ក្រុមហ៊ុនកូរ៉េ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ស្ពានកោះកុងថ្មី តម្លៃ $ ១១៤លាន

ក្រុមហ៊ុនវិនិយោគធំៗមកពីកូរ៉េចំនួន០៥ បច្ចុប្បន្នកំពុងធ្វើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ស្ពាន កោះកុង និងការកែលម្អកំណាត់ផ្លូវជាតិលេខ៤៨ ដែលគ្រោងនឹងចំណាយថវិកាតម្លៃប្រមាណ ១១៤លានដុល្លារ ដើម្បីពង្រីកការតភ្ជាប់ពីក្រុងខេមរភូមិន្ទទៅព្រំដែនភាគខាងលិចនៃប្រទេសកម្ពុជា នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនកូរ៉េជាមួយរដ្ឋបាលខេត្តកោះកុង និងស្ថាប័នមន្ទីរពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។

យោងតាមសេចក្តីព្រាងផែនការបឋមនៃគម្រោងនេះ ស្ពានកោះកុងថ្មីដែលនឹងត្រូវសាងសង់ឡើងមានប្រវែង ១៧០០ម៉ែត្រ ជាពីរ ២គន្លង និងមាន​ទទឹងប្រវែង ១០ម៉ែត្រ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​កែលម្អ​ផ្លូវ​ឆ្លងកាត់​ព្រែកកោះប៉ោ។ បន្ថែមលើនេះ កំណាត់ផ្លូវជាតិលេខ៤៨ ដែលនៅសេសសល់ប្រវែង ៧,៨ គីឡូម៉ែត្រ តភ្ជាប់ពីគល់ស្ពានកោះកុងទៅដល់ព្រំដែនកម្ពុជាថៃ ក៏នឹងត្រូវកែលម្អទៅជាផ្លូវក្រាលបេតុង មាន ៤គន្លងផងដែរ។

ទោះយ៉ាងណាក៏ដោយ ប្រវែង ទំហំ និងទីតាំងជាក់លាក់នៃគម្រោងស្ពានកោះកុងថ្មីនេះ នៅមិនទាន់កំណត់ជាផ្លូវការនៅឡើយ ដោយសារគម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សា សមិទ្ធិលទ្ធភាពនៅឡើយ។ ប៉ុន្តែប្រភពពីលទ្ធផលនៃកិច្ចប្រជុំកន្លងទៅថ្មីៗនេះ បានបង្ហាញជម្រើស នៃការរចនាស្ពានថ្មីនេះ ចំនួនពីរ ដែលកំពុងស្ថិតក្រោមការវាយតម្លៃ៖ (១) ​ការពង្រីកស្ពានកោះកុងចាស់ ជាមួយនឹងគន្លងថ្មីពីរ ឬ (២) រុះរើស្ពានចាស់បច្ចុប្បន្ន  ហើយជំនួសវិញដោយស្ពានបួនគន្លង ដែលមានលក្ខណៈទំនើបតែម្តង។ លើសពីនេះ ការកែលម្អផ្លូវក្រាលកៅស៊ូ និងរចនាសម្ព័ន្ធគន្លងកំពុងត្រូវ បានពិចារណា ដើម្បីគាំទ្រដល់លំហូរចរាចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្ត។

ដោយទទួលបានមូលនិធិតាមរយៈ ជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈធនាគារនាំចេញ-នាំចូលនៃប្រទេសកូរ៉េ (KEXIM) គម្រោងនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូន និងភាពធន់នៅក្នុងខេត្ត។ ការសិក្សាសមិទ្ធិលទ្ធភាពក្នុងការសាងសង់ស្ពានកោះកុងថ្មី និងកែលម្អកំណាត់ ផ្លូវជាតិលេខ៤៨នេះ ត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុន Donghae Engineering & Consultants Co., Ltd. ក្រោមការបណ្តាក់ទុនរួមគ្នាសហការជាមួយ ក្រុមហ៊ុន Kunhwa Engineering & Consulting Co., Ltd., Dongsung Engineering Co., Ltd. និងក្រុមហ៊ុន Kyungdong Engineering Co., Ltd

ជាមួយគ្នានេះ ក្រុមហ៊ុនកូរ៉េ JHSUSTAIN Inc. កំពុងដឹកនាំការវាយតម្លៃផលប៉ះពាល់អាកាសធាតុ ដើម្បីបន្ស៊ីសកម្មភាពគម្រោងជាមួយនឹងគោលដៅប្រកបដោយនិរន្តរភាព ក្រោមក្របខណ្ឌឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុអន្តរជាតិ EDCF ដែលតម្រូវប្រទេសទទួលជំនួញអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ក្នុងនោះមានកម្ពុជាផងដែរ ត្រូវត្រៀមខ្លួនឲ្យបានល្អប្រសើរសម្រាប់ការឆ្លើយតបនឹងការប្រែប្រួល អាកាស ធាតុ និងបញ្ហាប្រឈមបរិស្ថាន។ ក្របខណ្ឌ EDCF មានគោលបំណង កាត់បន្ថយហានិភ័យ អាកាសធាតុ កាត់បន្ថយការបំភាយកាបូន និងបញ្ចូលយុទ្ធសាស្ត្របន្សាំកម្រិតខ្ពស់ ដោយធានាបាននូវនិរន្តរភាព រយៈពេលវែង សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសទទួលជំនួយ។

គម្រោងប្រកបដោយមហិច្ឆតានៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខេត្តកោះកុងនេះ នឹងដើរតួយ៉ាង សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងផ្លូវពាណិជ្ជកម្ម និងការកែលម្អការតភ្ជាប់នៅក្នុងខេត្តកោះកុង ដែលជាខេត្តមួយ ក្នុងចំណោមខេត្តដែលមានទីតាំងយុទ្ធសាស្ត្របំផុតរបស់កម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវសំខាន់៣ខ្សែប្រវែងជាង ២០១គ.ម តភ្ជាប់រាជធានីភ្នំពេញ និងខេត្តភាគនិរតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការតភ្ជាប់ក្នុងប្រទេសកម្ពុជា ផ្លូវជាតិសំខាន់ៗចំនួន ៣ខ្សែ មានប្រវែងសរុបជាង ២០១,៣៨៥គីឡូម៉ែត្រ ដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ខេត្តផ្សេងៗជាប់សមុទ្រនាភាគនិរតីនៃប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ពិធីសម្ពោធនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ផ្លូវជាតិចំនួន៣ខ្សែនេះរួមមាន ផ្លូវជាតិលេខ៣១ ៣៣ និង៤១ មានប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនមានចំនួនសរុប ១៨៨លានដុល្លារ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិន និងធនាគារអន្តរជាតិចិនសម្រាប់កិច្ចសហប្រតិបត្តិការ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវថ្នល់ និងស្ពាននៅក្នុងប្រទេសកម្ពុជា។ គួររំលឹកដែរថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) និងផ្លូវជាតិលេខ៣៣ មានប្រវែង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច […]

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសម្រុកអ៊ុតកៅស៊ូបញ្ចប់ការសាងសង់ស្ពាន់ខ្ពស់ជាងគេនៅកម្ពុជា

បច្ចុប្បន្នក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ១០ កំពុងសម្រុកអ៊ុតកៅស៊ូលើស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយរដ្ឋាភិបាលទើបបិទបញ្ចប់ការបើកឱ្យពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល១សប្តាហ៍គិតចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការលើបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងជាស្ពានមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាល់កាលដ៏មមាញឹក ដោយក្រុមហ៊ុនសាងសង់កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ ក្រៅពីការងារអ៊ុតកៅស៊ូ នៅមានការងារបន្ទាប់បន្សំមួយចំនួនទៀតដូចជា៖ ការងារបង្កាន់ដៃ របារសុវត្ថិភាព គំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។ បើតាមផែនការរដ្ឋនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងភូមិ​សាស្រ្ត​ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមា​ណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ា​ងអាន។ (អានបន្ថែម និងបន្ថែម) - Video Advertisement -

រដ្ឋប្រកាសពីផែនការសង់ផ្លូវជាតិលេខ៦០b (កំពង់ធំ-ក្រចេះ) ដើម្បីពង្រឹងការតភ្ជាប់រវាងខេត្ត

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយក្នុងការសាងសង់ផ្លូវជាតិលេខ ៦០b ដែលនឹងតភ្ជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើបា្រស់ជាផ្លូវការនូវ​ផ្លូវជាតិ​លេខ​៧១c នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៥។ សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងខេត្តក្រចេះ កំពង់ធំ រតនគិរី មណ្ឌលគិរី និងរាជធានីភ្នំពេញ។ សម្តេច​បាន​បញ្ជាក់​ថា​៖ «​ផ្លូវ​នេះ​នឹង​បង្កើន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ​ដោយមិនចាំបាច់ត្រូវទៅឆ្លងកាត់ស្ពានគីហ្សូណា ទៀតនោះទេ»។ សម្តេចក៏បានលើកឡើងពីការបញ្ចប់គម្រោងសាងសង់ស្ពានព្រែកប្រសព្វនៅក្នុងឆ្នាំ២០២៦ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងសាងសង់ផ្លូវ៦០b នេះផងដែរ។ ការអភិវឌ្ឍន៍នេះត្រូវបានគេរំពឹងថានឹងជំរុញវិស័យកសិកម្ម និងឧស្សាហកម្មក្នុងស្រុក ដោយផ្តល់ជាអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នៅតាមដងផ្លូវនេះ។ “អ្នកដែលរស់នៅតាមបណ្តោយផ្លូវនេះ នឹងក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរបស់យើង” សម្តេចបន្ថែម។ យ៉ាងណាមិញ ទាំងអស់នេះជាផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងផ្លូវជាតិ ផ្លូវខេត្ត និងថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីគោលនយោបាយដែលកំពុងបន្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទាំងប្រទេស។ - Video Advertisement -

រដ្ឋ​ប្រកាស​បើក​ឱ្យ​ប្រើ​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​ខ្ពស់បំផុត​នៅ​កម្ពុជា​ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីនៅសប្ដាហ៍ក្រោយនេះ

  រដ្ឋាភិបាលកម្ពុជា ប្រកាសបើកឱ្យប្រើប្រាស់ស្ពានខ្ពស់ជាងគេនៅកម្ពុជាជាបណ្តោះអាសន្ន ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាសប្តាហ៍ក្រោយនេះ។ នេះបើតាមពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេ​នៅកម្ពុជានៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ ស្ពានខ្ពស់ជាងគេនេះ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិ​សាស្រ្ត​ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមា​ណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ា​ងអាន។ (អានបន្ថែម) គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប […]

ជាង១ឆ្នាំមកនេះ គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជិត៣១%

គិតមកទល់ពេលនេះ មានរយៈពេលប្រមាណជា ១៣ខែហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយបច្ចុប្បន្ន ទទួលបានវឌ្ឍនភាពការងារសម្រេចបាន ៣០,៩៥%ហើយ រំពឹងថានឹងសម្រេចបានមុនផែនការគ្រោងទុក។ នេះបើយោងតាមចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។ លោក អ៊ូ លាងវ៉ិ អគ្គនាយករងក្រុមហ៊ុនសំណង់សៀងហៃប្រចាំប្រទេសកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈប្រភពខាងលើថា តាមផែនការគម្រោងសាងសង់ស្ពាននេះមានរយៈពេល ៤២ខែ ហើយនៅពេលនេះនៅសល់តែ ២៩ខែទៀតប៉ុណ្ណោះ នឹងសម្រេចបានជាស្ថាពរហើយ, ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន៣០,៩៥% រំពឹងថានឹងសម្រេចបានមុនផែនការកំណត់។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម) ក្រោយបញ្ចប់ការសាងសង់ ស្ពាននេះត្រូវបានគេរំពឹងថានឹងលើកកម្ពស់យ៉ាងសំខាន់នូវការតភ្ជាប់ និងការអភិវឌ្ឍន៍ក្នុងតំបន់ គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការកែលម្អលទ្ធភាពប្រើប្រាស់សម្រាប់សហគមន៍មូលដ្ឋាន។ - Video Advertisement -

រដ្ឋបើកការដ្ឋានសាងសង់ផ្លូវច្រើនខ្សែនៅខេត្តកំពង់ធំ ប្រវែងសរុបជិត ៩៣គីឡូម៉ែត្រ

ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង សរុបប្រវែង ៩២,៩០គីឡូម៉ែត្រ នៅខេត្តកំពង់ធំ ត្រូវបាន បើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម វង្សី វិស្សុត  បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប, រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជានិច្ចកាលតែងតែផ្តល់នូវការគាំទ្រ សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀតនៅកម្ពុជា។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាឱ្យបានល្អ ក្នុងការថែទាំឱ្យបានគង់វង្សនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលមានស្រាប់និងដែលកំពុងកសាងនេះ។ គួរបញ្ជាក់ថា ផ្លូវនេះ គឺជាផ្នែកមួយក្នុងកម្មវិធី RID4CAM ទទួលបានថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិសហភាពអឺរ៉ុប (EU/AIF) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបទឹកប្រាក់ ១២០,៤៣ លានអឺរ៉ូ (ឬប្រមាណ […]