EuroCham បើកវេទិកាពិភាក្សាស្តីពីឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ
អ៊ឺរ៉ូឆាំ (EuroCham ) បើកវេទិកាពិភាក្សាអាហារពេលព្រឹកមួយស្តីពីឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យមិនមែនលំនៅឋាន រួមជាមួយផលប៉ះពាល់ដែលបណ្តាលមកពីការដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ ( EBA ) និងវីរុសកូរ៉ូណា កាលពីព្រឹកថ្ងៃទី១២ ខែមីនា នៅឯភោជនីយដ្ឋានតូប៉ាស់ (Topaz)។
ប្រធានបទក្តៅៗពាក់ព័ន្ធនឹងអនុវិស័យអចលនទ្រព្យមិនមែនលំនៅឋានមួយចំនួន ត្រូវបានពិភាក្សាក្នុងព្រឹត្តិការណ៍នេះ រួមមានសុវត្ថិភាពសំណង់ វិស័យទេសចរណ៍វេជ្ជសាស្ត្រ ឧស្សាហកម្មកម្សាន្ត ការិយាល័យពាណិជ្ជកម្ម ហាងលក់រាយនិងផ្សារទំនើប វិស័យភ័ស្តុភារ និងទីផ្សារចំណតរថយន្តក្នុងទីក្រុង ជាដើម។
ក្នុងចំណោមវិស័យខាងលើវិស័យសុវត្ថិភាពសំណង់ ឧស្សាហកម្មកម្សាន្ត ឧស្សាហកម្មកម្សាន្ត ការិយាល័យពាណិជ្ជកម្ម និងភ័ស្តុភារ ត្រូវបានអ្នកជំនាញប្រមើលឃើញថា នៅមានសក្តានុពលខ្ពស់ ទោះបីជាកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗមួយចំនួន ជាពិសេសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ។
ទាក់ទងនឹងវិស័យសំណង់ ទោះបើប្រឈមនឹងបញ្ហាដក EBA ចេញ ក៏វិស័យនេះនៅតែអាចរក្សាបាននូវលំនឹងក្នុងកម្រិតមួយដដែល ពីព្រោះអ្នកវិនិយោគមានស្ថេរភាពរួច ហើយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស។ នេះដោយសារតែមាន កំណើនឧស្សាហកម្មថ្មីៗចូលមកក្នុងទីផ្សារ រួមមានការងើបឡើងនូវផលិតកម្មក្នុងស្រុក និងសមត្ថភាពក្នុងការធ្វើមូលដ្ឋានីយកម្មឧស្សាហកម្មបរទេស និងសហការជាមួយប្រទេសជិតខាង។ នេះបើយោងតាមលោក James Hodge អ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូប នៅកម្ពុជា ដែលបានលើកឡើងក្នុងវេទិកានោះ។
ជាមួយនឹងភាពមិនប្រាកដប្រជានៃផលប៉ះពាល់នៃ កូវីដ-១៩ ដោយសារការរីករាលដាលរបស់វានៅតែមិនអាចទាយទុកជាមុនបាន ការពិភាក្សានេះផ្តោតសំខាន់លើបញ្ហាប្រឈមផ្ទៃក្នុងនៃការអភិវឌ្ឍអចលនទ្រព្យកម្ពុជា ដោយងាកមកចាប់អារម្មណ៍លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង និងក្របខ័ណ្ឌច្បាប់បច្ចុប្បន្នស្តីពីច្បាប់សំណង់ និងវិស័យសុខាភិបាលពាក់ព័ន្ធនឹងសំណង់ ច្រើនជាង។
លោកបណ្ឌិតសៃមឹន ( Simon ) បានលើកឡើងនៅក្នុងគណៈពិភាក្សានោះថា “ច្បាប់សំណង់ ពិតជាជួយកែលម្អបញ្ហាសុខភាពទាក់ទងនឹងសំណង់។ ឥឡូវនេះ បញ្ហាទាំងអស់ពាក់ព័ន្ធនឹងសំណង់នេះ មានមូលដ្ឋានច្បាប់ត្រឹមត្រូវសម្រាប់យោង។ ច្បាប់សាងសង់នេះ នឹងបើកមុខសម្រាប់ដោះស្រាយបញ្ហាសព្វយ៉ាងពាក់ព័ន្ធនឹងអចលនទ្រព្យ។”
ឆ្លើយតបទៅនឹងបញ្ហាផ្ទៃក្នុងទាំងនេះ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធផ្លូវច្បាប់ គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ និងដើម្បីធានាបាននូវលំនឹងកំណើន នៃវិស័យនេះ។
អ្នកជំនាញ James បានលើកឡើងថា “ប្រឈមនឹងបញ្ហាទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ បញ្ហាច្បាប់ និងបញ្ហាកំពង់ផែ យើងត្រូវកែលម្អវា ដើម្បីសម្រួលដល់វិស័យភស្តុភាររបស់ប្រទេសកម្ពុជា។”
លោកបន្ថែមថា “ចំពោះហេដ្ឋារចនាសម្ព័ន្ធយើងត្រូវការថវិកា ដើម្បីសាងសង់ និងកែលម្អផ្លូវថ្នល់បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការចរាចរណ៍ផ្លូវគោក”។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីតំណាងចំនួន ៦៥ នាក់ ភាគច្រើនជាអ្នកវិនិយោគអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ ភ្នាក់ងារ និងទីភ្នាក់ងារវាយតម្លៃអចលនទ្រព្យ អ្នកពិគ្រោះយោបល់ផ្នែកច្បាប់ និងស្ថាប័នពាក់ព័ន្ធ។ ពិធីលៀងភោជនាហារនេះ នឹងផ្តល់ជាវេទិកាមួយសម្រាប់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យអចលនៈទ្រព្យ ដើម្បីចែករំលែកទស្សនៈ និងរឹតបន្តឹងបណ្តាញរបស់ខ្លួន។ EuroCham បង្ហាញសុទិដ្ឋិនិយម ក្នុងការបន្តធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាដ៏មានអត្ថន័យបែបនេះ បន្តទៀតនាពេលអនាគត៕
- Video Advertisement -