ក្រុមហ៊ុនធំៗចាប់ផ្តើមសម្រុកមកដំឡើងមជ្ឈមណ្ឌលបច្ចេកវិទ្យា AI និងស្ថានីយផ្ទុកទិន្នន័យខ្លៅដ៍ (Cloud) នៅម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងថៃ

ក្រុមហ៊ុន Google នឹងវិនិយោគ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និងដំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Google Cloud នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាការពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនដ៏សំខាន់មួយទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានគោលបំណងជំរុញមហិច្ឆតាឌីជីថលរបស់ប្រទេសម៉ាឡេស៊ី តាមរយៈការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើបសម័យឌីជីថលផ្សេងទៀត ដើម្បីលើកកំពស់ឧស្សាហកម្មម៉ាឡេស៊ីក្នុងស្រុកនានា ឱ្យកាន់តែមានឥទ្ធិពលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ការ​ប្រកាសរបស់ក្រុមហ៊ុន​នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤។

មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ថ្មី នឹងមានទីតាំងនៅក្នុងសួនពាណិជ្ជកម្មឈ្មោះ Elmina របស់ក្រុមហ៊ុន Sime Darby Property ក្នុងទីក្រុង Selangor ។ គ្រឿងបរិក្ខារទាំងនេះ នឹងផ្តល់ថាមពលដល់ការដាក់ឱ្យប្រតិបត្តិការនូវសេវាកម្ម Google ផ្សេងៗ ដូចជាការស្វែងរកព័ត៌មានទូទៅ ការប្រើប្រាស់ផែនទីឌីជីថល និងកន្លែងធ្វើការ ព្រមជាមួយនឹងការផ្តល់សេវាកម្ម AI និងដំណោះស្រាយលើប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ដល់អាជីវកម្មក្នុងស្រុក និងស្ថាប័នសាធារណៈ។

លោក Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Google បាននិយាយថា “ប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Google កំពុងសហការគ្នាក្នុងការជំរុញការងាររួមគ្នារបស់យើង ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រសម្រាប់ការច្នៃប្រតិដ្ឋ និងទាញយកមកប្រើប្រាស់នូវសក្តានុពលនៃបរិវត្តកម្មឌីជីថល”។

កាលពីខែវិច្ឆិកាឆ្នាំមុន រដ្ឋាភិបាលម៉ាឡេស៊ី និងក្រុមហ៊ុន Google បានផ្តួចផ្តើមកិច្ចសហការដើម្បីពន្លឿនការបង្កើតថ្មីក្នុងស្រុក។ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្តែងចំណាប់អារម្មណ៍ថា ការអភិវឌ្ឍន៍នេះស្របតាមចក្ខុវិស័យរបស់ខ្លួនដែលចង់ប្រែក្លាយជាប្រទេសជឿនលឿនដែលមានចរន្តសេដ្ឋកិច្ចគាំទ្រដោយប្រព័ន្ធឌីជីថល។

ថ្មីៗនេះ ប្រទេសអាស៊ីអាគ្នេយ៍ដែលមានប្រជាជនយល់ដឹងផ្នែកបច្ចេកវិទ្យាចំនួន ៦៧០ លាននាក់ នៅតែបន្តទាក់ទាញការវិនិយោគសំខាន់ៗពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក។ ជាឧទាហរណ៍ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella ថ្មីៗនេះ ក៏បានប្រកាសថានឹងវិនិយោគថវិកាប្រមាណ $២,២ ពាន់លាន ក្នុងការដំឡើងស្ថានីយផ្ទុកទិន្នន័យខ្លៅដ៍ នៅក្នុងប្រទេសម៉ាឡេស៊ីមួយកន្លែង និងមួយកន្លែងទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវចាយទុនវិនិយោគប្រមាណ $១,៧ ពាន់លានផងដែរ។

លើសពីនេះទៀតអង្គភាពផលិតឧបករណ៍បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន YTL ដែលជាក្រុមហ៊ុនសាជីវកម្មម៉ាឡេស៊ី ក៏ទើបនឹងបានចាប់ដៃគូជាមួយក្រុមហ៊ុន Nvidia ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ AI ថ្មី ជាមួយនឹងគម្រោងវិនិយោគតម្លៃ $៤,៣ ពាន់លាន។ ចំណែកឯ ក្រុមហ៊ុន Amazon ក៏បានបង្ហាញពីផែនការវិនិយោគជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ រួមមានគម្រោងវិនិយោគខ្ទង់  $៩ពាន់លាន នៅសិង្ហបុរី និង $៥ ពាន់លាន នៅប្រទេសថៃ និង $៦ពាន់លាន ផ្សេងទៀត នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

លំហូរនៃនិន្នាការវិនិយោគថ្មីពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើបច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត និងប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថលនេះ បានគូសបញ្ជាក់ពីសារៈសំខាន់ដែលកំពុងកើនឡើងរបស់អាស៊ីអាគ្នេយ៍ ដែលនឹងប្រែក្លាយជាមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រតិដ្ឋបច្ចេកវិទ្យា AI  និងការផ្លាស់ប្តូរទីផ្សារផ្គង់ផ្គង់ឌីជីថលសម្រាប់ពិភពលោកក្នុងពេលដ៏ខ្លីខាងមុខ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិនិយោគិនមកពីសម្ព័ន្ធក្រុមហ៊ុន East Group ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមអ្នកវិនិយោគនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើ និងលើកឡើងពីគម្រោងរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី ធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបនេះដែរ វិនិយោគិន ក៏បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការផងដែរ។ គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ […]

កម្ពុជាប្រកាសសង់កីឡដ្ឋានគោកធ្លក តម្លៃជាង ៤លានដុល្លារ នៅខេត្តកណ្ដាល

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការសាងសង់កីឡដ្ឋានថ្មីមួយ គឺកីឡដ្ឋានគោកធ្លក រួមជាមួយនឹងទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងខេត្តកណ្តាល។ គម្រោងនេះ​មាន​តម្លៃប្រមាណ ៤.៤លាន​ដុល្លារ​ ដែលជាការគូសបញ្ជាក់​ពីការ​ប្តេជ្ញាចិត្ត​របស់​សហព័ន្ធ​ក្នុង​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​បាល់ទាត់​របស់​ប្រទេស។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ FFC បានបញ្ជាក់ថា គម្រោងសាងសង់នេះត្រូវបានអនុម័តក្នុងមហាសន្និបាតលើកទី១៩ ឆ្នាំ២០២៥ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ គម្រោងនេះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈការរួមបញ្ចូលគ្នានៃមូលនិធិដែលនៅសល់ពីគម្រោង Goal Project, FIFA Forward 2.0 និងគំនិតផ្តួចផ្តើម FIFA Forward 3.0 ។ កីឡដ្ឋានគោកធ្លកនេះ មានទីតាំងនៅក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ស្ថិតនៅលើដីកម្មសិទ្ធិរបស់សហព័ន្ធកីឡាបាល់ទាត់ ដែលនឹងបំពាក់គ្រឿងបរិក្ខារទំនើបបំផុតដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ១២.០០០នាក់ ជាមួយនឹងដំណាក់កាលដំបូងដែលត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកគាំទ្រចំនួន ៤.២០០នាក់។ ពេលវេលាសម្រាប់ការសាងសង់ត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាត និងការអនុម័តចាំបាច់មួយចំនួន។ FFC មានគោលបំណងបើកសម្ពោធកីឡដ្ឋាន និងទីស្នាក់ការរបស់ខ្លួនជាផ្លូវការនៅចុងឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បាល់ទាត់កម្ពុជា។ គម្រោងនេះមិនត្រឹមតែមានគោលបំណងជំរុញហេដ្ឋារចនាសម្ព័ន្ធកីឡាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជំរុញព្រឹត្តិការណ៍ក្នុងស្រុក និងអន្តរជាតិ លើកកម្ពស់វត្តមានរបស់កម្ពុជានៅក្នុងសហគមន៍បាល់ទាត់ថែមទៀត។ - Video Advertisement -

ក្រុមហ៊ុនកូរ៉េ K-Water កំពុងសម្លឹងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា

សាជីវកម្មធនធានទឹករបស់កូរ៉េ (K-water) កំពុងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Yun Seogdae អគ្គនាយកប្រតិបត្តិក្រុមហ៊ុន K-water ក្នុងជំនួបរវាងលោក និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២៥ ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័ននានារបស់កម្ពុជា។ កិច្ចប្រជុំនេះបានលើកឡើងពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងទឹករបស់កម្ពុជា។ លោក Yun បានបង្ហាញពីចំណាប់អារម្មណ៍របស់ K-water ក្នុងការស្វែងរកលទ្ធភាពវិនិយោគដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយជំរុញឱ្យក្រុមហ៊ុន K-water ចូលរួមយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាល។ សម្តេចបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពង្រឹងភាពជាដៃគូរបស់ខ្លួននៅក្នុងតំបន់ផងដែរ។ នៅពេលដែលភាគីទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួម ការចូលរួមរបស់ K-water អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការគ្រប់គ្រងទឹករបស់ប្រទេសកម្ពុជា ធានានូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃធនធានដ៏សំខាន់មួយនេះ។ - Video Advertisement -

វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង

ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគ​ប្រមាណ​ ២៧៣​លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដី​ទំហំ​ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា​ ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ បើតាមលោកស្រី Liu Wenjing​  តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., […]

ក្រុមហ៊ុនចិន គ្រោងសង់រោងចក្រផលិតបរិក្ខាពេទ្យដ៏ធំ១នៅកំពត ក្នុងខែមីនា, ដោយរំពឹងថាអាចបង្កើតការងារបាន៣០០០កន្លែង

ស្ថិតក្នុងបរិបទនៃការផ្លាស់ប្តូរដ៏មានមហិច្ឆតាមួយ បានកំណត់ដើម្បីជំរុញការងារក្នុងស្រុក ដោយក្រុមហ៊ុនចិន KENPAX បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតឧបករណ៍វេជ្ជសាស្រ្តដ៏ធំមួយនៅក្នុងខេត្តកំពត ដោយកំណត់ថានឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះត្រូវបានរំពឹងថានឹងអាចបង្កើតឱកាសការងារប្រមាណ ៣.០០០កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ ការប្រកាស​ដ៏​សំខាន់​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ រវាង​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត និង​លោក Wayne Lin ប្រធាន​ក្រុមហ៊ុន KENPAX ។ លោកប្រធាន Lin បានរៀបរាប់ពីបទពិសោធន៍ដ៏ទូលំទូលាយរបស់ក្រុមហ៊ុនក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រ ដោយបានបង្ហាញពីបណ្តាញចែកចាយជាសកលរបស់ខ្លួនដែលមានជាង ៤០ប្រទេស នៅទូទាំងពិភពលោក។ លោក Lin បានមានប្រសាសន៍ថា “ដោយសារលក្ខខណ្ឌអំណោយផល និងសក្តានុពលរបស់ខេត្តកំពត យើងរីករាយក្នុងការវិនិយោគបង្កើតរោងចក្រថ្មីនេះ ដែលមានទីតាំងនៅភូមិព្រៃថ្មី ឃុំស្រែច័ន្ទ ស្រុកជុំគិរី”។ រោងចក្រនេះ ត្រូវបានគេរំពឹងថានឹងរួមចំណែកមិនត្រឹមតែដល់សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ទិដ្ឋភាពទូទៅនៃការថែទាំសុខភាពតាមរយៈការផ្តល់នូវផលិតផលវេជ្ជសាស្រ្តសំខាន់ៗផងដែរ។ លោកបញ្ជាក់ទៀតថា ការសាងសង់រោងចក្រ គ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ដោយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះការវិនិយោគរបស់ KENPAX ដោយបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជ្រើសរើសកម្មករដែលរស់នៅក្បែរតំបន់ដែលរោងចក្រត្រូវសាងសង់ជាជម្រើសទី១ និងបន្តជ្រើសរើសតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពតក្នុងន័យដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពតផងដែរ។ ឯកឧត្ដមបាន​កត់​សម្គាល់​ថា៖ «ការ​វិនិយោគ​នេះ​ជា​ជំហាន​វិជ្ជមានមួយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពត»។ ជាមួយនឹងការបង្កើតរោងចក្រផលិតនេះនាពេលខាងមុខ […]

ក្រុមហ៊ុនចិន ICAP បង្ហើបពីផែនការចង់វិនិយោគផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) មកពីប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនីផងដែរ។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ក្នុងនោះក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ ទន្ទឹមគ្នានោះដែរ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហើបប្រាប់សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែត អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្ដីបានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។ សម្តេចនាយករដ្ឋមន្រ្ដី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត […]