ស្ពានឆ្លងកាត់ជ្រោះធំជាងគេប្រវែង ២២៥ម៉ែត្រ នៃគម្រោងផ្លូវល្បឿនលឿនលេចរូបរាងបណ្ដើរៗហើយ

ក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវល្បឿនលឿន បានឱ្យដឹងថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់ ២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានលេចចេញបណ្ដើរៗហើយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ពាននេះស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ ១៧៨ ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ ខណៈបច្ចុប្បន្នក្រុមការងារ សម្រេចការសាងសង់សសរធ្នឹមស្ពានខ្ពស់ទីមួយ រួចរាល់ហើយ។ គួររំឭកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចការសាងសង់បាន ៦៤% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។ (អានបន្ថែម) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕

អាន​បន្ថែម

ក្រុមហ៊ុនដឹកប្រេងរត់ស្នើដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការលើករណីបាត់ប្រេង ៣០ម៉ឺនបារ៉ែល

ក្រុមហ៊ុនម្ចាស់កប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា World Tankers Management កំពុងព្យាយាមចង់ដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជុំរិញសំណុំរឿងលួចប្រេង ៣០ម៉ឺនបារ៉ែល ពីកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងជាផ្លូវការ។ ក្រុមហ៊ុនគ្រប់គ្រងកប៉ាល់នេះ បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធលើសំណុំរឿងនេះ។ យោងតាមសារព័ត៌មានខ្មែរថាមន៍ ដែលបានដកស្រង់សម្ដីពីតំណាងក្រុមហ៊ុនចុះផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា នេះថា «បច្ចុប្បន្ននេះភាគីទាំងអស់កំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីធានាថា ស្ថានការណ៍នេះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ហើយយើងជឿជាក់នឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះ»។ ជុំវិញបញ្ហានេះ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣ ខែកញ្ញា ថា ប្រេងដែលកប៉ាល់ MT Strovolos ដឹកចេញ ជាកម្មសិទ្ធរបស់កម្ពុជា។ ហើយការចាកចេញរបស់នាវា MT Strovolos គឺធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយពីសំណាក់អាជ្ញាធរកម្ពុជា ដែលផ្ទុយនឹងច្បាប់កម្ពុជា។ (អានបន្ថែម) ក្រសួងក៏បានស្នើសុំជំនួយជាផ្លូវការ ពីរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ក្នុងការនាំខ្លួនជនល្មើស និងបក្ខពួក រួមទាំងប្រេងឆៅរបស់កម្ពុជាជិត ៣០ម៉ឺនបារ៉ែល មកវិញផងដែរ។

អាន​បន្ថែម

ភ្នំពេញនឹងសង់ផ្លូវថ្មី ២ ខ្សែ ភ្ជាប់ផ្លូវ ៦A ដល់មហាវិថីឈ្នះ ឈ្នះ ត្រៀមសម្រាប់កីឡាស៊ីហ្គេម

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាផ្លូវថ្មីចំនួន ២ខ្សែ បន្ថែមទៀត ចាប់ពីចំនុចផ្លូវជាតិលេខ៦A ដល់មហាវិថីឈ្នះឈ្នះ ដើម្បីត្រៀមប្រើប្រាស់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើតាមកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា បច្ចុប្បន្នក្រុមការងារកំពុងពិភាក្សាលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងនៃការស្ថាបនាផ្លូវនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្លូវទាំង២នេះនឹងត្រូវស្ថាបនាចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ឯកឧត្តមបន្តថា ផ្លូវទាំង២ខ្សែនេះ មិនត្រឹមតែជួយសម្រួលដល់ការប្រកួតកីឡាស៊ីហ្គេមប៉ុណ្ណោះទេ តែក៏នឹងជួយសម្រួលរំហូរចរាចរណ៍ផ្លូវជាតិលេខ៦ ឱ្យមានសណ្តាប់ធ្នាបថែមមួយកម្រិតទៀត៕ គួររំឭកផងដែរថា បច្ចុប្បន្នពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាត្រៀមការប្រកួតកីឡាស៊ីហ្គេម សាងសង់រួចរាល់ ១០០% ហើយ។ (អានបន្ថែម)

អាន​បន្ថែម

ខេត្តកណ្ដាលចេញវិធានការណ៍ថ្មី ៣ ចំណុច ដោះស្រាយបញ្ហាទឹកជន់លិចគម្រោងព្រលានភ្នំពេញថ្មី

រដ្ឋបាលខេត្តកណ្តាល សម្រេចចេញវិធានការណ៍ថ្មី ៣ ចំណុច ដើម្បីដោះស្រាយបញ្ហាទឹកជន់លិចបរិវេណគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ពិសេសផ្លូវរត់ទី១ (Runway 1) ដែលជាគម្រោងអាទិភាពត្រូវអនុវត្តឱ្យបានឆាប់តាមផែនការ។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល វិធានការណ៍ថ្មីទាំង ៣ រួមមាន៖ ១) បិទលូមុខ៤ ចំណុចកែងប្រឡាយ៩០ និងទំនប់៥៤ ជាបណ្តោះអាសន្ន ២) កាយផ្តាច់ទំនប់៥៤ ចាប់ពីចន្លោះប្រឡាយ៩០ ដល់ប្រឡាយ៩២ ៣) ប្រជាពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវវាង ស្របតាមមាត់ស្ទឹងទន្លេបាទី គួរបញ្ជាក់ផងដែរ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានប្រកាសឡើងកាលពីឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ១,៥ពាន់លានដុល្លារ។ តាមការគ្រោងទុក អាកាសយានថ្មីនេះ នឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ៕

អាន​បន្ថែម

គម្រោងពង្រីកកំពង់ផែទឹកជ្រៅនៅព្រះសីហនុត្រូវបានពន្យារពេលបើកការដ្ឋាន

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅឆ្នាំ២០២២ វិញ ដោយសារការងារគូសប្លង់នៃគម្រោងមិនទាន់បញ្ចប់។ នេះបើយោងតាមលោក ថៃ រិទ្ធី អគ្គនាយករងនៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្លារ ពីប្រទេសជប៉ុន។ (អានបន្ថែម) បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ ក្រោយជំហានទី ១ (ជម្រៅ ១៤,៥ម៉ែត្រ) នឹងត្រូវសាងសង់ឱ្យរួច នៅឆ្នាំ ២០២៥ ម្យ៉ាងទៀតកំពង់ផែមួយនេះនឹងជួយធានាបានដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ ដែលមានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែក រដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី២ និងទី៣ ដែលមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល JICA កំពុងសិក្សាលើជំហាននេះ។ (អានបន្ថែម) លើសពីនេះ សម្រាប់រយៈពេលវែង គឺជំហានទី៤ និង […]

អាន​បន្ថែម

សរុបដំណើរដើមទងរឿងបាត់ប្រេងខ្លីៗ តាមរបាយការណ៍របស់ក្រសួង មានសង្ឈឹមបានប្រេងមកវិញទេ?

ក្រោយពីក្រុមហ៊ុន KrisEnergy ដែលជាប្រតិបត្តិករបូមប្រេងនៅអណ្ដូងអប្សរាប្រកាសក្ស័យធនកាលពីខែ មិថុនា សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសពីការដួលរលំការបូមប្រេងនៅកម្ពុជា កាលពីថ្ងៃទី ១ សីហា ឆ្នាំ ២០២១ ដោយបានប្រាប់ថាមានការលួចដឹកប្រេងស្ងាត់ៗចេញពីកម្ពុជាជិត៣០ ម៉ឺនបារ៉ែល។ បន្ទាប់មកសម្ដេចប្រកាសដូច្នេះ ក្រសួងរ៉ែ និងថាមពល ក៏បានចាប់ផ្ដើមស្រាវជ្រាវ ហើយចេញប្រកាសពណ៌ក្រហមមួយ ទៅកាន់ប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ ស្នើសុំកិច្ចសហការក្នុងការរឹបអូសនាវានោះ។ រហូតមកដល់ថ្ងៃទី ២៥ សីហា ប្រទេសឥណ្ឌូនេស៊ីបានឃាត់ចាប់កប៉ាល់ផ្ទុកប្រេងបរិមាណជិត ៣០ ម៉ឺនប៉ារ៉ែល និងនាវិកជាង១០នាក់ ដែលមានឈ្មោះថា MT Strovolos។ ក្រោយស្រាវជ្រាវ ម្ចាស់នាវា MT Strovolos មិនមែនជាក្រុមហ៊ុន KrisEngery ទេ តែជាក្រុមហ៊ុន World Tankers Management គឺជាក្រុមហ៊ុន ដែលKrisEngery ជួលមកដឹកប្រេងឱ្យ។ បើតាមក្រសួងរ៉ែ ក្រុមហ៊ុន-World Tankers Management បានបញ្ជាឱ្យនាវានេះ ចាកចេញពីដែនទឹកកម្ពុជា នាម៉ោង៨យប់ថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ ហើយមូលហេតុអាចមកពីក្រុមហ៊ុន KrisEnergy […]

អាន​បន្ថែម

មជ្ឈមណ្ឌលស្ដារនីតិសម្បទាថ្មីទំហំជាង ១០ហិកតា នៅខេត្តកណ្ដាល សាងសង់បាន ៤០% ហើយ

គម្រោងសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើដីទំហំជាង ១០ ហិកតា នៅខេត្តកណ្ដាល សម្រេចបានជាង ៤០% ដោយគម្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២២ ខាងមុខ។ នេះបើតាមរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកញ្ញា។ មានទីតាំងស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង គម្រោងនេះនឹងមានការសាងសង់អាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាង អគារស្នាក់នៅសម្រាប់បុរស-នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អាគារអប់រំផ្លូវចិត្ត រោងបាយ និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត។ ក្រោយសាងសង់រួច មជ្ឈមណ្ឌលនេះ ត្រូវបានរំពឹងទុកថានឹងអាចទទួលព្យាបាលអ្នកញៀនគ្រឿងញៀនបានប្រមាណជាង២ពាន់នាក់។

អាន​បន្ថែម

គម្រោងសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដថ្មី នៅខេត្តព្រះសីហនុ បើកការដ្ឋានហើយ

រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់មន្ទីរពេទ្យថ្មីមួយខ្នង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្ទាល់។ មានឈ្មោះថា «អគារតេជោព្យាបាលជំងឺកូវីដ-១៩» អគារថ្មីនេះកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី។ អគារព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦ គ្រែ សម្រាប់គ្រែ០១ជាន់ ឬអាចបានចំនួន ៧១២ គ្រែ ប្រសិនប្រើគ្រែ០២ជាន់។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ នឹងបញ្ចប់ការសង់រយ:ពេល ៣ខែ ហើយនឹងត្រូវប្រើប្រាស់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ប៉ុណ្ណោះ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងកិច្ចត្រួតពិនិត្យការដ្ឋានកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមកនេះ ថា ក្រោយពីបញ្ចប់ជំងឺរាតត្បាតនៃកូវីដ-១៩ រដ្ឋបាលខេត្ត អាចកែសម្រួលអគារ ដើម្បីព្យាបាលជំងឺទូទៅបន្ថែមទៀត ទៅតាមស្ថានភាពជាក់ស្តែង៕

អាន​បន្ថែម

អាជ្ញាធរស្នើឱ្យពលរដ្ឋជិះវាងផ្លូវ ៣៧១ រយៈពេល ២ខែ ដើម្បីពន្លឿនការដ្ឋានស្ថានីយបូមទឹកបឹងទំពុន

ការដ្ឋានស្ថានីយបូមទឹកបឹងទំពុន ជំហានទី២ នៅតែបន្តដោយរលូន បច្ចុប្បន្នក្រុមការងារកំពុងត្រៀមជីកកាត់ទទឹងផ្លូវលេខ ៣៧១ ដើម្បីដាក់បំពង់ខ្នាតធំ ៣ ខ្សែ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យពលរដ្ឋសូមជិះវាងផ្លូវនេះ ចាប់ពីថ្ងៃទី៦ កញ្ញា ដល់ ៥ វិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះត្រង់ចំណុចការដ្ឋាន។ ក្នុងរយៈពេលសាងសង់នេះ ការដ្ឋាននឹងរៀបចំផ្លូវចរាចរបណ្តោះអាសន្នទៅមកសម្រាប់រថយន្តតូច-ម៉ូតូ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នេះតែប៉ុណ្ណោះ។ ស្ថានីយបូមទឹកបន្ថែមជំហានទី២ នេះ នឹងមានការបំពាក់ម៉ូទ័រខ្នាតធំទំហំអង្កត់ផ្ចិត១.៥ម ចំនួន១គ្រឿង និងទំហំអង្កត់ផ្ចិត១.២ម ចំនួន២គ្រឿង មានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី។ ក្រោយសាងសង់ចប់គ្រប់ដំណាក់កាល ស្ថានីយនេះ នឹងក្លាយជាស្ថានីយបូមទឹកធំជាងគេដែលមានសមត្ថភាពបូមទឹកសរុប ៣៣មែត្រគូបក្នុង១វិនាទី និងជាស្ថានីយបូមទឹកដែលបំពាក់ម៉ូទ័រខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ(អង្កត់ផ្ចិត ១.៥ម)។ ស្ថានីយនេះទៀតសោត នឹងជួយដោះស្រាយបញ្ហាទឹកជំនន់ជន់លិច នៅភូមិសាស្រ្ត ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ៕

អាន​បន្ថែម

មជ្ឈមណ្ឌលធុរកិច្ចថ្មី តម្លៃ២,៧លានដុល្លារ បើកការដ្ឋានសាងសង់ក្រោមជំនួយរបស់កូរ៉េខាត្បូង

អគារមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលធុរកិច្ចថ្មីនៃកម្ពុជា ឬNICC បានការដ្ឋានសាងសង់ជាផ្លូវការហើយ នៅក្នុងបរិវេណនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ក្រោមជំនួយ ៨ លានដុល្លារ ពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA។ ពិធីបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមវត្តមានរបស់ ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Park Heung-kyoeng អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឯកឧត្តម Rho Hyunjun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ KOICA និងឯកឧត្តម ជាតិ ជាលី សកលវិទ្យាធិការ។ បើតាមផែនការ មជ្ឈមមណ្ឌលនឹងត្រូវសាងសង់ជាអគារកម្ពស់ ៣ ជាន់ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខ។ ឯកឧត្តម Rho Hyunjun សង្ឃឹមថាគម្រោងនេះ នឹងក្លាយជាការបោះជំហានសំខាន់មួយទៀតដើម្បីគាំទ្រដល់ ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមបច្ចេកវិទ្យាឌីជីថល និងបណ្តាញទីផ្សារនៅកម្ពុជា ពិសេសចូលរួមលើកកម្ពស់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយឱ្យអាចបង្កើតអាជីវកម្មដោយខ្លួនឯងបានដោយមានប្រសិទ្ធភាព។

អាន​បន្ថែម