អ្នកជំនាញ៖ ការឆ្លងក្នុងសហគមន៍មិនទាន់ជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យទេ

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងថា ការផ្ទុះឡើងនៃការឆ្លងក្នុងសហគមន៍ ឬហៅថាព្រឹត្តិការណ៍ ២៨ វិច្ឆិកា មិនទាន់ជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យនៅឡើយទេ ដោយបច្ចុប្បន្នស្ថានភាពការទិញលក់ ក៏ដូចជាតម្លៃគឺនៅមានស្ថិរភាព។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២៤ ធ្នូ កន្លងមក លោក ច្រឹក សុខនីម បានឱ្យដឹងថា៖ «ភាពប្រឈមនៃជំងីកូវីដនៅក្នុងសហគមន៍នាពេលថ្មីៗនេះ វាហាក់បីជាថ្មីពេកក្នុងការសន្និដ្ឋាន ឱ្យទទួលរងផលប៉ះពាល់លើវិស័យអចលនទ្រព្យ ដោយសារតែជាព្រឹត្តិការណ៍រយៈពេលខ្លី ហើយអាចគ្រប់គ្រងបាន»។ លោកបានបន្ថែមទៀតថា៖ « ក៏ប៉ុន្តែ បើនិយាយពីស្ថានភាពទាំងមូលតាំងពីមានជំងឺកូវីដមក គឺបានធ្វើឱ្យការបណ្តាក់ទុនពីបរទេសក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះ និងជាពិសេសចំនួនការទិញលក់ក៏ថមថយផងដែរ»។ ទោះជាយ៉ាងណាក្ដី ជាមួយនឹងការគ្រប់គ្រងល្អរបស់រាជរដ្ឋាភិបាល និងការចាប់ផ្ដើមចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក លោកសង្ឃឹមថាវិស័យអចលនទ្រព្យក្នុងឆ្នាំ ២០២១ នឹងមានសន្ទុះឡើងវិញ។ គូរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះលោក ច្រឹក សុខនីម ទើបតែត្រូវបានជ្រើសតាំងជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ម្តងទៀតសម្រាប់ឆ្នាំ ២០២១-២០២២ នេះ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មសណ្ឋាគារ និងទេសចរណ៍ ៣ ខែបន្ថែមទៀតសម្រាប់ឆ្នាំ ២០២១

រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ៣ ខែ បន្តទៀត សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩នេះ។ បើយោងតាមប្រកាសរបស់របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ធ្នូ ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ក្នុងខេត្តក្រុងមួយចំនួនរួមមាន រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត បាវិត និងក្រុងប៉ោយប៉ែតប៉ុណ្ណោះ ដែលត្រូវអនុវត្តចាប់ពីខែ មករា រហូត ដល់ខែ មិនា ឆ្នាំ២០២០។ ជាមួយគ្នានេះ អ្នកជាប់ពន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ក្នុងទីតាំងខាងលើ តម្រូវប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២០ ឱ្យបានមុនខែមិនាឆ្នាំ២០២១ ទោះមិនតម្រូវឱ្យបង់ពន្ធគ្រប់ប្រភេទក្ដី។ កន្លងមក រដ្ឋាភិបាលបានប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មទេសចរណ៍ជាច្រើនលើកមកហើយ ចាប់តាំងពីមានវិបត្តិកូវីដ ១៩មក។ តួយ៉ាង កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប រយៈពេល ៤ ខែ ចាប់ពីខែ កុម្ភៈ ដល់ខែ ឧសភា […]

អាន​បន្ថែម

អគារក្រសួងសាធារណការថ្មីនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមករា

អគារទីស្ដីការក្រសួងថ្មី គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រៀមរៀបចំផ្លាស់ប្តូរទីស្តីការអគារថ្មី និង ដំណោះស្រាយមួយចំនួនដែលពាក់ព័ន្ធនឹងការងាររបស់ក្រសួង។ ឯកឧត្តមបានបញ្ជាក់ថា៖ «ការផ្លាស់ប្ដូរទីស្ដីការក្រសួងទៅកាន់ទីតាំងថ្មីនេះ គឺដើម្បីប្រមូលផ្ដុំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ឱ្យស្ថិតនៅទីតាំងតែមួយ ដែលមានទីធ្លាធំទូលាយ ហើយឆ្លើយតបទៅតាមទំហំការងារ នាពេលបច្ចុប្បន្ន»។ គួរបញ្ជាក់ផងដែរថា អគារទីស្ដីការក្រសួងថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវលេខ ៥៩៨ (ផ្លូវឯក ឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

ការលើកលែងពន្ធប្រថាប់ត្រាលើអចលនទ្រព្យតម្លៃក្រោម ៧ ម៉ឺនដុល្លារ ពន្យារដល់ខែធ្នូ ២០២១

រដ្ឋាភិបាលសម្រេចពន្យារថ្ងៃផុតកំណត់ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារ មួយឆ្នាំទៀត ពោលគឺពីថ្ងៃខែមករា ឆ្នាំ ២០២១ ទៅខែធ្នូឆ្នាំ ២០២១។ បើយោងតាមប្រកាសរបស់របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ធ្នូ កន្លងមកនេះ មិនត្រឹមតែបន្តលើកលែងពន្ធទេ រដ្ឋក៏បានអំពាវនាវឱ្យម្ចាស់គម្រោងធ្វើការបញ្ចុះតម្លៃផ្ទះផងដែរ ដើម្បីធ្វើឱ្យចរន្តទិញលក់ប្រសើរជាងមុន។ ការលើកលែងពន្ធប្រថាប់ត្រានេះ ធ្វើឡើងជាលើកដំបូងតាមរយៈការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយលើកលែងពន្ធ១ឆ្នាំ ពោលគឺផុតកំណត់ត្រឹមខែមករា ឆ្នាំ ២០២១។ (អានបន្ថែម) សម្តេចបានមានប្រសាសន៍ថា ការលើកលែងនេះក៏រួមបញ្ចូលទាំងខុនដូផងដែរ ដែលនេះជាការធ្វើអោយអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក និង រួចពន្ធ។ (អានបន្ថែម) គួរបញ្ជាក់ដែរថា ពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យ ដែលមានដូចជា ដី ផ្ទះ អគារ និងប្រភេទសំណង់ផ្សេងៗ គឺត្រូវបានកំណត់ក្នុងអត្រា ៤%។

អាន​បន្ថែម

ក្រុមហ៊ុនដាណឺម៉ាក និងម៉ាឡេស៊ីឈ្នះការដេញថ្លៃរចនាប្លង់មេកោះសិប្បនិម្មិតទំហំ១៨០០ហិកតានៅ Penang

ក្រុមហ៊ុនវិស្វកកម្ម និងស្ថាបត្យកម្ម ពីប្រទេសដាណឺម៉ាក និងម៉ាឡេស៊ី កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ យកការងាររៀបចំរចនាប្លង់មេ សម្រាប់គម្រោងអភិវឌ្ឍកោះសិប្បនិម្មិតទំហំ ១៨០០ហិកតា នៅទីក្រុងPenang ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានឈ្មោះថា BiodiverCity (ទីក្រុងជីវៈចម្រុះ) ដែលនឹងត្រូវរចនាជាទីក្រុងដ៏ធំមួយ ពោលគឺអាចទទួលអ្នកស្នាក់នៅដល់ទៅ ១៦ ០០០ នាក់ នៅតាមបណ្តោយមាត់ទឹកប្រវែង ២៥ គីឡូម៉ែត្រ ឆ្នេរប្រវែង ៤,៦ គីឡូម៉ែត្រ និងសួនទំហំ ២៤០ ហិកតា។ បើយោងតាមក្រុមហ៊ុនទាំងពីរ ខាងលើ គម្រោងនេះនឹងសាងសង់ឡើងដោយប្រើវត្ថុធាតុដើមដែលមិនសូវប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់ថាមពលបៃតងដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ជាប្រភពអគ្គីសនី។ លើសពីនេះ តំបន់នេះនឹងត្រូវរចនាទៅជាតំបន់ធម្មជាតិគ្មានផ្សែងពុល ឬហៅថាតំបន់បៃតងផងដែរ។ លក្ខណៈសំខាន់ៗ បី របស់កោះសិប្បនិម្មិតនេះគឺ៖ • The Channels ជាតំបន់ដែលអាចរៀបចំជាសួនបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ • The Mangroves ជាតំបន់ព្រៃកោងកាងនៅជុំវិញទីក្រុង និងមានអគារខ្ពស់មួយនៅចំកណ្ដាលសម្រាប់ការប្រជុំសន្និសីទ និងព្រឹត្តិការណ៍នានា • The […]

អាន​បន្ថែម

ផ្លូវ ៦០ ម៉ែត្រនឹងស្វាគមន៍គម្រោងលំនៅដ្ឋានដ៏ធំមួយទៀតក្នុងពេលឆាប់ៗនេះ

គម្រោងលំនៅដ្ឋានប្រណីត THE RESIDENCE ដែលមានទីតាំងនៅតំបន់សក្ដានុពលនៃផ្លូវ ៦០ ម៉ែត្រ នឹងបើកលក់ជាផ្លូវការ នៅថ្ងៃពុធ ទី២៣ ខែធ្នូនេះ ដែលនឹងរួមចំណែកធ្វើឲ្យតំបន់តាមបណ្ដោយមហាវិថីនេះ ក្លាយជាបណ្ដុំពាណិជ្ជកម្មថ្មីមួយក្នុងពេលឆាប់ៗ។ គម្រោង THE RESIDENCE មានប្រភេទផ្ទះអាជីវកម្ម ៤ប្រភេទ មានសរុបចំនួន ៥៧៤ផ្ទះ ដែលសាងសង់នៅលើផ្ទៃដីអភិវឌ្ឍសរុបចំនួន ៨៨ ០០០ម៉ែត្រការ៉េ។ គម្រោងនេះ មានទីតាំងដ៏ល្អស្ថិតនៅលើវិថី ៦០ម៉ែត្រ និងចំណាយពេលត្រឹមតែ៥នាទីពីផ្សារទំនើប AEON Mall 3។ ទីតាំងហ៊ុមព័ទ្ធទៅដោយសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប អាគារពាណិជ្ជកម្ម និងប្រភេទលំនៅដ្ឋានសំបូរបែបផ្សេងៗជាច្រើនទៀត។ លើសពីនេះ គម្រោងមានផ្លូវខ្វែងខ្វាត់ ដែលផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទ ទុកសម្រាប់រស់នៅ ឬអាចវិនិយោគទិញទុកលក់យកចំណេញក៏បាននៅក្នុងពេលអនាគត។ អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia ដែលជាភ្នាក់ងារលក់ផ្ដាច់មុខនៃ គម្រោង បានបន្ថែមថា៖ «តំបន់នេះស្ថិតនៅកណ្តាលក្រុងរួចស្រេចទៅហើយ និងជាតំបន់ដែលមានការអភិវឌ្ឍលឿន ដោយសារទីតាំងមានភាពអំណោយផលកៀកនឹងចំណុចកណ្តាលនៃរាជធានីភ្នំពេញ និងជាតំបន់ថ្មី ដែលងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ»។ តាមការព្យាករណ៍របស់អ្នកជំនាញ ក្នុងរយៈពេល៥ឆ្នាំខាងមុខ […]

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឲ្យដំណើរការកម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឆាប់ៗនេះ

អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ចេញនូវកម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ នៅឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសម្រួលដល់ការបង់ពន្ធអចលនទ្រព្យឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយរក្សាគម្លាតសង្គមនៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាម ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ កាលពីថ្មីៗនេះ។ ថ្លែងនៅក្នុងកម្មវិធីពិសេស ស្តីពីការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពី ថ្ងៃទី១៧ ខែធ្នូ កន្លងមកនេះ ឯកឧត្តមបានឲ្យដឹងថា ពេលនេះអគ្គនាយកដ្ឋានកំពុងរៀបចំដាក់ចេញ App តែមិនទាន់ចេញសេចក្តីជូនដំណឹង និងបណ្តុះបណ្តាលមន្ត្រីផ្ទៃក្នុងរួចរាល់នៅឡើយទេ។ ឯកឧត្តមបន្តថា៖ «…App សម្រាប់បង់ពន្ធអចលនទ្រព្យ នឹងដាក់ចេញក្នុងពេលឆាប់ៗនេះ [ត្រឹមឆ្នាំ២០២១] គឺប្រជាពលរដ្ឋដែលបានធ្វើបច្ចុប្បន្នភាពជាមួយពន្ធដារហើយ [ទិន្នន័យនៃអចលនទ្រព្យទាំងអស់] គឺយកកាតហ្នឹងទៅ ហើយយកអត្តសញ្ញាណProperty tax ទៅបង់ពន្ធទៅ…»។ ម្ចាស់អចលនទ្រព្យ មិនចាំបាច់ទៅកាន់ធនាគារ ឬសាខាពន្ធដារណាមួយទេ។ ប្រសិនបើមានព័ត៌មានពេញលេញហើយ អ្នកអាចវាយទិន្នន័យអចលនទ្រព្យចូល អ្នកនឹងអាចបង់ពន្ធនៅលើ App នោះតែម្តង។ បន្ទាប់មក App នេះនឹងផ្តល់វិក័យបត្រអេឡិចត្រូនិច ដោយស្វ័យប្រវត្តិ។ កម្មវិធីនេះ ក៏ជួយឲ្យអ្នកអាចឆែកមើលប្រវត្តិអចលនទ្រព្យថា តើឆ្នាំណាមិនទាន់បានបង់ពន្ធ ឬជំពាក់ពន្ធពីមុនដែរទេ ដោយព័ត៌មានទាំងនោះគឺនៅក្នុង App នេះទាំងអស់។ […]

អាន​បន្ថែម

ក្រសួងនឹងរឹតបន្តឹងរបៀបប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅដ្ឋាន តាមរយៈស្ដង់ដាថ្មីចំនួន ៤

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចអនុម័តស្តង់ដារ ទាក់ទងនឹងការប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅដ្ឋាន ចំនួន ៤ ពីគណៈកម្មការអគ្គិសនីអន្តរជាតិ ឬ IEC មកប្រើនៅកម្ពុជា ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបង្កាហានិភ័យ។ នេះបើតាមកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមកនេះ។ ការអនុម័តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពត្រួតពិនិត្យទាំងអស់ ធ្វើការវាយតម្លៃ ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពបរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ក្នុងទិសដៅការពារអ្នកប្រើប្រាស់ និងបរិស្ថានពីហានិភ័យដែលបង្កដោយបរិក្ខារទាំងនោះ។ ដោយឡែកមកទល់បច្ចុប្បន្ន ក្រសួងឧស្សាហកម្មមិនសម្រេចអនុម័តចំពោះប្បញ្ញត្តិបច្ចេកទេសអគ្គិសនីសម្រាប់រៀបចំបណ្តាញ និងសុវត្ថិភាពអគ្គិសនីក្នុងអគារ និងលំនៅដ្ឋាននៅកម្ពុជា ណាមួយនៅឡើយទេ។ ការចងក្រងបទប្បញ្ញត្តិបច្ចេកទេសនេះ ទាមទារឱ្យមានការចូលរួមពិភាក្សាបានល្អិតល្អន់ជាមុន ជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសារអាចនឹងជាន់ភារកិច្ចការងារគ្នា។ គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាស្តង់ដារជាតិ ដែលមានគណៈកម្មការបច្ចេកទេសចំនួន១២បានសម្រេចយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិសរុបបានចំនួន៩៦៩ ស្តង់ដារហើយ ។

អាន​បន្ថែម

WB ក្រើនឱ្យកម្ពុជាតាមដានហានិភ័យសេដ្ឋកិច្ច បណ្ដាលពីកំណើនហួសកម្រិតនៃវិស័យសំណង់ និងអចលនទ្រព្យ

របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បានស្នើឱ្យប្រទេសកម្ពុជាបន្តតាមដានយ៉ាងដិតដល់នូវហានិភ័យសេដ្ឋកិច្ច ដែលអាចបណ្តាលមកពីការឡើងហួសកម្រិតជាបន្តបន្ទាប់នៃវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាការកើនឡើងជាគំហុកនៃឥណទានដែលផ្ដល់ឱ្យវិស័យទាំង២នេះ។ ការក្រើនរំលឹកនេះ ស្របពេលដែលធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ២% សម្រាប់២០២០ តែអាចនឹងកើនឡើងដល់ ៤% នៅឆ្នាំ២០២១។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលបានចេញផ្សាយកាលពីខែវិច្ឆិកានេះ បានបញ្ជាក់ទៀតថា ប្រសិនបើការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែបន្ត បូកផ្សំនឹងការខូចខាតដែលបណ្តាលមកពីទឹកជំនន់កាលពីពេលថ្មីៗនេះ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណួលប្រជាជនទូទៅ។ ជាលទ្ធផល ពួកគេអាចនឹងមានបញ្ហាក្នុងការសងប្រាក់កម្ចីទិញអចលនទ្រព្យ ដែលអាចនឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុស្ថិតនៅក្រោមភាពតានតឹង និងហានិភ័យ។ របាយការណ៍ដដែលបង្ហាញថា ឥណទានសម្រាប់វិស័យសំណង អចលនទ្រព្យ និងប្រាក់កម្ចីទិញអចលនទ្រព្យ បានកើនឡើងជាលំដាប់ ពោលគឺកើនជាមធ្យម ៣២,១% ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ។ លើសពីនេះ ក្នុងឆ្នាំ ២០១៩ ឥណទានសម្រាប់វិស័យទាំង ៣នេះ មានសរុបដល់ទៅ ៣១,១% នៃឥណទានសរុបក្នុងស្រុកទាំងអស់។ ដោយឡែក គិតត្រឹម ខែសីហាឆ្នាំ ២០២០ ប្រាក់កម្ចីទិញអចលនទ្រព្យគឺមានច្រើនបំផុត ដល់ទៅ ៣,៥ ពាន់លានដុល្លារអាមេរិក។ ឥណទានសម្រាប់វិស័យសំណង គឺនៅលំដាប់ទី […]

អាន​បន្ថែម

ប្រធានក្រុមហ៊ុនNagaCorp ៖ NagaWorld ដំណើរការដោយរលូនទោះព្រឹត្តិការណ៍កូវីដនៅមិនទាន់ស្ងប់ក្ដី

កាស៊ីណូយក្សណាហ្គាវើល នៅតែបើកដំណើរការពេញលេញជាធម្មតា ទោះបីមានការការរីករាលដាលនៃមេរោគកូវីដពីព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៅមិនទាន់ស្ងប់ក្ដី។ នេះបើយោងតាមលោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp។ លោក Tim McNally បានប្រាប់សារព័ត៌មាន GGRAsia ដែលចុះផ្សាយកាលពីថ្ងៃទី ១៤ ធ្នូ នេះថា ណាហ្គាវើលគឺដំណើរការពេញលេញ ហើយកាស៊ីណូរបស់លោកបានធ្វើការកែសម្រួលការធ្វើការងារយ៉ាងមានប្រសិទ្ធិភាព តាមការណែនាំរបស់របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់នឹងការរីករាតត្បាតនៃមេរោគកូវីដ១៩។ លោកបញ្ជាក់ថា៖ «កូវីដ១៩ ធ្វើឲ្យមានការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវបរទេសចាប់តាំងពីខែមីនា មកម្ល៉េះ ដូច្នេះបច្ចុប្បន្ន អាជីវកម្មរបស់យើងគឺ ពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារក្នុងស្រុក។ ដោយសារអតិថិជនក្នុងស្រុករបស់យើងនៅតែមានភាពរឹងមាំ ទើបធ្វើឲ្យអាជីវកម្មនៅតែមានភាពជោគជ័យ»។ យ៉ាងណាក្ដី លោក McNally នៅតែមានសុទិដ្ឋិនិយមថាអាជីវកម្មទេសចរណ៏ និងកាស៊ីណូនឹងស្ទុះឡើងវិញនៅឆ្នាំ ២០២១ ដោយសារការចាក់វ៉ាក់សាំងគឺកំពុងចាប់ផ្តើមហើយ។ រូបភាព៖ GGRAsia

អាន​បន្ថែម