ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា
រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។ ជំនួយឥតសំណងប្រមាណ ៧,៨លានដុល្លារអាមេរិកនេះ បានចុះហត្ថលេខាកាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC, លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS)។ ហិរញ្ញប្បទានឥតសំណងខាងលើនេះ គឺសម្រាប់ដំណើរការ គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាពCMAC តាមរយៈការពង្រឹងសមត្ថភាពអង្គភាពCMAC ធ្វើទំនើបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីន ឧបករណ៍រាវមីន ALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីន រថយន្តពីរបាំង និងរថយន្តBus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់ជាដើម។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក អ៊ូអ៊ីណូ អាត់ស៊ូ (UENO Astushi) ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ទើបតែបានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងឱ្យកម្ពុជាសរុបជាង១០លានដុល្លារអាម៉េរិក សម្រាប់ទិញសម្ភារៈបច្ចេកទេសក្នុងការកម្ចាត់មីន […]
សម្តេចតេជោប្រកាសបរិច្ចាកដី ២ហិកតា តម្លៃជាង $១០លាន សង់កន្លែងស្នាក់នៅជូននិស្សិតនារីក្រីក្រ
សម្តេចតេជោ ហ៊ុន សែន ប្រកាសបរិច្ចាគដី ២ហិកតា តម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់អន្តេវាសិកដ្ឋានជូននិស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្ត ដែលកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញ។ នេះបើតាមសារដែលបានប្រកាសតាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ បើតាមការបញ្ជាក់របស់សម្តេចតេជោបានឱ្យដឹងថា ដំបូងដី ២ហិកតានេះ ត្រូវបានទិញទុកសម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ ប៉ុន្តែក្រោយពីបានពិភាក្សាជាមួយភរិយោ និងកូនស្រីរបស់សម្តេចរួច សម្តេចក៏សម្រេចប្រគល់ដីមួយកន្លែងនេះជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋានវិញ។ អន្តេវាសិកដ្ឋាននេះ នឹងត្រូវសាងសង់ឡើងចំនួន១២០បន្ទប់ សម្រាប់ផ្តល់ជាកន្លែងស្នាក់នៅដល់និស្សិតស្ត្រីចំនួន ៥០០នាក់។ ក្នុងបន្ទប់នីមួយៗនឹងត្រូវរៀបចំសម្រាប់និស្សិតស្រីស្នាក់នៅចំនួន ៤នាក់ ដោយមានភ្ជាប់ជាមួយបន្ទប់ទឹក និងចង្ក្រានបាយដាច់ដោយឡែក។ បន្ថែមពីនេះ សម្តេចតេជោ ក៏បានណែនាំឱ្យមានការកសាងប៉ុស្តិ៍សុខភាពមួយនៅជាន់ផ្ទាល់ដីនៃអគារអន្ទេវាសិកដ្ឋាន ដែលរួមមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ ដើម្បីធានាសុខុមាលភាពរបស់និស្សិតដែលស្នាក់នៅទីនោះ។ សម្តេចតេជោបន្តថា នៅពេលសាងសង់រួច អន្តេវាសិកដ្ឋាននេះ នឹងត្រូវប្រគល់ជូនជាសម្បត្តិរដ្ឋ ហើយការគ្រប់គ្រងនឹងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងកិច្ចការនារី។ តាមរយៈសារចុងក្រោយ សម្តេចបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ «ខ្ញុំសង្ឃឹមថាអន្ទេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិនិយោគកសាងសមត្ថភាពរបស់ស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងការកសាងប្រទេសជាតិ»។ - Video Advertisement -
ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ
ឥណ្ឌាបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។ - Video Advertisement -


English

