ព័ត៌មានសំណង់
គម្រោងពង្រីកប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ តម្លៃជាង២០លានដុល្លារ នឹងបញ្ចប់តាមផែនការ
គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្ដាល តម្លៃជាង២០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់តាមផែនការកំណត់នៅខែធ្នូ ២០២៤ ខាងមុខនេះ ខណៈបច្ចុប្បន្នកម្ពុជា-ជប៉ុន បានចុះត្រួតិនិត្យវឌ្ឍនភាពការសាងសង់ដោយផ្ទាល់នៅថ្ងៃទី៦ ធ្នូ ២០២២។ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បន្ទាប់ពីសាងសង់រួច គម្រោងនេះ នឹងចូលរួមចំណែកដល់បញ្ហាកង្វះទឹកស្អាតរបស់ពលរដ្ឋនៅភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសគម្រោងនេះនឹងអាចឆ្លើយតប ទៅលើតម្រូវការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ព្រលានយន្តហោះថ្មីដែលកំពុងសាងសង់ថែមទៀតផង។ គួរបញ្ជាក់ថា គម្រោងពង្រីកប្រព័ន្ធទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គឺស្ថិតនៅក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន មានតម្លៃប្រមាណជាង ២០លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដោយចាប់ផ្តើមដំណើរការសាងសង់តាំងពីខែមិថុនា ឆ្នាំ ២០២២ មកម្ល៉េះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។ គម្រោងនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈគម្រោងនេះដែរ ក៏ជាប្រភេទគម្រោង Special Purpose Company ស្ថិតក្រោមការថែទាំលក្ខណៈបច្ចេកទេស និងគុណភាពទឹក ក្នុងរយៈពេល ១០ឆ្នាំរបស់ជប៉ុន៕ […]
អានបន្ថែមរដ្ឋនឹងបន្ថែម ១០០លានដុល្លារ ដល់ធនាគារSME ខណៈធ្លាប់ផ្តល់ ៤២៣លានដុល្លារ រួចមកហើយ
រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា ១០០លានអាមេរិក បន្ថែមទៀតដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) នៅក្នុងឆ្នាំ២០២៣ ខណៈដែលធ្លាប់បានផ្តល់ឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិករួចមកហើយ។ នេះបើតាមសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នោថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកា ១០០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ទាប ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម។ កន្លងមក លោកបានកត់សម្គាល់ឃើញថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើននៅតែមានតម្រូវការហិរញ្ញប្បទានច្រើនសម្រាប់រក្សាលំនឹង និងពង្រីកអាជីវកម្មរបស់ពួកគេ។ គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ SME Bank ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូចនិងមធ្យមចំនួន ៣១៦៥មូលដ្ឋាន ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩។
អានបន្ថែមរដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%
រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន និងដៃគូអភិវឌ្ឍសំខាន់ៗជាច្រើនទៀតដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនី សម្រាប់ធ្វើជាផែនទីចង្អុលផ្លូវបណ្តាញស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងលើកទឹកចិត្តអ្នកប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ នេះបើយោងតាមសិក្ខាសាលារបស់ក្រសួងនៅថ្ងៃទី០៥ ខែធ្នូ ។ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២ មានរយានយន្តអគ្គិសនីចំនួនសរុប ៦២៥គ្រឿងបានចុះបញ្ជី កើនប្រហែល ១១៥៣% ប្រៀបធៀបទៅនឹងឆ្នាំ២០២១។ តាមតួលេខខាងលើនេះ បានបង្ហាញថា បច្ចុប្បន្នការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងខ្លាំង ហេតុដូច្នេះហើយទើបរដ្ឋាភិបាលចាប់ផ្តើមបង្កើតក្រុមការងារដោយមានការចូលរួមពីអន្តរក្រសួង៩ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ ឯកឧត្តមបន្តថា ក្រសួងបាននិងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូន ដើម្បីគាំទ្រការកំណត់យកបទដ្ឋានបច្ចេកទេស ការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងជំរុញការផលិតយានយន្តអគ្គិសនីនៅកម្ពុជាជាដើម។
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ១៨ម៉ឺនដុល្លារ សម្រាប់សង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្ត២
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់សរុប ១៨៦ ៨៥៦ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាន និងការស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរវាងលោក តានិណៃ អ៊ីឈិតុម៉ុ (TANINAI Ichitomo) ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ លោក តានិណៃ អ៊ីឈិតុម៉ុ បានថ្លែងថា គម្រោងសាងសង់ស្ពានបេតុងថ្មីជំនួសស្ពានឈើដែលពុកផុយ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទឹកប្រាក់ចំនួន ៩៩២១២ ដុល្លារអាមេរិក។ លោកបន្ថែមថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងស្រុកចំនួន ៣៣០០នាក់ ដោយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាព។ ដោយឡែក ថវិកាចំនួន ៨៧៦៤៤ ដុល្លារអាមេរិក នឹងយកទៅប្រើប្រាស់សម្រាប់គម្រោងស្តារទំនប់ និងលូមូលចំនួន ៣ ដែលរងការខូចខាតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ខណៈបច្ចុប្បន្ននេះ បរិក្ខារធារាសាស្ត្រដែលរងការខូតខាតមិនអាចស្ដុកទឹកភ្លៀងបានគ្រប់គ្រាន់ ក្នុងរដូវវស្សាសម្រាប់ធ្វើស្រែចម្ការ។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនជាង៤.៥០០នាក់ […]
អានបន្ថែមADB ផ្តល់កម្ចី ៥០លានដុល្លារដល់កម្ពុជា អភិវឌ្ឍសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងជាសកល
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារអាមេរិក ដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ លោក Sion L. Morton សេដ្ឋវិទូជាន់ខ្ពស់របស់ ADB មានប្រសាសន៍ថា “ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ វិស័យទេសចរណ៍ និងជាពិសេសវិស័យសំណង់” ។ លោកបន្តថា ជាមួយនឹងកំណែទម្រង់ក្រោមកម្មវិធីនេះ ADB នឹងជួយដល់ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ១៩ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្ដូរ។» ជំនួយនេះ ស្ថិតក្រោមអនុកម្មវិធីទី១ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដែលនឹងជួយគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជា តាមរយៈការជួយដល់កំណែទម្រង់វិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។ ទាក់ទងនឹងអនុកម្មវិធីដំបូងនេះដែរ រាជរដ្ឋាភិបាល ធ្លាប់បានអនុម័តច្បាប់វិនិយោគថ្មី ដើម្បីផ្ដល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិត ដើម្បីអាចឱ្យការចេញ អាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។ (អានបន្ថែម)
អានបន្ថែមក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាននិងសង្គម និងថវិកាពីការលក់ឥណទានកាបូន ក្រសួងប្តេជ្ញានឹងគាំទ្រដល់សាលារៀនទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើតឱ្យបាននូវបរិស្ថានស្អាត ដោយត្រូវរៀបចំបន្ទប់ទឹកស្ដង់ដារបរិស្ថានបៃតង មានការបំពាក់ផ្ទាំងសូឡា ដើម្បីធានាសុខុមាលភាពសិស្សានុសិស្សនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី កាលពីថ្ងៃទី២ ធ្នូ ២០២២។ ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ក្នុងក្របខណ្ឌកម្ពុជាអភិវឌ្ឍប្រកបដោយចីរភាព គឺមានចក្ខុវិស័យចង់ឃើញសាលារៀននៅទូទាំងប្រទេសកម្ពុជា មានបរិស្ថានស្អាត និងសិស្សានុសិស្សមានសុខភាពល្អ និងកាយសម្បទារឹងមាំ ព្រោះថា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា សុខភាពជារឿងចម្បង ហើយវាក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់បម្រើអាជីពការងារផ្ទាល់ខ្លួននាពេលអនាគត ការផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ៕ ហេតុដូច្នេះហើយទើប ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើរឿងបង្គន់អនាម័យ ធុងចម្រោះទឹកស្អាត ទីធ្លាកីឡា ដែលជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ខណៈក្រសួងរិស្ថាន ក៏នឹងផ្ដល់ជូននូវកូនឈើតាមការស្នើសុំសម្រាប់ដាំជាម្លប់បៃតង តាមសាលារៀនផងដែរ។
អានបន្ថែមស្ពានខ្សែកាបឫស្សីកែវ តម្លៃ ៣៥លានដុល្លារ សម្រេចការសាងសង់បាន ៨៩%
គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប តម្លៃ ៣៥លានដុល្លារអាមេរិក សម្រេចការសាងសង់បានប្រមាណ ៨៩% នៃគម្រោង។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។ ស្ពានខ្សែកាបបេតុងថ្មីឆ្លងកាត់ទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ នឹងត្រូវចំណាយពេលប្រហែល ២៨ ខែ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយថវិកាអស់ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា នៅចំណុចប្រសព្វវរវាងផ្លូវជាតិលេខ៥ និងស្ពានខ្សែកាបឫស្សីកែវនេះ ក៏មានការសាងសង់ស្ពានអាកាសថ្មីមួយផងដែរ ដែលមានបណ្តោយសរុបប្រវែង៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន OCIC ក្នុងរយៈពេលប្រមាណ១៥ខែ។ (អានបន្ថែម)
អានបន្ថែមស្ពានដែកបាឡេឫស្សីកែវបានបើកឱ្យដំណើរការវិញហើយ ក្រោយផ្អាកមួយរយៈ
ស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបើកដាក់ឱ្យដំណើរការវិញហើយ ចាប់ពីថ្ងៃទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ តទៅ។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។ ស្ពាននេះ ត្រូវបានជួសជុល និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ហើយ ក្រោយផ្អាកមួយរយៈ ដោយសារមានស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាប់ជាមួយនឹងសសរស្ពាន កាលពីអំឡុងខែវិច្ឆិកាកន្លងទៅ។ ដូចនេះ អ្នកដំណើរ អាចធ្វើដំណើរបានឆ្លងកាត់ទន្លេសាបឡើងវិញ តាមស្ពានបេឡេនេះ ដែលភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ។
អានបន្ថែមផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ
ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា និង ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ផ្សារទំនើបនេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំដល់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិត “Edutainment Mall” នៅចំកណ្តាលនៃទីក្រុងកំពុងអភិវឌ្ឍន៍ថ្មីនេះ។ មួយវិញទៀត ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា គម្រោងផ្សារទំនើប AEON ៣ សាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ (អានបន្ថែម) […]
អានបន្ថែមជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុបចំនួន ១៧១,៦៤១ដុល្លារអាមេរិក លើការសាងសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និងខេត្តកោះកុង។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ គួរបញ្ជាក់ថា ជប៉ុននឹងជួយសាងសង់អគារមេត្តយ្យសិក្សា១ខ្នង ២បន្ទប់ នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងខេត្តបាត់ដំបង និងការសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ នៅអនុវិទ្យាល័យតានី ក្នុងខេត្តកោះកុង។ ក្នុងពិធីចុះហត្ថលេខា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជឿជាក់ថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ។
អានបន្ថែម