OCIC ចាប់​ដៃគូជាមួយ​បារាំង បង្កើត​សាលា​សរសេរ​កូដលំដាប់ពិភពលោកនៅ​កោះ​ពេជ្រ

ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរបស់កម្ពុជា បានសហការជាមួយក្រុមហ៊ុន Platform Impact ដើម្បីបង្កើតសាលាសរសេរកូដលំដាប់ពិភពលោកនៅកោះពេជ្រ ដោយយកគំរូសិក្សាតាមប្រព័ន្ធរបស់សាលា​ School 42 ដែលជាស្ថាប័នអប់រំបច្ចេកវិទ្យាឈានមុខនៅអ៊ឺរ៉ុប។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ Medef នេះបើយោងតាមរបាយការណ៍របស់ CIR news នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤។

បន្ទាប់ពីពិធីចុះហត្ថលេខានេះ ភាគីពាក់ព័ន្ធសំខាន់ៗរួមមាន លោកស្រី Sophie Viger នាយកគ្រប់គ្រងសាលា School 42 អនុប្រធាន Thierry Tea នៃក្រុមហ៊ុន OCIC Group និងលោក Wisal Hin ប្រធានក្រុមហ៊ុន Platform Impact បានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងចក្ខុវិស័យសម្រាប់ បង្កើត​ស្ថាប័ន​ប្រកបដោយ​នវានុវត្តន៍​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បំផុសគំនិត​ដោយ​ជោគជ័យ​របស់​សាលា School 42 នៅ​ប្រទេស​បារាំង។

សាលា School 42 បានធ្វើបដិវត្តការអប់រំកម្មវិធីកុំព្យូទ័ររបស់ពិភពលោកដោយផ្តល់ជូននូវគំរូសិក្សាដោយឥតគិតថ្លៃ និងគ្មានសញ្ញាប័ត្រសម្រាប់សិស្សនិស្សិត និងជាប្រព័ន្ធអប់រំបែបស្វ័យសិក្សាដោយផ្អែកលើការសហការពីដៃគូរួមវគ្គសិក្សា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង Platform Impact និង OCIC មានគោលបំណងចម្លងគំរូជោគជ័យនេះ យកមកអនុវត្តនៅរាជធានីភ្នំពេញ ដោយផ្តល់ឱកាសចម្រុះសម្រាប់យុវជនដែលមានទេពកោសល្យ ជាពិសេសស្ត្រី និងយុវជនក្រីក្រ ដើម្បីទទួលបានជំនាញឌីជីថល និងបច្ចេកទេស។

លោកស្រី Sophie Viger បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញភាពចម្រុះនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងដោះស្រាយតម្រូវការចាំបាច់សម្រាប់ការអប់រំឌីជីថលក្នុងចំណោមយុវជនកម្ពុជា។ សាលាថ្មីនេះ នឹងមានទីតាំងនៅបរិវេណ Connexion (កោះពេជ្រ) ដែលជាមជ្ឈមណ្ឌលបែបសហគមន៍ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OCIC ជាគម្រោងគំរូ “adaptive reuse” ។

អមដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុងប៉ារីស តំណាងក្រុមហ៊ុន OCIC Group មានឱកាសស្វែងយល់ពីស្ថាប័នបច្ចេកវិទ្យាឈានមុខគេនៅប្រទេសបារាំង ដូចជានៅស្ថាប័ន Station F និងសាលា School 42 ជាដើម ដែលស្ថាប័នទាំងពីរនេះ ត្រូវបានបង្កើតឡើងដោយសហគ្រិនជនជាតិបារាំង Xavier Niel ។

លោក Niel ដែលជាអ្នកមានបំផុតទី ១០ របស់ប្រទេសបារាំងគឺជាអ្នកបច្ចេកវិទ្យា ទូរគមនាគមន៍ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ និងសប្បុរសជន។ គាត់បានបង្កើតសាលារៀនសរសេរកូដលំដាប់កំពូលរបស់ប្រទេសបារាំង Ecole 42 (School 42) នៅក្នុងឆ្នាំ ២០១៣ ហើយបានបើកដំណើរការស្ថានីយ៍ F ក្នុងឆ្នាំ ២០១៧ ដែលបានក្លាយជាកន្លែងពន្លកអាជីវកម្ម (Start-Up) ផ្សេងៗដ៏ធំបំផុតរបស់អឺរ៉ុប និងជាសាខាពន្លកអាជីវកម្មធំជាងគេមួយរបស់ពិភពលោកដែលមានផ្ទៃដី ៥១០០០ ម៉ែត្រការ៉េ នៅក្នុងសង្កាត់ Paris ១៣។

ស្ថាប័ន Station F មានសាខាពន្លកអាជីវកម្មធំជាងប្រព័ន្ធអេកូឡូស៊ីពន្លកអាជីវកម្មទាំងអស់របស់កម្ពុជា។ បច្ចុប្បន្ន Station F គឺជាកន្លែងសម្រាប់បង្កើតកម្មវិធីចាប់ផ្ដើមអាជីវកម្មចំនួន ៣០ កន្លែង  រដ្ឋបាលសាធារណៈចំនួន ៣៥ មូលនិធិ Venture Capital (VC) ចំនួន ១៥០ ការិយាល័យបណ្តុះបណ្តាលជំនាញចំនួន ៤ ដែលធ្លាប់បានរៀបចំព្រឹត្តិការណ៍ចំនួនជាង ៦០០ ក្នុងមួយឆ្នាំៗ រួមទាំងកម្មវិធីស្ថាបនិក (Founders Program) និងកម្មវិធីអ្នកប្រយុទ្ធ (Fighters Program) នៅទូទាំងពិភពលោកផងដែរ។

រហូតមកទាល់ពេលនេះ ពន្លកអាជីវកម្មនៅក្នុងស្ថាប័ន Station F មានមូលនិធិសរុបជាង ១ពាន់លានដុល្លារ ក្នុងរយៈពេលតែមួយឆ្នាំនៃឆ្នាំ ២០២៣។ នៅឆ្នាំ ២០២២ Station F បានបើកដំណើរការក្រុមហ៊ុនប្រភេទ Unicorn ដំបូងរបស់ខ្លួន។ ក្រុមហ៊ុន Unicorn គឺជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មឯកជនមួយ ដែលមានតម្លៃជាង ១ ពាន់លានដុល្លារ។ រហូតមកដល់បច្ចុប្បន្ន មានអាជីវកម្មចាប់ផ្តើមចំនួន ២៥ បានឈានដល់ឋានៈជាក្រុមហ៊ុនប្រភេទ Unicorn នៅប្រទេសបារាំង ខណៈនៅសហរដ្ឋអាមេរិកមានលើសពី ៦០០ ប្រទេសចិនជាង ៣០០ និងឥណ្ឌាជាង ១០០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]