ខុនដូ Ashton Asoke ទើបនឹងសាងសង់រួច តម្លៃ $១៦៨ លាន ប្រឈមនឹងការរុះរើតាមដីកាតុលាការកំពូលថៃ

អគារខុនដូ Ashton Asoke តម្លៃ ៦ពាន់លានបាត (១៦៨ លានដុល្លារអាមេរិក) ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈ Watthana នៃទីក្រុងបាងកក កំពុងស្ថិតក្នុងដំណាក់កាលនៃការរុះរើចេញ តាមដីកាសេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលរបស់ប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន  Aseannow ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤។

ដីកាសម្រេចរបស់តុលាការកំពូលថៃ ដែលបានចេញកាលពីខែកក្កដាឆ្នាំមុន បានធ្វើអសុពលភាពលិខិតអនុញ្ញាតសាងសង់អគារដោយសំអាងហេតុថា ច្រកចូលសំខាន់ៗនៃគម្រោងអគារនេះមានទទឹងមិនគ្រប់គ្រាន់ ដែលជាការមិនអនុលោមតាមច្បាប់គ្រប់គ្រងអគារថៃ។ សេចក្តីសម្រេចនេះ បានបណ្តាលឱ្យគម្រោងខុនដូដែលទើបនឹងបានសាងសង់រួចរាល់បញ្ចប់ទាំងស្រុងទៅហើយ ប្រែជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ថែមទាំងអាចនឹងត្រូវបានរុះរើចេញ ប្រសិនបើរកមិនឃើញដំណោះស្រាយផ្លូវច្បាប់ក្នុងរយៈពេលបីខែខាងមុខ នេះបើតាមសេចក្តីថ្លែងការណ៍ដោយមន្ត្រីតុលាការ។

ចំណុចសំខាន់នៃវិវាទលើសំណង់អគារនេះ គឺស្ថិតនៅច្រកចូលសំខាន់របស់ខុនដូ ត្រង់ចំណុចឆ្ពោះទៅផ្លូវអសោក (Asoke)  ដែលទន្ទ្រានកាន់កាប់ដីរបស់អាជ្ញាធរដឹកជញ្ជូនរហ័ស (MRTA) ដែលជាដីបម្រុងទុកសម្រាប់ធ្វើច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លិខិត​អនុញ្ញាត​សាងសង់​អគារនេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ចេញ​ដោយ​ខុស​ច្បាប់។

លោក Prawit Boonthiem អ្នកទទួលខុសត្រូវផ្នែកការខូចខាតនិងបំណុលនៃតុលាការរដ្ឋបាលកំពូល បានផ្តល់ឱសានវាទដល់រដ្ឋបាលក្រុងបាងកក (BMA) ស្ថាប័ន Ananda MF Asia Asoke Co និងអាជ្ញាធរ MRTA រយៈពេលបីខែ ដើម្បីកែតម្រូវស្ថានការណ៍ឱ្យស្របតាមច្បាប់គ្រប់គ្រងអគារ។ ការខកខានក្នុងការអនុវត្តតាមសេចក្តីសម្រេចនេះ នឹងតម្រូវឱ្យ រដ្ឋបាលក្រុងបាងកក អនុវត្តបទប្បញ្ញត្តិច្បាប់ ដោយតម្រូវឱ្យរុះរើអគារក្នុងរយៈពេល ៩០ ថ្ងៃជាកំហឹត។

ទោះបីជាកំពុងជួបរឿងដ៏អាក្រក់បែបនេះក៏ដោយ លោក Wisanu Subsompon អភិបាលរងនៃទីក្រុងបាងកក នៅតែមានសុទិដ្ឋិនិយមក្នុងការស្វែងរកដំណោះស្រាយទាន់ពេលវេលាដែលបានកំណត់។

“អ្នកអភិវឌ្ឍន៍គម្រោង ត្រូវបានណែនាំឱ្យដាក់ពាក្យសុំលិខិតអនុញ្ញាតសាងសង់ឡើងវិញ ដែលតាមរយៈដំណើរការនេះ មិនមានច្បាប់តម្រូវឱ្យមានការរុះរើអគារដែលមានស្រាប់នោះទេ។ លើសពីនេះ គណៈកម្មាធិការមួយត្រូវបានបង្កើតឡើងដោយក្រសួងដឹកជញ្ជូន ដើម្បីបង្កើតគោលការណ៍ណែនាំដែលជួយដល់អាជ្ញាធរ MRTA ក្នុងការដោះស្រាយបញ្ហាអស្សាមិករណ៍ដីធ្លី។” ប្រសាសន៍លោក Wisanu។

ស្ថានភាពនេះមិនត្រឹមតែបង្ហាញពីភាពស្មុគស្មាញនៃការអភិវឌ្ឍន៍ទីក្រុង និងស្ថានភាពនៃការអនុវត្តច្បាប់គ្រប់គ្រងអគារថៃ។ លទ្ធភាពដែលអាចនឹងមានការរុះរើអគារខុនដូ Ashton Asoke ដ៏ធំនេះ នាំឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីផលប៉ះពាល់ពីអ្នកវិនិយោគ អ្នករស់នៅ និងទីផ្សារអចលនទ្រព្យ នៅទីក្រុងបាងកក៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កូរ៉េ បើកវគ្គបណ្តុះបណ្តាលជំនាញសុវត្ថិភាពសំណង់ដល់មន្រ្តីកម្ពុជា នៅប្រទេសកូរ៉េ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (Korea Occup […]

ក្រុមហ៊ុន Aurelius Healthcare ចង់ពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

Aurelius Healthcare ជាក្រុហ៊ុនជំនាញក្នុងវិស័យសុខាភិបាល […]

ក្រុមហ៊ុន​អឺរ៉ុប​កំពុងស្វែង​រក​ការ​វិនិយោគ​លើការ​គ្រប់​គ្រង​កាក​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា

  នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន […]

ជប៉ុនជួយជាង ២០ម៉ឺនដុល្លារ ជំរុញសេវាសង្រ្គោះបន្ទាន់ក្នុងពេលមានអាសន្នដោយអគ្គិភ័យក្នុងក្រុងភ្នំពេញ

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​វិភាគទាន​ដ៏​សំខាន់​ចំនួន​ជាង […]

ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកាជាង $១៨លាន សម្រាប់ពង្រឹងវិស័យសុខាភិបាល

ក្នុង​វិធានការ​ដ៏សំខាន់​មួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ថែទា […]