រយៈពេល៣ឆ្នាំ អាជ្ញាធរខេត្តកំពត ចុះបញ្ជីដីបានជាង ២៦ម៉ឺនក្បាលដី និងផ្តល់បណ្ណបានជាង ១១ម៉ឺនបណ្ណ

ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ  អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានសហការគ្នាក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបបានចំនួន ២៦៨,២៧២ក្បាលដី និងចែកបណ្ណជូនពលរដ្ឋដល់ដៃបានចំនួន ១១០,​៦១១បណ្ណ​។

នេះបើតាមលោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានលើកឡើងក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស និងប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ចីដីធ្លីមានលក្ខណ:ជាប្រពន្ធ ចំនួន៣ភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ ស្ថិតក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។

លោកបានឱ្យដឹងថា អាជ្ញាធរបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ២៦៨.២៧២ក្បាលដី និងបានចែកបណ្ណដោយផ្ទាល់ជូនពលរដ្ឋបានចំនួន ១១០.៦១១បណ្ណ ក្នុងនោះក៏មានបណ្ណដែលនៅសេសសល់ពីបទបញ្ចា ០១បប ចំនួន ៤២.០២៤បណ្ណផងដែរ។

លោកបានបន្តថា ខេត្តកំពតមាន ៩ក្រុង-ស្រុក ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានផ្ទែដីសរុប ៤.៨៧៣គីឡូម៉ែត្រការ៉េ និងមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨០០.០០០ក្បាលដី ហើយជាលទ្ធផលគិតចាប់តាំងពីពេលចាប់ផ្ដើមរហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណជូនពលរដ្ឋបានចំនួន ៣៧៦ភូមិ ស្មើនឹង ៥៨៨.៧២៣បណ្ណ ស្មើនឹង ៧៣,៥៩%។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ចំពោះក្បាលដីដែលមន្ទីរប្រមូលទិន្នន័យរួចរាល់មានចំនួន ១៥៧. ៦៦១ក្បា​ល​ដី (ស្មើនឹង ១៩,៧១%) កំពុងសម្អាតទិន្នន័យ ដែលគ្រោងនឹងចែកបណ្ណជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ។

ចំពោះ​ភូមិដែលនៅសល់មិនទាន់ប្រកាសតំបន់វិនិច្ឆ័យ ហើយកំពុងធ្វើការវាស់វែងមានចំនួន ២៤ភូមិ ស្មើនឹង ៥៣.៦០០ក្បាលដី ស្មើនឹង ៦,៧%ប៉ុណ្ណោះ ហើយផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបញ្ចប់ទាំងស្រុង ១០០% នៅដំណាច់ឆ្នាំ២០២៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋកំណត់យកភូមិល្វា ក្នុងខេត្តបាត់ដំបង អភិវឌ្ឍទៅជាភូមិគំរូគន្លឹះរបស់កម្ពុជា

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ជនបទ រដ្ឋាភិបាលកម្ពុជាបានកំណត់យកភូមិល្វាក្នុងខេត្តបាត់ដំបងអភិវឌ្ឍទៅជាភូមិគំរូសម្រាប់ភូមិដទៃៗទៀតនៅទូទាំងប្រទេស។ គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​លើក​កម្ពស់​កម្រិត​ជីវភាព​ក្នុង​មូលដ្ឋាន និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ជនបទ​។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូចុះពិនិត្យភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ការចុះត្រួតពិនិត្យនេះធ្វើឡើងតាមសំណើរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដែលមានបំណងចង់ប្រែក្លាយភូមិល្វាទៅជាភូមិគំរូសម្រាប់ភូមិផ្សេងៗទៀតនៅទូទាំងប្រទេស។ ភូមិនេះ ស្ថិតនៅលើផ្ទៃដី ៥៦៤ហិកតា ក្នុងនោះមានផ្ទៃដីកសិកម្មចំនួន ៦៤ហិកតា ផ្ទៃដីសហគមន៍ជាង ១ហិកតា និងដីលំនៅដ្ឋានចំនួន ៤៦០ហិកតា។ ភូមិ​នេះ​មាន​ផ្ទះ​ចំនួន ៣៦៩ខ្នង ដែល​អាច​ស្នាក់នៅ​បាន​ ៦១៦គ្រួសារ។ ហេដ្ឋារចនាសម្ព័ន្ធនៅភូមិល្វាមានភាពរឹងមាំ មានសាលារៀន មណ្ឌលសុខភាព ផ្សារ មជ្ឈមណ្ឌលសហគមន៍ពហុបំណង បណ្តាញផ្លូវថ្នល់ និងប្រឡាយចំនួនបី ដែលមានប្រវែងសរុប ២,៦ គីឡូម៉ែត្រ។ ជាងនេះទៅទៀត ភូមិល្វាមានទីតាំងនៅជិតទន្លេមង្គលបូរី ដែលអាចធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយស្ថិរភាព សម្រាប់កសិករក្នុងស្រុកធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំ។ ក្រសួងអភិវឌ្ឍន៍ជនបទមានផែនការក្នុងការអភិវឌ្ឍន៍ភូមិគំរូយ៉ាងហោចណាស់ឱ្យបាន៥០ ជារៀងរាល់ឆ្នាំរវាងឆ្នាំ ២០២៥ – ២០២៨ ដោយផ្តោតលើតំបន់ដែលមានសហគមន៍ជនជាតិដើមភាគតិច និងភូមិផ្សេងទៀតដែលបង្ហាញពីសក្តានុពល។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនចំនួនភូមិគំរូសរុបក្នុងប្រទេសកម្ពុជាដល់ ២៣០ នៅឆ្នាំ ២០២៨។(អានបន្ថែម)  […]

រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធអចលនទ្រព្យនៅទីតាំង១ចំនួន និងបន្ទូរបន្ថយពន្ធសម្រាប់ដីកសិកម្ម

នៅក្នុងចលនាដ៏សំខាន់មួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកសិកម្ម រដ្ឋាភិបាលកម្ពុជាបានសម្រេចពីការពន្យារពេលនៃការលើកលែងពន្ធលើអចលនទ្រព្យ និងការកាត់បន្ថយលក្ខខណ្ឌសម្រាប់តំបន់ជាក់លាក់មួយចំនួននៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតលេខ ៦៤០២ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការលើកលែងពន្ធលើអចលនទ្រព្យនឹងអនុវត្តចំពោះទីក្រុងដែលទើបបង្កើតថ្មី និងដីកសិកម្មមិនបានប្រើប្រាស់លើសពី ៥ហិកតា រហូតដល់ដំណាច់ឆ្នាំ ២០២៥។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ បន្តលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអច​ល​ន​ទ្រព្យដែលស្ថិតក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និង​សង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ រីឯ ក្រុងចំនួន ៤ទៀត ក៏ទទួលបានការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ ក្រុងទាំងនោះរួមមាន៖ ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត។ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប និងក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដែលទើបបានបង្កើតថ្មី រដ្ឋនឹងបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ។ ដោយឡែក ការបន្ធូបន្ធយលក្ខខណ្ឌលើកលែងពន្ធដីធ្លីមិនបានប្រើប្រាស់ គឺតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ ចំពោះអចលនទ្រព្យលើសពី ៥ហិកតា ដែលនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) […]

អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចដកហូតដីជិត ១២០ហិកតា ពីការកាន់កាប់ខុសច្បាប់

ក្នុង​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ដីព្រៃ​របស់​រដ្ឋ និង​គោរព​ច្បាប់​បរិស្ថាន អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការដកហូត​យក​ដី​ជិត ១២០ហិកតា ​មកវិញ​ពី​ការកាន់កាប់​ខុសច្បាប់​។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីការចេញដីកាលេខ ០០៨/២៥ ដ.ក ចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នាពេលថ្មីៗនេះ។ ដីកា​នេះ​រៀបរាប់​លម្អិត​ពី​ការ​ដកហូត​យក​ដីចំនួន២កន្លែង មាន​ទំហំ ១១៩,២៤ ហិកតា ដែលបានរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ តាមរយៈការដាំដំណាំនៅលើដីទាំងអស់ខាងលើ ដែលមានទីតាំងនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ យោង​តាម​ដីកាដដែល​នេះ អាជ្ញាធរ​បានកំណត់​រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ចុះ​ហត្ថលេខា ដើម្បីធ្វើការតវ៉ាជំទាស់។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា សកម្មភាព ឬបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងដីកាខាងលើនេះ នឹងត្រូវចាត់ទុកជានិរាករណ៍។ អាជ្ញាធរជំរុញឱ្យបុគ្គលទាំងអស់អនុវត្តតាមបទបញ្ជានេះ ដើម្បីលើកកម្ពស់ការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព និងការការពារបរិស្ថាន។ ការ​មិន​គោរព​តាម​អាច​បណ្តាល​ឱ្យ​មាន​ផល​វិបាក​ផ្លូវ​ច្បាប់។ អាជ្ញាធរខេត្តនៅតែប្តេជ្ញាការពារធនធានធម្មជាតិក្នុងតំបន់ និងរក្សាតុល្យភាពអេកូឡូស៊ីក្នុងខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ពីសកម្មភាពខុសច្បាប់ទាក់ទងនឹងការកាន់កាប់ដីធ្លី ឬការកាប់បំផ្លាញព្រៃឈើ ដើម្បីធានាដល់ការអភិរក្សបរិស្ថានរបស់ពួកគេផងដែរ។ - Video Advertisement -

មកទល់ពេលនេះកម្ពុជា បោសសម្អាតមីនបានជិត ៣៣០០គីឡូម៉ែត្រការ៉េ ក្នុងខេត្តចំនួន១៥

មកទល់ពេលនេះ មានរយៈពេល ៣២ឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបោសសម្អាតមីន ដោយសម្រេចលទ្ធលផលជាផ្ទៃដីគ្មានមីនបានប្រមាណ ៣.២៩៧គីឡូម៉ែត្រការ៉េ នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីននៅថ្ងៃទី ២៤ កុម្ភៈ ២០២៥។ តាមរយៈសារលិខិតខាងលើ បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ ៣.២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៨១%, ហេដ្ឋារចនាសម្ព័ន្ធមាន ៤% និងផ្សេងៗមាន ១៥% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលមានប្រមាណជាង ១០លាននាក់។ ដោយឡែក នៅក្នុងឆ្នាំ២០២៤ តែមួយ ប្រភពដដែលបានបង្ហាញថា មានផ្ទៃដីចំនួន ២៧៣គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១៧.៨៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៩១.១១១គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ […]

កម្ពុជាកំពុងពន្លឿនការចុះបញ្ជីដីនៃប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទស ដើម្បីបង្កភាពងាយស្រួលដល់ការអភិវឌ្ឍន៍

នៅក្នុងចលនាដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ កម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធារាសាស្ត្រ និងអាងស្តុកទឹកនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមដែលដឹកនាំដោយក្រសួងធនធានទឹក និងឧតុនិយមនេះ មានគោលបំណងចាត់ថ្នាក់ធនធានសំខាន់ៗទាំងនេះជាសម្បត្តិសាធារណៈ ដើម្បីបង្កើនការគ្រប់គ្រង និងធានាការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ការពន្លឿននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលម្អិតអំពីនីតិវិធី និងដំណោះស្រាយ ដើម្បីជំរុញការចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ ក្នុងក្របខ័ណ្ឌទូទាំងប្រទស កាលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥។ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក បានបញ្ជាក់ថា ការជំរុញចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេសនេះ​ គឺដើម្បីកំណត់ព្រំដីអាងឱ្យបានច្បាស់លាស់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រង និងអភិវឌ្ឍ។ ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពន្លឿនការងារចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រដែលនៅសេសសល់ ដោយផ្អែកលើការសិក្សាតាមលក្ខណៈបច្ចេកទេស ដែលមានកម្រិតកម្ពស់ខ្សែដីឱ្យត្រឹមត្រូវ ហើយសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីធ្វើការកំណត់ដីព្រំប្រទល់អាងឱ្យបានច្បាស់លាស់។ គួរបញ្ជាក់ថា នៅទូទាំងប្រទេសមានអាងស្តុកទឹក និងអាងទឹកសរុបចំនួន ១.៥៦២ ដែលចាំបាច់ធ្វើ​ការចុះបញ្ជី​ ក្នុងនោះមានចំនួន ២៤០​ បានចុះបញ្ជីរួច ចំនួន ៤៣២​ បាននិងកំពុងរៀបចំនីតិវិធីដំណើរការចុះបញ្ជី និងចំនួន ៨៩០​ មិនទាន់បានចុះបញ្ជី។នេះបើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ (អានបន្ថែម) […]

រដ្ឋសម្រេចផ្តល់ដីជូនពលរដ្ឋក្រីក្រ១ពាន់គ្រួសារនៅតំបន់អូរសែវ ខេត្តស្ទឹងត្រែង, ខណៈ១គ្រួសារបាន ៣ហិកតា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) សម្រេចនឹងផ្តល់ដីជូនពលរដ្ឋក្រីក្រ ១០០០គ្រួសារនៅតំបន់អូរសែវ ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារនឹងទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់នេះមានដីបម្រុងទុកជិត ១០.០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោងដីសម្បទានសង្គមកិច្ច។ បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បន្ទា​ប់ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដឹកសិ​ក​ម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក  សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោង ផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ […]