ជប៉ុនប្រកាសជួយកម្ពុជា ៩០ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីជួសជុលប្រាសាទបាយ័ន

រាជរដ្ឋាភិបាលជប៉ុនប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័នក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

លោក Kawase Taro នាយកគម្រោងនៃកិច្ចសហប្រតិបត្តិការពហុវប្បធម៌ នៃក្រសួងការបរទេសជប៉ុន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិ​សាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថាក្រសួងការបរទេសជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែម ដល់គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន។

បើតាមលោក Kawase Taro ជំនួយថវិកា៩០ម៉ឺនដុល្លារអាមេរិកនៅពេលនេះ គឺដើម្បីអនុវត្តន៍គម្រោងស្ដារ និងអភិរក្សប្រាសាទបាយ័ន រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។

គួរបញ្ជាក់ថា ថវិកានេះ នឹងផ្តល់ដល់គម្រោង JASA ដែលបានអនុវត្តការងារនៅតំបន់រមណីយដ្ឋានអង្គរពីឆ្នាំ ១៩៩៤ មកទល់ពេលនេះ។ គម្រោងនេះបានជួសជុលបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត និងគម្រោងធំនៅការដ្ឋានជួសជុលប្រាសាទបាយ័ន។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ចិនហុងកុង និងម៉ាកាវ បង្ហាញចេតនាចង់វិនិយោគតម្លើងទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា

គណៈប្រតិភូវិនិយោគិនមកពីទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ប្រទេសចិន  បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនៅកម្ពុជានាឆាប់ៗពេលខាងមុខនេះ។ បំណងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងអ្នកធុរកិច្ចចិន ដឹកនាំដោយលោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK) កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម Wang Jiawei បានឱ្យដឹងថា ជំនួបនេះ មានគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះផងដែរ។ លោក ក៏បានថ្លែងអរគុណ CDC ដែលបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលនេះជាការផ្តល់នូវទំនុកចិត្តដល់ក្រុមហ៊ុនឱ្យមានភាពជឿជាក់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា គម្រោងតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី គឺជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន ព្រោះស្របតាមអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តម បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ខណៈលោកបានជំរុញ ឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។ គួរបញ្ជាក់ដែរថា […]

អ្នកជំនាញបង្ហាញការព្រួយបារម្ភ ខណៈបំណុលទិញផ្ទះក្នុងបុរីនៅកម្ពុជាកើនដល់ប្រមាណ $១ពាន់លាន

ក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមចំណងជើងថា “ស្ថានភាពបំណុលនៅកម្ពុជា” លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងថា បច្ចុប្បន្នអ្នកទិញផ្ទះបង់រំលស់ជាមួយបុរីដែលមានអាជ្ញាបណ្ណពីនិយ័តករ និងអាជីវកម្មអចលនវត្ថុ មានប្រមាណ ៨០០ ទៅ ៩០០លានដុល្លារ ឬប្រហែល ១ពាន់លានដុល្លារ។ តួលេខដ៏ធំសម្បើមនេះ បានបង្ហាញពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់របស់អ្នកទិញផ្ទះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ នាឱកាសនោះដែរ លោកអគ្គនាយកបានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍបុរីចំនួន ៨៣ មានបំណុលជាមួយធនាគារក្នុងនាមជានីតិបុគ្គលមានប្រមាណ ១៥០០លានដុល្លារ, និងអ្នកដែលបានខ្ចីធនាគារស្ថិតក្នុងកម្រិតរូបវ័ន្តបុគ្គល មានប្រមាណ ៥០០លានដុល្លារ សរុបទៅមានប្រមាណ ២ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋាន ហើយម្ខាងទៀត​ជាកម្ចី​សម្រាប់អ្នកបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍មានខ្ទង់ ១ពាន់លានដុល្លារ។ ស្ថានភាពនេះបានបញ្ជាក់ពីភាពតានតឹងផ្នែកហិរញ្ញវត្ថុទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរលោក វណ្ណៈ ក៏បានលើកឡើងពីទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាថា បំណុលសរុបក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនលើសពី ១៨ពាន់លានដុល្លារ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ ទាក់ទិននឹងបញ្ហាបំណុលនេះដែរ លោក គង់ ឆៃឡេង ជាស្ថាបនិក និងជានាយកក្រុមហ៊ុន HRTS CONSULTING ក៏បានបង្ហាញនូវតួលេខបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលថា បច្ចុប្បន្នប្រជាជនកម្ពុជាមានប្រាក់កម្ចីផ្ទាល់ខ្លួនប្រមាណ ៥០ពាន់លានដុល្លារ រួមជាមួយកម្ចីអាជីវកម្មចំនួន […]

រយៈពេល៩ខែ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានថ្មីជាង $១ពាន់លាន ដើម្បីធានានូវតម្រូវការហិរញ្ញវត្ថុជាតិ

នៅក្នុងការជំរុញដ៏សំខាន់មួយចំពោះកិច្ចខិតខំប្រឹងប្រែងហិរញ្ញប្បទានជាតិរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីសរុបចំនួន ១,០៧ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៤។ នេះជាការកើនឡើងចំនួន ៧ភាគរយ បើធៀបនឹងរយៈពេលកាលពីឆ្នាំមុន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធានាការផ្តល់មូលនិធិសម្រាប់ វិស័យអាទិភាព។ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ បង្ហាញថា ក្នុងអំឡុងត្រីមាសទី៣ តែមួយ រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដែលមានទំហំទឹកប្រាក់ ៧៣៨លានដុល្លារ។ យ៉ាងណាក៏ដោយឥណទានទាំងនេះត្រូវបាន ក្រសួងសេដ្ឋកិច្ចលើកឡើងថា ជាឥណទានកម្រិតសម្បាទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៧ភាគរយ។ ក្រសួងបានសង្កត់ធ្ងន់ទៀតថា កិច្ចព្រមព្រៀងទាំងនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុនៃវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ គោលដៅរួមគឺដើម្បីជំរុញកំណើនរយៈពេលវែងប្រកបដោយនិរន្តរភាព ខណៈពេលដែលការជំរុញសេដ្ឋកិច្ច និងផលិតភាពផលិតកម្មនៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ចំពេលកិច្ចព្រមព្រៀងថ្មីទាំងនេះ រាជរដ្ឋាភិបាលបានរាយការណ៍ពីការដកសាច់ប្រាក់ចំនួន ៨០៦លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពផ្សេងទៀតក្នុងអំឡុងពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៤។ គួរកត់សម្គាល់ថាតួលេខនេះតំណាងឱ្យការថយចុះ ៣២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការរួមបញ្ចូលគ្នានៃកិច្ចព្រមព្រៀងឥណទានថ្មី និងការដកសាច់ប្រាក់នេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យមានតុល្យភាពនៃយុទ្ធសាស្រ្តហិរញ្ញប្បទានរបស់ខ្លួន ខណៈពេលដែលការដោះស្រាយតម្រូវការសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ប្រទេស។ - Video Advertisement -

ជាង២ទសវត្សរ៍នេះ កូរ៉េបានផ្តល់កម្ចីជាង $២ពាន់លាន ដល់កម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

គិតចាប់ពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ន រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់ឥណទានដល់កម្ពុជាសរុបចំនួន ជាង ២.០០០ ពាន់លានដុល្លារ តាមរយៈមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីគាំទ្រលើគ្រប់វិស័យរួមមាន ផ្លូវថ្នល់ ស្ពាន ទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត និងសុខាភិបាល ជាដើម។ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ឯកឧត្តម PARK Jung-Wook បានលើកឡើងពីតួលេខនេះនៅក្នុងសុន្ទរកឋានៃពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល សាងសង់ក្រោមឥណទានពីប្រទេសកូរ៉េ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។​ ឯកឧត្តម PARK Jung-Wook មានប្រសាសន៍ថា៖ “មូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចផ្តល់ឥណទានដល់កម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា”។​ ឯកអគ្គរដ្ឋទូត បានលើកឡើងថា រដ្ឋាភិបាលកូរ៉េ ប្តេជ្ញានឹងជួយជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ  កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យផ្សេងៗ ពិសេសការចែករំលែកនូវបទពិសោធន៍ដល់ការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់កម្ពុជា។​ គួរបញ្ជាក់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីខែឧសភាកន្លងទៅ បានឯកភាពដំឡើងកម្រិតទំនាក់ទំន​ងរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ហើយទំហំនៃកិច្ចព្រមព្រៀងជាមូលដ្ឋានសម្រាប់ឥណទានសម្បទានពីមូលនិធិកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវបានពង្រីកដល់ទៅ ៣ពាន់លានដុល្លារ។​ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ខណៈពេលដែលត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់។ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពសង្គម ភាពជាដៃគូត្រូវបានរំពឹងថានឹងជំរុញប្រទេសកម្ពុជាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ និងមានការអភិវឌ្ឍន៍ជាងមុន។ […]

ក្រុមហ៊ុនល្បីៗចំនួន១៦មកពីអាមេរិក បង្ហាញចេតនាចង់វិនិយោគលើវិស័យសំខាន់ៗ៣ នៅកម្ពុជា

ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ថ្មីៗនេះមានគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគមកពីសហរដ្ឋអាមេរិកចំនួន១៦ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងរកឱកាសវិនិយោគដោយផ្តោតលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យបច្ចេកវិទ្យា កសិឧស្សាហកម្ម និងការអប់រំ។ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូបានសម្តែងនូវការសាទរចំពោះការចូលរួមជាមួយរាជរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចកម្ពុជា។ ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីតភ្ជាប់ទំនាក់ទំនង ជំរុញភាពជាដៃគូ និងស្វែងយល់ពីគោលនយោបាយលើកទឹកចិត្តនានាសម្រាប់អ្នកវិនិយោគរបស់កម្ពុជា។ លោក គឹម ឆាហួត តំណាងឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ជា​សក្ខីភាព​មួយបង្ហាញ​ពី​ភាព​ទាក់ទាញ​និង​សក្ដានុពល​របស់​កម្ពុជា​ដែល​កំពុង​រីកចម្រើន ​និងជា​ទិសដៅ​វិនិយោគ​ដ៏សំខាន់​ក្នុង​តំបន់។ ការស្វះស្វែងរបស់ក្រុមហ៊ុនទាំង១៦ក្នុងការរុករកទីផ្សារកម្ពុជានេះ បានឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយនៃចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងបន្ទាប់ពីបេសកកម្មទាក់ទាញការវិនិយោគប្រកបដោយជោគជ័យដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅកាន់សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការផ្តោតសំខាន់លើបច្ចេកវិទ្យា កសិឧស្សាហកម្ម និងការអប់រំ នេះគឺស្របតាមគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ នៅពេលដែលកិច្ចពិភាក្សានេះដំណើរការទៅមុខ គេរំពឹងថាកិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគជាក់ស្តែងដែលជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងរួមចំណែកដល់ការរីកចំរើនជារួមរបស់ប្រទេសជាតិក្នុងវិស័យផ្សេងៗបានថែមទៀតផង។ - Video Advertisement -

ADBជួយកម្ពុជាតាមរយៈកម្ចី និងជំនួយ $១៧៣លាន ដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ

ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចអនុម័តផ្តល់កម្ចី និងជំនួយដល់គម្រោងចំនួន ០២​ ជាមួយទឹកប្រាក់ ១៧៣ដុល្លារ ដើម្បីពន្លឿនការងារសាងសង់ប្រព័ន្ធធារាសាស្ត្រដែលមានភាពបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ ទឹកប្រាក់ចំនួន ៨៨លានដុល្លារ ជាកម្ចីបូករួមជាមួយនឹងជំនួយ សម្រាប់គម្រោងទី១ គឺគម្រោងអាងទឹកទន្លេក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ជាប់នឹងទន្លេសាប។ គម្រោងនេះ នឹងជួយពង្រឹងកា​​រ​ប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹកដែលគិតគូរពីបរិស្ថាន ទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថ​យ​ទឹកជំនន់។ ជាមួយគ្នានេះដែរ ក្នុងរង្វង់ទឹកប្រាក់ខាងលើនេះ មានទឹកប្រាក់ជំនួយចំនួន ៤,៣លានដុល្លារ នឹ​ងផ្តល់ជូនដល់កម្ពុជា ដើម្បីកសាងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានទឹកបន្ស៉ាំនឹងការប្រែប្រួលអាកា​ស​ធាតុ។ ដោយឡែក សម្រាប់គម្រោងទី២ គឺមានទឹកប្រាក់កម្ចីចំនួន ៨៥លានដុល្លារ ដែលជាកម្ចីបន្ថែមសម្រាប់គម្រោ​ងធ្វើឱ្យប្រសើរឡើងនូវធារាសាស្ត្រសម្រាប់វិស័យកសិកម្ម ដែលកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការផ្តល់នូវប្រភពទឹក និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធធារាសាស្ត្រចំនួន ០៤ ក្នុងខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងតាកែវ។ គម្រោងនេះ ផ្តល់ឱ្យកសិករនូវបទពិសោធន៍ក្នុងការអនុវត្តឱ្យបានល្អ ដោយមានភាពបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងការផ្តល់ប្រភពទឹកដ៏មានប្រសិទ្ធភាព ចេញពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រទាំងនោះ។ - Video Advertisement -