ក្រសួងរ៉ែនិងថាមពល៖ អនុម័តឱ្យក្រុមហ៊ុនឯកជន២ រុករករ៉ែលើដីជាង ២ម៉ឺនហិកតានៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី

ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២១ ខែធ្នូ កន្លងមកនេះ បានសម្រេចចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនចំនួន ២កន្លែង ដើម្បីបន្តរុករករ៉ែលើផ្ទៃដីសរុបជាង ២ម៉ឺនហិកតានៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌៀ) លីមីធីត (RENAISSANCE MINERALS (CAMBODIA) LIMITED) ដែលនឹងប្រតិបត្តិការរុករករ៉ែលើផ្ទៃដី ទំហំ ១០៧.១០ គីឡូម៉ែត្រក្រឡា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយឡែកក្រុមហ៊ុនទី២ ក្រុមហ៊ុន អរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌៀ) អិនវេសមិន ឯ.ក (ORIGINAL WISDOM CONSULTING SERVICES (CAMBODIA) INVESTMENT CO, LTD.) ដែលនឹងរុករករ៉ែលើផ្ទៃដីទំហំ ១០០ គីឡូម៉ែត្រក្រឡា នៅតំបន់ភ្នំប៉ាង ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យក្រុមហ៊ុនជាតិ […]

អាន​បន្ថែម

អគារក្រសួងសាធារណការថ្មីនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមករា

អគារទីស្ដីការក្រសួងថ្មី គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រៀមរៀបចំផ្លាស់ប្តូរទីស្តីការអគារថ្មី និង ដំណោះស្រាយមួយចំនួនដែលពាក់ព័ន្ធនឹងការងាររបស់ក្រសួង។ ឯកឧត្តមបានបញ្ជាក់ថា៖ «ការផ្លាស់ប្ដូរទីស្ដីការក្រសួងទៅកាន់ទីតាំងថ្មីនេះ គឺដើម្បីប្រមូលផ្ដុំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ឱ្យស្ថិតនៅទីតាំងតែមួយ ដែលមានទីធ្លាធំទូលាយ ហើយឆ្លើយតបទៅតាមទំហំការងារ នាពេលបច្ចុប្បន្ន»។ គួរបញ្ជាក់ផងដែរថា អគារទីស្ដីការក្រសួងថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវលេខ ៥៩៨ (ផ្លូវឯក ឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

កូរ៉េគ្រោងកែប្រែតំបន់សង្រ្គាមនៅប៉ៃលិនទៅជាតំបន់ការអភិវឌ្ឍន៍តម្លៃជាង ១០លានដុល្លារ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ឬ KOICA គ្រោងនឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់សង្រ្គាមនៃប៉ែលិន ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍចម្រុះថ្មីមួយ។ នេះបើយោងតាមរដ្ឋបាលខេត្តប៉ៃលិនកាលពីពេលថ្មីៗនេះ ។ ក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋបាលខេត្តប៉ែលិន កាលពីថ្ងៃទី២៣ ខែធ្នូនេះ លោក រ៉ូ ហ៊ុនជុន តំណាង KOICA ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងគោលបំណងសំខាន់ៗនៃគម្រោងនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារដែរងាយរងគ្រោះបំផុត។ លោកបានឲ្យទៀតដឹងថា៖ «ប្រសិនបើគម្រោងនេះជាប់ក្នុងការជ្រើសរើស គម្រោងនឹងត្រូវអនុវត្តន៍នៅក្នុងប្រទេសកម្ពុជារយៈពេល ៦០ខែ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ » ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈKOICA បាន និងកំពុងផ្ដល់ជំនួយជាច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសសម្រាប់យកមកអភវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ កាលពីខែតុលា កន្លងមកនេះ KOICA ទើបសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨០ លានដុល្លារ ឱ្យកម្ពុជាយកមកអភិវឌ្ឍគម្រោងអាទិភាពចំនួន ១២ គម្រោង។ (អានបន្ថែម) ដោយឡែកបើរាប់លើគម្រោងអភិវឌ្ឍជារួម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណដល់ទៅ ៨៨៩ លានដុល្លារ […]

អាន​បន្ថែម

ផ្លូវ៨ ខ្សែនៅខេត្តកែបបើកការដ្ឋានសាងសង់ជាផ្លូវការ

រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី ២៣ ធ្នូ បានបើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ១ ខ្សែ និងស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន ០៧ ខ្សែ ក្នុងគោលបំណងដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។ ពិធិបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធដទៃទៀត។ ឯកឧត្តម សោម ពិសិដ្ឋ បានមានប្រសាសន៍ថា៖ «ការបើកការដ្ឋានជួសជុល និងស្ថាបនាផ្លូវនាពេលនេះ គឺជាសមិទ្ធិផលមួយថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាលបានផ្តល់អោយប្រជាពលរដ្ឋ និងសាធារណៈជនសម្រាប់ការប្រើប្រាស់ជាប្រយោជន៍។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមមានការយោគយល់ ចំពោះផលប៉ះពាល់ដែលកើតឡើងពីការជួសជុលនេះ។ ខេត្តកែប ចាត់ទុកថាជាខេត្តមានសក្ដានុពលមួយ ដោយមានគម្រោងជាច្រើនបាន និងកំពុងបង្ហាញខ្លួន។ តួយ៉ាងដូចជា កាលពីថ្មីៗនេះ រដ្ឋបាលខេត្តបានបង្ហាញពីគម្រោងកសាងកំពង់ផែទេសចរណ៍ នៅលើកោះទន្សាយ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម។ (អានបន្ថែម) បន្ថែមពីនេះ រដ្ឋបាលក៏កំពុងពង្រីកឆ្នេរកម្សាន្ត ២ កន្លែងបន្ថែមទៀត ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងអាកាសយានដ្ឋានសៀមរាបថ្មីសម្រេចបាន ៣៥% ហើយ គ្រោងបញ្ចប់តាមកាលកំណត់

គិតមកដល់បច្ចុប្បន្ន គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) សម្រេចបានប្រមាណ ៣៥%ហើយ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដូចការគ្រោងទុក។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋាន របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃ ២៣ ធ្នូ នេះ។ ក្នងឱកាសនេះ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ក៏បានធ្វើបទបង្ហាញ ជូនឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីនូវចំណុចសំខាន់ៗទាក់ទិននឹងផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ក៏ដូចជារាយការណ៍អំពីវឌ្ឍនភាពគម្រោងកាលពីឆ្នាំ ២០២០ និងសម្រាប់ឆ្នាំ ២០២១ ផងដែរ។ គម្រោងអាកាសយានដ្ឋានសៀមរាបនេះ បានចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ។ គួរបញ្ចាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង។ […]

អាន​បន្ថែម

គម្រោងទេសចរណ៍ធម្មជាតិចំនួន៧ គ្រោងនឹងលេចរូបរាងនៅខេត្តកោះកុង

គម្រោងអភិវឌ្ឍទេសចរណ៍ធម្មជាតិចំនួន ៧ គ្រោងនឹងបង្ហាញ ខ្លួនលើផ្ទៃដីប្រមាណ១០ហិតានៅក្នុងស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមា នាខេត្តកោះកុង។ នេះបើយោងតាម រដ្ឋបាលខេត្តកោះកុងកាលពីពេលថ្មីៗនេះ។ គម្រោងទាំង៧ នេះ គឺស្នើឡើងដោយក្រុមហ៊ុនរបស់លោកស្រី កែវ រតនា ដែលបច្ចុប្បន្នកំពុងស្ថិតនៅដំណាក់កាលសិក្សា ដោយកាលពីថ្ងៃទី២១ ខែធ្នូ កន្លងមកនេះ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ព្រមទាំងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត ទើបតែបានចុះត្រួតពិនិត្យទីតាំងផ្ទាល់។ គម្រោងអភិវឌ្ឍទេសចរណ៍ទាំងអស់នេះ គឺស្ថិតនៅក្នុងទីតាំងមានសក្តានុពល ពោលនៅក្បែរព្រំប្រទល់របស់ក្រុមហ៊ុនយូញៀន (គម្រោងតារាសាគរ) ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ និងដីគម្រោងអាងស្តុកទឹកសហគមន៍។ គួរបញ្ជាក់ផងដែរ ខេត្តកោះកុងគឺជាខេត្តដែលមានសក្ដានុពលមួយ ដែលកន្លងមកបាន និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ជាមួយនឹងទុនវិនិយោគតម្លៃរាប់ពាន់លានដុល្លារ ឧទាហរណ៍ដូចជា គម្រោងតារាសាគរ ព្រលានយន្តហោះថ្មី គម្រោងវារីអគ្គិសនី និងគម្រោងរោងចក្រថាមពលធ្យូងថ្មជាដើម។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ ស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណាដែលចង់ធ្វើការលើគម្រោងរបស់ OCIC

អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏ដូចជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា កាលពីថ្ងៃទី ១៩ ធ្នូ នេះ បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បើកចំហរ និងស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណា ដែលចង់ធ្វើការងារឲ្យគម្រោងនានារបស់ OCIC។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖ «យើងមិនដែលបិទទេ គឺយើងបេីកចំហរ អ្នកណាចាប់អារម្មណ៍ចង់មកធ្វើការ អាចដាក់ស្នើមកបាន សម្រាប់គម្រោងនានារបស់OCIC»។ «ឧទាហរណ៍ដូចជាការងារចាក់បំពេញដីនៅព្រលានយន្តហោះភ្នំពេញថ្មី និងនៅលើកោះនរា ជាដើម យើងបើកចំហរ​ ព្រោះមួយថ្ងៃៗយើងត្រូវការដីច្រើនណាស់» អ្នកឧកញ៉ាបានបន្ត។ អ្នកឧកញ៉ា បានឲ្យដឹងទៀតថាក្រុមហ៊ុនណា ដែលមានបំណងធ្វើការងារអាចទំនាក់ទំនងតាមរយៈ សមាគមន៍សាងសង់កម្ពុជា(CCA) ឬតាមរយៈក្រុមហ៊ុន OCIC ផ្ទាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៣០០ លានដុល្លារអាមេរិក។ ហើយសម្រាប់ឆ្នាំក្រោយ ក្រុមហ៊ុន ក៏គ្រោងនឹងវិនិយោគលើគម្រោងទាំងនេះ យ៉ាងហោច ៦០០ លានដុល្លារ បន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវពាណិជ្ជកម្មតភ្ជាប់រវាង ថៃ និងកម្ពុជាតម្លៃប្រមាណជិត ២លានដុល្លារសាងសង់ជិតរួចរាល់ហើយ

ផ្លូវពាណិជ្ជកម្មតភ្ជាប់រវាងច្រកភូមិថាសេន ខេត្តត្រាត ប្រទេសថៃ ទៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណាយថវិកាប្រមាណជិត ២លានដុល្លារ សម្រេចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់មុនកាលបរិច្ឆេទដែលគ្រោងទុក​​។ រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងកាលពីថ្ងៃទី ២០ ធ្នូ នេះថា ភាគីថៃបានចំណាយថវិកាប្រមាណជិត ២លានដុល្លារនេះ ដើម្បីសាងសង់ផ្លូវតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំង ២ នេះ។ ផ្លូវនេះ ត្រូវបានសាងសង់ ជាប្រភេទបេតុងអាស្វាល (AC) មាន ៤ គន្លង ប្រវែង១,៩ គីឡូម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។ ផ្លូវនេះមានទីតាំងស្ថិតនៅចន្លោះ រវាងច្រកព្រំដែន ក្នុងភូមិថាសេន ខេត្តត្រាត របស់ប្រទេសថៃ ទៅច្រកផ្លូវជាតិលេខ៥៥ (ច្រកថ្មដា) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សមិទ្ធិផលនេះ ធ្វើឡើងបន្ទាប់ពីសភាថៃបានអនុម័ត តាមរយៈសំណើ របស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ ផ្លូវពាណិជ្ជកម្មមួយខ្សែនេះ នឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការតភ្ជាប់ពាណិជ្ជកម្មនៃប្រទេសទាំង ២ ជាពិសេសតាមរយៈផ្លូវជាតិលេខ […]

អាន​បន្ថែម

OCIC វិនិយោគយ៉ាងហោច៣០០ លានដុល្លារ នៅឆ្នាំ២០២០ គ្រោងវិនិយោគជាង ៦០០ លានដុល្លារបន្ថែមនៅឆ្នាំក្រោយ

ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗប្រមាណ ៣០០លានដុល្លារអាមេរិក ហើយគ្រោងនឹងវិនិយោគយ៉ាងហោច ៦០០លានដុល្លារ បន្ថែមទៀតនៅឆ្នាំក្រោយ។ នេះបើយោងតាម ប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ។ អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលទ្រព្យយ៉ាងដូច្នេះ កាលពីថ្ងៃទី ១៩ ធ្នូកន្លងទៅនេះថា៖ «ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងធំៗរួមមាន គម្រោងកោះនរា ប្រមាណ ៧០លានដុល្លារអាមេរិក និងគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ប្រមាណ ២០០លានដុល្លារអាមេរិកសម្រាប់ការងារសាងសង់ នៅឆ្នាំ២០២០»។ បន្ថែមពីនេះ ក្រុមហ៊ុន OCIC ក៏គ្រោងនឹងវិនិយោគលើគម្រោងយ៉ាងហោច ៦០០លានដុល្លារបន្ថែមនៅឆ្នាំក្រោយ ពោលគឺ វិនិយោគលើគម្រោងកោះនរាប្រមាណ ១០០លានដុល្លារ និងប្រមាណ ៥០០លានដុល្លារលើគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ គិតមកត្រឹមខែតុលា គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបានជាង ៣០% ហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ទើបតែបានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១ កាលពីខែតុលាដូចគ្នា។ […]

អាន​បន្ថែម

ខ្សែបញ្ចូនថាមពល ២៣០kw ភ្ជាប់ពីរោងចក្រដុតធ្យូងថ្មឧត្តមានជ័យមកសៀមរាប នឹងដាក់ដំណើរការឆាប់ៗ

ខ្សែបញ្ចូនថាមពលអានុភាព ២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គីសនីធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាបគ្រោងនឹងដាក់ដំណើរការឆាប់ៗនេះ។ យោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្មីៗនេះ ក្រុមហ៊ុន Pestech (Cambodia) PLC, កំពុងដំណើរការសាងសង់គ្រឹះបង្គោលនៃខ្សែបញ្ជូនអគ្គិសនីនេះ ក៏ដូចជាកាប់សម្អាតដើមឈើតាមបណ្តោយគន្លងខ្សែបញ្ជូនផងដែរ។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដែលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាបឆ្លងកាត់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ គួរបញ្ជាក់ផងដែរថា គិតត្រឹមខែវិច្ឆិកា រោងចក្រផលិតថាមពលអគ្គិសនីដើរដោយចំហេះធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់សម្រេចបានជាង ៦០% ហើយ ដោយគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ ២០២១ ខាងមុខ។ (អានបន្ថែម)

អាន​បន្ថែម