ឆ្នាំ២០២២ កម្ពុជាទទួលបានលំហូរវិនិយោគពីបរទេសសរុបជាង ៤ពាន់លានដុល្លារ

កម្ពុជា បានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសដែលមានទ្រព្យសកម្មសរុបក្នុងទំហំជាទឹកប្រាក់ចំនួន ៤៦៨៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដែលកើន ៧.៥% បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ លំហូរវិនិយោគផ្ទាល់ពីបរទេសពីបរទេសក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៧% ខណៈវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣%។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២២ អ្នកវិនិយោគក្នុងស្រុកមានទំហំទុនវិនិយោគ ២៧០៧ លានដុល្លារអាមេរិក (៧៥.៧) ចិនមានចំនួន ១៤០៨ លានដុល្លារអាមេរិក (៣០%) ហុងកុងមានចំនួន ១១៦ លានដុល្លារអាមេរិក (២.៤៧%) ជប៉ុនមានចំនួន ៦២ លានដុល្លារអាមេរិក (១.៣២%) និងផ្សេងៗចំនួន ៣៩១ លានដុល្លារអាមេរិក (៨.៣៤%)។

អាន​បន្ថែម

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីស្ទុះដល់៥ពាន់លានដុល្លារ

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈរហូតដល់បច្ចុប្បន្ន ភាគីទាំងពីរមានទំហំពាណិជ្ជកម្មរួមគ្នាស្ទុះដល់ ៥ពាន់លានដុល្លារ។ នេះបើយោងតាមជំនួបរវាង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងអតីតប្រធានរដ្ឋសភាកូរ៉េ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយគិតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើនដល់៥ពាន់លានដុល្លារ ខណៈសាធារណរដ្ឋកូរ៉េ បានក្លាយជាប្រទេសឈរក្នុងលំដាប់ទី២ ដែលបានបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេបន្ទាប់ពីប្រទេសចិនផងដែរ៕ ទន្ទឹមនឹងនេះផងដែរ សម្តេច ក៏បានស្នើឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េ ជួយផ្សព្វផ្សាយនិងកៀរគរឲ្យវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានសក្តានុពលលើវិស័យសេដ្ឋកិច្ច ។ ជាការឆ្លើយតប ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងកាទូត បានបង្ហាញក្តីរីករាយ​ ដោយបានទទួលយកសំណើសម្តេចប្រធានរដ្ឋសភាពាក់ព័ន្ធនឹងការជួយផ្សព្វផ្សាយកៀរគរឲ្យវិនិយោគិនកូរ៉េមកកាន់កម្ពុជា។

អាន​បន្ថែម

ផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៤០គីឡូម៉ែត្រហើយ

គិតត្រឹមខែមករា ឆ្នាំ២០២៣ ​នេះ ផ្លូវ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៤០គីឡូម៉ែត្រហើយ។ នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុន សុខាអចលនទ្រព្យ Sokha Real Estate កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម)

អាន​បន្ថែម

រាជរដ្ឋាភិបាល​ អនុម័តសេចក្តីព្រាងច្បាប់ប្រែក្លាយខេត្តព្រះសីហនុជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”

រាជរដ្ឋាភិបាល បានអនុម័តទាំងស្រុង លើសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨”។ សេចក្តីព្រាងច្បាប់ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី​ដែលប្រព្រឹត្តិទៅ​នៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ គោលនយោបាយនេះ មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រោមគោលនយោបាយនេះ  ខេត្តព្រះសីហនុ នឹងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។ គោលនយោបាយនេះ ក៏មានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅ មានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

អាន​បន្ថែម

គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត”

គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលជាការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។  នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានយ៉ាងសំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីរមួយឆ្នាំទៅមួយឆ្នាំ។ ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយនៃវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។ ក្នុងបរិបទនេះ វិស័យផ្គត់ផ្គង់ទឹកស្អាតទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត មានគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យ។ លើសពីនេះ ការអភិវឌ្ឍនិងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត ក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនយោគពីវិស័យឯកជនជាតិ និងអន្តរជាតិសម្រាប់ការបង្កើតមូលដ្ឋានផលិតកម្ម អាជីវកម្មនៅកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់ ដោយមានការគាំទ្រក្នុងជំហានដំបូងពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

អាន​បន្ថែម

កម្ពុជា-ជប៉ុន ប្តេជ្ញានឹងចាប់ផ្តើមអនុវត្តគម្រោងថាមពលស្អាត នាខែមីនា ឆ្នាំនេះ

កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន តាមរយៈគម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន ខណៈគម្រោងនេះត្រូវបានភាគីទាំងពីរអះអាងថា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៣នេះផងដែរ។ នេះបើតាមការឱ្យដឹងពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលថ្ងៃទី១២ ខែមករា ។ ទីភ្នាក់ងារជប៉ុន JICA បានបញ្ជាក់ថា គម្រោងនេះគឺផ្តោតសំខាន់លើការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកសង្គមដែលមានអព្យាក្រឹតកាបូនសម្រាប់ប្រទេសកម្ពុជាជាមួយនឹងការរក្សាឱ្យបាននូវតុល្យភាពនៃសន្តិសុខថាមពល កំណើនសេដ្ឋ កិច្ច និងកិច្ចការពារបរិស្ថាន។ គម្រោងនេះដែរ ក៏នឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរម្លឹកថា គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូននេះ ត្រូវបានចុះហត្ថលេខាលើកំណត់ហេតុរួមគ្នារវាង ឯកឧត្ដម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា កាលរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ គួរបញ្ជាក់ទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងរ៉ែ និងថាមពល និងភាគីពាក់ព័ន្ធ ក្រុមអ្នកជំនាញការរបស់ JICA បានបង្ហាញការជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារវាងភាគីទាំងពីរ គម្រោងរៀបចំផែនទីបង្ហាញផ្លូវនេះ នឹងចូលរួមចំណែកដល់ការសម្រេចឱ្យបាននូវសង្គមអព្យា​ក្រឹត​​កាបូន សម្រាប់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០៥០៕

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ តម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងឃុំ១ខេត្តសៀមរាប

រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន ២០៤៦៣៧ ដុល្លារអាមេរិក សម្រាប់សម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងសហគមន៍ឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ជំនួយនេះ នឹងយកមកអនុវត្តចំពោះគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលនឹងត្រូវសាងសង់ និងតបណ្តាញចែកចាយទឹកស្អាតប្រមាណ ៨គីឡូម៉ែត្រនៅក្នុងសហគមន៍នេះ ដើម្បីប្រជាជនក្នុងតំបន់នេះ មានទឹកស្អាត និងបរិក្ខារផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់។ ថ្លែងក្នុងពិធីចុះហត្ថលេខា លោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា តាមរយៈគម្រោងនេះ ប្រជាជនជាង ២៧០០នាក់ នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែលនឹងរួមចំណែកដល់ការកែលម្អកម្រិតជីវភាពរស់នៅរបស់ពួកគេ។ គួរបញ្ជាក់ថា​ ជំនួយដែលបានផ្តល់នេះ ស្ថិតក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន ដែលបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គិតមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងចំនួន ៧០១គម្រោង នៅទូទាំងប្រទេសកម្ពុជារួចមកហើយ៕

អាន​បន្ថែម

រដ្ឋកំពុងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ ៤

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរកវិធានការចាំបាច់មួយដើម្បីកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិត​ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ ក្រុមការងារ បានពិនិត្យពិភាក្សាស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីលើកជាគម្រោងផែនការសម្រាប់ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ក្រសួងបាននឹងកំពុងជំរុញពន្លឿនលើការសិក្សាពីបច្ចេកទេសនៃគម្រោងការងារកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងនេះឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមសំដៅជំរុញឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយជោគជ័យ។

អាន​បន្ថែម

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចុះហត្ថលេខាក្នុងខែកុម្ភៈខាងមុខនេះ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំទៀតយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជានឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច ១២ម៉ែត្រ ឬ៤គន្លង។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសិក្សា និងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅខែក្រោយ ក្នុងពេលដែលសម្តេចតេជោ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន លើសពីនេះទៅទៀត គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត ភ្នំពេញ-សៀមរាប ក៏កំពុងតែសិក្សាផងដែរ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុ​ប​ប្រមាណ​១៣៨គីឡូម៉ែត្រ និងគ្រោងចំណាយប្រមាណ ១.៦៣ ពាន់លានដុល្លារ ដោយផ្តើមចេញពី​ភ្នំពេញ ​ត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងកំពុងសិក្សាលទ្ធភាពបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ធំ១ទៀត ក្នុងក្រុងច្បារមន

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន BUCG ដើម្បីសិក្សាលទ្ធភាពបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ធំមួយទៀតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រសួងសាធារណការ និងភាគីពាកព័ន្ធទាំងអស់ នៅថ្ងៃទី១០ មករា ២០២៣។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺសំដៅកែលម្អប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យកាន់តែប្រសើរឡើង និងបញ្ឈប់ការបញ្ចេញទឹកកខ្វក់ទៅក្នុងទន្លេដោយផ្ទាល់ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អនាម័យជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។ នាឱកាសនោះ ឯកឧត្តម ក៏បានណែនាំឱ្យក្រុមហ៊ុន BUCG បន្តសហការជាមួយក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេសរបស់ក្រសួង ដើម្បីបំពេញបន្ថែមព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដល់ការសិក្សាគម្រោងនេះឱ្យឈានទៅដល់អាចអនុវត្តបាន។ គួរបញ្ជាក់ដែរថា BUCG ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំនៅប្រទេសកម្ពុជា កន្លងមកបានចុះអនុស្សារណៈយោគយល់ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ឯកភាព សមធម៌ យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក ក៏ដូចជាការផ្តល់ធនធានគ្រូបង្រៀន កម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុន BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏កំពុងតែសិក្សាបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងច្បារមន […]

អាន​បន្ថែម