ក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះសិង្ហបុរី ឈានជើងចូលទីផ្សារកម្ពុជា ត្រៀមបើកគម្រោង ៣ ធំៗ

ក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះ Frasers Hospitality សមាជិកនៃក្រុមហ៊ុន Frasers Property Group នៃប្រទេសសិង្ហបុរី បានឈានជើងចូលទីផ្សារកម្ពុជា ដោយត្រៀមអភិវឌ្ឍគម្រោងអគារអាផាតមិន ៣កន្លែង នៅទីក្រុងភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយកាលពីពេលថ្មីនេះ គម្រោងទី ១ គឺ អគារ Capri by Fraser មាន ៨៨បន្ទប់ ដោយនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២២។

គម្រោងទី ២ គឺ អគារ Capri by Fraser មួយទៀត មាន ៧៨បន្ទប់ ដោយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។

ដោយឡែក នៅឆ្នាំ ២០២៦ អគារអាផាតមិន Fraser Residence Sen Sok មាន ២០០បន្ទប់ ក៏នឹងបញ្ចប់ការសាងសង់ និងបើកដំណើរការផងដែរ។

លោកស្រី Tonya Khong ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃក្រុមហ៊ុន Frasers Hospitality បានលើកឡើងថា ក្នុងមួយទស្សវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញបានវិវត្តន៍ទៅជាទីក្រុងដែលរីកចម្រើន និងរស់រវើក។

លោកស្រីថា៖ «គួបផ្សំជាមួយនឹងសេដ្ឋកិច្ចដែលមានមនុស្សវ័យក្មេង និងវិធានការស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដក៏មានប្រសិទ្ធភាព ក្រុមហ៊ុនជឿជាក់ក្នុងការនាំចូលម៉ាកយីហោបដិសណ្ឋារកិច្ច Frasers មកកម្ពុជា»។

«អចលនទ្រព្យទាំង ៣ នឹងត្រៀមខ្លួនជាស្រេចដើម្បីសម្រួលដល់ការវិលត្រឡប់នៃអ្នកដំណើរ ពិសេសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ និង RCEP ជាដើម»។

ការឈានចូលប្រទេសកម្ពុជា គឺជាសញ្ញានៃមហិច្ឆតារយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការបង្កើនវត្តមានក្នុងទីផ្សារកម្ពុជា និងអាស៊ីអាគ្នេយ៍ បន្ថែមទៀត។

គួរបញ្ជាក់ថា Frasers Property គឺក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី ដែលអភិវឌ្ឍ កាន់កាប់ និងគ្រប់គ្រងអចលនទ្រព្យនៅទូទាំងពិភពលោក។ ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម លំនៅឋាន បដិសណ្ឋារកិច្ច ផ្សារទំនើប ឧស្សាហកម្ម និងដឹកជញ្ជូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់សំណង់ស្ទាក់ទឹក ដែលអាចស្តុកទឹក ៣០០លានម៉ែត្រគូប  នៅកំពង់ធំ សង់បាន ២៥%

គិតមកដល់ពេលនេះ គម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ២៥% ហើយ។ នេះបើយោងតាម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា វឌ្ឍនភាពការងារជារួម បច្ចុប្បន្នសម្រេចបានប្រមាណ ២៥% ក្នុងនោះ៖ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំងពីខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ វឌ្ឍនភាពនៃគម្រោងសង់សំណង់ស្ទាក់ទឹក​កំពង់​គរ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កសិកម្ម​ប្រកបដោយ​ចីរភាព។ ការអាប់ដេតបន្ថែមនឹងត្រូវបានផ្តល់ជូន នៅពេលដែលគម្រោងនេះបន្តដំណើរការទៅមុខ។ - […]

ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន១០ តម្លៃ $៨៥០លាន

ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ១០គម្រោង ក្រោមទុនវិនិយោគ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ពាន់កន្លែង។ នេះបើយោងតាមការលើឡើងរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីអបអរសាទរចំពោះក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក ក្នុងការរៀបចំពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះឯកឧត្តមបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ។ ការកើនឡើងនៃការវិនិយោគនេះត្រូវបានគេព្យាករថានឹងបង្កើតឱកាសការងារដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៣២ម៉ឺនកន្លែង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលក្នុងការបង្កើតការងារ និងស្ថិរភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមក៏បន្តទៀតថា ក្នុងចំណោមគម្រោងវិនិយោគថ្មីទាំង៤១៤នេះ មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។ ក្នុងឆ្នាំដដែលនេះ ឃើញថាការវិនិយោគក្នុងវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញការវិនិយោគយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយបានរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។ ដោយសារកម្ពុជាបានដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស ដូច្នេះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះត្រូវបានរំពឹងថានឹងជំរុញការប្រកួតប្រជែងរបស់ប្រទេសបន្ថែមទៀត ពិសេសនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ - Video Advertisement -

រោងចក្រផលិតសំបកកង់រថយន្តដ៏ធំតម្លៃ $៥០០លាន របស់ចិននៅស្វាយរៀង ចាប់ផ្តើមសាងសង់ហើយ

រោងចក្រផលិតសំបកកង់រថយន្តដ៏ធំមកពីប្រទេសចិន តម្លៃ ៥០០លានដុល្លារ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI Tire បើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ គម្រោងសាងសង់នេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាព​គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា។ គម្រោ​ងនេះ នឹងសាងសង់ជា ២ដំណាក់កាល ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០លានដុល្លារ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១.០០០ កន្លែង។ រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលបានបើកការដ្ឋានសាងសង់នេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក នេះបើយោងតាមការលើកឡើងដោយសារព័ត៌មាន CNN។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះត្រូវបានប្រកាសនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ ប្រភពដដែលនេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាសំណង់ស្ថាបត្យកម្មដ៏ធំរបស់កម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងក្លាយជាមជ្ឈមណ្ឌលដឹកអ្នកដំណើរប្រចាំតំបន់។ អាកាសយានដ្ឋាននេះ នឹងចាប់ផ្តើមដឹកអ្នកដំណើរបានចំនួន ១៣លាននាក់ក្នុងមួយឆ្នាំ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៣០លាននាក់។ ប្រភពខាងលើបន្ថែមថា សំណង់ស្ថាបត្យកម្មមួយនេះ នឹងក្លាយជាសំណង់ធំមួយក្នុងចំណោមសំណង់ដទៃទៀតនៅអាស៊ីអាគ្នេយ៍ ខណៈដែលសំណង់នេះ នឹងប្រើប្រាស់ថាមពលសូឡាចេញពីដំបូលអគារ ដែលក្លាយជាអាកាសយានដ្ឋានអន្តរជាតិប្រើប្រាស់ថាមពលបៃតងធំជាងគេក្នុងចំណោមសំណង់ស្ថាបត្យកម្មដទៃទៀតក្នុងលោក។ លើសពីនេះ សំណង់នេះ ត្រូវបានសាងសង់ឡើងទៅតាមរចនាបថប្រពៃណីខ្មែរ ដែលនៅលើដំបូលអគារបំពាក់ដោយសំណង់ឈើ។ បើមើលតាមការស្កែនពីបច្ចេកវិទ្យាឌីជីថល បានបង្ហាញថា របាដែកខាងលើនឹងស្រូបពន្លឺថ្ងៃ សម្រាប់ជួយបំភ្លឺផ្នែកខាងក្នុងដែលពោរពេញដោយរុក្ខជាតិបៃតង ខណៈពេលដែលអ្នកដំណើរនឹងទៅដល់ច្រកទ្វារចេញតាមរយៈស្លាបពីរដែលមានរាងដូចខ្យល់។ ក្រៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ CNN ក៏បានចាត់ទុកសំណង់ស្ថាបត្យកម្មដ៏លេចធ្លោចំនួន ១០ផ្សេងទៀត ក្នុងការកែប្រែមុខមាត់ពិភពលោក រួមមាន៖ ​ផ្សារត្រី New Sydney នៅទីក្រុង Sydney អូស្រ្តាលី, សាលពិពណ៍ Grand Ring នៅទីក្រុងអូសាកា ប្រទេសជប៉ុន, […]

ក្រុមហ៊ុនPENISULA ប្រកាសពង្រីកទុន $១ពាន់លានទៀត សង់សណ្ឋាគារ និងផ្សារទំនើបនៅព្រះសីហនុ

ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD គ្រោងបោះទុន ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតលើការសាងសង់សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗបន្ថែមទៀតនៅខេត្តព្រះសីហនុ។ នេះបើតាមដំណើរពិនិត្យវឌ្ឍនភាព នៃការអនុវត្តគគម្រោងវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ លោក LAI XIAO BO ប្រធានគ្រប់គ្រងគម្រោងក្រុមហ៊ុនខាងលើ បានឱ្យដឹងថា តាមការវាយតម្លៃចុងក្រោយ ក្រុមហ៊ុនគ្រោងបោះទុន ១០០០លានដុល្លារ លើការសាងសង់ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ ខណៈកាលពីមុនគ្រោងចំណាយថវិកាត្រឹមតែ ៥៧៤លានដុល្លារ ប៉ុណ្ណោះ។ លោកបន្តថា នៅក្នុងគម្រោងសាងសង់នេះ បានធ្វើការបែងចែកជា ២តំបន់ គឺតំបន់ A និងតំបន់B។ ក្នុងនោះ តំបន់ A មានដូចជា៖ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការងារសាងសង់នៅឆ្នាំ២០២៨។ ចំណែក តំបន់ B […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានគម្រោងវិនិយោគថ្មី ៤១៤ ស្មើនឹង $៦,៩ ពាន់លាន កើន ៥៤%

នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង កើន​​​ពី ២៦៨ គម្រោងនៅឆ្នាំ២០២៣ ស្មើនឹង ៥៤%។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ។ គម្រោងវិនិយោគដែលទទួលបានការអនុញ្ញាតខាងលើនេះ មានទំហំទុនវិនិយោគសរុបចំនួន ៦.៩០០លានដុល្លារ កើនឡើង ៤០% នៅក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនតែ ៤.៩២៧លានដុល្លារប៉ុណ្ណោះ។ សម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ដឹក​នាំកិច្ចប្រជុំក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជាលើកដំបូង​នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការងារក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចាត់ទុកថា ការកើនឡើងនៃគម្រោងវិនិយោគនេះ គឺដោយសារ កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិកាន់តែប្រសើរ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ បាននិងកំពុង​ដោះស្រាយ​ការ​លំបាក និង​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជនសំដៅបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរសម្រាប់​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស។ - Video Advertisement -