ជប៉ុនសម្រេចបើកកាស៊ីណូលើកដំបូងបង្អស់ក្នុងប្រទេសតម្លៃ  ១៣ពាន់លានដុល្លារ

រដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យបើកកាស៊ីណូស្របច្បាប់ជាលើកដំបូងបង្អស់ នៅក្នុងប្រទេស ដោយកន្លងមកប្រទេសមួយនេះនៅមិនទាន់មានកាស៊ីណូស្របច្បាប់នៅឡើយទេ។ គម្រោងកាស៊ីណូដំបូងនេះគ្រោងចំណាយទុនវិនិយោគប្រមាណ ១,៨ពាន់ពាន់លានយ៉េន ឬប្រមាណ ១៣,៣៨ពាន់លានដុល្លារ ហើយគ្រោងបើកដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ២០២៩ ខាងមុខនេះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា ក្រោយដំណើរការផ្លូវការ គម្រោងកាស៊ីណូនេះរំពឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន២០លាននាក់ ក្នុងមួយឆ្នាំ។

គម្រោងមជ្ឈមណ្ឌលកាស៊ីណូក្នុងទីក្រុង Osaka នេះនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនគឺ MGM Resort International និង Orix។ ក្រៅពីមជ្ឈមណ្ឌលកាស៊ីណូនេះ ក៏មានការសាងសង់កោះសិប្បនិម្មិត ដោយក្នុងនោះមានរួមបញ្ចូលទាំងសណ្ឋាគារ សាលប្រជុំលំដាប់អន្តរជាតិ មជ្ឈមណ្ឌលតាំងពិព័ណ៍ និងរោងភាពយន្តផងដែរ។

នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានឱ្យដឹងថា មជ្ឈមណ្ឌលកាស៊ីណូដំបូងគេនេះនឹងជួយជំរុញការអភិវឌ្ឍតំបន់ Osaka កាន់តែខ្លាំង ដើម្បីឲ្យក្លាយជាតំបន់ទេសចរណ៍ស្នូលមួយនៅក្នុងប្រទេសជប៉ុន ជាពិសេសវានឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយពីភាពទាន់សម័យរបស់ជប៉ុនទៅកាន់ពិភពលោក។

រដ្ឋបាលក្រុង Osaka បានប៉ានប្រមាណថា គម្រោងមជ្ឈមណ្ឌលកាស៊ីណូនេះនឹងជួយដល់សេដ្ឋកិច្ចជប៉ុនគិតជាទឹកប្រាក់ប្រចាំឆ្នាំបានប្រមាណ ១,១៤ពាន់ពាន់លានយ៉េន ឬប្រមាណ៨,៤៧ពាន់លានដុល្លារ ព្រមទាំងបង្កើតការងារចំនួន១៥.០០០កន្លែង។ លើសពីនេះ​ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២០លាននាក់ នឹងមកលេងកំសាន្តក្នុងមជ្ឈមណ្ឌលកាស៊ីណូជារៀងរាល់ឆ្នាំ ដែលអាចបង្កើតចំណូលពីការលក់សំបុត្រប្រមាណ៥២០ពាន់លានយ៉េន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ កើនដល់ ១ម៉ឺនលានដុល្លារ

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានកើនឡើងរហូតដល់ ១០.០០០លានដុល្លារ ខណៈភាគីទាំងពីរ បានប្តេជ្ញាជំរុញទំនាក់ទំនងទំហំពាណិជ្ជកម្មទ្វេភាគីឱ្យមានសន្ទុះរិតតែខ្លាំងថែមទៀតនាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ជាមួយ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ ប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ សម្ដេចតេជោ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលមានត្រឹមតែ ៨ពាន់លានដុល្លារប៉ុណ្ណោះ។ សម្តេចតេជោ បានចាត់ទុកការកើនឡើងនេះបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងភាគីទាំងពីរក៏កាន់តែល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូតថៃ បានប្តេជ្ញាបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាក្នុងការពង្រឹង និតពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការគៀរគរវិនិយោគិនថៃមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ បើតាមជំនួបពិភាក្សាដដែល ក៏បានបងញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤នេះ កំណើនភ្ញៀវទេសចរណ៍ថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើងដល់ទៅ ២លាននាក់ ដែលឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស ហើយទេសចរណ៍កម្ពុជាទៅប្រទេសថៃវិញគឺ ប្រមាណ […]

ប្រតិភូសហភាពអ៊ឺរ៉ុប១ក្រុម កំពុងស្វែងរកឱកាសវិនិយោគនៅខេត្តព្រះសីហនុ

គណៈប្រតិភូសហភាពអឺរ៉ុប ដែលមានសមាសភាព​សរុបប្រមាណ ១២រូប មកពី ១០ប្រទេស បានមកជួបពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីលទ្ធភាព និងឱកាសក្នុងការវិនិយោគក្នុងខេត្តព្រះសីហនុ សំដៅឈានទៅបោះទុនវិនិយោគលើវិស័យសំខាន់ៗមួយចំនួននាពេលខាងមុខ។ នេះបើតាមជំនួបរវាង ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូសហភាពអឺរ៉ុប មកពី១០ប្រទេស ដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា កាលថ្ងៃទី៦ មីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ឡុង ឌីម៉ង់ បានស្វាគមន៍គណៈប្រតិភូសហភាពអ៊ឺរ៉ុប មកកាន់ខេត្តព្រះសីហនុ ដោយឯកឧត្តមបានលើកឡើងពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញអភិវឌ្ឍប្រែក្លាយក្រុងព្រះសីហនុទៅជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ​ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខគេ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ផងដែរ។ ជុំវិញការលើកឡើងនេះ លោក Andreas BERG តំណាងប្រតិភូសហភាពអ៊ឺរ៉ុប បានឱ្យដឹងថា ការអញ្ជើញរបស់គណៈប្រតិភូ EU មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់អំពីការអភិវឌ្ឍកំពង់ផែ សិក្សាពីលទ្ធភាព និងឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសឱកាសវិនិយោគក្នុងខេត្តមួយនេះ។ ជាមួយគ្នានេះដែរ […]

រយៈពេល២ខែ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ១៣,៥៥លានដុល្លារ

ក្នុងរយៈពេល២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០២៥ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៣.៥៥០.២៥១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ២៧៩.៦០៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៣.១៦៧.៧៧៨ដុល្លារ កើន១៧,២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៣៨២.៤៧៣ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ គ្រឹះស្ថានអង្គរបានដាក់ដំណើរការការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម) ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូននូវការបញ្ចុះតម្លៃលើសេវា eVisa សម្រាប់អ្នកដំណើរអន្តរជាតិដែលមកកម្ពុជាទាំងអស់ ចាប់ពីខែមករា ឆ្នាំ២០២៥។ (អានបន្ថែម) ក្នុងកិច្ចខិតខំប្រឹងប្រែដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម) - Video Advertisement -

ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាប មានត្រឹមតែ ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤

នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹម ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និង លក់ដុំនិងរាយ។ របាយការណ៍ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ បង្ហាញថា ឥណទានក្នុងប្រព័ន្ធធនាគារ​មានកំណើន ៣% មានចំនួន ២៤២.៩ទ្រីលានរៀល ឬ៥៩.៩ ពាន់លានដុល្លារអាមេរិក។ លោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កំណើនយឺតនៃឥណទានក្នុងប្រព័ន្ធធនាគារគឺដោយសារកត្តាតម្រូវការនិងផ្គត់ផ្គង់។ លោកទំទាវ មានប្រសាសន៍ថា៖ “ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី”។ លោកជំទាវបន្តថា៖ “ចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។ បើតាមរបាយការណ៍ដដែល ប្រាក់បញ្ញើបានកើនឡើង ១៦.៣%  មានចំនួន ២៣០.៩ទីលានរៀល ស្មើ ៥៧ពាន់លានដុល្លារអាមេរិក។ លោកជំទាវបានបញ្ជាក់ទៀតថា ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។ អនុបាតឥណទានមិនដំណើរការ បានបន្ដកើនឡើងក្នុងនោះវិស័យធនាគារមានកម្រិត ៧.៩% និងវិស័យមីក្រូហិវត្ថុមានកម្រិត ៩%។ បច្ចុប្បន្ន នៅកម្ពុជាមានធនាគារពាណិជ្ជ ៥៩ធនាគារឯកទេស ៩គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើ […]

វិនិយោគិនមកពីសម្ព័ន្ធក្រុមហ៊ុន East Group ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមអ្នកវិនិយោគនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើ និងលើកឡើងពីគម្រោងរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី ធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបនេះដែរ វិនិយោគិន ក៏បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការផងដែរ។ គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ  នៅកម្ពុជាមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ៧៧.៨៥២តោន កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ តាមរយៈប្រភពខាងលើបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ បន្ថែមពីលើការដឹកជញ្ជូនទំនិញ វិស័យអាកាសចរណ៍ក៏មានភាពរីកចម្រើនសម្រាប់អ្នកដំណើរផងដែរ ដោយការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើង ២២% ដែលមានអ្នកដំណើរសរុប ៦,២៤លាននាក់ក្នុងឆ្នាំ២០២៤។ លើសពីនេះ ចំនួនជើងហោះហើរកើនឡើង ១៤% ដែលឈានដល់ចំនួនជើងហោះហើរដ៏រឹងមាំចំនួន ៥៨.៣៥៤។ គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានអាកាសយានដ្ឋានអន្តរជាតិឈានមុខគេចំនួនបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) ដែលបានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាល​ពិសេសហុងកុង និងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ […]