គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅកោះកុងសម្រេចបាន ៥៤% ហើយ

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ភ្ជាប់ពីបាត់ដំបងទៅកោះកុង ប្រវែងជាង ១៩៨គ.ម សម្រេច បាន ៥៤,៨៩% ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី ៣ ធ្នូ នេះ។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ប្រទេសចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST)។

គម្រោងនេះរួមមានការសាងសង់ស្ពានចំនួន ២៣កន្លែង ប្រវែង ១៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប ៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ។

គម្រោងផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងសាងសង់ដោយទុន ១៨៨,៣៨ លានដុល្លារ ដែលជាកម្ចីពីចិន រួមនឹងថវិកាបដិភាគរបស់រដ្ឋ។

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ដោយចំណាយពេលសាងសង់ ៤៨ខែ ពោលគឺអាចនឹងបញ្ចប់នៃខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលជួយលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

- Video Advertisement -