ក្រសួងកំពុងពិនិត្យអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករជាចុងក្រោយ ត្រៀមអនុវត្តឆាប់ៗ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងត្រួតពិនិត្យជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យឱ្យយោបល់ និងសម្រេច។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា កន្លងទៅ។

សេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុចរិតភាព និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ពោលគឺដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ។

គួរបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃគណៈវិស្វករកម្ពុជា ក៏រៀបចំកម្មវិធីសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើសេចក្តីព្រាងស្តីពីក្រមសីលធម៌វិស្វករ ពេញលេញជាងមុនផងដែរ៕

 

 

- Video Advertisement -