កម្ពុជាស្នើបារាំងជួយសង់ស្ថានីយប្រ​ព្រឹត្ត​កម្មទឹកកខ្វក់នៅប៉ែកពាយព្យក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យបារាំងជួយកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់មួយកន្លែងទៀត​ នៅប៉ែកពាយព្យរាជធានីភ្នំពេញ ខណៈនៅតំបន់នេះមិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ការស្នើនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អង្គការ JICA របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ។ ដោយឡែកនៅ​ខាងជើង​ឆៀង​​លិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះ ឯកឧត្តមក៏ស្នើបារាំងម្តងឱ្យជួយលើគម្រោងសាងសង់ស្ថានីយទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់ ទោះ​បីជួយជាកម្ចី ឬក៏ជាជំនួយឥតសំណងក្តី និងដើម្បីធ្វើឲ្យទឹកមានគុណភាពស្អាតល្អ មុននឹងហូរចូលទៅដងទន្លេសាប។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗផងដែរ។ ជាងនេះទៀត ឯកឧត្ដមក៏បានលើកឡើងពីគម្រោងសិក្សាសាងសង់រថភ្លើងល្បឿនលឿននៅក្នុងភ្នំពេញផងដែរ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងប្រព្រឹត្តទឹកកខ្វក់ភ្នំពេញនេះដែរ សេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក៏បានប្រគល់ដល់ដៃកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់នេះ នឹងជួយឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ៕ […]

អាន​បន្ថែម

កម្ពុជា-ឥណ្ឌាពិភាក្សាលើគម្រោងតភ្ជាប់គម្រោងហាយវេត្រីភាគីមកកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា បានពិភាក្សាគ្នាលើការគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឥណ្ឌា ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) តាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១៨ ខែឧសភា។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា លើកឡើងថា នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់ថា ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) គឺជាគំនិតផ្តួចផ្តើមដោយប្រទេសចំនួនប្រាំមួយ គឺឥណ្ឌា និងប្រទេសអាស៊ានចំនួនប្រាំ រួមមាន កម្ពុជា ឡាវ […]

អាន​បន្ថែម

អាមេរិកសន្យាផ្តល់ជំនួយ១៥០លានដុល្លារ ដល់អាស៊ានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ

ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយ ១៥០លានដុល្លារដល់អាស៊ានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ​ សន្តិសុខសង្គម ការស្តារឡើងវិញពីវិបត្តិកូវីដ និងវិស័យអទិភាពផ្សេងទៀត។​ ការសន្យាផ្តល់ជំនួយដល់អាស៊ានទាំងដប់ប្រទេស (ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ) នេះ ធ្វើឡើងដោយប្រធានធិបតីអាមេរិក លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក កាលពីសប្តាហ៍មុន នៅទីក្រុងវ៉ាស៊ីនតោន។ តាមរយៈកម្ចីជំនួយ១៥០លានដុល្លារនេះ រដ្ឋបាលរបស់លោក Joe Biden ចង់បង្ហាញដល់រដ្ឋសមាជិកអាស៊ានថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តផ្តោតមកលើតំបន់អាស៊ីប៉ាស៊ីហ្វីក។ កាលពីខែវិច្ឆិកាឆ្នាំ២០២១ ទីក្រុងប៉េកាំង បានប្រកាសជំនួយ ១ ៥០០ លានដុល្លារដល់តំបន់អាស៊ាន ជាជំនួយអភិវឌ្ឍន៍សម្រាប់ស្តារឡើងវិញពីវិបត្តិជំងឺសកល និងស្តារសេដ្ឋកិច្ច។​

អាន​បន្ថែម

JICA បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅកម្ពុជា

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន​​​ ដែល​ក្រសួង​ចាត់ទុកជា​ធាតុ​ចូលមួយ​ដ៏សំខាន់​ក្នុង​កិច្ចការងារ​នេះ។ ពិធីប្រគល់សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា រវាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Miyahara Ai តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាល់ ចន្ទតារា មានប្រសាសន៍ថា ប្រទេសជប៉ុនមានបទពិសោធន៍ច្រើន និងឈានមុខគេនៅក្នុងតំបន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា៖ “ទីភ្នាក់ងារ JICA បានផ្ដល់ជំនួយកម្រិតបច្ចេកទេសលើការជួយពិនិត្យ ផ្ដល់ធាតុចូល មតិយោបល់ និងអនុសាសន៍ល្អៗ និងបានកែសម្រួលសេចក្តីព្រាងដំបូងនៃច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់របស់ ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន”។ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងនឹងដាក់ឆ្លងយោបល់គណៈកម្មាធិការអន្តរក្រសួង មុននឹងដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ។

អាន​បន្ថែម

រាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា ១៥០លានដុល្លារ លើកកម្ពស់វិស័យទេសចរណ៍

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជម្រុញកំណើនក្នុងវិស័យមួយនេះ ដោយប្រើ​ប្រាស់កញ្ចប់ថវិកាសរុបចំនួន ១៥០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។ កញ្ចប់ថវិកាសរុបនេះ ជាការច្របាច់បញ្ចូលគ្នារវាងថវិកាបដិភាគពីរាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារអាមេរិក តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥លានដុល្លារ។ រាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកានេះ ផ្តោតជាសំខាន់តែទៅលើវិស័យទេសចរណ៍តែប៉ុណ្ណោះ ដោយជំរុញប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ ការពង្រីកសេវាកម្ម ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដ១៩ បានធូរស្រាល។ តាមរយៈគម្រោងនេះ សហគ្រាសក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិកូវដី១៩ អាចស្នើសុំឥណទានពីគ្រឹះសា្ថនសាធារណៈចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន។ ជាមួយគ្នានេះផងដែរ កន្លងមក រដ្ឋក៏បានសម្រេចបន្ដការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តល់ការគាំទ្របន្ថែម ដល់ធុរជនពាក់ព័ន្ធក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរក្រោយបើកប្រទេសពេញលេញ។ (អានបន្ថែម)

អាន​បន្ថែម

អគារចត្តាឡីស័កនៅខេត្តបាត់ដំបងតម្លៃជាង ១៧ម៉ឺនដុល្លារ ដាក់ឲ្យដំណើរការហើយ

អគារចត្តាឡីស័កមួយកន្លែងនៅខេត្តបាត់ដំបង តម្លៃជាង ១៧ម៉ឺនដុល្លារអាមេរិក បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោក ណាំ ប៊ុកហ្យុន (Nam Bok Huyn) អគ្គនាយកអង្គការ KOFIH ប្រចាំប្រទេសកូរ៉េ។ ឯកឧត្តម សុខ លូ បានលើកឡើងថា បើទោះបច្ចុប្បន្នថ្វីត្បិតតែជំងឺកូវីដ-១៩បានធូរស្បើយច្រើន មិនមានអ្នកធ្វើចត្តាឡីស័កទៀតក៏ដោយ តែអគារមណ្ឌលចត្តាឡីស័កនេះមិនទុកចោលដែរ ពោលគឺយើងនឹងធ្វើការប្រើប្រាស់មណ្ឌលនេះ ជាមណ្ឌលសំរាកព្យាបាលជំងឺទូទៅ ដោយមិនប្រកាន់ជំងឺអ្វីឡើយ ហើយបើសិនជាមានការផ្ទុះជំងឺកូវីដ-១៩ដោយប្រការណាមួយ នឹងយើងនឹងអាចប្រើប្រាស់មណ្ឌលនេះជាមណ្ឌលចត្តាឡីស័កវិញម្ដង ។ ឯកឧត្តម បានចាត់ទុកថា អគារនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ដែរថា អគារចត្តាឡីស័កមួយកន្លែងនេះ គឺស្ថិតនៅក្នុងមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ដែលចំណាយថវិកាសរុប ១៧១,២៤៥.៥៦ដុល្លាសហរដ្ឋអាមេរិក ដោយក្នុងនោះក៏បានបំពាក់ជាមួយនូវសម្ភារៈ ឧបករណ៍ បរិក្ខារពេទ្យមួយចំនួនផងដែរ៕

អាន​បន្ថែម

ក្រសួងរ៉ែប្តេជ្ញាពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីឱ្យបានរហូត ៩៨% ត្រឹមឆ្នាំ២០២២

ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៨៤ភាគរយនៃចំនួន២លានខ្នងផ្ទះនៅទូទាំងប្រទេសកម្ពុជា បានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួចរាល់ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន៩៨%។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុយ សែម បានឲ្យដឹងថា ក្នុងគោលនយោបាយផ្គត់ផ្គង់ថាមពលនេះ កម្ពុជាបានអនុវត្តបាននូវការអូសខ្សែតភ្ជាប់បណ្តាញចរន្តអគ្គិសនីបានចំនួន ៩៨ភាគរយនៃចំនួនភូមិសរុបចំនួនប្រមាណ១៤.៣៩០ភូមិនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ក្នុងនោះដែរប្រជាពលរដ្ឋចំនួន ៨៤ភាគរយ នៃប្រជាពលរដ្ឋប្រមាណជា ២លានខ្នងផ្ទះក៏បានតភ្ជាប់បណ្តាញប្រើប្រាស់រួចរាល់ហើយដែរ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន ៩៨% នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ចំពោះភូមិ ២ភាគរយ ដែលនៅសេសសល់មិនទាន់បានបញ្ជូនបណ្តាញអគ្គិសនីទៅទីនោះទេ ដោយនោះជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម តែទោះជាយ៉ាងណាក្រសួងនឹងខិតខំរកប្រភពថាមពលផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានទំបន់វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់កម្ពុជា។ ក្រៅពីនោះកម្ពុជាក៏នៅមានរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពលដែលទិញពីប្រទេសជិតខាងផងដែរ៕

អាន​បន្ថែម

កម្ពុជានឹងដាក់គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃលើផ្លូវជាតិលេខ៤

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជាគ្រោងនឹងដាក់គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS Pilot Project) លើផ្លូវជាតិលេខ៤នាពេលខាងមុខនេះ។ នេះបើតាមការប្រជុំស្ដីពីការផ្សព្វផ្សាយរបាយការណ៍ផែនការមេនៃប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃរបស់វិទ្យាស្ថាន KRIHS កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២។ លោក គង់ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពគម្រោងផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និងគម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS Pilot Project) លើផ្លូវជាតិលេខ៤ ដោយមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញរបស់កូរ៉េអំពីគ្រោងឆ្អឹងរបស់ផែនការមេ និងគម្រោងសាកល្បង។ នេះជាកិច្ចប្រជុំលើកទីពីរហើយ រវាងអ្នកជំនាញមកពីវិទ្យាស្ថាន KRIHS របស់ប្រទេសកូរ៉េ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមគម្រោងផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនឹងត្រូវបញ្ចប់នៅក្នុងខែកក្កដា ខាងមុខនេះ។ តាមយៈកិច្ចប្រជុំនេះបានឲ្យដឹងទៀតថា អ្នកជំនាញកូរ៉េបានបង្កើតកម្មវិធីទូរស័ព្ទ (Application) និងបំពាក់ CCTV Cameras  និង Variable Message Signs (VMS) សម្រាប់ប្រមូល និងបង្ហាញព័ត៌មានកំពុងកើតមាន (Real-Time Information) នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ […]

អាន​បន្ថែម

រដ្ឋនឹងបោះទុនសង់រោងចក្រវ៉ាក់សាំងខ្លួនឯង បើក្រុមហ៊ុនបានអាជ្ញាបណ្ណហើយមិនសង់

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នឹងបញ្ចេញលុយរដ្ឋ មកសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯង ប្រសិនបើក្រុមហ៊ុនបានអាជ្ញាបណ្ណហើយនៅមិនព្រមសាងសង់។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោកាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ថ្លែងក្នុងពិធីនេះ សម្ដេច ហ៊ុន សែន បានចោទសួរក្រសួងសុខាភិបាលពីភាពយឺតយ៉ាវនៃដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកម្ពុជា ដោយបញ្ជាឱ្យរាយការណ៍ជូនសម្ដេចជារៀងរាល់សប្ដាហ៍ ហើយថាប្រសិនជាក្រុមហ៊ុនធ្វើមិនកើតឱ្យដកអាជ្ញាបណ្ណចេញវិញ ទុកឱ្យរដ្ឋជាអ្នកធ្វើវិញ។ សម្តេចបន្តដូច្នេះថា «ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន យើងមិនឱបទុកនោះទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយ ដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នេះឱ្យបានឆាប់ ហើយក្នុងករណីកូវីដ-១៩ រលាយរលត់ពីផែនដីនេះ យើងក៏អាច យករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវការសង្គមផងដែរ»។ គួរបញ្ជាក់ដែរថា ការប្រកាសថារដ្ឋនឹងបញ្ចេញលុយសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ និងព្រមានដកអាជ្ញាបណ្ណក្រុមហ៊ុនផលិតវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលចេញវិញនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីទទួលការរាយការណ៍ពីភាគីចិនថា ភាគីកម្ពុជាមានការយឺតយ៉ាវក្នុងការបង្កើតរោងចក្រផលិត៕

អាន​បន្ថែម

គម្រោងស្តារនិងកែលម្អស្ទឹងសៀមរាបដំណាក់កាលទី២ ចាប់បើកការដ្ឋានហើយ

រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមបើកការដ្ឋានស្តារ និងកែលម្អដងស្ទឹងសៀមរាបដំណាក់កាលទី២ (KHM-18) ដើម្បីបញ្ជៀសទឹកលិចក្រុងសៀមរាបនារដូវវស្សាក្រោមឥណទានសម្បទានរបស់ធនគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ។ នេះបើតាមពិធីប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងនេះ ជាដំណាក់កាលទី២ បន្តពីគម្រោងសាងសង់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ និងស្តារស្ទឹងសៀមរាបជំហានទី១ (KHM-7) ដែលចាប់ផ្តើមកែលម្អពីចំណុចស្ពានវាងក្រុង ទៅដល់ភូមិអារញ្ញ ប្រវែង ៥គីឡូម៉ែត្រ ដោយអនុវត្តដោយក្រុមហ៊ុន Youngjin Construction Inc.។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្វែរថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែនៅព្រះសីហនុ មកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាប ដែលមានប្រវែងសរុបជិត ៩គីឡូម៉ែត្រ។ (អានបន្ថែម)

អាន​បន្ថែម