ព័ត៌មានសំណង់
រដ្ឋគ្រោងបំពាក់ប្រព័ន្ធអគ្គិសនីសូឡាខ្នាតតូច ១០ ០០០ គ្រឿង ក្នុងភូមិដាច់ស្រយាល ៣៥០ កន្លែង
ក្រសួងរ៉ែ និងថាមពល សហការជាមួយអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា កំពុងស្វែងរកលទ្ធភាពក្នុងការរៀបចំប្រព័ន្ធបណ្តាញថាមពលសូឡាខ្នាតតូច (Solar Mini System) និងខ្នាតគ្រួសារ (Solar Home) នៅតាមភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ជាង ៣៥០ ភូមិ។ បច្ចុប្បន្ននេះ មានភូមិចំនួន ១៣ ៨១៨ ស្មើនឹង៩៧,៥៣% នៃភូមិសរុបទូទាំងប្រទេស ដែលបានភ្ជាប់ជាមួយបណ្តាញអគ្គិសនីប្រើប្រាស់ ខណៈ ៣៥០ ភូមិផ្សេងទៀត (ស្មើនឹង២,៤៧%) មិនទាន់បានភ្ជាប់ចូលជាមួយបណ្តាញអគ្គិសនីនៅឡើយទេ។ បើយោងតាមរបាយការណ៍ដែលរៀបចំដោយ ស្ថាប័នទាំង ៣ ខាងលើ ភូមិចំនួន ៣៥០ ដែលមិនមានអគ្គិសនីប្រើប្រាស់ ភាគច្រើនស្ថិតនៅលើកោះ តំបន់លិចទឹកក្នុងរដូវវស្សា តំបន់គ្មានផ្លូវចូល តំបន់បណ្តែតទឹក និងតំបន់ដាច់ស្រយាលដែលមានប្រជាជននៅរាយប៉ាយ។ ដូច្នេះ ភាគីរដ្ឋទាំង ៣ កំពុងស្វែងរកលទ្ធភាពផ្គត់ផ្គង់អគ្គិសនីដល់ភូមិទាំងនោះ តាមរយៈប្រព័ន្ធ Solar Mini-Grid Systems និងប្រព័ន្ធ Solar Home ។ នៅឆ្នាំ ២០២១ ក្រសួងបានទទួលមូលនិធិពី UNDP Cambodia […]
អានបន្ថែមក្រសួងដែនដីចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០១ ខែកុម្ភៈ កន្លងទៅ បានដាក់ចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ទូទាំងប្រទេស ទិសដៅដើម្បីធានាសុវត្ថិភាពដល់សាធារណជន និងសំណង់ជិតខាង។ ប្រកាសនេះ ផ្ដោលលើ៣ចំណុចសំខាន់ៗគឺ កម្រិតសភាពគ្រោះថ្នាក់នៃសំណង់ វិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់។ បើយោងតាមប្រកាស សំណង់ដែលមានសភាពគ្រោះថ្នាក់ គឺសំណង់ណាដែលផ្នែកណាមួយនៃសំណង់ ឬសម្ភារសំណង់ ឬបរិក្ខារដែលបំពាក់លើសំណង់ អាចបង្កគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជីវិត រាងកាយ សុខភាពរបស់អ្នកប្រើប្រាស់សំណង់ អ្នកជិតខាង និងសាធារណជន។ ប្រកាសថ្មីនេះ ក៏បានកម្រិតសភាពគ្រោះថ្នាក់របស់សំណង់ជា ២ គឺ ប្រភេទគ្រោះថ្នាក់អាចកើតឡើងភ្លាមៗ និងប្រភេទគ្រោះថ្នាក់មិនអាចកើតឡើងភ្លាមៗ។ ដោយឡែកដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំង ២ ប្រភេទនេះ ប្រកាសនេះក៏បានដាក់ចេញវិធានការមួយចំនួនដូចជា ការជម្លៀសមនុស្ស ការហ៊ុមព័ន្ធសំណង់ ការរុះរើ ការកែប្រែ ការជួសជុលផ្នែកណាមួយនៃសំណង់ និងការបិទផ្សាយជាសាធារណៈអំពីការអនុវត្តវិធានការបញ្ចៀសគ្រោះថ្នាក់ជាដើម។ បន្ថែមពីនេះ ប្រកាសក៏បានផ្តល់សិទ្ធិអំណាចដល់មន្ត្រីមានសមត្ថកិច្ចចាប់ពីថ្នាក់ក្រសួង ដល់រាជធានី-ខេត្ត ក្រុងស្រុក ខណ្ឌ ចុះត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានសភាពគ្រោះថ្នាក់។ មន្ត្រីទាំងនេះ មានសិទ្ធិធ្វើរបាយការណ៍អំពីការចុះត្រួតពិនិត្យសំណង់ ជូនប្រធានស្ថាប័នមានសមត្ថកិច្ច […]
អានបន្ថែមជប៉ុននឹងបង្កើតសួនមិត្តភាពកម្ពុជា-ជប៉ុនថ្មីមួយកន្លែង នៅភ្នំពេញ
ប្រទេសជប៉ុន មានបំណងចង់បង្កើតសួនមិត្តភាពកម្ពុជា-ជប៉ុន ថ្មីមួយកន្លែង នៅរាជធានីភ្នំពេញ ដើម្បីរំលឹកអនុស្សាវរីយ៍ រវាងកម្ពុជា និងជប៉ុន។ គម្រោងសាងសង់សួនមិត្តភាពនេះ ត្រូវបានលើកឡើង ដោយលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ។ ក្នុងជំនួប លោក Takahashi Fumaiki ថា ភាគីជប៉ុននឹងផ្ដល់ជូនដីមួយកន្លែងក្នុងរាជធានីភ្នំពេញ ដល់ទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីរៀបចំធ្វើជាសួនឱ្យសាធារណជនលេងកម្សាន្ត។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រឱ្យមានការរៀបចំសួនសាធារណៈនេះ ដោយដាក់ឈ្មោះថា សួនមិត្តភាពកម្ពុជា-ជប៉ុន។ សម្តេច ក៏បានណែនាំឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជជែក និងធ្វើការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។
អានបន្ថែមកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ សម្រេចការសាងសង់ ៧០%
កីឡាដ្ឋានខេត្តកំពង់ស្ពឹ តម្លៃ ២លានដុល្លារ សម្រេចការសាងសង់៧០% ហើយ បើគិតត្រឹមខែមករា ឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងដំឡើងបង្គោលភ្លើងធំៗជុំវិញទីលានបាល់ទាត់។ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឹ បានលើកឡើងនៅថ្ងៃទី ២៩ ខែមករាថា ក្រុមការងារកំពុងត្រៀមដំឡើងបង្គោលភ្លើងធំៗចំនួន ៤បង្គោល នៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។ ឯកឧត្តម ថ្លែងថា៖ «កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសជាការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣»។ ឯកឧត្តម បន្តថាប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីស្រឡាងមួយក្នុងពេលឆាប់ៗនេះ។ សាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលក្នុងឆ្នាំ២០២២ នេះ។
អានបន្ថែមខេត្តព្រះសីហនុនឹងបើកការដ្ឋានសាងសង់អគារសាលាខេត្តថ្មី នៅខែមីនាខាងមុខ
អគាររដ្ឋបាលថ្មីរបស់ខេត្តព្រះសីហនុ ដែលនឹងសាងសង់ឡើងតាមរចនាបទសំបូរព្រៃគុក នឹងត្រូវបើការដ្ឋានជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែមករា ការសាងសង់នេះ ធ្វើឡើងដោយរុះរើអគារសាលាខេត្តព្រះសីហនុសព្វថ្ងៃ ដើម្បីសាងសង់អគាររដ្ឋបាលថ្មី ក្រោមការឯកភាពពីសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អគារសាលាខេត្តថ្មីនេះ នឹងមានកម្ពស់៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ ម៉ែត្រការ៉េ ដោយនឹងដោយប្រើរយៈពេលសាងសង់ ១៨ ខែ។ ចំពោះការងារស្ថាបត្យកម្មវិញ គឺយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។
អានបន្ថែមជប៉ុនស្នើជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត នៅភាគខាងត្បូងរាជធានីភ្នំពេញ
ប្រទេសជប៉ុនបានស្នើចង់សិក្សាជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ដែលជាបញ្ហាចោទដ៏សំខាន់ និងបានគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះជាការលើកឡើងរបស់លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ១កុម្ភៈ ឆ្នាំ២០២២ នាវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយជំនួបថា លោក Takahashi បានស្នើសុំសម្តេច ហ៊ុន សែន ឱ្យផ្តល់លទ្ធភាពលើការសិក្សារកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត។ ជុំវិញសំណើនេះ សម្តេច ហ៊ុន សែន បានគាំទ្រ ហើយក៏បានចាត់តាំងឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ឱ្យជួយសម្របសម្រួលឱ្យក្រុមការងារជាជប៉ុន ចូលមកសិក្សាលើរឿងនេះ។ លោក Takahashi Fumaiki បានបញ្ជាក់ថា ជាក់ស្ដែង ក្រុមការងាររបស់លោកបានសិក្សាលើគម្រោងនេះ ខ្លះៗទៅ ហើយ។ គួរបញ្ជាក់ថា កាលឆ្នាំ២០២០ និង២០២១ តំបន់ក្នុងខណ្ឌដង្កោ […]
អានបន្ថែមសម្ដេចហ៊ុន សែន បើកការដ្ឋានផ្លូវអាកាសថ្មីមួយទៀត លើបណ្ដាយផ្លូវជាតិលេខ ៥ នៅខណ្ឌឬស្សីកែវ
គម្រោងស្ពានអាកាសឫស្សីកែវ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី ៣១ មករា នេះ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ ពិធីបើកការដ្ឋានស្ពានអាកាសថ្មីនេះ ធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វារ។ ស្ពានអាកាសនេះមានបណ្តោយសរុបប្រវែង៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន OCIC ក្នុងរយៈពេលប្រមាណ១៥ខែ។ បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។ លើសពីនេះ ស្ពានអាកាសចោមចៅសម្រេចបាន៩០% ហើយ ដោយគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ ខណៈរដ្ឋក៏ត្រៀមបើកការដ្ឋានស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា នៅខែមីនាផងដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមការដេញថ្លៃគម្រោងជួសជុលពង្រីកផ្លូវលេខ ៤ គ្រោងបញ្ចប់ខែមីនា ខណៈការដ្ឋាននឹងបើកឆ្នាំនេះ
នីតិវិធីដេញថ្លៃសម្រាប់គម្រោងជួសជុល ពង្រីក និងកែលម្អផ្លូវជាតិលេខ ៤ គ្រោងនឹងបញ្ចប់នៅខែមីនាខាងមុខ ខណៈការដ្ឋានសាងសង់រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។ ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក ៣ឆ្នាំ មកហើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ថា៖ «បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលដេញថ្លៃ ដោយបានដេញថ្លៃរួចបាន ៣ កញ្ចប់ហើយ នៅសល់ ២ កញ្ចប់ទៀត ដែលគ្រោងនឹងបញ្ចប់នៅខែមីនា»។ «បើតាមផែនការកំណាត់ដែលដេញថ្លៃរួច អាចនឹងចាប់ផ្ដើមបើកការដ្ឋានមុនបណ្ដើរៗដើម្បីឱ្យចំណេញពេលវេលា ហើយកំណាត់មិនទាន់ដេញថ្លៃបាននឹងចាប់ផ្ដើមតាមក្រោយ» ឯកឧត្តម បន្ដ។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានរយៈចម្ងាយ ២៣២ គីឡូម៉ែត្រ។ ផ្លូវនេះគឺផ្លូវអាស៊ានមួយខ្សែ តភ្ជាប់មហាតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅ៕
អានបន្ថែមក្រសួងរ៉ែជំរុញឱ្យជប៉ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលកាបូនទាប នៅកម្ពុជា
ក្រសួងរ៉ែ និងថាមពល ជំរុញឱ្យវិនិយោគិនជប៉ុនពិចារណាលើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប ក៏ដូចជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅកម្ពុជា ឱ្យច្រើនបន្ថែមទៀត។ នេះជាការលើកឡើង របស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម មិ Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ ។ ក្នុងជំនួប ឯកឧត្តម បានបញ្ជាក់ពីជំហរនៃការបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជា និងការមិនរៀបចំគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ។ ជាមួយនឹងនិន្នាការបៃតងដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរាជទូត ជួយផ្សព្វផ្សាយ និងគៀងគរក្រុមហ៊ុនវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត ពិសេលើការអភិវឌ្ឍន៍រោងចក្រអគិ្គសនី និងគម្រោងខ្សែបណ្តាញបញ្ជូនអគិ្គសនី។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត មានប្រសាសន៍ថា ស្ថានទូតជប៉ុន មានបំណងស្វែងយល់អំពីគម្រោងអន្តរកាលថាមពល អព្យាក្រឹត្យកាបូនកម្ពុជា ការបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងៗទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។
អានបន្ថែមអគារមន្ទីរពេទ្យតម្លៃជាង ១៥ លានដុល្លារថ្មីមួយ នឹងលេចរូបរាងកណ្ដាលក្រុងភ្នំពេញ
រាជធានីភ្នំពេញ នឹងមានវត្តមានមន្ទីរពេទ្យពហុព្យាបាលថ្មីមួយទៀត ឆាប់ៗនេះ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបបានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៥លានដុល្លារអាមេរិក សាងសង់អគារមន្ទីរពេទ្យថ្មីស្រឡាងនេះ នៅក្នុងខណ្ឌ៧មករា។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនដែលបានសំណើសុំវិនិយោគ គឺក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD។ មន្ទីរពេទ្យពហុព្យាបាលនេះ នឹងមានចំនួន២០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៤៦-៤៨-៥០ ផ្លូវលេខ ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយអាចបង្កើតការងារបានចំនួន ៤៥៨ កន្លែង។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក៏ទើបតែបានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគជិត ២ ពាន់លានដុល្លារអាមេរិក បង្កើតរោងចក្រ វារីអគ្គិសនី កំពង់ផែ និងមជ្ឍមណ្ឌលដឹកជញ្ជូន នៅខេត្តជាច្រើន។ (អានបន្ថែម)
អានបន្ថែម