រដ្ឋាភិបាលអនុញ្ញាតពិធីមង្គលការ កំណត់ភ្ញៀវចូលរួមមិនឱ្យលើស ២០០នាក់

ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំពិធីមង្គលការឡើងវិញ ក្រោយផ្អាករយៈពេល៨ខែ តែការរៀបចំឡើងវិញនេះ គឺតម្រូវឱ្យមានភ្ញៀវចូលរួមមិនលើសពី ២០០នាក់។ ថ្លែងក្នុងពិធីសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត ២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្តមិនបានទេ»។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីការរីករាលដាលនៅក្នុងប្រទេសបានធ្លាក់ចុះ ហើយពលរដ្ឋស្ទើរគ្រប់គ្នាទទួលបានវ៉ាក់សាំង។ ជាមួយនឹងការប្រកាសបើកប្រទេសនេះ អាជីវកម្មស្ទើរតែទាំងអស់ត្រូវបានអនុញ្ញាត លើកលែងតែខារ៉ាអូខេ។

អាន​បន្ថែម

រដ្ឋមានផែនការបើកឡើងវិញនូវ KTV និងកន្លែងកម្សាន្តពេលយប់នានាក្នុងពេលឆាប់ៗនេះ

សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារណាអនុញ្ញាតឱ្យបើកឡើងវិញនូវខារ៉ាអូខេ រង្គសាល និងឌីស្កតែក នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។ ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃជាង ២៨លានដុល្លារអាមេរិក នៅថ្ងៃទី៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការបើកកន្លែងកម្សាន្តនានាពេលនេះ គឺលឿនពេក ដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ប្រសិនបើមិនបានអនុវត្តតាមវិធានសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល រង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្តម ម៉ម ប៊ុនហេង ព្រោះប្រសិនជាបើកវាលឿនពេកអាចនឹងមានបញ្ហា។ ឥឡូវនេះធ្វើម៉េចបើកសាលារៀនមុនសិន អត្រាឆ្លងគឺធ្លាក់ចុះ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ ស្ទើរគ្រប់វិស័យបាននេះ ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ៗគ្នា រួមទាំងការចាក់វ៉ាក់សាំងផងដែរនោះ ទើបពេលនេះប្រជាពលរដ្ឋយើងអាចបើកដំណើរប្រទេសឡើងវិញ។

អាន​បន្ថែម

ផ្ទៃដីរាជធានីភ្នំពេញ រីកធំទ្វេដង ពី៣០០គីឡូម៉ែត្រការ៉េ ឡើងជិត៧០០គីឡូម៉ែត្រការ៉េ

ផ្ទៃដីរាជធានីភ្នំពេញ បានរីកធំទ្វេដង ពីប្រមាណ ៣០០គីឡូម៉ែត្រការ៉េ ទៅជិត ៧០០គីឡូម៉ែត្រការ៉េ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យមានកំណើននគរូបនីយកម្ម សំណង់ធំៗ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។ នេះ ជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៨ ខែវិច្ឆិកានេះ។ សម្តេចថ្លែងថា៖ «ក្នុងអាណត្តិរបស់ខ្ញុំ ធ្វើតាំងពីទីក្រុងភ្នំពេញ ជាង ៣០០គីឡូម៉ែត្រការ៉េ ឥឡូវភ្នំពេញឡើងជិត ៧០០គីឡូម៉ែត្រការ៉េ។ អភិវឌ្ឍន៍បើកទូលាយផង ប៉ុន្តែអ្វីដែលសំខាន់គឺស៊ីជម្រៅ។ ពីដើម មួយហិកតា មានសំណង់ត្រឹមតែ ៥ពាន់ម៉ែត្រការ៉េទេ ឥឡូវមួយហិកតាដដែល សំណង់ឡើង៥ម៉ឺនម៉ែត្រការ៉េ»។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តសំណើសុំសាងសង់សរុប ២ ៩០១គម្រោង នៅក្នុងរយៈពេល៨ ខែ ដំបូងនៃឆ្នាំ២០២១ នេះ ដែលធ្លាក់ចុះ ៤៤៩ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមគម្រោងទាំងអស់ ប្រភេទសំណង់លំនៅឋាន មាន ២៥៣០គម្រោង ឬស្មើនឹង៨៧,២% […]

អាន​បន្ថែម

រដ្ឋកាត់ដី ៨៦០០ ហិកតាពីឧទ្យានជាតិបូទុមសាគរឱ្យ Royal Group បង្កើតតំបន់សេដ្ឋកិច្ចពិសេស

រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ផ្ទៃដីទំហំ ៨ ៦៣១ហិកតា ក្នុងភូមិសាស្ត្រឃុំតានួន ស្រុកបូទុមសាគរ នៃខេត្តកោះកុង ជូនទៅក្រុមហ៊ុន Royal Group Co.,Ltd. របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីរៀបចំបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។ យោងតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ដីនេះត្រូវបានធ្វើអនុប្បយោគចេញពីឧទ្យានជាតិបូទុមសាគរទៅជាទ្រព្យឯកជនរបស់រដ្ឋ។ (ពោលគឺប្ដូរពីដីឧទ្យានជាតិជាដីឯកជន) គណៈកម្មាធិកាគ្រប់គ្រងដីរដ្ឋខេត្តកោះកុង មានភារកិច្ចស្នើសុំចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ដើម្បីប្រគល់ជូនក្រុមហ៊ុន Royal Group Co Ltd រៀបចំបង្កើត និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។ កាលពីឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចធ្វើអនុបយោគដីក្នុងឧទ្យានជាតិបូទុមសាគរ ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងជួលទៅឱ្យក្រុមហ៊ុន Royal Group Co.,Ltd. សម្រាប់ គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ ផងដែរ ៕ (អានបន្ថែម) *អនុប្បយោគ៖ ជាការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ **ទ្រព្យឯកជនរបស់រដ្ឋ៖ អចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យឯកជន ក្នុងទម្រង់ផ្សេងៗ

អាន​បន្ថែម

អាជ្ញាធរសៀមរាបបញ្ជាឱ្យអ្នករំលោភដីចំណីស្ទឹងសៀមរាបរុះរើសំណង់ក្នុងពេល ៧ថ្ងៃ

រដ្ឋបាលខេត្តសៀមរាប បានប្រកាសទុករយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង ឱ្យអ្នករំលោភដីចំណីស្ទឹងសៀមរាប ឱ្យប្រញាប់រុះរើសំណង់ជាបន្ទាន់ ដើម្បីបើកផ្លូវឱ្យក្រុមការងារអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ចាប់ពីចំណុចស្ពានវាងក្រុងទៅក្រោម ដល់ភូមិអារញ្ញ ដែលមានប្រវែង៥ គីឡូម៉ែត្រ។ សេចក្តីជូនដំណឹង ចុះថ្ងៃទី ០៣ ខែវិច្ឆិកា នេះ ធ្វើឡើងក្រោយពេលរដ្ឋបាលខេត្តនៅតែពិនិត្យឃើញថា ម្ចាស់សំណង់មួយចំនួនតូច នៅមិនទាន់បានរុះរើសំណង់ដែលរំលោភលើដីស្ទឹងនៅឡើយ បើទោះបានទទួលគោលនយោបាយដោះស្រាយពីរដ្ឋរួចហើយ ដែលធ្វើឱ្យប៉ះពាល់ដល់ផែនការស្តារនេះ។ គួរជម្រាបផងដែរថា ក្រោយផុតរយៈពេល ៧ថ្ងៃ អាជ្ញាធរខេត្តសៀមរាប នឹងចុះរុះរើលើសំណង់ ដែលមិនគោរពតាមការជូនដំណឹងនេះ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។

អាន​បន្ថែម

CVEA និង AVA ចង់ជំរុញឱ្យភ្នាក់ងារអចលនទ្រព្យទូទាំងអាស៊ានស្ថិតក្រោមគោលការណ៍តែមួយ

សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីទិសដៅ ចង់លើកកម្ពស់សមត្ថភាពភ្នាក់ងារអចលនទ្រព្យរបស់ខ្លួន ដោយគ្រោងចង់បង្កើតគោលការណ៍តែមួយ ដើម្បីគ្រប់គ្រងស្ដង់ដារភ្នាក់ងារអចលនទ្រព្យទាំង១០ ប្រទេសសមាជិក។ អគ្គលេខាធិការសមាគម CVEA អ្នកស្រី Susan Widjojo បានឱ្យដឹងដូច្នេះក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគម AVA កាលពីថ្ងៃទី ៣ ខែវិច្ឆិកា កន្លងទៅ។ អ្នកស្រី Susan Widjojo បានឱ្យដឹងថា ការបង្កើតគោលការណ៍រួមដើម្បីឱ្យសមាជិកគោរពតាម ម្យ៉ាងគោលការណ៍នេះនឹងជួយឱ្យភ្នាក់ងារអចលនទ្រព្យ គ្រប់ប្រទេសមានសមត្ថភាព និងសក្ដានុពលស្មើៗគ្នា។ គោលការណ៍នេះដែរ ក៏ជួយឱ្យAVA និងសមាគមនៃប្រទេសនីមួយៗ គ្រប់គ្រងភ្នាក់ងារអចលនវត្ថុបានដោយមានប្រសិទ្ធភាព។ «ប៉ុន្តែ ការដែលភ្នាក់ងារគោរពតាម ឬទទួលស្គាល់ដោយស្ដង់ដារ និងគោលការណ៍នេះ មិនមែនបានន័យថាភ្នាក់ងារអចលនទ្រព្យអាចទៅបម្រើការងារនៅប្រទេសណាក៏បានតាមតែចិត្តចង់នោះទេ ព្រោះប្រទេសនីមួយៗក៏នៅមានច្បាប់ទំលាប់ខុសៗគ្នាដែរ។ ដូច្នេះ ភ្នាក់ងារអចលនទ្រព្យត្រូវរៀនសូត្របន្ថែម បើចង់បម្រើការងារនៅប្រទេសផ្សេងៗទៀត» អ្នកស្រីបានបន្ដ។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់ AVAលើកទី២៣ ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤-២៥ វិច្ឆិកា ខាងមុននេះផងដែរ។ លោក […]

អាន​បន្ថែម

រដ្ឋគ្រោងដាក់រមណីយដ្ឋានមួយកន្លែងក្នុងខេត្តព្រៃវែងជាតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថាន បានគ្រោងដាក់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតក្នុងស្រុកបាភ្នំ នៃខេត្តព្រៃវែង ជាតំបន់ការពារធម្មជាតិ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការចូលរួមពីតំណាងក្រសួងការពារជាតិ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរដ្ឋបាលខេត្តព្រៃវែង និងភាគីពាក់ព័ន្ធដទៃទៀត។ គ្រប់ភាគីបានឯកភាពជាគោលការណ៍គាំទ្រការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំនេះ បានឯកភាពគ្នាបង្កើតឱ្យមានក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យ និងវាយតម្លៃ ស្ថានភាពជាក់ស្តែង មុននឹងរៀបចំអនុក្រឹត្យបង្កើតតំបន់ការពារធម្មជាតិនេះផងដែរ។

អាន​បន្ថែម

ក្នុងត្រីមាសទី ៣ ពាក្យសុំកម្ចីទិញផ្ទះកើន ៣៩% ខណៈទំហំកម្ចីកើន៥៦%

ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ កើនឡើង ៣៩% ខណៈទំហំទឹកលុយកម្ចីក៏បានកើន ៥៦% ផងដែរ បើធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៥៣.១២០សំណើ ឬស្មើនឹងប្រមាណ ១១,៦០% នៃពាក្យស្នើសុំឥណទានសរុប ១,៣២លានគណនី ដែលមានកំណើន ១,៦៥% ធៀបនឹងត្រីមាសទី២។ ដូចគ្នានេះ គិតត្រឹមត្រីមាសទី២នេះ ទំហំកម្ចីទិញអចលនទ្រព្យ មានទឹកប្រាក់សរុបប្រមាណ ៦ ០៨៧ លានដុល្លារ ឬស្មើនឹង ៥៣,៥៤% នៃទំហំទឹកប្រាក់កម្ចីសរុប ១១,៣៧ ប៊ីលានដុល្លារ ដែលមានកំណើន ៥,៨៤% បើធៀបនឹងត្រីមាសទី២។

អាន​បន្ថែម

រដ្ឋអនុញ្ញាតឧកញ៉ាល្បី១ រូប ប្ដូរមុខមាត់កោះទន្សាយ ជាតំបន់ទេសចរធម្មជាតិជាន់ខ្ពស់

រដ្ឋបាលខេត្តកែប សម្រេចចាប់ដៃជាមួយនឹង ក្រុមហ៊ុនឯកជនល្បីក្នុងស្រុក ទ្រី ភាព គ្រុប ខូអិលធីឌី ដើម្បីអភិវឌ្ឍកោះទន្សាយជាតំបន់ទេសចរណ៍ធម្មជាតិប្រណីតជាន់ខ្ពស់ក្នុងពេលអនាគតខាងមុខនេះ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា នេះថា៖ «ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍឱ្យក្លាយជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញផងដែរ»។ «ជាក់ស្ដែងដូចជា ឆ្នេរកោះទន្សាយ ដែលកំពុងអភិវឌ្ឍដោយក្រុមហ៊ុន ទ្រី ភាព គ្រុប ខូ.អិលធីឌី (TRY PHEAP GROUP Co,. LTD)។ ក្នុងពេលអនាគតខាងមុខ កោះនេះនឹងក្លាយជាកន្លែងមួយយ៉ាងស្រស់ប្រណីត សម្រាប់បម្រើលើវិស័យទេសចរណ៍» ឯកឧត្តម បានបន្ដ។ គួរបញ្ជាក់ថា គម្រោងវិនិយោគអភិវឌ្ឍចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា នៅកោះទន្សាយ នេះ មានតម្លៃសរុបជាង ១៣០លានដុល្លារ ខណៈការសាងសង់បានចាប់ផ្តើមដំណើរការជាបណ្ដើៗរហើយ។ (អានបន្ថែម) ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែបក៏គ្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយផ្ទាល់នេះផងដែរ ដោយការដ្ឋានគ្រោងនឹងចាប់ផ្ដើមក្នុងខែវិច្ឆិកានេះ ហើយ។ (អានបន្ថែម)

អាន​បន្ថែម

អាជ្ញាធរខេត្តព្រៃវែង ដាក់បញ្ជាថ្មីសម្រាប់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ បើមិនធ្វើតាមត្រូវពិន័យធ្ងន់

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង បានបញ្ជាឱ្យអាជីវកម្មពុះដីឡូតិ៍ ឬអាជីវកម្មអភិវឌ្ឍលំនៅឋានទាំងអស់ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆកានេះ បើមិនដូច្នោះទេ នឹងត្រូវផាកពិន័យធ្ងន់។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។ សម្រាប់ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំចាប់ពី ៤-៣០ល្វែង ឬ ៣-៣០ភូមិគ្រឹះ ឬ ៤-៣០យូនីត និងអាជីវកម្មពុះដីឡូត៍ដែលមាន ទំហំក្រោម ១០ ០០០ម៉ែត្រការ៉េ ត្រូវពាក្យស្នើសុំលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ ដោយឡែក អាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំលើសពី ៣០ល្វែង ឬលើសពី ៣០ភូមិគ្រឹះ ឬលើសពី ៣០យូនីត ឡើង និងអាជីវកម្មពុះដីឡូត៍ដែលមានទំហំលើស ១០ ០០០ម៉ែត្រការ៉េ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយឱសានវាទ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង នឹងចាត់វិធានការរដ្ឋបាល និងធ្វើការផាកវិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដែលមិនគោរពការណែនាំនេះ ស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។

អាន​បន្ថែម