អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងរដ្ឋមន្រ្តីក្រសួងកសិកម្ម។

នាឱកាសនោះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា អគារទី២ នេះ មានទទឹង១៨ម៉ែត្រ បណ្តោយ៦២ម៉ែត្រ កម្ពស់៤ជាន់ ដែលមានទំហំដូចគ្នានឹងអគារទី១។

ឯកឧត្តម បន្ដថា អគារមន្ទីរពេទ្យបង្អែកចំនួនពីរអគារនេះ សុទ្ធតែជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

មន្ទីរពេទ្យនឹងបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន CT Scan ម៉ាស៊ីន X-Ray ឌីជីថល ម៉ាស៊ីនអេកូសាស្ត្រជាដើម។ ក្រោយសាងសង់រួច មន្ទីរពេទ្យនេះនឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ការដ្ឋានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ អគារទី១ តម្លៃ ១,៤លានដុល្លារ សាងសង់សម្រេចបានប្រមាណ៩០% ហើយ ខណៈរដ្ឋបាលខេត្តកំពុងពន្លឿន ដើម្បីឈានទៅបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំ២០២១នេះផងដែរ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សម្តេចធិបតីណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងរបស់សម្តេចក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងថា នៅថ្ងៃអនាគត អគារខ្ពស់ៗ នឹងត្រូវប្រើប្រាស់ប្រព័ន្ធហ្គាសច្រើន រួមទាំងថាមពលអគ្គិសនីផងដែរ ដែលតម្រូវឱ្យមានប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធគ្រងគ្រង និងបទដ្ឋានបច្ចេកទេស។ សម្តេចបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋ ទិញធុងហ្គាសមកដាក់ប្រើប្រាស់ក្នុងផ្ទះ ដែលអាចបង្ក​ហានិភ័យផ្ទុះ ដែលត្រូវមានក្រុមហ៊ុនមួយ សម្រាប់គ្រប់គ្រងការបំពាក់តម្លើងប្រព័ន្ធហ្គាសតាមតំបន់។​ សម្តេចបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀប​ចំប្រព័ន្ធស្តង់ដារ រួមមាន៖ប្រព័​​​ន្ធភ្លើង ប្រព័​​​ន្ធទឹក និងប្រព័​​​ន្ធហ្គាស ដោយច្របាច់បញ្ចូលគ្នាទៅក្នុងការរៀបចំផែនការគោលនយោបាយសុវត្ថិភាពសំ​ណ​​ង់​អគារ។ - Video Advertisement -

អង់គ្លេសគ្រោងសង់រោងចក្រផលិតឱសថព្យាបាលជំងឺមហារីក តម្លៃ ១,៥ពាន់លានដុល្លារ នៅសិង្ហបុរី

ក្រុមហ៊ុនផលិតឱសថដ៏ល្បីរបស់អង់គ្លេស AstraZeneca (AZN.L) គ្រោងនឹងចំណាយ ១,៥ពាន់លានដុល្លារ សាងសង់រោងចក្រនៅក្នុងប្រទេសសិង្ហបុរី ដើម្បីផលិតឱសថដែលអាចព្យាបាលជំងឺមហារីក ដែលហៅថា antibody-drug conjugates (ADCs)។ នេះបើតាមការចុះផ្សាយរបស់កាសែត Reuters កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ លោក Pascal Soriot ជានាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា ប្រទេសសិង្ហបុរី ជាប្រទេសកំពូលមួយក្នុងលោកសម្រាប់ការវិនិយោគ ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងវិស័យកម្មន្តសាលចម្រុះច្រើនប្រភេទ។ គម្រោងសាងសង់រោងចក្រនេះ នឹងក្លាយជាទីតាំងផលិតថ្នាំ ADCs ចុងក្រោយបង្អស់របស់ក្រុមហ៊ុន ដែលនឹងគាំទ្រដោយគណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី។ បន្ថែមពីនេះ គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤ ហើយនឹងដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០២៩ ដែលជារោងចក្រមិនបញ្ចេញឧស្ម័នកាបូនិចឡើយ។ គួរបញ្ជាក់ថា ថ្នាំព្យាបាលជំងឺមហារីកប្រភេទ ADCs នេះ គឺត្រូវបានផលិតឡើង ដែលអាចភ្ជាប់ខ្លួននឹងកោសិកាដុំគីស ហើយបន្ទាប់មកបញ្ចេញសារធាតុគីមីសម្លាប់កោសិកាដុំគីសនោះ។ ក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេស AstraZeneca (AZN.L) បាននឹងកំពុងពង្រីកទីផ្សាររបស់ខ្លួនចូលទៅក្នុងប្រទេសអាស៊ីជាច្រើន ដូចជាចិន ឥណ្ឌូនេស៊ី និងឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆាំ្នចុងក្រោយនេះ ដើម្បីពង្រីការផ្គត់ផ្គង់របស់ខ្លួន។ ក្នុងនោះ ក្រុមហ៊ុន បានបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកសុដន់ ឈ្មោះថា Enhertu […]

រដ្ឋប្រកាសប្រើកម្ចីជប៉ុន $១៥៤លាន បង្កើតមន្ទីរពេទ្យថ្មី ២កន្លែង នៅសៀមរាប និងកំពង់ចាម

រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតមន្ទីរពេទ្យតំបន់ចំនួន២ នៅខេត្តកំពង់ចាម និងសៀមរាប ដើម្បីសម្រួលការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់ថវិការកម្ចីពីជប៉ុន។ នេះបើតាមការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ក្នុងពិធីសន្និបាតនោះ សម្តេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាល ក្រៅពីពង្រឹងគុណភាពពេទ្យថ្នាក់ជាតិ គឺត្រូវពង្រឹងពេទ្យថ្នាក់ក្រោមជាតិផងដែរ ក្នុងនោះគឺត្រូវចាប់ផ្តើមពីពេទ្យថ្នាក់តំបន់ ដោយពង្រឹងទៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ ដើម្បីបិទគម្លាតរវាងខេត្ត និងរាជធានីតែម្តង។ សម្តេចបានបន្ថែមថា កម្ពុជាត្រូវការពេលវេលា ដើម្បីសម្រេចការងារនេះជាជំហានៗ ដោយពង្រឹងវិស័យសុខាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ ក្នុងការកសាងសមត្ថភាពរបស់មន្ត្រីសុខាភិបាល មានសមត្ថភាពព្យាបាលជំងឺប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ចំពោះគម្រោងបង្កើតមន្ទីរពេទ្យតំបន់នេះ សម្តេចបានបញ្ជាក់ថានឹងប្រើប្រាស់កញ្ចប់ថវិកាកម្ចីពីជប៉ុន ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ JICA កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ។ គួរបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងនោះ ជប៉ុនបានផ្តល់កម្ចីជាប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន ស្មើប្រមាណ ១៥៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅក្នុងប្រទេសកម្ពុជា។ (អានបន្ថែម) - Video Advertisement -

ជប៉ុនជួយកម្ពុជា ១៥៤លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍមន្ទីរពេទ្យក្នុងតំបន់

ជប៉ុនបានផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ស្មើប្រមាណ១៥៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅក្នុងប្រទេសកម្ពុជា។​ កិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ត្រូវបានចុះហត្ថលេខានៅល្ងាចថ្ងៃទី១៣ ខែមីនា ដោយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមីរ៉ាម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន នៅទីស្តីការក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ។​ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ “ការផ្តល់ឥណទានេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច”។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ការគាំទ្រនេះ នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូវអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។​ - Video Advertisement -

មន្ទីរពេទ្យតេជោសែនកោះធំតម្លៃជាង ១១លានដុល្លារ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យតេជោសែនកោះធំតម្លៃជាង ១១លានដុល្លារ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ មន្ទីរពេទ្យថ្មីនេះ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ បើតាមពិធីសម្ពោធខាងលើ អគារមន្ទីរពេទ្យតេជោសែនកោះធំ ជាសមិទ្ធលទ្ធផលសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ បានចំណាយថវិកាសរុបទាំងអស់ប្រមាណ ១១.២ លានដុល្លារ។ ក្នុងនោះដែរ ក៏មានការួមបញ្ជូលទាំងការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យបានចំណាយទឹកប្រាក់ប្រមាណ ៦.២ លានដុល្លារ និងការបំពាក់សម្ភារបរិក្ខារពេទ្យបានចំណាយទឹកប្រាក់អស់ប្រមាណ ៥លានដុល្លារ ផងដែរ។ គួបញ្ជាក់ថា មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ២៤ម៉ោងលើ២៤ម៉ោង ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ។ មន្ទីរពេទ្យតេជោសែនកោះធំនេះ ត្រូវបានបំពាក់នូវសម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្តដ៏សម្បូរបែបឱ្យស្របទៅតាមស្តង់ដារថ្នាក់ជាតិ ដើម្បីប្រែក្លាយជាមន្ទីរពេទ្យដែលទំនើបមួយក្នុងតំបន់ ជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារៈ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ […]

អគារសម្ភពថ្មីតម្លៃ ៣លានដុល្លារ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បើកឱ្យដំណើរការហើយ

អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប (ហៅមន្ទីពេទ្យគន្ធបុប្ផាទី៣) តម្លៃ ៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ អគារសម្ភពថ្មីនេះ ត្រូវបានសម្ពោធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧នេះ ត្រូវបានសាងសង់បន្ថែមជាលើកទី២ មានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន ៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ អគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់ ៣ជាន់ និងមានក្រឡាផ្ទៃសរុបប្រមាណ ១៥០០ម២ ​នៃផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងមូល ដែលមានក្រឡាផ្ទៃប្រមាណ ៥,៥ហិចតា។ អគារសម្ភពថ្មីនេះ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគប្រមា​ណ ២​,​៥លានដុល្លារ ហើយប្រមាណ៥០ម៉ឺនដុល្លារទៀត ត្រូវបានចំណាយលើការបំពាក់សម្ភារៈបរិក្ខារពេទ្យដែលចាំបាច់នាពេលបន្តបន្ទា​​​ប់ទៀត​។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោមមូលនិធិគន្ធបុប្ផាស្វីស ដើម្បីបម្រើសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថ​យ​អត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលបាននូវអត្ថប្រយោជន៍ជាសាច់ប្រាក់ឧបត្ថម្ភ​អំពី​គោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ​​​​បានណែនាំឱ្យមន្ត្រីរាជការនៃមន្ទីរពេទ្យឱ្យចូលរួមថែរក្សាអគារថ្មី និងព្យាបាលអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយបន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត។ - Video […]