សម្ដេច ដាក់បញ្ជាសំខាន់ ៣ ចំណុច ឱ្យក្រសួងដែនដីអនុវត្ត ក្រោយទទួលបានទីស្ដីការថ្មី

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាសំខាន់ៗ ៣ ចំណុច ឱ្យទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្ត ក្រោយទទួលបានទីស្ដីការក្រសួងថ្មីជាផ្លូវការកាលពីព្រឹកមិញនេះ គឺដើម្បីពង្រឹងនិងពង្រឹកការគ្រប់គ្រងដីធ្លីនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព។

ថ្លែងក្នុងពីធីសម្ពោធក្រសួងរៀបចំដែនដីថ្មីនៅខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាថា ការងារសំខាន់ទី១ របស់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ចេញបណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋឱ្យបានគ្រប់១០០%។

គិតត្រឹមបច្ចុប្បន្ន ក្បាលដីជាង ៦លាន ឬ៩០% ទទួលបានបណ្ណកម្មសិទ្ធិ ដោយក្រសួងប្ដេជ្ញាថានឹងចុះបញ្ជីដីធ្លីឱ្យបានគ្រប់ ១០០% ត្រឹមឆ្នាំ២០២៣។

ដោយឡែក បញ្ជាទី ២ ដែលសម្ដេចដាក់ទៅកាន់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ដោះស្រាយបញ្ហាដីធ្លីឱ្យអស់ទាំងករណីថ្មី និងចាស់ ដោយប្រើនីតិវិធីក្រៅប្រព័ន្ធតុលាការ។

សម្ដេចបន្ដថា៖ «បើទៅរួច បញ្ហាដីធ្លីគួរដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានចប់សព្វគ្រប់ ព្រោះបើឡើងតុលាការគឺត្រូវមានអ្នកចាញ់ និងអ្នកឈ្នះ តែបើដោះក្រៅប្រព័ន្ធតុលាការគឺអាចទទួលបានលទ្ធផលឈ្នះឈ្នះទាំងសងខាង ប៉ុន្តែមន្រ្តីយើងត្រូវដោះស្រាយដោយមានសុចរិតភាព»។

លើសពីនេះ បញ្ជាទី ៣ គឺត្រូវធ្វើយ៉ាងណាស់ដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចឱ្យបានលឿនផងដែរ ដើម្បីសម្រួលជីវភាពដល់អ្នកខ្វះដីទូទាំងប្រទេស។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងក៏កំពុងអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED។ គម្រោងនេះជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។

ក្រោយបញ្ចប់គម្រោងដំណាក់កាលទី៣ នៅឆ្នាំ ២០២៦ ក្រសួងរំពឹងថាពលរដ្ឋក្រីក្រប្រមាណ ១៥ ០០០ គ្រួសារ នឹងទទួលបានដីសម្រាប់រស់នៅ។ (អានបន្ថែម)

- Video Advertisement -