ឡាវបង្កើតធនាគារតម្កល់ទុកមាស​ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងលុយគីបឡាវ

រដ្ឋាភិបាលឡាវ ប្រកាសបង្កើតធនាគារមាស ដើម្បីបង្កើតទុនបម្រុងមាស និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ពិសេសពង្រឹងប្រាក់គីបឡាវ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានឡាវ The Laotian Times កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២​៤​។

ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា ក្រសួងហិរញ្ញវត្ថុឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន PTL  Holding Co., Ltd. ដើម្បីបង្កើតធនាគារមាសមួយនេះឡើង ដោយបានដាក់ឈ្មោះថា Lao Bullion Bank។

បើតាមលោក Chanthone Sitthixay ប្រធានក្រុមហ៊ុន PTL  Holding Co., Ltd. បានមានប្រសាសន៍ថា ធនាគារមាសនេះ នឹងផ្តល់សេវាដាក់ប្រាក់មាស និងសេវាហិរញ្ញវត្ថុផ្សេងទៀតដល់ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គល។ លើសពីនេះទៀត ធនាគារមាសនឹងដើរតួនាទីជាស្ថាប័នកណ្តាលក្នុងទីផ្សារមាសផងដែរ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Santiphab Phomvihane បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមាសនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដោយបង្ហាញពីតួនាទីដ៏សំខាន់របស់មាសក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដោះស្រាយបញ្ហាហិរញ្ញវត្ថុបច្ចុប្បន្ន។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ធនាគារ​មាស​នឹង​ជួយ​សម្រួលដល់​ការ​ប្រមូល​មូលនិធិ ពិសេស​ធ្វើ​ឱ្យ​តម្លៃ​ប្រាក់​គីប​របស់​ឡាវ​កាន់​តែ​ប្រសើរ​ឡើង។

លោកបន្ត ធនាគារមាសនេះ នឹងអាចរក្សាទុកធនធានដែលមានស្រាប់ក្នុងប្រទេសឡាវ ពិសេសនឹងធ្វើឱ្យឡាវក្លាយជាប្រទេសដែលមានស្ថិរភាពសេដ្ឋកិច្ចដោយខ្លួនឯង ព្រមទាំងអាចបំពេញនូវស្តង់ដារទីផ្សារក្នុងតំបន់ និងពិភពលោកបានថែមទៀតផង។

បើតាមការរំពឹងទុក ធនាគារនេះ នឹងបើកដំណើរការដំណាក់កាលទី១ នៅខែក្រោយនេះ និងដាក់ឱ្យដំណើរការបម្រើសេវាកម្មពេញលេញនៅចុងខែវិច្ឆិកា ឆ្នាំនេះ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាង ៣៦ពាន់លានដុល្លារ កើនឡើង១៦.៥%

​រយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ៣៦ពាន់លានដុល្លារ ពីការនាំចេញ-នាំចូលទំនិញសំខាន់ៗ ដោយមានការកើនឡើង ១៦.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ កម្ពុជាបាន បាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ដោយឡែក ការនាំចូលរបស់កម្ពុជាមានជាង ១៨ពាន់លានដុល្លារ កើនឡើង ១៦.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។ - Video Advertisement -

កាហ្សាក់ស្ថាន ប្រកាសថានឹងពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យដល់ ៣០០លានដុល្លារ

​កាហ្សាក់ស្ថាន ប្រកាសថានឹងពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យបានដល់ ៣០០លានដុល្លារអាមេរិក និងជំហានបន្ទាប់ឱ្យបានដល់កម្រិត ១ពាន់លានដុល្លារអាមេរិក នាថ្ងៃខាងមុខ តាមរយៈពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌។​ នេះបើតាមជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម កាណាត់ ទូមិសហ្ស បានទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែឯកឧត្តមនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដោយមានបំណងរៀ​ប​ចំឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាពីយន្តការការពា​រ និង​ព្យាបាលក្នុងវិស័យវេជ្ជសាស្រ្ត ដែលមានការផលិតវ៉ាក់សាំងទប់ស្កាត់ជំងឺរាត្បាតជាដើម។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។ ជាការឆ្លើយតប សម្តេចតេជោ បានគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។ […]

ជប៉ុនជាប់ជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅអាស៊ី

ជប៉ុនជាប់ចំណាត់ថ្នាក់ទី១១ ក្នុងនាមជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមាននិរន្តរភាព និងតម្លាភាពល្អបំផុតនៅអាស៊ី នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ Jones Lang LaSalle បានចេញផ្សាយលើគេហទំព័រ nikkei នៅថ្ងៃទី៦ កញ្ញា ២០២៤។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗដូចជា៖ ភាពងាយស្រួលក្នុងការរុករកទិន្នន័យនៅលើមូលដ្ឋានទីផ្សារអចលនទ្រព្យ ដូចជាការជួល និងអត្រាទំនេរ តម្លាភាពនៃប្រតិបត្តិការ ពិសេសគឺការលើកកម្ពស់ការសាងសង់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រៅពីប្រទេសជប៉ុន ឃើញថាប្រទេសសិង្ហបុរីក៏ជាប់ជាប្រទេសមាន  “តម្លាភាពខ្ពស់ ទី១៣”  ក្នុងទីផ្សារអចលនទ្រព្យនៅអាស៊ី ជាលើកដំបូងផងដែរ។ លទ្ធផលខាងលើនេះ បានជំរុញឱ្យប្រទេសជប៉ុនពង្រឹងបទប្បញ្ញត្តិបរិស្ថានកាន់តែមានភាពតឹងតែង រួមទាំងតម្រូវការអ៊ីសូឡង់សម្រាប់ផ្ទះដែលទើបសាងសង់ថ្មី និងការប្រឈមនឹងហានិភ័យពីបម្រែបម្រួលអាកាសធាតុ ។ យ៉ាងណាមិញ ប្រទេសមួយនេះ ក៏ធ្លាប់ធ្លាក់ចុះនូវចំណាត់ថ្នាក់នៃ ដំណើរការប្រតិបត្តិការលើកិច្ចសន្យាជួល និងថ្លៃសេវាកម្ម ដោយសារការចូលប្រើប្រាស់ទិន្នន័យទីផ្សារលម្អិត មានភាពទន់ខ្សោយ និងយឺតយ៉ាវ។ ឆ្លើយតបនឹងបញ្ហាខាងលើ លោក Yuto Ohigashi នាយកជាន់ខ្ពស់នៃក្រុមហ៊ុន JLL បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពដោយប្រើបច្ចេកវិទ្យា ដើម្បីអាចមើលឃើញពេលវេលាជាក់ស្តែងនៃការប្រើប្រាស់ការិយាល័យ និងអត្រាការងារនៅក្នុងការិយាល័យ” ។ - Video Advertisement -

ក្រោយបើកដំណើរការបានជិត១ឆ្នាំ ព្រលានថ្មីនៅសៀមរាប ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា គិតចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងតំណាងក្រុមហ៊ុនវិនិយោគ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Lu Wei  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន(AIAI) បានឱ្យដឹងថា ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមានអ្នកដំណើរប្រមាណ ១លាន ៣០ម៉ឺននាក់ ហើយនឹងកើនដល់ ១លាន ៥០ម៉ឺនាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។ ឯកឧត្តមថា តាំងពីបានចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រយៈពេលជិត១ឆ្នាំមកនេះ អាកាសយានដ្ឋាននេះ បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា […]

រយៈពេល៨ខែ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជាង $៣១លាន

រយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣១.០៤៩.១៤០ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៥១.៨៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣០.‌៣៣៤.២២៩ដុល្លារ កើន៣១,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.១៥៦.៧៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៧.៤៨២​នាក់ ដែលចំណូលនេះកើនឡើង ១៣,៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៨ខែនេះ បានចំនួន ១៩៧,៦១០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥១៧.៣០១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម) […]

បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យមានរោងចក្រ សហគ្រាសជាង ២ពាន់កន្លែង បង្កើតការងារជិត ៣ម៉ឺននាក់

ខេត្តបន្ទាយមានជ័យ​ មានតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសិប្បកម្ម សរុបជាង ២០០០កន្លែង ដែលបានបង្កើ​តការងារជូនប្រជាពលរដ្ឋបានជិត ៣ម៉ឺននាក់។ នេះបើតាមការលើករបស់ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបា​ល​​ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមបានឱ្យដឹងថា គិតមកទល់បច្ចុប្បន្នខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥  ប៉ុន្តែកំពុងដំណើរការមានចំនួន៣ និងសួនឧស្សា​ហកម្មចំនួន១  ដែលផ្តល់ការងារបានចំនួនជាង ៧ពាន់នាក់។ ឯកឧត្តមបានបន្ថែមថា បើគិតទាំងមូលដ្ឋានសិប្បកម្មតូចៗបន្ថែមទៀត មានជាង ២០០០កន្លែង អាចផ្តល់ការងារបាន ២ម៉ឺននាក់​។ ដូចនេះ បើគិតជារួមទៅ គឺអាចផ្តល់ការងារបានជិត ៣ម៉ឺននាក់។ ជាងនេះទៅទៀត ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ដោយសារកត្តាសន្តិភាព តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ដែលកំពុងដំណើរការទាំងនោះ បានក្លាយជាប្រភពចំណូលដ៏រឹងមាំមួយជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងមួយខែៗជាង ៣លានដុល្លារឯណោះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានបញ្ជាក់ថា អ្នកវិនិយោគិនភាគច្រើន ដែលចូលមកវិនិយោគនៅខេត្តបន្ទាយមានជ័យ ភាគច្រើនជាជនជាតិថៃ និងជនជាតិជប៉ុន។ ជាក់ស្តែងដូចជាតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត មានរោងចក្ររបស់ជប៉ុនចំនួន៩ ដែលមានចំនួនកម្មករត្រឹមតែ ១៥០ ទៅ ២០០នាក់ប៉ុណ្ណោះ។ ដោយឡែក […]