ក្រសួងសេដ្ឋកិច្ច៖ ទុនវិនិយោគសំណង់ ៨ខែ ដំបូងឆ្នាំនៃ ២០២០ ធ្លាក់ចុះ ១៥ ភាគរយ

ទុនវិនិយោគសរុបរបស់គម្រោងសំណង់ដែលរដ្ឋាភិបាលអនុម័ត ក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ ២០២០ មានប្រមាណជាង ៥ពាន់លានដុល្លារ ដែលធ្លាក់ចុះ ១៥,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ដដែលបានឱ្យដឹងថា គម្រោងដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ទាំងនេះ មានចំនួនសរុប ៣ ៣៥០ គម្រោង ដែលកើនឡើង ៤៥៥ គម្រោង តែបើគិតជាផ្ទៃក្រឡាវិញមានសរុប ១១,៤ លានម៉ែត្រការ៉េ ដែលធ្លាក់ចុះ ៤,៨ ភាគរយ។ ក្នុងចំណោមគម្រោងទាំងអស់ ភាគច្រើនជាសំណង់ប្រភេទលំនៅដ្ឋាន ដែលមានចំនួនសរុប ២ ៨១៩ គម្រោង (ផ្ទៃក្រឡា ៦៤៤ពាន់ម៉ែត្រការ៉េ) ដែលស្មើនឹង ៨៤ភាគរយ នៃចំនួនគម្រោងសរុប។ តួលេខនេះកើនឡើង ៣៧៥គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា ផ្អែកតាមរបាយការណ៍ខាងលើ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នៅតែបន្តកើនឡើង បើទោះបីការរីករាលដាលជំងឺកូវីដ១៩ ដែលបានធ្វើឱ្យមូលដ្ឋានសេដ្ឋកិច្ចផ្សេងទៀតថយចុះក៏ដោយ។

អាន​បន្ថែម

សម្ដេច ហ៊ុន សែន ពន្យារពេលពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅសៀមរាប

ការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ដែលគ្រោងបើកការដ្ឋាននៅពាក់កណ្តាលខែវិច្ឆិកានេះ នឹងត្រូវលើកពេលទៅបើកការដ្ឋាននៅពេលក្រោយ ដែលរដ្ឋនឹងប្រកាសជាផ្លូវការម្ដងទៀតនូវកាលបរិច្ឆេទច្បាស់លាស់ ការពន្យារនេះ គឺដោយសារតែសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើចត្តាលីស័ក រយៈពេល១៤ថ្ងៃ ក្រោយសម្តេច និងមន្ត្រីជាន់ខ្ពស់ជាច្រើនរួមទៀតបានជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រី ហើយរដ្ឋមន្រ្តីការបរទេសរូបនោះមានជំងឺកូវីដ។ ទោះសម្តេច ធ្វើតេស្តអវិជ្ជមានកាលពីម្សិលមិញក៏ដោយ តែការពន្យារពេលបើកដ្ឋានសាងសង់គឺដើម្បីសុវត្ថិភាពសាធារណៈ។ សម្តេចតេជោ ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុកផេក ថា៖ “សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា២០២០ ទៅពេលក្រោយវិញ”។ នៅមុនការប្រកាសពន្យារ ការបើកការដ្ឋានគម្រោងសាងសង់ផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប គ្រោងធ្វើឡើងនៅថ្ងៃទី ១៦ វិច្ឆិកា ខាងមុខនេះ នៅក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីអន្តរក្រសួងបានសិក្សា ពិនិត្យ និងកំណត់ទីតាំងសម្រាប់ការសាងសង់ចប់រួចរាល់ហើយ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណជាង ៩៨គម ហើយនឹងត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញា។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនគ្រោងសង់រោងចក្រផលិតអគ្គិសនីពីការដុតសំរាមនៅកម្ពុជា

ក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគសាងសង់គម្រោងផលិតថាមពលពីការដុតសំរាម និងស្ថានីយ៍បំលែងឧស្ម័ន LNG នៅកម្ពុជា។ នេះបើយោងតាម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម MIKAMI Masahiro។ ឯកឧត្តម MIKAMI បានលើកពីគម្រោងវិនិយោគនេះក្នុងជំនួបជាមួយនឹង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ៤ ខែ វិច្ឆិកា កន្លងមកនេះ។ ឯកឧត្តមអគ្គរាជទូត បានលើកឡើថា ជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់លើពិភពលោក និងប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍ជាច្រើន ក៏ប៉ុន្តែអ្វីដែលសំខាន់កម្ពុជា-ជប៉ុន ត្រូវសហការ និង ផ្លាស់ប្តូយោបល់ទៅវិញទៅមក ដើម្បីជម្រុញការវិនិយោគបន្ថែមទៀតរវាងប្រទេសទាំងពីរ ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុយ សែម បានស្វាគមន៍ចំពោះគម្រោងរបស់ជប៉ុនលើវិស័យថាមពល ដោយបញ្ជាក់ថា កម្ពុជាកំពុងរៀបចំផែនការផ្គត់ផ្គង់អគ្គិសនីឡើងវិញ ដើម្បីធ្វើឱ្យស្របតាមបរិបទនៃការអភិវឌ្ឍន៍។ ហើយនេះ នឹងត្រូវការ ការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព។ គួរបញ្ជាក់ផងដែរថា កន្លងមក មានក្រុមហ៊ុនជាច្រើនចង់វិនិយោគលើរោងចក្របង្កើតអគ្គិសនីពីការដុតសំរាមនៅកម្ពុជា។ ប៉ុន្តែដោយសារតម្លៃនៃការវិនិយោគខ្ពស់ធៀបនឹងការវិនិយោគគម្រោងថាមពលផ្សេងទៀត ទើបមិនទាន់មានការវិនិយោគលើគម្រោងនេះចេញជារូបរាង ឬដំណើរការនៅឡើយនោះទេ។ (អានបន្ថែម)

អាន​បន្ថែម

កិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជា និងហុងគ្រី អាចជាចលករថ្មីជំរុញសេដ្ឋកិច្ចក្រោយកូវីដ

ប្រទេសហុងគ្រី និងកម្ពុជាបានចុះហត្ថលេខាទ្វេភាគីលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជួយសម្រួលដល់ដំណើរការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ដែលនេះអាចចលករថ្មីមួយជួយជំរុញសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។ កិច្ចព្រមព្រមព្រៀងត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ រវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម ភីធឺ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ឈានទៅដល់ការការពង្រឹង និងពង្រីកទំនាក់ទំនងវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំង ២ បន្ថែមទៀត ពោលគឺដើម្បីជួយសម្រួលដល់ដំណើរការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា៖ «លទ្ធផលទាំងអស់នេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលចរចាជាមួយនឹងភាគីហុងគ្រី កាលពីឆ្នាំ២០១៥ រហូតដល់សម្រេចបាននូវកិច្ចព្រមព្រៀងនេះ»។ គួរបញ្ជាក់ផងដែរថា កម្ពុជាជាប្រទេសទី ៤៥ ហើយដែលរដ្ឋាភិបាលហុងគ្រី បានសម្រេចនូវកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយ។ ក្រៅពីកិច្ចព្រមព្រៀងនេះ ប្រទេសទាំង ២ ក៏បានចុះហត្ថលេខលើអនុស្សរណៈនៃការយោគយល់គ្នា ២ ទៀតផងដែរ ដោយមួយស្តីពីការគ្រប់គ្រងធនធានទឹក និងមួយទៀតលើវិស័យកសិកម្ម៕

អាន​បន្ថែម

សម្តេច ហ៊ុន សែន នឹងបើកការដ្ឋានគម្រោងសាងសង់ផ្លូវ ៣៨ខ្សែនៅសៀមរាប នៅថ្ងៃទី ១៦ វិច្ឆិកា

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ញើញជាអធិបតីភាពបើកការដ្ឋានគម្រោងសាងសង់ផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប នៅថ្ងៃទី ១៦ វិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាង សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា កន្លងមកនេះ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ន ការងារចាំបាច់មួយចំនួន ដូចជាការរុះរើសំណង់ដែលបំពានដីរដ្ឋត្រូវបានសម្រេចរួច។ លើសពីនេះ ក្រុមការងារបានចុះពិនិត្យលក្ខណៈបច្ចេកទេសផ្លូវរួចរាល់ បានពិនិត្យជ្រើសរើសផ្លូវអាទិភាពប្រវែងសរុបចំនួន១០៨ គម បានពិភាក្សាលម្អិតជាមួយអង្គភាពទទួលសាងសង់ បានធ្វើបញ្ជីប៉ាន់តម្លៃចប់សព្វគ្រប់ និងបានប្រគល់ជូនអង្គភាពសាងសង់រួចរាល់ហើយផងដែរ។ កិច្ចប្រជុំបានឱ្យដឹងទៀតថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះត្រូវបានបែងចែកជា ៤ ប្រភេទរួមមាន៖ -ប្រភេទទី១៖ ចាក់បេតុងចំនួន២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទី២៖ ចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទីម៉ែត្រ យោងតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទី៣៖ ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង ប្រភេទទី៤៖ អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។ […]

អាន​បន្ថែម

OCIC មានផែនការសាងសង់ផ្លូវល្បឿនលឿនពីព្រលានយន្តហោះថ្មីមករាជធានីភ្នំពេញ

ក្រុមហ៊ុន OCIC មានផែនការចង់សាងសង់ផ្លូវល្បឿនលឿនពីអាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាលមករាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើដំណើរទៅមក ក្រោយអាកាសយានដ្ឋានថ្មីនេះសាងសង់រួចនៅឆ្នាំ ២០២៣។ នេះបើយោងតាមការឱ្យដឹងរបស់អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ក្រុមហ៊ុនបានបង្ហាញពីគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មកកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ កាលពីថ្មីៗកន្លងទៅនេះ។ ឯកឧត្តមមានប្រសាសន៍ថា៖ «យើងធ្លាប់សួរគាត់ ហើយគាត់ប្រាប់ថា មានគម្រោងហើយ ផ្លូវល្បឿនលឿនហ្នឹង ប៉ុន្តែជាគម្រោងដាច់ដោយឡែកពីគម្រោងព្រលាន។ ចំពោះការអភិវឌ្ឍ ផ្លូវល្បឿនលឿន គាត់មានក្រុមការងារផ្សេងជាអ្នកធ្វើ»។ «គាត់ត្រូវមានមានផ្លូវចេញចូលទៅដល់ព្រលាន ផ្លូវអាចកាត់តាមក្បាលថ្នល់ តាមផ្លូវលេខ៦០ ទៅព្រលានយន្តហោះថ្មី ហើយមានផ្លូវមួយខ្សែទៀត គឺគាត់តភ្ជាប់ទៅផ្លូវខ្សែក្រវាត់ក្រុងទី៣ ទី៤» ឯកឧត្តមបានបន្ត។ លើសពីនេះ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ក៏បានឱ្យយោបល់ទៅក្រុមការងារដែលសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី ៤ ថា ព្រលានយន្តហោះគឺចាំបាច់ណាស់ត្រូវតភ្ជាប់ទៅខ្សែក្រវ៉ាតក្រុងហ្នឹង ដូច្នេះ នៅពេលក្រសួងសាធារណការសិក្សា គឺសិក្សាឱ្យមានការតភ្ជាប់ទៅព្រលានយន្តហោះផង។ គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តភ្នំពេញថ្មីនេះ គឺជាគម្រោងខ្នាតយក្សតម្លៃជាង ១,៥ ពាន់លានដុល្លារ។ គិតមកត្រឹមខែមេសា គម្រោងនេះសម្រេចការសាងសង់បានប្រមាណ ៣០% ហើយសម្រាប់ដំណាក់កាលទី១ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ នេះ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបន្តពិភាក្សាលើគម្រោងបង្កើតទីក្រុងសៀមរាបថ្មីនៅស្រុកសូត្រនិគម

ក្រសួងទេសចរណ៍បានបង្ហាញគម្រោង បង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គម្រោងទីក្រុងថ្មីនេះ ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។ នេះបើតាមឲ្យដឹងពី ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល៩ខែដើមឆ្នាំ២០២០ កាលពីរសៀលថ្ងៃទី២៦ ខែតុលា នេះ។ ឯកឧត្តម ថ្លែងថា៖ «ការបង្កើតទីក្រុងសៀមរាបថ្មី គឺដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបចាស់ នាពេលបច្ចុប្បន្ន ព្រោះទីក្រុងសៀមរាបចាស់ មិនអាចផ្ទុកបានទេនូវចំនួនភ្ញៀវទេសចរដ៏ធំមួយនេះ។» ទោះយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តី មិនបានបញ្ជាក់ ពីការបរិច្ឆេទនៃការអភិវឌ្ឍទីក្រុងសៀមរាបថ្មីនេះនៅឡើយទេ ដោយបញ្ជាក់ថា ក្រុមការងារកំពុងសិក្សាលម្អិតលើគម្រោងនេះ។ សូមបញ្ជាក់ថា គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុង ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាប នឹងត្រូវបានអភិវឌ្ឍន៍ទៅជាទីក្រុងឆ្លាតវៃ ជាមួយនឹងគម្រោង ហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវចំនួន ៣៨ខ្សែនេះ សរុបថវិកាវិនិយោគ ១៥០ លាន ព្រមទាំងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាស្នើក្រុមហ៊ុនចិនឱ្យជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិល

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្មីៗនេះ បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចិន AVIC International Holding Corporation ឱ្យជួយផ្តល់ជំនួយបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិល។ សំណើនេះធ្វើឡើង ក្នុងជំនួបរវាងអ្នកចាត់ការទូទៅក្រុមហ៊ុនលោក Ted Chen និងឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ២៧ ខែតុលា កន្លងមកនេះ។ លើសពីនេះក្រុមហ៊ុនក៏មានគោលបំណងចង់មកសិក្សាសក្តានុពល និងលទ្ធភាពវិនិយោគលើវិស័យអាកាសចរស៊ីវិលនៅកម្ពុជាផងដែរ។ លោក Ted Chen បានជម្រាបជូន ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី ថា ក្រុមហ៊ុនចង់មកស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ហើយលើសពីនេះ ក្រុមហ៊ុនក៏ចង់ពិនិត្យលទ្ធភាព និងសក្តានុពលវិនិយោគ ឬធ្វើជាដៃគូអភិវឌ្ឍន៍លើវិស័យអាកាសចរស៊ីវិលផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុន ហើយនឹងជំរុញឱ្យមានការវិនិយោគលើវិស័យអាកាសចរស៊ីវិលទៅតាមលទ្ធភាពដែលអាចធ្វើបាន។ គួរបញ្ជាក់ផងដែរថា AVIC International Holding Corporation គឺជាក្រុមហ៊ុនក្រោមការគ្រប់គ្រងរបស់សាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) ។ ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យធំៗបួនគឺ អាកាសចរណ៍អន្តរជាតិ ព័ត៌មានអេឡិចត្រូនិក […]

អាន​បន្ថែម

ក្រសួងសាធារណការ នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៤៣ គម្រោងតាមច្រកទ្វារព្រំដែននានា

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៤៣ គម្រោង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលធ្វើឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករ។ នេះបើយោងតាមកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទីពីរ ដោយមានការចូលរួមពីសំណាក់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត កាលពីថ្ងៃទី ២៦ តុលា នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងចំនួន ៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដទៃទៀត។ ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាន និងកំពុងធ្វើឱ្យប្រសើរឡើងនូវ ចក្រទ្វារព្រំដែនអន្តរជាតិនានា រួមមាន បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប។ ក្នុងនោះដែរ អគាររដ្ឋបាល នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប (កម្ពុជា-វៀតណាម) ត្រូវបានសាងសង់រួចរាល់ ព្រមទាំងបានដាក់ឱ្យដំណើរការបណ្ដោះអាសន្នផងដែរ។ (អានបន្ថែម) ក្នុងឱកាសនេះដែរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន […]

អាន​បន្ថែម

កម្ពុជា និងសិង្ហបុរី បញ្ចប់សេចក្ដីព្រាងលើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ

សេចក្តីព្រាងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសិង្ហបុរី YHC សម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារនៅភ្នំពេញត្រូវបានបញ្ចប់។ បច្ចុប្បន្ននេះភាគីទាំង ២ កំពុងពិនិត្យលើខ្លឹមសារឡើងវិញសារជាថ្មីម្តងទៀតមុននឹងឈានទៅដំណាក់កាលបន្ទាប់។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីវិវឌ្ឍនភាពនៃគម្រោងកាលពីព្រឹកថ្ងៃទី ២៧ តុលានេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថាកិច្ចព្រមព្រៀងត្រូវបានរៀបចំជាសេចក្ដីព្រាងរួចរាល់។ ប៉ុន្តែ យើងត្រូវកែសម្រួលឡើងវិញបន្ទាប់ពីទទួលបានធាតុចូលបន្ថែមទៀត យ៉ាងណាឱ្យខ្លឹមសារ និងវិសាលភាពឆ្លើយតបទៅនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀង និងផ្ដល់ប្រយោជន៍ដល់ជាតិមាតុភូមិ។ ឯកឧត្ដមបន្តថា៖ ការអភិវឌ្ឍគម្រោងនេះ ស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម។ គម្រោងនេះក៏នឹងជួយលើកកម្ពស់វិស័យដឹកជញ្ជូន បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ (អានបន្ថែម) ក្នុងកិច្ចប្រជុំនេះ ក្រសួងទាំងទីក៏បានពិភាក្សាផងដែរលើគម្រោងឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ ដោយក្រសួងកំពុងសិក្សាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួយ ៤៣ គម្រោង នៅច្រកទ្វារនានាទូទាំងប្រទេស។ (អានបន្ថែម)

អាន​បន្ថែម