ការពង្រឹងទំនាក់ទំនងប្រវត្តិសាស្ត្រ៖ កម្ពុជា និងបារាំងឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីស៊ីជម្រៅ ព្រមទាំងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ២៩
ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី Emmanuel Macron បើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រ និងការពង្រឹងសហប្រតិបត្តិការអន្តរជាតិនៅកម្ពុជា
រាជធានីភ្នំពេញ៖ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង បានបោះជំហានឈានចូលដល់សម័យកាលដ៏រុងរឿង និងក្លាយជាប្រវត្តិសាស្ត្រថ្មីម្តងទៀត តាមរយៈជំនួបពិភាក្សាការងារទ្វេភាគី រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ ជំនួបនេះត្រូវបានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម Emmanuel Macron បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ព្រមទាំងបានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ឯកឧត្តមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវត្តមានរបស់ប្រធានាធិបតីបារាំងថាជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រដ៏មានអត្ថន័យបំផុតក្នុងរយៈពេល ៦០ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ នាយឧត្តមសេនីយ៍ ហ្សារល៍ ដឺហ្គោល កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ នៅឆ្នាំ១៩៩៣។
ថ្នាក់ដឹកនាំទាំងពីរបានចំណាយពេលពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះជាច្រើន រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ ការពារជាតិ ថាមពល សុខាភិបាល អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត វប្បធម៌ និងកសិកម្ម។ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការដោះស្រាយរាល់វិវាទដោយសន្តិវិធី។
កិច្ចប្រជុំកំពូល និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ទទួលបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ តាមរយៈការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ បន្ថែមលើសេចក្តីប្រកាសនយោបាយរួម ដែលគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន ដូចជា ១. កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី ២. កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ ៣. សេចក្តីប្រកាសបំណងស្តីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ ៤. ឯកសារប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូន និងរក្សាថាមពលវារីអគ្គីសនី ៥. សេចក្តីប្រកាសបំណងស្តីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ ៦. កិច្ចសន្យាបង្កើតទីផ្សារបោះដុំ។ ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នារវាងវិស័យសាធារណៈ និងឯកជនចំនួន២៣ផ្សេងទៀត។
ការប្រារព្ធពិធីទស្សនកិច្ចផ្លូវរដ្ឋដ៏មានអត្ថន័យ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលបង្ហាញពីភាពជោគជ័យនៃការទូតអន្តរជាតិ។ ការពង្រឹងទំនាក់ទំនងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ មិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងដ៏រឹងមាំក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការរីកចម្រើនប្រកបដោយចីរភាពទាំងក្នុងកម្រិតតំបន់ និងសកលលោកផងដែរ។


- Video Advertisement -