កូរ៉េគ្រោងបោះទុន $១៣ពាន់លាន ពង្រីកប្រតិបត្តិការរបស់ខ្លួននៅព្រលានយន្តហោះថ្មីរបស់វៀតណាម

ជាយុទ្ធសាស្ត្រពង្រីកវត្តមានក្នុងទីផ្សារអាស៊ីរបស់ខ្លួន ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon របស់កូរ៉េ ត្រូវបានជ្រើសរើសជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់លើប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh ថ្មីរបស់ប្រទេសវៀតណាម។ គម្រោងដ៏ធំមួយនៅអាស៊ីអាគ្នេយ៍នេះ គ្រោងនឹងកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ ដែលកំពុងជួបបញ្ហាមានអ្នកធ្វើដំណើរច្រើនលើសបន្ទុក នេះបើយោងតាម Theinvestor.vn ចុះថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤។

ប្រភពដដែលបានឱ្យដឹងថា គម្រោងអាកាសយានដ្ឋាន Long Thanh ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីទទួលអ្នកដំណើរឱ្យបាន ១០០លាននាក់ និងដឹកទំនិញ ៥លានតោន ក្នុងមួយឆ្នាំ និងកំពុងត្រូវបានអភិវឌ្ឍជាបីដំណាក់កាលចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៥០ ជាមួយនឹងការចំណាយប៉ាន់ស្មានចំនួន ១៣,៣ ពាន់លានដុល្លារ។

សាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon បានសហការជាមួយដៃគូវៀតណាម គឺក្រុមហ៊ុន PMI នឹងដឹកនាំគម្រោងនេះ ដោយប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងបច្ចេកវិទ្យា និងការវាយតម្លៃតម្លៃ ដើម្បីយកឈ្នះដៃគូប្រកួតប្រជែងដូចជា ADP របស់បារាំង និងក្រុមហ៊ុន Fraport របស់អាល្លឺម៉ង់។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ មានភារកិច្ចផ្តល់សេវាប្រឹក្សាយោបល់ដ៏ទូលំទូលាយដែលរួមមានការព្រាងគំនិតប្រតិបត្តិការអាកាសយានដ្ឋាន ការបង្កើតយុទ្ធសាស្រ្តពាណិជ្ជកម្ម និងការផ្តល់ការណែនាំអំពីប្រតិបត្តិការសាកល្បង។ គម្រោង​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល ២៤ ខែ​ក្រោយ​ការ​ចុះ​កិច្ចសន្យា​ជាមួយ​នឹង​តម្លៃ​ប្រហែល ៨,០៦ លាន​ដុល្លារ។

ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon លោក Lee Hag-jae បានសង្កត់ធ្ងន់ថា “ការបណ្តាក់ទុនទៅប្រទេសវៀតណាមនេះ តំណាងឱ្យការពង្រីកជាយុទ្ធសាស្រ្តនៃអាជីវកម្មក្រៅប្រទេសរបស់សាជីវកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីក្រុមហ៊ុនបានអនុវត្តគម្រោងជោគជ័យនៅទីក្រុង Batam ប្រទេសឥណ្ឌូនេស៊ី និងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្រុមហ៊ុនសាជីវកម្ម Incheon ក៏មានគោលបំណងធ្វើប្រតិបត្តិការអាកាសយានដ្ឋានជាង ១០ នៅក្រៅប្រទេសនៅឆ្នាំ ២០៤០ ដោយពង្រឹងយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីក្លាយជាប្រតិបត្តិករព្រលានយន្តហោះឈានមុខគេលើពិភពលោក។

មូលដ្ឋានថ្មីនៅក្នុងប្រទេសវៀតណាមនេះ មិនត្រឹមតែលើកកំពស់ផលប័ត្រធុរកិច្ចអន្តរជាតិរបស់សាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon ប៉ុណ្ណោះទេ ថែមទាំងពង្រឹងជំហររបស់ខ្លួនជាអ្នកឯកទេសសកលក្នុងប្រតិបត្តិការព្រលានយន្តហោះ ស្របតាមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួនក្នុងការពង្រីក និងឧត្តមភាពក្នុងវិស័យអាកាសចរណ៍លំដាប់ពិភពលោកផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ សម្រេចបានជាង ៩៤% ហើយ

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៩៤,១០%ហើយ បើគ្មានការប្រែប្រួលទេ រដ្ឋគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន  នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់សៀងហៃ(SCG) បានដំឡើងធ្នឹមស្ពានចុងក្រោយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ ចំពោះស្ពានទាំងមូលនេះ ត្រូវបានចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រឡោះ ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន៦ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន១០ប្រឡោះ។ រីឯផ្លូវមេដែលតភ្ជាប់ស្ពាននេះ មានប្រវែងសរុប ១៥,៤៩គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨គ.ម និងត្រើយខាងលិចប្រវែង ៧,៨០គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០ គ.ម សម្រេចលទ្ធផលបាន ៦៩,៩១% ហើយ។ ស្ពាន និងផ្លូវ ដែលកំពុងសាងសង់នេះ គឺជាផ្នែកមួយដ៏សំខាន់នៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប […]

ផ្លូវសំខាន់៣ខ្សែប្រវែងជាង ២០១គ.ម តភ្ជាប់រាជធានីភ្នំពេញ និងខេត្តភាគនិរតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការតភ្ជាប់ក្នុងប្រទេសកម្ពុជា ផ្លូវជាតិសំខាន់ៗចំនួន ៣ខ្សែ មានប្រវែងសរុបជាង ២០១,៣៨៥គីឡូម៉ែត្រ ដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ខេត្តផ្សេងៗជាប់សមុទ្រនាភាគនិរតីនៃប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ពិធីសម្ពោធនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ផ្លូវជាតិចំនួន៣ខ្សែនេះរួមមាន ផ្លូវជាតិលេខ៣១ ៣៣ និង៤១ មានប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនមានចំនួនសរុប ១៨៨លានដុល្លារ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិន និងធនាគារអន្តរជាតិចិនសម្រាប់កិច្ចសហប្រតិបត្តិការ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវថ្នល់ និងស្ពាននៅក្នុងប្រទេសកម្ពុជា។ គួររំលឹកដែរថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) និងផ្លូវជាតិលេខ៣៣ មានប្រវែង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច […]

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសម្រុកអ៊ុតកៅស៊ូបញ្ចប់ការសាងសង់ស្ពាន់ខ្ពស់ជាងគេនៅកម្ពុជា

បច្ចុប្បន្នក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ១០ កំពុងសម្រុកអ៊ុតកៅស៊ូលើស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយរដ្ឋាភិបាលទើបបិទបញ្ចប់ការបើកឱ្យពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល១សប្តាហ៍គិតចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការលើបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងជាស្ពានមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាល់កាលដ៏មមាញឹក ដោយក្រុមហ៊ុនសាងសង់កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ ក្រៅពីការងារអ៊ុតកៅស៊ូ នៅមានការងារបន្ទាប់បន្សំមួយចំនួនទៀតដូចជា៖ ការងារបង្កាន់ដៃ របារសុវត្ថិភាព គំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។ បើតាមផែនការរដ្ឋនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងភូមិ​សាស្រ្ត​ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមា​ណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ា​ងអាន។ (អានបន្ថែម និងបន្ថែម) - Video Advertisement -

រដ្ឋប្រកាសពីផែនការសង់ផ្លូវជាតិលេខ៦០b (កំពង់ធំ-ក្រចេះ) ដើម្បីពង្រឹងការតភ្ជាប់រវាងខេត្ត

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយក្នុងការសាងសង់ផ្លូវជាតិលេខ ៦០b ដែលនឹងតភ្ជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើបា្រស់ជាផ្លូវការនូវ​ផ្លូវជាតិ​លេខ​៧១c នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៥។ សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងខេត្តក្រចេះ កំពង់ធំ រតនគិរី មណ្ឌលគិរី និងរាជធានីភ្នំពេញ។ សម្តេច​បាន​បញ្ជាក់​ថា​៖ «​ផ្លូវ​នេះ​នឹង​បង្កើន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ​ដោយមិនចាំបាច់ត្រូវទៅឆ្លងកាត់ស្ពានគីហ្សូណា ទៀតនោះទេ»។ សម្តេចក៏បានលើកឡើងពីការបញ្ចប់គម្រោងសាងសង់ស្ពានព្រែកប្រសព្វនៅក្នុងឆ្នាំ២០២៦ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងសាងសង់ផ្លូវ៦០b នេះផងដែរ។ ការអភិវឌ្ឍន៍នេះត្រូវបានគេរំពឹងថានឹងជំរុញវិស័យកសិកម្ម និងឧស្សាហកម្មក្នុងស្រុក ដោយផ្តល់ជាអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នៅតាមដងផ្លូវនេះ។ “អ្នកដែលរស់នៅតាមបណ្តោយផ្លូវនេះ នឹងក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរបស់យើង” សម្តេចបន្ថែម។ យ៉ាងណាមិញ ទាំងអស់នេះជាផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងផ្លូវជាតិ ផ្លូវខេត្ត និងថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីគោលនយោបាយដែលកំពុងបន្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទាំងប្រទេស។ - Video Advertisement -

រដ្ឋ​ប្រកាស​បើក​ឱ្យ​ប្រើ​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​ខ្ពស់បំផុត​នៅ​កម្ពុជា​ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីនៅសប្ដាហ៍ក្រោយនេះ

  រដ្ឋាភិបាលកម្ពុជា ប្រកាសបើកឱ្យប្រើប្រាស់ស្ពានខ្ពស់ជាងគេនៅកម្ពុជាជាបណ្តោះអាសន្ន ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាសប្តាហ៍ក្រោយនេះ។ នេះបើតាមពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេ​នៅកម្ពុជានៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ ស្ពានខ្ពស់ជាងគេនេះ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិ​សាស្រ្ត​ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមា​ណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ា​ងអាន។ (អានបន្ថែម) គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប […]

ជាង១ឆ្នាំមកនេះ គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជិត៣១%

គិតមកទល់ពេលនេះ មានរយៈពេលប្រមាណជា ១៣ខែហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយបច្ចុប្បន្ន ទទួលបានវឌ្ឍនភាពការងារសម្រេចបាន ៣០,៩៥%ហើយ រំពឹងថានឹងសម្រេចបានមុនផែនការគ្រោងទុក។ នេះបើយោងតាមចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។ លោក អ៊ូ លាងវ៉ិ អគ្គនាយករងក្រុមហ៊ុនសំណង់សៀងហៃប្រចាំប្រទេសកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈប្រភពខាងលើថា តាមផែនការគម្រោងសាងសង់ស្ពាននេះមានរយៈពេល ៤២ខែ ហើយនៅពេលនេះនៅសល់តែ ២៩ខែទៀតប៉ុណ្ណោះ នឹងសម្រេចបានជាស្ថាពរហើយ, ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន៣០,៩៥% រំពឹងថានឹងសម្រេចបានមុនផែនការកំណត់។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម) ក្រោយបញ្ចប់ការសាងសង់ ស្ពាននេះត្រូវបានគេរំពឹងថានឹងលើកកម្ពស់យ៉ាងសំខាន់នូវការតភ្ជាប់ និងការអភិវឌ្ឍន៍ក្នុងតំបន់ គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការកែលម្អលទ្ធភាពប្រើប្រាស់សម្រាប់សហគមន៍មូលដ្ឋាន។ - Video Advertisement -