CVEA រៀបចំពិព័រណ៍អចលនទ្រព្យលើកដំបូង
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនអចលនវត្ថុកម្ពុជា ហៅកាត់ថា CVEA បានរៀបចំពិព័រណ៍អចលនទ្រព្យជាលើកដំបូងរបស់ខ្លួនដើម្បីបង្ហាញពីការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា។
ព្រឹតិ្តការណ៍នេះបានរៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ សន្និបាត និងពិព័រណ៍អចលនទ្រព្យក្នុងឆ្នាំ ២០១៧ (CAMREC2017) បានធ្វើការចែករំលែកដូចជាគម្រោងខុនដូ ការអភិវឌ្ឍលំនៅឋាន និងសេវាកម្មទាក់ទងនឹងអចលនទ្រព្យផ្សេងៗជាច្រើនទៀត។

សន្និសិទខ្នាតអន្តរជាតិមួយក៏ត្រូវបានរៀបចំឡើង ដែលអ្នកជំនាញអចលនទ្រព្យជាច្រើនមកពីទូទាំងសកលលោកបានចែករំលែកតាមរយៈការធ្វើបទបង្ហាញ និងការថ្លែងសុន្ទរកថាខ្លីៗស្តីពីចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្លួនផងដែរ។
អ្នកជំនាញអចលនទ្រព្យជាតិ និងអន្តរជាតិប្រមាណ ៣៥០នាក់ បានចូលរួមព្រឹតិ្តការណ៍ដ៏ធំមួយនេះដើម្បីទទួលបាននូវចំណេះដឹង និងបច្ចេកទេសពីប្រធានសមាគមអចលនទ្រព្យមកពីប្រាំបីប្រទេសក្នុងតំបន់អាស៊ាន ដែលបានធ្វើបទបង្ហាញទស្សនៈវិស្ស័យស្តីពីនិន្នាការនៃទីផ្សារអចលនទ្រព្យពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៧ និងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៧។
បន្ថែមពីនេះ អ្នកចូលរួមក៏ទទួលបានការចែករំលែកពីអ្នកជំនាញ និងអ្នកជំនួញអចលនទ្រព្យល្បីៗរបស់កម្ពុជាផងដែរដូចជាឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា លោកឧកញ៉ា សៀរ ឬទ្ធី លោកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា លីម ឈីវហួ។

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន បួនក្រុមហ៊ុន និងក្រុមហ៊ុនអភិវឌ្ឍខុនដូចំនួនបួនក្រុមហ៊ុននាំមុខគេនៅកម្ពុជាក៏បានធ្វើបទបង្ហាញរបស់ខ្លួនស្តីពីបញ្ហាប្រឈម និងឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្មនេះផងដែរ។ ការចែករំលែកចំណេះដឹងទាំងនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់បុគ្គល រឺបណ្តាក្រុមហ៊ុន ដែលនឹងបង្កើតគម្រោងអភិវឌ្ឍ រឺមានក្តីស្រមៃចង់បង្កើតក្រុមហ៊ុនជាអ្នកអភិវឌ្ឍ។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនអចលនវត្ថុកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ជាមួយនឹងបេសកកម្មដើម្បីផ្តល់ជូនសមាជិកទាំងអស់នូវឱកាសដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យរបស់កម្ពុជា ដើម្បីជួយចូលរួមចំណែកដល់ការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន CVEA មានក្រុមហ៊ុនចុះបញ្ចីជាសមាជិកចំនួន ៩៨ក្រុមហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនពាក់ព័ន្ធនឹងអចលនទ្រព្យក្នុងស្រុកនិងអន្តរជាតិដែលកំពុងប្រតិបត្តិការនៅក្នុងកម្ពុជា។
- Video Advertisement -