សម្តេច ហ៊ុន សែន នឹងបើកសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅដើមខែធ្នូខាងមុខនេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងអញ្ជើញជាអធិបតីភាពបើកសម្ពោធស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី០៧ ខែធ្នូ ខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពង់ចាម។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងក្នុងកិច្ចពិនិត្យទីតាំងកាលពី ថ្ងៃទី១៣ ខែវិច្ឆិកា នេះ ថាការសាងសង់ស្ពានគឺជិតសម្រេចបានជាស្ថាពរហើយ ដោយពិធីសម្ពោធនឹងប្រារព្ធឡើងនៅខែធ្នូ។ មានទីតាំងនៅក្នុងឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ស្ពានស្ទឹងត្រង់ក្រូចឆ្មា មានបណ្តោយប្រវែង ១.១៣១ ម៉ែត្រ ទទឹងប្រវែង ១៣,៥០ ម៉ែត្រ និងចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្រោយសាងសង់រួច ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕

អាន​បន្ថែម

ការបូមប្រេងដំណក់ដំបូងនៅកម្ពុជាអាចនឹងពន្យារពេលទៀតហើយ ដោយសារកូវីដ១៩

ក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីពន្យារកាលបរិច្ឆេទផលិតប្រេងនៅប្លុក អេ នៃអណ្ដូងអប្សរា ក្រោយក្រុមហ៊ុនបានយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងការសម្រេចការងារ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ១១ វិច្ឆិកា កន្លងមកនេះ។ បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងតែ ខែមិថុនា ឆ្នាំ២០២០ នេះមកម្លេះ តែដោយសារវិបត្តិកូវីដ រដ្ឋាភិបាលបានពន្យារឱ្យទៅថ្ងៃទី ៣១ តុលា។ បន្ទាប់មកទៀត ដោយសារភាពយឺតយ៉ាវនៅតែបន្ត រដ្ឋាភិបាលបានដាក់កំហិតថាបើបូមប្រេងមិនបាននៅខែធ្នូ ២០២០ នេះទេ រដ្ឋអាចនឹងផ្អាកអជ្ញាបណ្ណរុករកប្រេងរបស់ក្រុមហ៊ុននេះ ឬផាកជាពិន័យផ្សេងៗទៀតទេ។ ហើយក្រោយមកទឿត ក៏ត្រូវបានពន្យារម្តងទៀតទៅខែមេសា ឆ្នាំ ២០២១។ ប៉ុន្តែកាលពីថ្មីៗ ក្រុមហ៊ុន KrisEnergy បានស្នើទៅរដ្ឋាភិបាលពន្យារកាលបរិច្ឆេទផុតកំណត់ម្ដងទៀតដោយអះអាងថា មេរោគកូវីដនៅតែប៉ះពាល់ខ្លាំងដល់ប្រតិបត្តិការ។ របាយដដែលក៏បានឱ្យដឹងទៀតថា បើទោះបីជារងប៉ះពាល់ដោយសារជំងឺកូវីដ១៩ ការអភិវឌ្ឍនៅតែបន្ត ដែលមានការដំឡើងស្ថានីយ៍ និងក្បាលអណ្តូងបូមប្រេងរួចរាល់នៅទីតាំងប្លុកអេ។ ការខួងអណ្តូង A-03D បានចាប់ផ្តើមកាលពីថ្ងៃទី ២៩ ខែតុលា។ ចំណែក ការខួងផ្នែកខាងលើនៃអណ្តូងផ្សេងៗទៀត កំពុងដំណើរការចោះ។ លើសពីនេះ ក្បាលបូមប្រេងឆៅ និងនាវាដឹកប្រេងឆៅ ដំឡើងនៅប្រទេសឥណ្ឌូនេស៊ី ក៏បានដឹកជញ្ជូនទៅដល់ទីតាំងស្ថានីយ៍រួចហើយដែរ […]

អាន​បន្ថែម

របងថ្មម៉ូតខ្មែរជំនាន់ដើមនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី សាងសង់ជិតរួចរាល់ហើយ

គម្រោងស្ថាបនារបងថ្មតាមរចនាម៉ូតពីជំនាន់ដើម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ប្រវែងជិត១គីឡូម៉ែត្រ លើមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ស្តុបវត្តនាគវ័ន្ដ សាងសង់ជិតរួចរាល់ហើយ។ លោក មឹង ពន្លក នាយករងទីចាត់ការរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកានេះថា គម្រោងនេះសម្រេចបាន ៧០% ហើយ ដែលគម្រោងនេះចែកចេញជា ២ ដំណាក់កាល។ ដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តន៍ ការដ្ឋានចេញពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ។ ដំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ស្តុបវត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។ លោកក៏បានបន្តថា ការរៀបចំធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ។

អាន​បន្ថែម

ការដ្ឋានមណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជា បានកំពុងចំណាយថវិកាប្រមាណ ៧៩០ពាន់ដុល្លារ សាងសង់អាគារចំនួន ៦ ជាមណ្ឌលចត្តាឡីស័កថ្មីនៅរាជធានីភ្នំពេញ សម្រាប់ឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបរទេសស្នាក់នៅធ្វើចត្តាឡីស័ក។ គម្រោងសាងសង់មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៦ អគារ សាងសង់លើផ្ទៃដីជិត ១ ហិកតា ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ គម្រោងនេះ ចាប់ផ្តើមសាងសង់នៅខែកញ្ញាកន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២០។ ក្រោយបើកដំណើរការ មណ្ឌលចត្តាឡីស័កថ្មីនេះ អាចទទួលមនុស្សស្នាក់រហូតដល់ ៨០០នាក់ ហើយនឹងប្រើជំនួសឧ្យមណ្ឌលចត្តាឡីស័កពេលបច្ចុប្បន្ន ដែលប្រើបន្ទប់សាលារៀនរដ្ឋ និង សណ្ឋាគារ។ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលចត្ដាឡីស័កថ្មីកាលពីសប្តាហ៍មុនថា គម្រោងនេះត្រូវប្រើប្រាស់ថវិកាប្រមាណ ៧៩០ពាន់ដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបន្តថា មណ្ឌលចត្ដាឡីស័កទីតាំងថ្មីនេះ សម្រាប់ពលរដ្ឋខ្មែរមកពីក្រៅប្រទេសប៉ុណ្ណោះ ចំណែកជនបរទេស ត្រូវសម្រាកនៅតាមសណ្ឋាគារ។

អាន​បន្ថែម

គម្រោងកែលម្អផ្លូវចូល និងទីធ្លាមុខប្រាសាទអង្គរវត្តថ្មី ជិតបញ្ចប់ជាស្ថាពរហើយ

សមិទ្ធិផលថ្មីនៅមុខប្រាសាទអង្គរវត្ត រួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម ជិតរួចរាល់ជាស្ថាពរហើយ ដោយប្រជាពលរដ្ឋក្នុងតំបន់នាំគ្នាចូលរួមអបអរសាទរជាមួយសមិទ្ធផលថ្មីមួយនេះ។ លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ និយាយថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោកបន្តថា៖ បើធៀបនឹងពេលមុន គឺមានភាពខុសគ្នាឆ្ងាយ។ បច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏ចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ ដោយរំពឹងថា ក្រោយវិបត្តិកូវីដ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនារមណីយដ្ឋានអង្គរនេះឱ្យបានច្រើនកុះករជាងមុន។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏ស្នើរដល់អាជ្ញាធរជាតិអប្សរា ឱ្យបន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន។ គួរបញ្ជាក់ថា កំណែលម្អសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តនេះ ត្រូវបានចាប់ផ្តើមចាប់ពីចុងឆ្នាំ២០១៩ មក ដោយមានរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម។ ក្រៅពីកំណែលម្អនេះ ខេត្តសៀមរាបក៏គ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងបើកការដ្ឋាននៅពាក់កណ្តាលខែ វិច្ឆិកា នេះផងដែរ ប៉ុន្តែត្រូវលើកពេលទៅបើកការដ្ឋាននៅពេលក្រោយ ដោយសារមានការរីករាលដាលនៃជំងឺកូវីដ​ ១៩។ (អានបន្ថែម)

អាន​បន្ថែម

រោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥ មេហ្គាវ៉ាត់នៅឧត្តរមានជ័យសម្រេចបាន ៦០% ហើយ

រោងចក្រផលិតថាមពលអគ្គិសនីដើរដោយចំហេះធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់សម្រេចបានជាង៦០%ហើយ ដោយគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ២០២១។ នេះបើយោងតាមលោក ភុន ឡែន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២០។ លោក ភុន ឡែន បានប្រាប់វិទ្យុជាតិកម្ពុជាថា រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្ម ខេត្តឧត្តរមានជ័យ ដែលមានអនុភាព ២៦៥ មេហ្គាវ៉ាត់ សម្រេចបានជាង ៦០% ហើយ ខណៈអគ្គិសនីកម្ពុជាកំពុងសិក្សាពីផលប៉ះពាល់ និងពន្លឿនការសាងសង់ ក្នុងការរៀបចំខ្សែបញ្ជូនដែលមានតង់ស្យុងខ្ពស់ពីខេត្តឧត្តរមានជ័យទៅខេត្តសៀមរាប ដើម្បីធ្វើយ៉ាងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុកនៅឆ្នាំ២០២១។ លោកបានបន្តថា តាមផែនការគម្រោងនេះនឹងដាក់ឱ្យដំណើរការជា ២ ដំណាក់កាល ដោយដំណាក់កាលទី ១ នៅចុងឆ្នាំ២០២១ អនុភាព ១៣០ មេហ្គាវ៉ាត់ និងដំណាក់កាលទី២ ចុងនៅឆ្នាំ២០២២ អនុភាព ២៦៥ មេហ្គាវ៉ាត់។ ក្រោយបញ្ចប់ការសាងសង់រួចរាល់ រោងច្រកផលិតថាមពលអគ្គិសនីនេះនឹងប្រើប្រាស់រ៉ែធ្យូងថ្មដែលធ្វើការកែច្នៃ មានកម្តៅប្រហែលជាង ៣០០០ កាល់ឡូរី ដែលអាចផ្តល់ថាមពលអគ្គិសនីគ្រប់ដណ្តប់ទាំងខេត្តឧត្តរមានជ័យ និងសៀមរាប។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម មានអានុភាព ២៦៥ […]

អាន​បន្ថែម

មិនគួរឲ្យជឿ! ទិញដែកធ្វើផ្ទះសោះ ក៏ឈ្នះម៉ូតូដែរ

ធ្លាប់តែលឺថាគាស់ក្រវិលកំប៉ុងឈ្នះរង្វាន់ តែនេះជាលើកទី១ហើយដែលមានកម្មវិធីទិញដែក និងស័ង្កសីឈ្នះរង្វាន់។ ថ្មីៗនេះតាមរយៈទំព័រហ្វេសប៊៊ុករបស់ក្រុមហ៊ុន ISI STEEL ដែលគ្រប់គ្នាស្គាល់ថាជាក្រុមហ៊ុនកែច្នៃដែក និងចែកចាយផលិតផលដែកដ៏ល្បីមួួយនៅកម្ពុជា បានបង្ហោះរូបអបអរសាទរដល់អតិថិជនរបស់ខ្លួនដែលបានឈ្នះរង្វាន់ម៉ូតូហុងដាសេរីថ្មីជាបន្តបន្ទាប់ បន្ទាប់ពីពួកគេទិញដែក និងស័ង្កសីរបស់ក្រុមហ៊ុនយកទៅប្រើប្រាស់។ មកទល់ពេលនេះមានអតិថិជន ៤នាក់ហើយដែលឈ្នះរង្វាន់ម៉ូតូពីកម្មវិធីឆ្នោតកោសរបស់ក្រុមហ៊ុន ក្នុងនោះអ្នកនៅព្រែកព្នៅត្រូវរង្វាន់ពីរនាក់ និងពីរនាក់ទៀតគឺនៅកំពង់ធំ និងមណ្ឌលគិរី ហើយយើងនឹងរង់ចាំមើលអ្នកមានសំណាងឈ្នះរង្វាន់បន្តបន្ទាប់ទៀតពី កម្មវិធី កោស កោស កោស! ឈ្នះ ឈ្នះ ឈ្នះ! របស់ក្រុមហ៊ុន ។ សំណេរបន្ថែមនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនបានឱ្យដឹងថា ៉ដើម្បីក្លាយជាអ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូសេរីទំនើប និងរង្វាន់ជាច្រើនទៀតជាង ៦០០រង្វាន់ជារៀងរាល់ខែ លោកអ្នកគ្រាន់តែទិញដែក និង ស័ង្កសីរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ចាប់ពី ២០០ ដុល្លារឡើងនោះនឹងទទួលបានឆ្នោតកោសផ្សងសំណាងមួយសន្លឹក ហើយការផ្តល់ឆ្នោតកោសផ្សងសំណាងនេះនឹងបន្តរហូតរង្វាន់អស់ពីស្តុក ៉។ ក្រុមហ៊ុនក៏បញ្ជាក់ផងដែរថា លោកអ្នកអាចរកជាវផលិតផលដែក និងស័ង្កសីរបស់ក្រុមហ៊ុនបាននៅដេប៉ូចែកចាយទូទាំងប្រទេស ហើយកុំភ្លេចសួររកសន្លឹកឆ្នោតដើម្បីមានឱកាសឈ្នះរង្វាន់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ISI STEEL       

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគ ១១៣គម្រោង ទុនវិនិយោគសរុប ២.៣ ពាន់លានដុល្លារ ត្រឹមខែ៨ដើមឆ្នាំ២០២០

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តលើគម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១១៣គម្រោង នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ ធ្លាក់ចុះ២២គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ យោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គម្រោងវិនិយោគដែលបានទទួលការអនុម័ត មានទុនវិនិយោគ ប្រមាណ ២ ៣២៩លានដុល្លារ បានធ្លាក់ចុះ ៥៧,១ភាគរយ និងបង្កើតកម្លាំងពលកម្មថ្មីបានចំនួន ៨៤ ៣៤២ នាក់ បានធ្លាក់ចុះ ៥១,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទោះបីជា គម្រោងវិនិយោគជារួមមានការធ្លាក់ចុះយ៉ាងណាក្តី គម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បានកើនឡើង ៨គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ច៖ ទុនវិនិយោគសំណង់ ៨ខែ ដំបូងឆ្នាំនៃ ២០២០ ធ្លាក់ចុះ ១៥ ភាគរយ

ទុនវិនិយោគសរុបរបស់គម្រោងសំណង់ដែលរដ្ឋាភិបាលអនុម័ត ក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ ២០២០ មានប្រមាណជាង ៥ពាន់លានដុល្លារ ដែលធ្លាក់ចុះ ១៥,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ដដែលបានឱ្យដឹងថា គម្រោងដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ទាំងនេះ មានចំនួនសរុប ៣ ៣៥០ គម្រោង ដែលកើនឡើង ៤៥៥ គម្រោង តែបើគិតជាផ្ទៃក្រឡាវិញមានសរុប ១១,៤ លានម៉ែត្រការ៉េ ដែលធ្លាក់ចុះ ៤,៨ ភាគរយ។ ក្នុងចំណោមគម្រោងទាំងអស់ ភាគច្រើនជាសំណង់ប្រភេទលំនៅដ្ឋាន ដែលមានចំនួនសរុប ២ ៨១៩ គម្រោង (ផ្ទៃក្រឡា ៦៤៤ពាន់ម៉ែត្រការ៉េ) ដែលស្មើនឹង ៨៤ភាគរយ នៃចំនួនគម្រោងសរុប។ តួលេខនេះកើនឡើង ៣៧៥គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា ផ្អែកតាមរបាយការណ៍ខាងលើ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នៅតែបន្តកើនឡើង បើទោះបីការរីករាលដាលជំងឺកូវីដ១៩ ដែលបានធ្វើឱ្យមូលដ្ឋានសេដ្ឋកិច្ចផ្សេងទៀតថយចុះក៏ដោយ។

អាន​បន្ថែម

សម្ដេច ហ៊ុន សែន ពន្យារពេលពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅសៀមរាប

ការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ដែលគ្រោងបើកការដ្ឋាននៅពាក់កណ្តាលខែវិច្ឆិកានេះ នឹងត្រូវលើកពេលទៅបើកការដ្ឋាននៅពេលក្រោយ ដែលរដ្ឋនឹងប្រកាសជាផ្លូវការម្ដងទៀតនូវកាលបរិច្ឆេទច្បាស់លាស់ ការពន្យារនេះ គឺដោយសារតែសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើចត្តាលីស័ក រយៈពេល១៤ថ្ងៃ ក្រោយសម្តេច និងមន្ត្រីជាន់ខ្ពស់ជាច្រើនរួមទៀតបានជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រី ហើយរដ្ឋមន្រ្តីការបរទេសរូបនោះមានជំងឺកូវីដ។ ទោះសម្តេច ធ្វើតេស្តអវិជ្ជមានកាលពីម្សិលមិញក៏ដោយ តែការពន្យារពេលបើកដ្ឋានសាងសង់គឺដើម្បីសុវត្ថិភាពសាធារណៈ។ សម្តេចតេជោ ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុកផេក ថា៖ “សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា២០២០ ទៅពេលក្រោយវិញ”។ នៅមុនការប្រកាសពន្យារ ការបើកការដ្ឋានគម្រោងសាងសង់ផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប គ្រោងធ្វើឡើងនៅថ្ងៃទី ១៦ វិច្ឆិកា ខាងមុខនេះ នៅក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីអន្តរក្រសួងបានសិក្សា ពិនិត្យ និងកំណត់ទីតាំងសម្រាប់ការសាងសង់ចប់រួចរាល់ហើយ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណជាង ៩៨គម ហើយនឹងត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញា។ (អានបន្ថែម)

អាន​បន្ថែម