ព័ត៌មានក្នុងស្រុក
ការសិក្សាគម្រោងអាកាសយានដ្ឋាននៅមណ្ឌលគីរីគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ
ការសិក្សាលទ្ធភាពសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគីរី គ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ ដែលនេះជាការបោះជំហានមួយដ៏ធំសម្រាប់ការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងៗក្នុងប្រទេស។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ន ការសិក្សានេះកំពុងពិនិត្យមើលទៅលើការសិក្សាផលប៉ះពាល់សង្គម និងបរិស្ថាន។ លោកថ្លែងថា៖ «យើងកំពុងតែសិក្សា យើងអត់ទាន់ធ្វើអី្វទាំងអស់ …ជាពិសេសយើងកំពុងពិនិត្យលើលទ្ធភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តើយើងត្រូវអនុវត្តយ៉ាងម៉េច។ សិក្សាចប់ បានយកមក ដាក់គណៈកម្មការប្រជុំ ថាតើត្រូវធ្វើអ្វីទៀត»។ លោកបន្តថា៖ “យើងអត់ទាន់មានការជ្រើសរើស អ្នកអភិវឌ្ឍន៍នៅឡើយទេ ព្រោះយើងកំពុងសិក្សា ហើយការសិក្សា ខែមករាហ្នឹង គឺចប់ហើយ”។ លោកបញ្ជាក់បន្ថែមថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកសិក្សា ប៉ុន្តែការសម្រេចលទ្ធផលសិក្សាគឺខាងអន្តរក្រសួងជាអ្នកសម្រេច។ គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតក្នុងស្រុកអូរាំង ខេត្តមណ្ឌលគីរី ហើយគោលបំណងនៃការសាងសង់ព្រលាននេះ គឺដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិទេសចរណ៍ ជាពិសេសគឺការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងៗក្នុងប្រទេស។ ក្រៅពីគម្រោងព្រលានយន្តហោះ រដ្ឋាភិបាលក៏មានគម្រោងចង់ផ្លាស់ប្តូរខេត្តមណ្ឌលគីរីទៅជាគោលដៅទេសចរណ៍អន្តរជាតិ។ ផែនការមេ ឆ្នាំ២០២០-២០៣៥ នឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយគ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ។ (អានបន្ថែម) ក្នុងផែនការមេទាំងមូលរួមមានការអភិវឌ្ឍជាច្រើនកន្លែង ដែលក្នុងនោះក្រុងសែនមនោរម្យ នឹងត្រូវអភិវឌ្ឍ ទៅជាទីក្រុងពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។ លើសពីនេះ […]
អានបន្ថែមក្រសួងមានផែនការចង់សាងសង់រថភ្លើងតភ្ជាប់ពីទីក្រុងភ្នំពេញទៅព្រលានយន្តហោះថ្មី
ក្រសួងសាធារណៈការ និងដឹកជញ្ជូន មានផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមក ដោយមិនចាំបាច់ស្ទះចរាចរណ៍។ ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្មីៗនេះថា ក្រសួងបានត្រៀមផែនការនេះរួចហើយ តែមិនទាន់មានការពិភាក្សាគ្នាជាមួយក្រុមហ៊ុនឯកជននៅឡើយទេ។ ឯកឧត្តម ថ្លែងថា៖ «នេះជាការត្រៀមទុករបស់ឯកឧត្តមទេសរដ្ឋមន្រ្តី (ស៊ុន ចាន់ថុល)…កាលណាគេធ្វើព្រលានយន្តហោះជិតហើយទៅ យើងនឹង Design ចូលទៅយ៉ាងមិច អីយ៉ាងមិច…[យើងនឹងគិតបន្តទៀត]»។ ដោយសារគម្រោងព្រលានយន្តហោះថ្មីនឹងសាងសង់រួចជាស្ថាពរ នៅឆ្នាំ២០២៣ ដែលនៅសល់ពេលយូរទៀត ក្រសួងនៅមិនទាន់បង្ហាញព័ត៌មានលម្អិតអ្វីជាក់លាក់ទេ តែនឹងបន្តសិក្សា។ ទាក់ទិននឹងការធ្វើដំណើរទៅមកព្រលានថ្មីនេះ ក្រុមហ៊ុន OCIC ក៏មានផែនការចង់សាងសង់ផ្លូវល្បឿនលឿនពីព្រលានថ្មីមករាជធានីភ្នំពេញដែរ។ បើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា គម្រោងនេះគឺជាគម្រោងដាច់ដោយឡែកពីគម្រោងសាងសង់ព្រលានរបស់ OCIC។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តភ្នំពេញថ្មីនេះ គឺជាគម្រោងខ្នាតយក្សតម្លៃជាង ១,៥ ពាន់លានដុល្លារ។ គិតមកត្រឹមខែមេសា គម្រោងនេះសម្រេចការសាងសង់បានប្រមាណ ៣០% ហើយសម្រាប់ដំណាក់កាលទី១ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ នេះ។ (អានបន្ថែម)
អានបន្ថែមរដ្ឋបញ្ជាឱ្យឈប់បូមខ្សាច់សិន ហើយត្រូវសិក្សាផលប៉ះពាល់បរិស្ថានរបស់គម្រោងឆ្នេរសិប្បនិមិត្តថ្មីនៅកំពតឡើងវិញ
រដ្ឋបាលខេត្តកំពត បានស្នើឱ្យក្រុមហ៊ុនសិក្សាផលប៉ះពាល់បរិស្ថានឡើងវិញសម្រាប់គម្រោងឆ្នេរសិប្បនិមិត្តថ្មីនៅខេត្តកំពត។ ក្នុងដំណាក់នេះ ក្រុមហ៊ុនត្រូវបញ្ឈប់ការបូមខ្សាច់សិន ហើយត្រូវពិនិត្យលើការជីកផ្លូវទូកម្ដងទៀត ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងក្នុងពេលចុះពិនិត្យការដ្ឋានរបស់ក្រុមហ៊ុន IGB Cambodia Co, Ltd ថា សកម្មភាពជីកឃ្លងផ្លូវទូក និងការបូមខ្សាច់ចេញពីសមុទ្រអាចនឹងប៉ះពាល់ដល់ជិវិតដើមកោងកាង និងជីវៈចម្រុះដទៃទៀត ដោយសារការជីកឃ្លងផ្លូវទូកមានទំហំធំ និងជម្រៅរហូតដល់ ៤ ម៉ែត្រ។ ដូច្នេះខាងរដ្ឋបាលខេត្ត បានស្នើឱ្យក្រុមហ៊ុនត្រូវរកវិធីជីកឃ្លងផ្លូវទូកថ្មី ដែលមិនប៉ះពាល់ដល់ប្រព័ន្ធលំហូរទឹក។ ដោយឡែក ទាក់ទិននឹងសកម្មភាពបូមខ្សាច់ចេញពីបាតសមុទ្រ ក្រុមហ៊ុនគឺត្រូវផ្អាកសកម្មភាពសិន ព្រោះមិនទាន់មានការសិក្សាច្បាស់លាស់ និងត្រូវទៅតាមបទដ្ឋាននៅឡើយ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងការវិនិយោគនៅកន្លែងឆ្នេរតេជោសែននេះ ក្រុមហ៊ុនកំពុងចាក់ដីបំពេញតាមលក្ខខណ្ឌ គឺកំពុងដំណើរការ។ ហើយខាងរដ្ឋបាលខេត្តបានចុះទៅពិនិត្យមើលគឺទើបតែបាន ប្រមាណ ៦០% ទៅ ៧០% ប៉ុណ្ណោះ ហើយរដ្ឋបាលខេត្តកំពុងជំរុញឱ្យការអភិវឌ្ឍនោះបានលឿន ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅពេលខាងមុខនេះ »។ គួរបញ្ជាក់ផងដែរថា គម្រោងឆ្នេរខ្សាច់សិប្បនិមិ្មតទំហំ ២៣៤ហិកតា នេះ មានទីតាំងនៅលើរមណីយដ្ឋានឆ្នេរមាសតេជោសែន ស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។ (អានបន្ថែម)
អានបន្ថែមសមិទ្ធផលរ៉ែមាសចេញពីស្រុកអណ្តូងមាស ខេត្តរតនគិរីជិតក្លាយជាការពិតហើយ ក្រោយលទ្ធផលតេស្តវិជ្ជមាន
ក្រុមហ៊ុនរុករ៉ែមាស Angkor Resources Corp (ANK) កាលពីថ្មីៗនេះ បានបង្ហាញថាការធ្វើតេស្ដដីក្នុងដែនអាជ្ញាបណ្ណតំបន់អណ្តូងមាស នៃខេត្តរតនគិរី មានលទ្ធផលវិជ្ជមាន ដែលនេះជាការបោះជំហានថ្មីមួយទៀត បង្ហាញថាទីតាំងនេះអាចនឹងផ្ដល់រ៉ែមាសជាច្រើន។ Angkor Resources Corp (ANK) ក៏បញ្ជាក់ទៀតថា ខ្លួនក៏បានចាប់ផ្តើមកំណត់ទីតាំងហើយដែរ សម្រាប់ការអនុវត្តការងាររុករកមាសនៅឆ្នាំ២០២១ ខាងមុខនេះ។ លោក Dennis Ouellette អនុប្រធានផ្នែករុករក បានថ្លែងថា៖ «ដោយផ្អែកលើលទ្ធផលនៃផ្ទៃលើ Wild Boar ដែលបានប្រកាសនាពេលថ្មីៗនេះ បង្ហាញពីចំនួនដ៏គួរអោយចាប់អារម្មណ៍ ពោលគឺមានសរសៃរ៉ែមាសច្រើនណាស់»។ គួរបញ្ជាក់ផងដែរថា តំបន់អាជ្ញាបណ្ណអណ្តូងមាស ដែលត្រូវបានទិញដោយ Angkor Resources Corp ក្នុងឆ្នាំ ២០១២ នេះ មានយ៉ាងហោយចំនួន៨ កន្លែង ដែលមានសក្តានុពលរ៉ែមាស នៅលើផ្ទៃដីជាង ១៨៨ គីឡូម៉ែត្រការ៉េ។ កាលពីខែ សីហា កន្លងមកនេះ ក្រុមហ៊ុនធ្លាប់រកឃើញថា តំបន់អណ្តូងមាសអាចមានរ៉ែមាសក្នុងបរិមាណ ៧០,៧ក្រាម នៅក្នុងដីទំហំ១តោន។
អានបន្ថែមរដ្ឋាភិបាលសម្រេចផ្លូវការឱ្យឯកជនវិនិយោគជាង ៨០០ លានដុល្លារ សង់វារីអគ្គិសនី និងខ្សែបញ្ជូនតង់ស្យុងខ្ពស់
ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ២ វិនិយោគទឹកប្រាក់ជាង ៨៣០ លានដុល្លារអាមេរិក ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនៅខេត្តកោះកុង និងនិងបណ្តាញបញ្ជូនតង់ស្យុងខ្ពស់២ខ្សែទៅព្រំដែនឡាវ និងថៃ។ កិច្ចព្រមព្រៀងវិនិយោគថាមពលទាំងពីរនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុនវិនិយោគថាមពលទាំងពីរ កាលពីថ្ងៃទី៨ ខែធ្នូកន្លងទៅនេះ។ គម្រោងវារីអគ្គិសនីអនុភាព ១៥០មេហ្គាវ៉ាត មានឈ្មោះថា “វារីអគ្គិសនីស្ទឹងតាតៃលើ” គឺជាការវិនិយោគដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation។ គម្រោងនេះ ស្ថិតនៅផ្នែកខាងលើនៃស្ទឹងតាតៃ នៃស្រុកថ្មបាំង ខេត្តកោះកុង។ គម្រោងនេះនឹងប្រើថវិកាវិនិយោគ សរុប ៣៩០ លានដុល្លារ ដោយមានកិច្ចសន្យាសម្បទានវិនិយោគរយៈពេល ៣៥ឆ្នាំ។ ក្រោយដាក់ដំណើរការ វារីអគ្គិសនីស្ទឹងតាតៃលើ អាចផ្គត់ផ្គង់ថាមពលដល់ទៅ ៥២៧គីឡូវ៉ាតម៉ោង ក្នុងមួយឆ្នាំ។ ចំណែកគម្រោងកសាងខ្សែបញ្ជូន ៥០០គីឡូវ៉ុលវិញ គឺវិនិយោគដោយ ក្រុមហ៊ុន Schenitec Co Ltd ដោយនឹងសាងសង់ចំនួនពីរខ្សែ។ […]
អានបន្ថែមគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣ពីចោមចៅទៅកំពតសម្រេចបានជិតទាំងស្រុងហើយ
គិតត្រឹមខែចុងវិច្ឆិកានេះ គម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ពីរង្វង់មូលចោមចៅដល់ក្រុងកំពត សម្រេចបាន៨៣% ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីព្រឹកថ្ងៃទី ១០ ធ្នូនេះ។ ផ្លូវនេះមានប្រវែងសរុប ១៣៤ គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនាជាប្រភេទផ្លូវប៊េតុងកៅស៊ូ (AC) ដោយបែងចែកជា ២ ដំណាក់កាលរួមមាន៖ -ដំណាក់កាលទី១ ប្រវែង ៦៩គីឡូម៉ែត្រពីចោមចៅ-បែកគូស ដែលនឹងត្រូវបានពង្រីកពី ២កន្លងទៅ៤កន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ -ដំណាក់កាលទី២ ប្រវែង ៦៥ គីឡូម៉ែត្រ ពីបែកគូស-ក្រុងកំពត ដែលនឹងត្រូវពង្រីកជា ២គន្លង។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នេះចំណាយទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ប្រតិបត្តិការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដោយបានបើកការដ្ឋានកាលពីថ្ងៃទី ៧ ឧសភា ២០១៨ កន្លងមកនេះ ហើយនឹងចំណាយរយៈពេលសាងសង់ ៤៨ ខែ ដើម្បីបញ្ចប់។ (អានបន្ថែម)
អានបន្ថែមគម្រោងផ្សារទំនើបជីបម៉ុងទាំង ៤ តម្លៃជិត ៥០០លានដុល្លារបន្តដោយរលូន គ្រោងបញ្ចប់តាមកាលកំណត់
គម្រោងសាងសង់ផ្សារទំនើបធំ ៗ ចំនួន ៤ របស់ក្រុមហ៊ុនជីប ម៉ុង បន្តការដ្ឋានដោយរលូន ដោយគ្រោងនឹងបញ្ចប់ដូចដែលបានគ្រោងទុក ពោលនៅឆ្នាំ ២០២១ និង ២០២២ បើទោះជាពិភពលោកកំពុងជួបប្រទះវិបត្តិកូវីដក្ដី។ ប្រធានក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប លោក Arnaud Dufresne បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា ក្រៅពីផ្សារទំនើបចំនួន ២ ដែលកំពុងដាក់ដំណើរការ ក្រុមហ៊ុនកំពុងបន្តសាងសង់គម្រោងចំនួន ៤ បន្ថែមទៀត ដែលកំពុងសម្រុកការដ្ឋាន។ លោកបានឱ្យដឹងថា៖ «សព្វថ្ងៃនេះ យើងមានផ្សារទំនើបចំនួន ២ គឺ ផ្សារជីបម៉ុងណូរ៉ូម៉ល និងផ្សារជីបម៉ុងបាក់ទូក។ ក្រៅពីនេះ យើងមានគម្រោងចំនួន ៤ ទៀត ដែលកំពុងសាងសង់ ដោយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២១ និង ២០២២»។ «គម្រោងទី ១ គឺ ជីបម៉ុងសែនសុខ ដែលនឹងបើកដំណើរការនៅត្រីមាសទី ១ […]
អានបន្ថែមអាជ្ញាធរពន្លឿនដោះស្រាយផលប៉ះពាល់លើគម្រោងស្តារឡើងវិញអាកាសយានដ្ឋានបាត់ដំបង
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញកំពុងពន្លឿនដោះស្រាយផលប៉ះពាល់ដីប្រជាពលរដ្ឋដែលនៅក្បែរអាកាសយានដ្ឋានបាត់ដំបង ដែលគ្រោងបើកដំណើរការឡើងវិញក្រោយបិទអស់ជាច្រើនទសវត្ស។ ក្រុមការងារ បានចុះប្រមូលទិន្នន័យ និងកំណត់ផលប៉ះពាល់ដីប្រជាពលរដ្ឋដែលស្ថិតនៅជុំវិញទីតាំងជាបន្តបន្ទាប់ ក្រោយរដ្ឋាភិបាលប្រកាសឱ្យសិក្សាលទ្ធភាពបើកដំណើរការឡើងវិញនៃអាកាសយានដ្ឋានបាត់ដំបង នេះ ដើម្បីបម្រើសេវាអាកាសចរណ៍ក្នុងស្រុក។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី៩ ធ្នូនេះថា៖ «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអត់ទាន់មានទេ ដំបូងគឺដោះស្រាយផលប៉ះពាល់ហ្នឹងមុនបំផុត ដើម្បីយើងរំដោះដីយកមកវិញ»។ លោកបន្តទៀតថា មិនទាន់ការពិភាក្សាទេថាតើគម្រោងនេះនឹងវិនិយោគដោយរដ្ឋ ឬអនុញ្ញាតឱ្យវិស័យឯកជនវិនិយោគ។ លោកថ្លែងថា៖ «យើងមិនទាន់បានពិភាក្សាជាមួយនឹងវិស័យឯកជននៅឡើយទេ ព្រោះវិនិយោគិនឯកជន គាត់វិនិយោគតែទៅលើគម្រោងណាដែលអាចចំណេញ។ យើងសង្ឃឹមថា គម្រោងហ្នឹង នឹងអាចផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុច្រើនទេ ព្រោះវាជាគម្រោងក្នុងស្រុក»។ មានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង អាកាសយានដ្ឋានបាត់ដំបងនេះ ត្រូវបានផ្អាកសេវាច្រើនទសវត្សមកហើយ។ ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។
អានបន្ថែមស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃ ២២លានដុល្លារ នៅបាត់ដំបង បើកការដ្ឋានសាងសង់ហើយ
គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងនៅខេត្តបាត់ដំបង បើកការដ្ឋានសាងសង់ហើយ ក្រោមជំនួយថវិកាប្រមាណ ២១,៧លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងនៅថ្ងៃទី ៧ ខែវិច្ឆិកា ដោយមានការចូលរួមពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង។ មានទីតាំងនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ គម្រោងនេះគឺជាជំហានទី២ របស់ធនគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះសាងសង់ដោយ ក្រុមហ៊ុន MTA Construction Co Ltd ដោយនឹងប្រើពេលប្រមាណ ៣ឆ្នាំ ក្នុងការសាងសង់ ពោលគឺគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២៣ ខាងមុននេះ ។ លោក ផេង សិទ្ធី មានប្រសាសន៍ថា ស្ថានីយនេះមិនត្រឹមតែជួយបំលែងទឹកកខ្វក់មុនរំដោះចេញទៅក្នុងបឹង ឬស្ទឹង នោះទេ តែនឹងបានជួយរំដោះទឹកកខ្វក់ និងទឹកជំនន់ក្នុងរដូវវស្សាផងដែរ។ កាលពីខែមិថុនា កន្លងទៅ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានមានប្រសាសន៍ថា ក្រុងបាត់ដំបងឆាប់ៗនេះ នឹងមានប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់ ប្រមាណ […]
អានបន្ថែមអត្ថបទផ្សព្វផ្សាយ៖ ឈ្នះពិតៗ! រកឃើញ ជិត១០នាក់បន្ថែមទៀតឈ្នះរង្វាន់ម៉ូតូ
ម៉ូតូសេរីថ្មីជាច្រើនគ្រឿងត្រូវបានចែកជូនទៅកាន់អ្នកដែលមានសំណាងនៅតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសតាមរយៈកម្មវិធី កោស កោស កោស! ឈ្នះ ឈ្នះ ឈ្នះ! ពីផលិតផលដែកទីប-ស អាយ. អេស. អាយ និងស័ង្កសី អាយ. អេស. អាយ ផាម ជាបន្តបន្ទាប់។ ជាពិសេសថ្មីៗនេះ មានអតិថិជនដែលមានសំណាងឈ្នះម៉ូតូសេរីថ្មីបន្ថែមទៀតជិត ១០គ្រឿង រួមមាន អ្នកខេត្តមណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ អ្នកស្រុកស្អាង ខេត្តកណ្ដាល ស្រុកពញាឮ កណ្ដាល និងខេត្តសៀមរាប ហើយរង្វាន់នឹងមានបន្តបន្ទាប់ទៀត ថាមិនត្រូវអ្នកឈ្នះបន្ទាប់អាចជាអ្នក! ដើម្បីក្លាយជាអ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូសេរីថ្មី និងរង្វាន់ជាច្រើនទៀតជាង ៦០០រង្វាន់ជារៀងរាល់ខែ លោកអ្នកគ្រាន់តែទិញដែក និង ស័ង្កសីរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ចាប់ពី ២០០ ដុល្លារឡើងនោះនឹងទទួលបានឆ្នោតកោសផ្សងសំណាងមួយសន្លឹក ហើយការផ្តល់ឆ្នោតកោសផ្សងសំណាងនេះនឹងបន្តរហូតរង្វាន់អស់ពីស្តុក។ ក្រុមហ៊ុនក៏បញ្ជាក់ផងដែរថា លោកអ្នកអាចរកជាវផលិតផលដែក និងស័ង្កសីរបស់ក្រុមហ៊ុនបាននៅដេប៉ូចែកចាយទូទាំងប្រទេស ហើយកុំភ្លេចសួររកសន្លឹកឆ្នោតដើម្បីមានឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់នេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ISI STEEL
អានបន្ថែម