ព័ត៌មានសំណង់
គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ ថ្មីមួយទៀត នៅបាត់ដំបង នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំនេះ
ក្រុងបាត់ដំបងប៉ែកខាងលិច នឹងមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំថ្មីមួយទៀត ដែលមានសមត្ថភាពចម្រោះទឹកដល់ទៅ ១២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយការដ្ឋានគ្រោងនឹងចាប់ផ្តើមដំណើរការអនុវត្តក្នុងឆ្នាំ២០២១នេះ។ ជាមួយគ្នានេះដែរ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅត្រើយខាងកើត ដែលបច្ចុប្បន្នកំពុងសាងសង់ មកទល់ពេលនេះ សម្រេចបានប្រមាណ ៥% ហើយ។ នេះបើយោងតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាលថ្ងៃទី១៥ ខែមិថុនា។ លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា គម្រោងត្រើយខាងកើតដែលកំពុងសាងសង់នេះ គ្របដណ្តប់លើផ្ទៃដីជិត១០ហិកតា ត្រើយខាងកើតស្ទឹងសង្កែ ហើយមានសមត្ថភាពអាចសម្អាតទឹកកខ្វក់ជាង ៨ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ហើយទឹកនេះអាចយកទឹកទៅប្រើប្រាស់លើការស្រោចស្រពដំណាំបានផងដែរ ។ តាមផែនការគម្រោងនេះនឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តតាំងពីអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងមកម្លេះ។
អានបន្ថែមខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់ ក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នឹងបើកការដ្ឋាន ថ្ងៃទី ២១ មិថុនានេះ
អគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នៅតាមបណ្ដោយផ្លូវថ្មី ក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ ខណៈរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងប្រកាសឱ្យម្ចាស់អចលនទ្រព្យ និងម្ចាស់ដីដែលស្ថិតនៅភូមិ៦ និងភូមិគគីរទាំងអស់ត្រូវចូលរួមសហការ។ បណ្តាញបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់នេះ នឹងមានទទឹងប្រវែង ៤០ម៉ែត្រ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលតភ្ជាប់ពីភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដូច្នេះ ដើម្បីសម្រួលដល់ដំណើរការសាងសង់ អ្នកដែលកំពុងរស់នៅលើទីតាំងដីខាងលើ ត្រូវបង្កភាពងាយស្រួលដល់ក្រុមការងារក្នុងការចុះវាស់វែងកំណត់ទទឹងផ្លូវ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នេះ គឺដើម្បីបង្កើតមានស្ថិរភាព និងគុណភាពអគ្គសនី ក៏ដូចជាដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។
អានបន្ថែមខ្សែបញ្ជូនអគ្គិសនីក្រោមសមុទ្រប្រវែង៧២០គម វែងជាងគេលើពិភពលោក នឹងបើកដំណើរការសប្ដាហ៍នេះ
គម្រោងស្ថាបនាខ្សែបញ្ជូនអគ្គិសនីក្រោមសមុទ្រដែលវែងជាងគេបំផុតនៅលើពិភពលោកប្រវែង ៧២០គីឡូម៉ែត្រ តភ្ជាប់ពីចក្រភពអង់គ្លេស ទៅប្រទេសន័រវែស បានបញ្ចប់ជាស្ថាពរហើយ ដោយគ្រោងនឹងបើកដំណើរការសាកល្បងក្នុងសប្តាហ៍នេះ។ ការធ្វើតេស្តបញ្ជូនអគ្គិសនីដំបូងនឹងចាប់ផ្តើមពីតង់ស្យុងទាប ហើយនឹងសាកល្បងជាមួយនឹងតង់ស្យុងខ្ពស់ក្នុងសប្តាហ៍បន្ទាប់ៗ។ សាងសង់ឡើងក្រោមការបណ្តាក់ទុនរួមគ្នារវាងអគ្គិសនីជាតិនៃចក្រភពអង់គ្លេស និងក្រុមហ៊ុន Statnett របស់ប្រទេសន័រវេស ខ្សែបញ្ជូនថាមពលដ៏វែងនេះ នឹងអាចផ្ទុកថាមពលបានរហូតដល់ទៅ ១,៤ ជីហ្គាវ៉ាត់ ឬស្មើថាមពលរបស់រោងចក្រនុយក្លេអ៊ែរមួយទាំងមូល។ មុខងារចម្បងនៃខ្សែបញ្ជូនថាមពលគឺដើម្បីជំរុញការផ្លាស់ប្តូរថាមពលកកើតឡើងវិញ (ថាមពលបៃតង) រវាងប្រទេសទាំងពីរ ពោលគឺដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុល។ យោងទៅតាមនាយកគ្រប់គ្រង់សំណង់នៃគម្រោងលោក Nigel Williams ទីក្រុង Blyth នៃចក្រភពអង់គ្លេស គឺល្បីរឿងថាមពលដើរដោយខ្យល់ ដូច្នេះនៅថ្ងៃដែលមានខ្យល់ខ្លាំង អង់គ្លេសអាចបញ្ជូនថាមពេលដែលប្រើប្រាស់មិនអស់ទៅប្រទេសន័រវែស។ ដូចគ្នានេះ សម្រាប់ថ្ងៃណាដែលគ្មានខ្យល់ អង់គ្លេសអាចនាំចូលអគ្គិសនីពីទីក្រុង Kvilldal នៃប្រទេសន័រវេស ដែលជាប្រភពរោងចក្រវារីអគ្គិសនីធំៗជាច្រើន ។ លោក Williams ឱ្យបានបន្ថែមថា ខ្សែកាបនេះត្រូវបានកប់នៅក្រោមសមុទ្រដោយមានទូកដាក់ខ្សែកាបឯកទេសដែលអាចផ្ទុកបានខ្សែទម្ងន់ធ្ងន់ដល់ទៅ ១ ម៉ឺនតោន។ លើសពីនេះ ក្រុមការងារ ក៏បានសាងសង់ទូកដ៏ធំ ដើម្បីដាក់ខ្សែកាបឆ្លងកាត់បឹងដ៏ធំនៅប្រទេសន័រវេសផងដែរ ។ ប្រភពដដែលបានឱ្យដឹង ខ្សែបញ្ជូនថាមពលនេះរំពឹងថានឹងអាយុកាលយ៉ាងហោចណាស់ ៥០ ឆ្នាំ។
អានបន្ថែមខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី ទាក់ទាញរោងចក្រថ្មី៣ តម្លៃជិត១៥លានដុល្លារ
ខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី កំពុងតែមានសក្ដានុពលខ្លាំង ដោយថ្មីៗនេះទើបតែទាក់ទាញគម្រោងវិនិយោគរោងចក្រថ្មី ៣ធំៗ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តម្លៃសរុបប្រមាណជិត ១៥លានដុល្លារអាមេរិក។ គម្រោងទី១ គឺជាការវិនិយោគ ២,៤ លានដុល្លាររបស់ក្រុមហ៊ុន J.A.K GARMENT CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែក គម្រោងទី២ គឺរោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃ ៤,៣លានដុល្លារ វិនិយោគដោយ PREMIER TECH GARMENT (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ចុងក្រោយ រដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO., LTD បោះទុន ៨,២លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ […]
អានបន្ថែមKrisEnergy នឹងឡើងតុលាការនៅខែក្រោយ ខណៈស្ថានភាពបូមប្រេងនៅមិនច្បាស់លាស់
ក្រុមហ៊ុន KrisEnergy ប្រកាសថា សំណុំរឿងស្នើរំលាយក្រុមហ៊ុន នឹងឡើងសាវនាការសម្រេចក្តី នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ ខណៈប្រតិបត្តិការបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) នៅកម្ពុជា បានផ្អាកបណ្តោះអាសន្ន។ កាលបរិច្ឆេទសវនាការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមេ បានប្រកាសរំលាយក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនា កន្លងមក ក្រោមហេតុផលជាប់បំណុលធ្ងន់ធ្ងរ មិនមានលទ្ធភាពសងត្រឡប់។ (អានបន្ថែម និងបន្ថែម) ទាក់ទិននឹងបញ្ហានេះដែរ ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នៅក្នុងកាលរង់ចាំការចាត់ចែងរបស់តុលាការ និងការចរចារវាងភាគីថ្មីដែលទទួលបានសិទ្ធបន្ត ជាមួយរាជរដ្ឋាភិបាល ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា នឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ឯកឧត្តម ម៉េង សក្តិធារ៉ា បញ្ជាក់បន្ថែមថា ប្រតិបត្តិការធំៗ និងគម្រោងអភិវឌ្ឍន៍ជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរាជរដ្ឋាភិបាល និងម្ចាស់បំណុលដែលទទួលបានសិទ្ធបន្តពីតុលាការ។
អានបន្ថែមជប៉ុនគ្រោងផ្ដល់ជំនួយ ១០ពាន់លានដុល្លារ លើគម្រោងកាត់បន្ថយឧស្ម័នពុលនៅអាស៊ាន
ប្រទេសជប៉ុនកំពុងរៀបចំផែនការបោះទុនទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ដើម្បីជួយប្រទេសនានាក្នុងអាស៊ានកាត់បន្ថយការបំភាយឧស្ម័នពុល។ នេះបើយោងតាមសារព័ត៌មានជប៉ុន Nikkei Asia កាលថ្មីៗនេះ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រទេសជប៉ុននឹងជាអ្នករៀបចំផែនការមេបង្ហាញផ្លូវ ក៏ដូចជាអ្នកប្រមូលទុកពីវិស័យរដ្ឋនិងឯកជន ដើម្បីត្រៀមផ្ដល់ឱ្យប្រទេសអាស៊ានទាំង១០។ បើយោងតាមប្រភពដដែល ទឹកប្រាក់១០ពាន់លាន់ដុល្លារនេះ នឹងត្រូវប្រើប្រាស់អនុវត្តគម្រោងនានាដូចជា ការរៀបចំផែនការសន្សំសំចៃថាមពល ការសាងសង់រោងចក្រថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរពីរោងចក្រថាមពេលធ្យូងថ្មទៅជារោងចក្រឧស្ម័នធម្មជាតិរាវ និងការប្រើប្រាស់អាម៉ូញាក់លាយនឹងធ្បូងថ្មក្នុងការផលិតថាមពលជាដើម។ ក្រៅពីនេះ ជប៉ុនក៏នឹងជួយបណ្តាប្រទេសអាស៊ានលើផ្នែកបច្ចេកវិទ្យា និងការអប់រំធនធានមនុស្សផងដែរ ពិសេសលើបច្ចេកវិទ្យាថ្មីៗ ដូចជាការកប់កាបូនឌីអុកស៊ីតនៅក្រោមដីជាដើម។ គួរបញ្ជាក់ថា គម្រោងទឹកប្រាក់ ១០ ពាន់លានដុល្លារនេះ ធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនបានប្តេជ្ញាថា នឹងជួយពិភពលោកកាត់បន្ថយឧស្ម័នពុល ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ យោងតាមរបាយការណ៍របស់ Nikkei Asia គម្រោងនេះមិនត្រឹមជួយបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយផ្លាស់ប្តូរបរិយាកាសធុរកិច្ចក្នុងតំបន់ផងដែរ ពោលគឺនឹងទាក់ទាញវិនិយោគិនកាន់តែច្រើន ពិសេសអ្នកវិនិយោគធំៗដែលខ្វល់អំពីបញ្ហាបរិស្ថាន។ ហេតុផលមួយទៀតដែលជប៉ុនផ្ដល់ជំនួយនេះ គឺដើម្បីប្រឆាំងនឹងប្រទេសចិន។ ជប៉ុន យល់ឃើញថា បើជប៉ុនមិនជួយបណ្តាប្រទេសអាស៊ានទេ វានឹងបង្កើតឱកាសឱ្យប្រទេសចិនក្នុងការចូលមកសាងសង់រោងចក្រថាមពលធ្យូងថ្ម និងធ្វើអាជីវកម្មផ្សេងៗទៀតបាន ដែលនាំឱ្យចិនមានឥទ្ធិពលកាន់តែខ្លាំង។ យោងតាមការស្រាវជ្រាវ បច្ចុប្បន្ន ជាង ៨០% ប្រភពអគ្គិសនីនៃអាស៊ាន គឺពីរោងចក្រថាមពលចំហេះឥន្ធនៈផូស៊ីល ដែលប៉ះពាល់ដល់បរិស្ថានខ្លាំង ខណៈថាមពលកកើតឡើងវិញគឺនៅមានកម្រិត។
អានបន្ថែមកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ឃុំប៉ាក់ខ្លងខេត្តកោះកុង បិទជួសជុលចាប់ពីថ្ងៃនេះទៅ
ផ្នែកខាងឆ្វេងនៃកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នឹងត្រូវបិទជួសជុលជាបណ្តោះអាសន្ន ដោយចរាចរនឹងត្រូវពង្វាងទៅខាងស្តាំទាំងអស់ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។ ការផ្អាកចរាចរណ៍ គឺដោយសារតែផ្លូវរងការខូចខាតដោយជំនន់ទឹកភ្លៀង និងបានហូរច្រោះស្រុត ដូច្នេះក្រុមការងារត្រូវធ្វើការជួសជុល។ អាស្រ័យហេតុខាងលើនេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មេត្តាប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា៕
អានបន្ថែមអាមេរិក និង G7 គ្រោងចាក់លុយ ៤០ទ្រីលានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទសកំពុងអភិវឌ្ឍដើម្បីទប់ឥទ្ធិពលចិន
សហរដ្ឋអាមេរិក និងសមាជិកប្រទេសមហាអំណាចឧស្សហកម្ម G7 កាលពីថ្មីៗនេះ បានបង្ហាញពីផែនការចង់ផ្ដល់ជំនួញហិរញ្ញវត្ថុសរុបជាង ៤០ទ្រីលានដុល្លារ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទសកំពុងអភិវឌ្ឍ ដើម្បីប្រឆាំងទប់នឹងអំណាចគម្រោងផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់របស់ចិន។ នេះបើយោងសារព័ត៌មានរ៉យទ័កាលពីម្សិលមិញនេះ។ ប្រទេសទាំង ៧ បានពិភាក្សាគ្នាអំពីបញ្ហានេះក្នុងជំនួបកំពូលនៅប្រទេសអង់គ្លេសកាលពីសប្តាហ៍មុនដែលក្នុងនោះ របៀបវារៈមួយនៃកិច្ចប្រជុំ គឺត្រូវស្វែងរកដំណោះស្រាយទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅលើពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។ គម្រោងតម្លៃជាង ៤០ទ្រីលានដុល្លារ មានឈ្មោះថា Build Back Better World (B3W) ឬប្រែសម្រួលជាភាសាខ្មែរថា «កសាងឡើងវិញ ពិភពលោកឱ្យល្អជាងមុន» ដែលជាគម្រោងរបស់ប្រធានាធិបតីអាមេរិក Joe Biden។ បើយោងតាមមន្ត្រីជាន់ខ្ពស់របស់ប្រទេសអាមេរិក គម្រោងដ៏ធំនេះមិនមែនគ្រាន់តែជាការទប់ទល់នឹងអំណាចចិនទេ តែវាជាការផ្ដល់ជំនួយយ៉ាងស្អាតស្អំសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាការឆ្លុះបញ្ចាំងពីគុណតម្លៃ ស្តង់ដារ និងវិធីនៃការធ្វើជំនួញដែលមានតម្លាភាពរបស់ប្រទេសG7 ផងដែរ។ គម្រោងនេះ នឹងធ្វើការគៀងគរទុនពីវិស័យឯកជន ហើយយកទៅវិនិយោគលើច្រើនវិស័យជាច្រើនក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជាហេដ្ឋារចនាសម្ព័ន្ធ អាកាសធាតុ សុខភាព បច្ចេកវិទ្យាឌីជីថល និងសមភាពយេនឌ័រជាដើម។ ទោះយ៉ាងណាក្ដី កិច្ចប្រជុំនៅមិនទាន់បង្ហាញពីផែនការច្បាស់លាស់នៅឡើយទេ ថានឹងប្រមូលទុនយ៉ាងណា ហើយនឹងត្រូវផ្ដល់ជូនទៅប្រទេសកំពុងអភិវឌ្ឍយ៉ាងដូចម្ដេច? គួរបញ្ជាក់ផងដែរ គម្រោងនេះមានបំណងចង់ប្រជែងជាមួយនឹងគម្រោងផ្លូវនិងខ្សែក្រវាត់របស់ចិន ដែលចាប់ផ្ដើមកាលពីឆ្នាំ២០១៣។ […]
អានបន្ថែមការព្រាងអនុក្រឹត្យដើម្បីចាត់ការធ្ងន់លើបទល្មើសស៊ីចំណីផ្លូវឈានទៅមុខមួយជំហានទៀតហើយ
ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាថ្មីម្ដងទៀត ពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ឱ្យបញ្ចប់តាមការគ្រោងទុក។ នេះសឱ្យឃើញពីវិវឌ្ឍនភាពទៅមុនមួយជំហានទៀតហើយ សម្រាប់វិធានការណ៍បង្ក្រាបបទល្មើសរំលោភសម្បត្តិរដ្ឋ។ កិច្ចប្រជុំត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមិថុនា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋលេខាធិការ លឹម ស៊ីដេនីន ដោយផ្ដោតលើការពិភាក្សា និងផ្តល់ធាតុចូល ដើម្បីឱ្យសេចក្តីព្រាងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លើសពីនេះ កិច្ចប្រជុំក៏ពិចារណាចង់បង្កើត ក្រុមការងារអន្តរក្រសួងមកពន្លឿននិងអនុវត្តការងារនេះផងដែរ។ គួរបញ្ជាក់ផងដែរថា អនុក្រឹត្យនេះមានគោលបំណង ដើម្បីលុបបំបាត់ការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើសំណង់ផ្ទាល់ខ្លួន ក៏ដូចជាជួយកាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។ អនុក្រឹត្យនេះ នឹងជួយឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយស្រួលក្នុងការដោះស្រាយផលប៉ះពាល់ដល់ប្រជាជន ក្នុងករណីរដ្ឋមានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធណាមួយផងដែរ។ (អានបន្ថែម)
អានបន្ថែមកម្ពុជាស្នើឱ្យបារាំងបោះទុនបន្ថែមជួយសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំទី៣ នៅបាក់ខែង
កម្ពុជា កាលពីថ្មីនេះបានស្នើឱ្យប្រទេសបារាំង ពិចារណាវិនិយោគ ឬផ្តល់កម្ចីឥណទានបន្ថែម ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ចម ប្រសិទ្ធ និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក្នុងឱកាសជម្រាបលាបញ្ចប់អណត្តិ កាលពីថ្ងៃទី ១០ មិថុនា កន្លងមកនេះ។ ឯកឧត្ដម ចម ប្រសិទ្ធបានមានប្រសាសន៍ថា រដ្ឋាភិបាលបារាំងតាមរយ:ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) កន្លងមកបានជួយអភិវឌ្ឍកម្ពុជាជាច្រើន តួយ៉ាងដូចជាគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ តម្លៃជាង ១៩០លានដុល្លារ ដែលទើបតែបើកការដ្ឋានថ្មីៗនេះ។ ឯកឧត្ដមបន្តថា យ៉ាងណាក្ដី ដោយសារតែកំណើនតម្រូវការទឹកស្អាតនៅភ្នំពេញបន្តកើនឡើង ខាងក្រសួងក៏ចង់សុំស្នើឱ្យភាគីបារាំងពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទានលើវិស័យទឹកស្អាតបន្ថែមទៀត ពិសេសលើគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣។ ជាការឆ្លើយតប លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថានឹងបន្តពិភាក្សាលើរឿងនេះ ដោយបញ្ជាក់ថាវិស័យទឹកស្អាតនឹងនៅតែស្ថិតក្នុងចង្កោមតាអាទិភាពមួយសម្រាប់ប្រទេសបារាំង ។ គួរបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ តម្លៃជាង ១៩០ លានដុល្លារ ដែលជាហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង បច្ចុប្បន្នរោងចក្រកំពុងដំណើរការសាងសង់ […]
អានបន្ថែម