ព័ត៌មានក្នុងស្រុក
រដ្ឋមន្រ្តីក្រសួងរ៉ែប្តេជ្ញាប្រើបច្ចេកវិទ្យាដើម្បីធ្វើឱ្យល្បាយប្រភពថាមពល ប៉ះពាល់បរិស្ថានទាបជាងមុន
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ទៅអនាគត កម្ពុជានៅតែបន្តពឹងផ្អែកលើឥន្ទនៈហ្វូស៊ីល (Fossil Fuel) ដើម្បីផលិតថាមពល ក្នុងគោលបំណងដើម្បីធានាសន្តិសុខថាមពល និងកំណើនសេដ្ឋកិច្ច ប៉ុន្តែនឹងទាញប្រយោជន៍ពីបច្ចេកវិទ្យាមកធ្វើឱ្យការផលិតថាមពលស្អាត និងប៉ះពាល់បរិស្ថានទាបជាងមុន។ លើសពីនេះ ក្រសួងក៏នឹងបន្តជំរុញឱ្យមានការប្រើប្រាស់ថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី សូឡា និងជីវម៉ាស ឱ្យច្រើនជាមុនផងដែរ។ ថ្លែងនៅក្នុងវេទិកា Asia CCUS Network Forum លើកទី១ កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្នុងឆ្នាំ២០២០ ប្រភពថាមពលចម្បងរបស់កម្ពុជា រួមមាន ៦០% បានពីឥន្ទនៈហ្វូស៊ីលដូចជាធ្យូងថ្ម និងប្រេង ហើយ ៤០%ទៀត បានពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី សូឡា និងជីវម៉ាស។ ឯកឧត្តម បន្តថា៖ «ប្រភពថាមពលកម្ពុជា នៅតែបន្តពឹងផ្អែក លើការប្រើប្រាស់ឥន្ទនៈហ្វូស៊ីលនាពេលអនាគត។ ដូច្នេះហើយ គឺចាំបាច់ណាស់ក្នុងការធានាថា ឥន្ទនៈហ្វូស៊ីលដូចជាធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ ជាដើម ត្រូវបានប្រើប្រាស់តាមរបៀបស្អាតជាងមុន […]
អានបន្ថែមអូស្ដ្រាលីជ្រើសរើសខេត្តព្រះសីហនុជាទិសដៅអាទិភាពអភិវឌ្ឍទីក្រុងឆ្លាតវៃ
ស្ថានទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា សម្រេចជ្រើសរើសខេត្តព្រះសីហនុទិសដៅអាទិភាពដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ ហើយនឹងបន្តជួយជំរុញផែនការនេះឱ្យក្លាយជាការពិតឆាប់ៗ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានកញ្ចប់ថវិកាប្រមាណ ៤៩លានដុល្លារអូស្ត្រាលី។ នេះបើយោងតាមសិក្ខាសាលាតាមអ៊ីនធឺណេត ស្តីពីការជ្រើសរើសគម្រោងអាទិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដែលធ្វើឡើងកាលពីចុងខែមិថុនាកន្លងមកនេះ។ លោក Anthony Samson លេខាទី២ នៅស្ថានទូតអូស្រ្តាលី បានឱ្យដឹងថា អូស្ដ្រាលីនឹងសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្តដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) តម្លៃ ៤៩លានដុល្លារអូស្ត្រាលីរបស់ខ្លួន ដោយផ្ដោតសំខាន់លើទីក្រុងឆ្លាតវៃ។ លោកបន្តថា ការជ្រើសរើសទិសដៅដើម្បីអនុវត្តគម្រោងទីក្រុងឆ្លាតវៃនេះ គឺជាជំហានដំបូង និងសំខាន់មួយ មុននឹងឈានទៅផែនការបន្ទាប់ ក្នុងគោលបំណងអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពលើការចំណាយ។ ជាការឆ្លើយតប លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តនិងជួយជ្រោមជ្រែងប្រមូលធាតុចូល និងត្រួសត្រាយផ្លូវក្នុងការអនុវត្តគម្រោងនេះ។
អានបន្ថែមការដ្ឋានទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ បន្តតាមផែនការ បច្ចុប្បន្នសម្រេចបាន ៣០%
ការសាងសង់គម្រោងទីក្រុងរណបកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC សម្រេចបាន៣០% ហើយ គិតត្រឹមខែមិថុនានេះ ដោយក្រុមហ៊ុនបញ្ជាក់ថា ដំណើរការសាងសង់ គឺធ្វើទៅតាមការគ្រោងទុក បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ក្ដី។ លោក ទូច សំណាង មន្រ្តីជាន់ខ្ពស់នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា បានឱ្យដឹងនៅថ្ងៃទី១ កក្កដានេះ ថា ការងារចាក់បំពេញដីសម្រេចបាន ៦០% នៃផែនការ ការងារសាងសង់ស្ពានសម្រេចបាន ២០% ហើយការងារសាងសង់ជារួមសម្រេចបាន ៣០% ។ លោកបន្តថា៖ «គម្រោងនៅដំណើរការធម្មតា ប៉ុន្តែការបង្កើនចំនួនកម្មករធ្វើការរៀងពិបាកបន្តិចដោយសារតម្រូវឱ្យមានលក្ខខណ្ឌចាក់វ៉ាកសាំង និងចត្តាឡីស័ក។ វាប៉ះគឺប៉ះហើយ ប៉ុន្តែយើងនឹងជំនះទៅមុខ»។ គួរបញ្ជាក់ផងដែរថា គម្រោងកោះនរា អភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះនឹងត្រូវអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណៈ តំបន់សំណង់លំនៅឋាន ធនាគារ សកលវិទ្យាល័យ និងមន្ទីរពហុព្យាបាល ជាដើម។ ក្រុមហ៊ុន OCIC បានចាប់ផ្តើមអភិវឌ្ឍកោះតាំងពីខែតុលា ឆ្នាំ ២០១៨ ប៉ុន្តែការដ្ឋានស្ពានធំៗទាំង២ រួមមានស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ទើបតែបើកការដ្ឋានកាលពីឆ្នាំមុន។ […]
អានបន្ថែមសម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យឯកជនរួមទាំងក្រុមហ៊ុនសំណង់ អាចធ្វើតេស្តរហ័សបានដោយខ្លួនឯង
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតដល់សហគ្រាស ក្រុមហ៊ុនឯកជន រោងចក្រ រួមទាំងក្រុមហ៊ុនសំណង់នានា អាចរៀបចំធ្វើតេស្តរហ័សជាបឋម លើបុគ្គលិក-កម្មកររបស់ខ្លួន ដោយខ្លួនឯង ដើម្បីស្វែងរកអ្នកមានផ្ទុកជំងឺកូវីដ១៩ ពោលគឺដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងពិសេសជួយកាត់បន្ថយហានិភ័យឱ្យទាន់ពេលវេលា។ សម្តេច ហ៊ុន សែន បានឱ្យដឹងកាលពីព្រឹកមិញនេះថា បើសិនមិនមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បន្លែងខ្លួនថ្មី (Delta) នោះទេ កម្ពុជានឹងមានរលកនៃការឆ្លងខ្លាំងទៀត ដូច្នេះវិស័យឯកជនត្រូវតែជួយរដ្ឋ។ «វាគ្មានទៅខាតអីទេ ក្រុមហ៊ុនឯកជនអាចធ្វើតេស្តលើបុគ្គលិកដោយខ្លួនឯងដែលសង្ស័យ ដោយប្រើទុនរបស់ក្រុមហ៊ុន ព្រោះឧបករណ៍តម្លៃត្រឹម ៣,៧ដុល្លារប៉ុណ្ណោះ បើពឹងតែគ្រូពេទ្យធ្វើមិនទាន់ពេលវេលាទេ ហើយអាចឆ្លងរាលដាលទៅអ្នកដទៃ។ បើក្រុមហ៊ុន សហគ្រាសឯកជនអាចធ្វើតេស្តលើបុគ្គលិកកម្មកររបស់ខ្លួន មានតែចំណេញ គាត់រកឃើញជំងឺបានលឿន គាត់អាចគ្រប់គ្រងបុគ្គលិកខ្លួនឯងបានកាន់តែលឿនទៀត គាត់អាចរត់មករកពេទ្យទាន់ពេលវេលា បើគាត់រកមិនឃើញទេ អត់មានអីខាតសោះ»។ លើសពីនេះ គ្រូពេទ្យក៏នឹងចាប់ផ្តើមចុះបង្រៀនពីការធ្វើតេស្តតាមសហគ្រាស និងក្រុមហ៊ុនឯកជននានាផងដែរ។ ទាក់ទិននឹងបទបញ្ជានេះដែរ លោក មាស ព្រឹក្សា ប្រធានរដ្ឋបាលគ្រប់គ្រងកិច្ចសន្យានៃក្រុមហ៊ុន លី ឈួង សំណង់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ លោកថា៖ «ការអនុញ្ញាតឱ្យមានការធ្វើតេស្តរហ័ស គឺបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនក្នុងការគ្រប់គ្រង បុគ្គលិក-កម្មករ នៅក្នុងការដ្ឋានសំណង់នានាៗ […]
អានបន្ថែមការដ្ឋានអគារមន្ទីរពេទ្យកុសុមៈថ្មីតម្លៃជាង ៨១លានដុល្លារ ដំណើររលូន គ្រោងបញ្ចប់ខែកញ្ញាខាងមុខ
ដំណើរការសាងសង់អគារមន្ទីរពេទ្យព្រះកុសុមៈថ្មី បានប្រព្រឹត្តិទៅដោយរលូន ដោយគ្រោងដាក់ដំណើរការសាកល្បងនៅខែកញ្ញាខាងមុខ ដើម្បីបម្រើសេវាពិនិត្យជំងឺទូទៅ ហើយនឹងបើកដំណើរការផ្លូវការនៅដើមឆ្នាំ ២០២២។ នេះជាការប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក្នុងអំឡុងពេលចុះត្រួតពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី៣០ ខែមិថុនា។ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែងថា៖ «មុនចូលឆ្នាំចិន ឆ្នាំ២០២២ខាងមុខនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងសាងសង់រួចរាល់ ហើយនឹងប្រគល់ជូនមកយើង ដើម្បីដាក់បម្រើសេវាពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺឆ្លងផ្សេងៗ ដែលជាឱកាសមួយដ៏ល្អសម្រាប់ថែទាំសុខភាពប្រជាពលរដ្ឋយើង»។ គួរបញ្ជាក់ផងដែរថា អគារមន្ទីរពេទ្យព្រះកុសុមៈថ្មីនេះ មានកម្ពស់១១ជាន់ ១៣២បន្ទប់ កំពុងសាងសង់ដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន។ (អានបន្ថែម) អគារនេះ ក៏មានសាងសង់ចំណតឧទ្ធម្ភាគចក្ររសម្រាប់សង្គ្រោះបន្ទាន់ ទម្ងន់មធ្យមពី ៣តោន ទៅ ៥តោន នៅលើដំបូលអគារស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជាផងដែរ។
អានបន្ថែមទូតជប៉ុន និងរដ្ឋមន្រ្តី ចុះពិនិត្យគុណភាពផ្លូវបាត់ដំបង-បន្ទាយមានជ័យ ដែលសម្រេចជិត ១០០%
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថានទូតជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសជប៉ុន កាលពីថ្ងៃទី៣០ ខែមិថុនា បានចុះពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ដែលបានសង់រួចជិត ១០០%។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីបញ្ជាក់ថាផ្លូវមានស្ដង់ដា អាចប្រើប្រាស់យូរ ហើយធានាថាបញ្ចប់តាមផែនកាគ្រោងទុក។ ឯកឧត្ដមបន្តថា កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ មិនត្រឹមតែសាងសង់ឱ្យមានគុណភាពខ្ពស់ទេ តែក្រសួងក៏ដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកអមសងខាងផ្លូវ ដើម្បីបង្កើតសោភណភាពផងដែរ។ គម្រោងសាងសង់ផ្លូវជាតិលេខ៥ កំណាត់បាត់ដំបង-ខេត្តបន្ទាយមានជ័យនេះ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ ការសាងសង់សម្រេចបានស្ទើរតែ ១០០% ហើយ។ ដោយឡែក ការដ្ឋានផ្លូវជាតិលេខ៥ ទាំងមូលវិញ ជារួមសម្រេចប្រមាណ ៦០% ហើយ ដោយកំណាត់ភាគខាងត្បូងព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% និងកំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបង សម្រេច ៣៨,០៨%។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ […]
អានបន្ថែមគម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន សម្រេចជាង ២០% ហើយ
គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង ២៤ លានដុល្លារ ដែលមានទីតាំងនៅជិតច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ ២១,០៥% ហើយ បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។ ក្នុងឱកាសនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ត្រូវធ្វើការឱ្យមានគុណភាពខ្ពស់ ក៏ដូចជាពន្លឿនការងារឱ្យបានរួចរាល់តាមកិច្ចសន្យា។ គម្រោងច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន នេះរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម។ គម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management […]
អានបន្ថែមក្រសួងមហាផ្ទៃ នឹងសាងសង់អគាររដ្ឋបាលថ្មីតម្លៃជាង ២០លានដុល្លារ
ក្រសួងមហាផ្ទៃ នឹងសាងសង់អគាររដ្ឋបាលថ្មី ស្ថិតនៅក្នុងទីតាំងក្រសួងមហាផ្ទៃបច្ចុប្បន្ន តម្លៃ ២០លានដុល្លារអាមេរិក។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៣៤១ សជណ.មយ ចុះថ្ងៃទី២៩ ខែមិថុនា។ លិខិតដដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ឱ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់ចំនួន ២០លានដុល្លាអាមេរិក។ ប្រភពដដែលបានបន្ថែមថា សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហ៊ានៗ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានស្នើដល់ក្រសួងមហាផ្ទៃ ត្រូវខិតខំកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយប្រឆាំងជំងឺកូវីដ១៩៕
អានបន្ថែមផ្លូវ៣៨ខ្សែនៅសៀមរាប នឹងបញ្ចប់តាមផែនការខែធ្នូនេះ ខណៈបច្ចុប្បន្នសម្រេចជាង៦៣%
គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងបញ្ចប់តាមផែនការនៅខែធ្នូ ឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូល សម្រេចបានប្រមាណ ៦៣,៨៧% ហើយ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល កាលពីម្សិលមិញនេះ។ ឯកឧត្ដម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ការដ្ឋានផ្លូវទាំងមូលសម្រេចបានជិត ៦៤% ក្នុងនោះប្រឡាយលូរំដោះទឹកសម្រេចបាន៩០% ប្រព័ន្ធលូសម្រាប់ផ្លូវ៣៨ខ្សែ សម្រេច៨៧% ហើយការងារសួន គំនូសចរាចរ និងបង្គោលភ្លើងនានា សម្រេចបាន៤០%។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានច្រានចោលមតិរិះគន់នៅតាមបណ្តាញសង្គមថា ក្រសួងបានប្រើប្រាស់សរសៃដែកតូច លួចគុណភាព មិនគោរពតាមស្តង់ដារបច្ចេកទេសសាងសង់ក្នុងការចាក់ផ្លូវបេតុង ដោយបញ្ជាក់ថា ការងារគ្រប់យ៉ាងគឺធ្វើតាមស្ដង់ដារទាំងអស់។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងសាងសង់ផ្លូវ ត្រូវបាញ់ទឹកការពារដីហុយ ប្រញាប់បិទលូកុំឱ្យបាំងផ្ទះប្រជាជនដែលកំពុងប្រកបអាជីវកម្ម និងធ្វើយ៉ាងកុំឱ្យកកស្ទះចរាចរ។ គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀត នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង […]
អានបន្ថែមUSAID គ្រោងផ្ដល់ជំនួយ ៣លានដុល្លារ ជួយលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនត្រជាក់នៅកម្ពុជា
ទីភ្នាក់ងារ USAID កំពុងស្នើរដ្ឋាភិបាលសហរដ្ឋអាមេរិកសុំទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System នៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ក្នុងជំនួបជម្រាបលាបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី២៨ ខែមិថុនា។ លោកស្រី Veena Reddy ថា បើសហរដ្ឋអាមេរិកអនុម័តជំនួយ ថវិកានឹងត្រូវយកមកអនុវត្តលើកម្ពស់ ប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System ដោយនឹងប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឱ្យកាន់តែល្អប្រសើរ និងមានគុណភាព។ ឯកឧត្តម វេង សាខុន ក៏បានស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System […]
អានបន្ថែម