វើឱ្យប្រសើរឡើងនូវកម្រាលផ្លូវរត់របស់យន្តហោះ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមហ៊ុន Cambodia Airports ។ ប្រព័ន្ធ APMS គឺជា software ថ្មី ដែលមានអត្ថប្រយោជន៍អាចវិភាគ និងផ្តល់នូវព័ត៌មានអំពីស្ថានភាពផ្លូវរត់ ផ្លូវចូលចំណត និងចំណតយន្តហោះ បានដោយងាយស្រួល និងឆ្លាតវៃ។ លើសពីនេះ ប្រព័ន្ធនេះ អាចជួយផ្ដល់ព័ត៌មានជាក់លាក់ដល់អាកាសយានដ្ឋាន ដើម្បីយកមកពិចារណាធ្វើផែនការថែទាំ ស្តារ និងកសាងឡើងវិញនូវចំណុចខូចខាតនានាៗនៅក្នុងអាកាសយានដ្ឋានផងដែរ។ មកទល់សព្វថ្ងៃនេះ ប្រព័ន្ធគ្រប់គ្រងនេះត្រូវបានដាក់ប្រើប្រាស់នៅតាមអាកាសយានដ្ឋានចំនួន ៦ ផ្សេងទៀតដែលមានទីតាំងនៅប្រទេសប្រេស៊ីល ជប៉ុន ស៊ែប៊ី និងព័រទុយហ្កាល់ ដែលជាសមាជិកនៃបណ្តាញក្រុមហ៊ុនអាកាសយានដ្ឋានវីនស៊ី (VINCI Airports)។
អានបន្ថែមការសិក្សាអន្តរជាតិបង្ហាញថា រោងចក្រថាមពលនៅល្វាឯម អាចដុតឧស្ម័នធម្មជាតិជំនួសប្រេងខ្មៅបាន
រោងចក្រថាមពលដុតប្រេងខ្មៅ នៅស្រុកល្វាឯម ខេត្តកណ្តាល អាចប្រើប្រាស់ឧស្ម័នធម្មជាតិ (LNG) ដុតជាចំហេះជំនួសបាន នាពេលអនាគត ដែលជាការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនភ្លើងសម្រាប់រោងចក្រថាមពលនេះ។ យោងតាមគេហទំព័រព័ត៌មាន Power Magazine ចុះផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ការប្តូរពីការដុតប្រេងខ្មៅ ទៅឧស្ម័នធម្មជាតិ អាចដំណើរការទៅបាន លុះត្រាតែ ត្រូវមានការដំឡើងនៅហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចាំបាច់មួយចំនួនទៀត។ បច្ចេកវិទ្យានេះមានលក្ខណៈពិសេសប្លែកសម្រាប់ប្រទេសកំពុងអភិវឌ្ឍដែលចង់សម្រេចបានគោលដៅកាត់បន្ថយឧស្ម័នពុល ប៉ុន្តែក៏ចង់ពង្រីកសេដ្ឋកិច្ច។ គួរបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចវិនិយោគបង្កើតរោងចក្រថាមពលនៅស្រុកល្វាឯមកាលពីឆ្នាំ២០២០ បន្ទាប់ពីកម្ពុជា បានជួបនឹងវិបត្តិថាមពលផ្គត់ផ្គង់ទាបជាងតម្រូវការកាលពីឆ្នាំ២០១៩។ បើតាមក្រសួងរ៉ែ និងថាមពល រោងចក្រថាមពលនេះ បានបញ្ចប់ការសាងសង់ និងត្រៀមដាក់ដំណើរការផលិតថាមពល នៅពេលតម្រូវការប្រើប្រាស់ថាមពលនៅភ្នំពេញកើនឡើង៕
អានបន្ថែមWorldBank ផ្ដល់កម្ចី ៦៣ លានដុល្លារ សាងសង់ទីលានចាក់សំរាមស្ដង់ដា ក្នុងខេត្តធំៗ ៣
ធនាគារពិភពលោក (World Bank) គ្រោងផ្ដល់ហិរញ្ញប្បទាន ៦៣លានដុល្លារ សម្រាប់គម្រោងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិក ដែលមានស្ដង់ដា ក្នុងខេត្តសៀមរាប កណ្ដាល និងកំពង់ស្ពឺ ដោយថវិកានេះនឹងត្រូវអនុវត្តរយៈពេល ៦ ឆ្នាំ។ នេះបើយោងតាមជំនួបរវាង ក្រសួងបរិស្ថាន និងធនាគារពិភពលោក ដើម្បីពិភាក្សាលើលទ្ធផលសិក្សាលទ្ធភាពបឋម និងពិនិត្យឡើងវិញលើជម្រើសទីតាំង នៃទីលានចាក់សំរាម ក្នុងខេត្តទាំង ៣ នេះ កាលពីថ្ងៃទី៣១ សីហា កន្លងទៅ។ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន គាំទ្រលើការសាងសង់ទីលានចាក់សំរាមក្នុងខេត្តទាំង ៣ ប៉ុន្តែក៏បានស្នើឱ្យ ធនាគារពិភពលោក សិក្សាសាងសង់ទីលានចាក់សំរាម នៅក្រុងបាត់ដំបង និងក្រុងព្រះសីហនុផងដែរ។ ជាការឆ្លើយតប ក្រុមការងារធនាគារពិភពលោកនឹងពិនិត្យឡើងវិញអំពីគម្រោងចំណាយវិនិយោគ និងប្រតិបត្តិការដែលក្រសួងបរិស្ថានបានស្នើ តាមស្ថានភាពជាក់ស្តែង។ គួរបញ្ជាក់ផងដែរថា សម្រាប់ខេត្តកណ្ដាល ទីតាំងដែលពិចារណាគឺតំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង។ (អានបន្ថែម)
អានបន្ថែមកំពង់ផែទេសចរណ៍ថ្មីនៅកែបតម្លៃជិត ២លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៥ កញ្ញា នេះ
គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩ លានដុល្លារអាមេរិក។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ០១ ខែកញ្ញា ការសាងសង់នឹងប្រើរយៈពេល ប្រមាណ ២ឆ្នាំ ពោលគឺនឹងបញ្ចប់ក្នុងអំឡុងចុងឆ្នាំ២០២៣។ ក្រោយសាងសង់រួច អ្នកវិនិយោគឯកជន អាចធ្វើអាជីវកម្មភាស៊ីចំណតជលយានរយៈពេល១៥ឆ្នាំ ចប់ និងបន្ត១៥ ឆ្នាំទៀត និងត្រូវបង់ថវិកាជូនរដ្ឋបាលខេត្តក្នុងមួយឆ្នាំ ចំនួន ១១ លានរៀល ដោយត្រូវបង្កើន៥% រៀងរាល់៥ ឆ្នាំម្តងៗ។ មិនត្រឹមតែប៉ុណ្ណោះ ពេលចប់អាណត្តិកិច្ចសន្យា អ្នកវិនិយោគ ត្រូវប្រគល់ទីតាំងកំពង់ផែសេះស និងសំណង់ទាំងអស់ជូនរដ្ឋ ទុកជាទ្រព្យសម្បត្តិរដ្ឋ ដោយគ្មានលក្ខខណ្ឌ។ ឯកឧត្តមអភិបាលខេត្តកែប សោម ពិសិដ្ឋ ធ្លាប់មានប្រសាសន៍ថា៖ «គម្រោងផែសេះស នឹងជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប និងជាទីតាំងតភ្ជាប់គម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ផងដែរ»។ (អានបន្ថែម)
អានបន្ថែម