ព័ត៌មានសំណង់
ស្រុកកៀនស្វាយស្វាគមន៍គម្រោងវិនិយោគថ្មីមួយតម្លៃជាង ៥ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុម័តគម្រោងវិនិយោគថ្មីមួយតម្លៃ ៥លានដុល្លារ ដែលមានទីតាំងស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតឱ្យវិនិយោគគឺ ក្រុមហ៊ុន FLOURISH GARMENT (CAMBODIA) CO., LTD ដែលនឹងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយរំពឹងថានឹងបង្កើតការងារបាន ១ ៤១៤កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួរជម្រាប់ដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក៕ (អានបន្ថែម)
អានបន្ថែមខេត្តកំពតនឹងមានរោងចក្រផលិតទឹកស្អាតថ្មីមួយតម្លៃជាង ១,៣ លានដុល្លារ
រដ្ឋបាលខេត្តកំពត សម្រេចអនុម័តឱ្យក្រុមហ៊ុន ស៊ិន ហ៊ួរឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) វិនិយោគ ១,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទឹកស្អាតខ្នាតធំមួយនៅក្រុងកំពត។ នេះបើតាមកិច្ចប្រជុំភាគីពាកព័ន្ធកាលពីថ្ងៃទី ០៩ ខែកញ្ញា នេះ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា រោងចក្រនេះនឹងសាងសង់ឡើងនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ក្រោយសាងសង់រួច រោងចក្រនឹងមានមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ដោយក្រុមហ៊ុនគ្រោងនឹងផលិតទឹកស្អាតឱ្យបាន ២លានម៉ែត្រគូបនៅក្នុងឆ្នាំដំបូង។ គួរបញ្ជាក់ថា គម្រោងនេះ ក៏នឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់សរុបចំនួន ៥៤នាក់ ផងដែរ។ ខេត្តកំពតជាខេត្តកំពុងមានសក្ដានុពលទេសចរណ៍មួយ ដែលឃើញថាមានការអភិវឌ្ឍជាបន្ដបន្ទាប់ តួយ៉ាងដូចជា គម្រោងកំពង់ផែទេសចរណ៍តម្លៃ ៨លានដុល្លារ គម្រោងអភិវឌ្ឍទីក្រុងបូកគោ គម្រោងស្ដារផ្លូជាតិធំៗ ៣ខ្សែ និងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរបៃតងថ្មីជាប់មាត់ព្រែកត្រើយកោះ ជាដើម។
អានបន្ថែមក្រសួងសាធារណការចាប់ដៃជាមួយឯកជន ពង្រឹងជំនាញបច្ចេកទេសដល់និស្សិត
វិទ្យាស្ថាន តេជោសែន សាធារណការ បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា ជាមួយក្រុមហ៊ុន RMA Cambodia Plc ដែលជាក្រុមហ៊ុនឯកទេសផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស និងឧបករណ៍ធុនធ្ងន់ ក្នុងគោលបំណងពង្រឹងសមត្ថភាពនិស្សិតក្នុងវិទ្យសា្ថនឱ្យមានជំនាញច្បាស់ជាងមុន។ តាមរយៈអនុស្សរណៈនេះ ភាគីទាំង ២ នឹងរួមគ្នាបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលនានា ដូចជាការផ្លាស់ប្តូរប្រើប្រាស់ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារសំណង់ និងធនធានរួមគ្នា និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាដើម។ លោកជំទាវរដ្ឋលេខាធិការ ឥម នីថារ៉ា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខា កាលថ្ងៃទី៩ ខែកញ្ញា នេះថា ក្រសួងមានចក្ខុវិស័យវែងឆ្ងាយ ចង់បណ្តុះបណ្តាលកូនខ្មែរឱ្យចេះសាងសង់ផ្លូវ ស្ពាន ដោយខ្លួនឯង និងមានគុណភាព។ លោកជំទាវ បន្តថា៖ «ដោយសារក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនល្បីល្បាញលើឆាកអន្តរជាតិ ខាងផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស និង ឧបករណ៍ធុនធ្ងន់ ដូច្នេះ ការសហការនឹងជួយធ្វើឱ្យនិស្សិតយល់ការតែច្បាស់ពីការងារជាក់ស្ដែងក្នុងទីផ្សារ» ។ ក្រៅពីចុះអនុស្សរណៈនេះ កន្លងមកវិទ្យាស្ថានសាធារណការ ក៏ធ្លាប់បានចុះអនុស្សរណៈជាមួយបណ្តាដៃគូនានាក្នុងវិស័យពាក់ព័ន្ធក្នុងនោះរួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង Zejiang Institute of Communication […]
អានបន្ថែមកម្ពុជាគ្មានកម្ចីថ្មីទេ ក្នុងឆមាសទី១នេះ ខណៈបច្ចុបន្នមានបំណុលសរុបជាង ១៤ប៊ីលានដុល្លារ
នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ កម្ពុជាមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចី ឥណទានសម្បទានថ្មីទេ ដោយសារកម្មវីធី ឬគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា និងរៀបចំ ហើយត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ១៩។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤,៨៤ ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះកម្ចីប្រើសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដល់ជាង៨៤% ឬស្មើនឹង ១២,៤ ប៊ីលាន និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៦%។ របាយការណ៍ដដែលបានបន្តថា ក្នុងរយៈពេលដូចគ្នានេះ រដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួន ១០,០៥ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៦៨% នៃទំហំឥណទានសម្បទានសរុប ដែលបានចុះកិច្ចព្រមព្រៀងខាងលើ។ ក្នុងនោះ ប្រមាណ ៨១% ត្រូវបានប្រើប្រាស់សម្រាប់គម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រមាណ១៩% ទៀត ក្នុងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។
អានបន្ថែមរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់វិនិយោគថ្មី និងច្បាប់២ ផ្សេងទៀតដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម
រដ្ឋសភាជាតិនៃកម្ពុជា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ ដែលនឹងក្លាយជាយន្តការថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទំាងក្នុងស្រុក តំបន់ និងសកលលោក។ ការអនុម័តនេះធ្វើឡើង នៅសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដែលដឹងនាំដោយប្រធានរដ្ឋសភាសម្តេច ហេង សំរិន ។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាអនុម័ត រួមមាន៖ ១)សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ២)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ៣)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សេចក្តីព្រាងច្បាប់ទំាងនេះ នឹងផ្តល់លទ្ធភាពដល់រដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ និងជាក្របខណ្ឌស្នូលសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគតំបន់ ឱកាសទីផ្សារ អាជីវកម្ម និងប្រជាជននៅក្នុងប្រទេសនិងតំបន់។
អានបន្ថែមកម្ពុជាស្នើឱ្យធនាគារពិភពលោកជួយលើ៤ចំណុចធំៗ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
កម្ពុជាស្នើឱ្យ WorldBank ជួយអនុវត្តគម្រោងយាន្តជំនិះអគ្គិសនីនៅសៀមរាប និងគម្រោងធំៗ ៣ ទៀត រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ធនាគារពិភពលោក (WB) ឱ្យជួយផ្ដួចផ្ដើមការប្រើប្រាស់យាន្តជំនិះដើរដោយអគ្គិសនីនៅក្រុងសៀមរាប ខណៈក៏បានសុំឱ្យអង្គការពិភពលោកមួយនេះ ជួយអនុវត្តគម្រោង ៣ ផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងលោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ បើយោងតាមកិច្ចប្រជុំ សំណើទី១ គឺកម្ពុជាចង់ឱ្យធនាគារពិភពលោកជួយជ្រុមជ្រែងលើគម្រោងបង្កើតឱ្យមានយានជំនិះដើរដោយថាមពលអគ្គិសនី (EV ) ដើម្បីបរិស្ថានស្អាតនៅខេត្តសៀមរាប ជាពិសេសតំបន់អង្គរ នៅពេលកម្ពុជាបើកទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ បានធូរស្រាល។ សំណើទី ២ គឺឯកឧត្តម ស៊ុន ចាន់ថុល ចង់ឱ្យធនាគារពិភពលោក ជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized […]
អានបន្ថែមសាលាក្រុងនឹងររុះរើខ្សែកាប្លិ៍នៅតាមបណ្ដោយផ្លូវសំខាន់ៗ ២ ខ្សែ ដើម្បីលើកសោភ័ណភាពក្រុង
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍លើអាកាសនៅតាមដងផ្លូវសំខាន់ៗចំនួន ២ ដើម្បីលើកម្ពស់សោភ័ណភាពរាជធានីឱ្យកាន់តែប្រសើរឡើង ។ យោងតាមលិខិតរបស់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៦ ខែកញ្ញា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសណ្តាប់ធ្នាប់តាមវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវ៩៨ និងវិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីផ្លូវលេខ១៩ ដល់វិថីព្រះស៊ីសុវត្ថិ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ដែលពាក់ព័ន្ធ ប្រញាប់រុះរើចេញក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បណ្តាញខ្សែកាប្លិ៍អាកាសនៅតាមដងផ្លូវ ភាគច្រើនខ្សែកាប្លិ៍ទូរទស្សន៍ ខ្សែកាប្លិ៍អិនធើណេត និងខ្សែបណ្តាញទូរស័ព្ទអចល័ត ជាដើម។
អានបន្ថែមអគ្គិសនីកម្ពុជាដាក់ដំណើរការខ្សែបញ្ជូន ១១៥គីឡូវ៉ុល កំពង់ចាម-ក្រចេះ និងអនុស្ថានីយថ្មីមួយ
អគ្គិសនីកម្ពុជា បានបើកដំណើរការខ្សែបញ្ជូន ១១៥គីឡូវ៉ុល ប្រវែងប្រមាណ១០០គីឡូម៉ែត្រ ភ្ជាប់ពីក្រុងកំពង់ចាមទៅស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ព្រមជាមួយនឹង អនុស្ថានីយអគ្គិសនីព្រែកប្រសព្វ ១១៥/២២០គីឡូវ៉ុល កម្លាំង ៥០មេហ្គាវ៉ាត់ នៅក្នុងឃុំព្រែកប្រសព្វ នៃស្រុកព្រែកប្រសព្វនេះផងដែរ។ ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (ADF) ដែលបានផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីបង្កើនវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនី។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Freshnews កាលពីថ្ងៃទី៧ ខែកញ្ញា អគ្គិសនីកម្ពុជា ក៏កំពុងសាងសង់អនុស្ថានីយ ១១៥/២២គីឡូវ៉ុល កម្លាំង៥០MVA ថែមមួយទៀត នៅក្នុងទីរួមស្រុកស្ទឹងត្រង់ ដើម្បីបង្កើនការផ្គត់ផ្គង់ទៅស្រុកស្ទឹងត្រង់ ចំការលើ និងបន្តមកស្រុកក្រូចឆ្មារ។ តំបន់ទាំងនេះ កំពុងមានការអភិវឌ្ឍន៍ខ្លាំង ជាពិសេសការដាំដុះដំណាំកសិឧស្សាហកម្ម ដែលនឹងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀត និងជាការជួយបង្កើនចំណូលប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះការតភ្ជាប់អគ្គិសនីគឺជារឿងចាំបាច់។
អានបន្ថែមថៃសន្យាម្ដងទៀតថានឹងផ្តល់ឯកសារប្លង់បន្ថែមទាក់ទិននឹងប្រាសាទស្រដៀងអង្គរវត្ត ឆាប់ៗ
ក្រសួងវប្បធម៌នៃប្រទេសថៃ សន្យានឹងខិតខំប្រឹងប្រែងរៀបចំបញ្ជូនឯកសារពាក់ព័ន្ធនឹង ប្រាសាទស្រដៀងអង្គរវត្ត នៅខេត្តបូរីរាំរបស់ខ្លួន មកភាគីកម្ពុជាឆាប់ៗនេះ ក្រោយមានការ ស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជាតាំងពីខែសីហា។ ការសន្យានេះធ្វើឡើងដោយ ឯកឧត្តម Itthiphol Kunplome រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសថៃ ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យារដ្ឋលេខាធិការក្រសួងទេសចរណ៍នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីក្រុងបាងកកប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន BTV ចុះផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា។ ក្នុងកិច្ចជំនួបនោះ ក្រសួងវប្បធម៍ប្រទេសថៃ បានសន្យាថា នឹងជួយជំរុញការរៀបចំឯកសារពាក់ព័ន្ធនឹងគម្រោង សាងសង់ប្រសាទនេះ ជូនភាគីកម្ពុជាឱ្យបានឆាប់បំផុតតាមការស្នើសុំរបស់ក្រសួងវប្បធម៌កម្ពុជា។ គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏គ្រោងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកបុរាណវិទ្យាទៅពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្ដែងឆាប់ៗផងដែរ ក្រោយកូវីដស្ងប់ស្ងាត់។ (អានបន្ថែម)
អានបន្ថែមតំបន់វិស្សមកាលក្រសួងការពារជាតិលើដីជាង ១ពាន់ហិកតា នឹងបើកការដ្ឋានឆាប់ៗ
ក្រសួងការពារជាតិ នឹងចាប់ផ្តើមស្ថាបនា តំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា លើដីជាង ១០០០ហិកតា នៅខេត្តកោះកុង ឆាប់ៗខាងមុខនេះ បន្ទាប់ពីបានកំណត់ព្រំដីនៃគម្រោងត្រូវបានធ្វើឡើងរួចរាល់ហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុងកាល ពីថ្ងៃទី៣ ខែកញ្ញា។ ការចុះពិនិត្យទីតាំងដី ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកសុខ សុទ្ធី អភិបាលរង ខេត្តកោះកុង និងនាយឧត្តមសេនីយ៍ឯក សឿន រឿត ដែលជាទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់។ លោក សុខ សុទ្ធី បានឱ្យដឹងថា ការចុះពិនិត្យទីតាំង គឺដើម្បីចង្អុលបង្ហាញ និងអនុញ្ញាតឱ្យគ្រឿងចក្រនៃកងវិស្វកម្មក្រសួងការពារជាតិ ចាប់ផ្តើមឈូសឆាយព្រំដី និងបោះបង្គោលព្រំដីតាមនិយាមកាដែលបានកំណត់រួចហើយ។ តាមផែនការ ដីសម្រាប់ធ្វើជាតំបន់អភិវឌ្ឍនេះ មានទីតាំងស្ថិតនៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង កាលពីខែកក្កដា បានសម្រេចប្រគល់ដីរដ្ឋ ១ ១០២ ហិកតា ទៅក្រសួងការពារជាតិដើម្បីបង្កើតជាងតំបន់អភិវឌ្ឍ និងតំបន់វិសមកាលក្រសួងការពារជាតិ ក្រោមឈ្មោះ «សម្តេចពិជ័យសេនា ទៀ បាញ់»។ (អានបន្ថែម)
អានបន្ថែម