ក្រសួងសម្រេចផ្អាកដំណើរការក្រុមហ៊ុនវារីអគ្គិសនីដ៏ធំ១ នៅពោធិ៍សាត់ និងកោះកុង ជាបណ្តោះអាសន្ន
ក្រសួងបរិស្ថានបានសម្រេចផ្អាកដំណើរការសកម្មភាពជាបណ្តោះអាសន្នរបស់ក្រុមហ៊ុនវារីអគ្គិសនីស្ទឹងមេទឹក ហាយដ្រូផៅវ័រ (Stung Meteuk Hydropower) របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះថ្ងៃទី ២ ខែកញ្ញា ដាក់ទៅលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រខាងលើ។
តាមលិខិតខាងលើបានឱ្យដឹងថា ការផ្អាកនេះ ក៏ព្រោះតែក្រុមហ៊ុនវារីអគ្គិសនីស្ទឹងមេទឹក ហាយដ្រូផៅវ័រ របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ខ្លឹមសារណែនាំនៃសៀវភៅបន្ទុក ប្រមូលផល-អនុផលព្រៃឈើ និងការណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
ជាងនេះទៅទៀត ក្រុមហ៊ុនបានធ្វើសកម្មភាពល្មើសនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន និង ធនធានធម្មជាតិម្តងហើយម្តងទៀតខុសពីកិច្ចសន្យាររហូតដល់ទៅបីលើក ក្នុងនោះរួមមាន៖ ទី១. ការដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត ល្មើសនឹងការចែងក្នុងមាត្រា៨៥០ ចំណុច (ង), ទី២. ការកាប់ ប្រមូលឈើក្រៅតំបន់បាតអាងវារីអគ្គិសនី ល្មើសនឹងការចែងក្នុងមាត្រា៨៥១ ចំណុច (ខ) និង ទី៣. ការដឹកជញ្ចូន កែច្នៃឈើ ដែលមិនទាន់បង់ថ្លៃសួយសារ ល្មើសនឹងការចែងក្នុងមាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ។
ហេតុដូច្នេះហើយ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏សម្រេចផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពរបស់ក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រ ដើម្បីទប់ស្កាត់ និងពង្រឹងការគ្រប់គ្រងការប្រមូលផល-អនុផលព្រៃឈើ ឱ្យបានត្រឹមត្រូវតាមបទបញ្ញត្តិនៃលិខិតបទដ្ឋានគតិយុត្ត ដោយមិនឱ្យក្រុមហ៊ុនធ្វើការប្រមូលផល-អនុផលព្រៃឈើពីការសំអាតផ្ទៃអាងស្តុកទឹក និងរោងម៉ាស៊ីនអារ និងកែច្នៃឈើទាំងអស់ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹក ចាប់ពីពេលនេះតទៅរហូតដល់ក្រុមហ៊ុនមានយន្តការគ្រប់គ្រង តាមដានច្បាស់លាស់ប្រកបដោយការទទួលខុសត្រូវ និងធានាមិនឱ្យសកម្មភាពល្មើសច្បាប់កើតជាថ្មី ។
- Video Advertisement -