ព័ត៌មានអចលនទ្រព្យ
អាជ្ញាធរខេត្តមណ្ឌលគិរីបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវការទិញ-លក់ដីសហគមន៍
អាជ្ញាធរខេត្តមណ្ឌលគិរី ប្រកាសឱ្យបញ្ឈប់ជាបណ្តោះអាសន្ននូវការលក់ទិញ-ទិញដីសហគមន៍ក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីព្រោះជាភូមិគោលដៅនៃការចុះបញ្ជីដីសមូហភាព សហគមន៍ជនជាតិដើមភាគតិចព្នង។ នេះបើតាមលិខិតចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងលិខិតនេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើការណែនាំ និងមានវិធានការដូចខាងក្រោម៖ ទប់ស្កាត់នូវរាល់សកម្មភាព ក្នុងការទន្ទ្រានចូលកាន់កាប់ដីខុសច្បាប់ បញ្ឈប់ជាបណ្ដោះអាសន្ននូវការបញ្ជាក់លើលិខិតនានា ទាក់ទងនឹងការផ្ទេរសិទ្ធិ តាមរយៈការទិញលក់ ការដាក់បញ្ចាំដីធ្លី នៅក្នុងភូមិខាងលើ និងតំបន់ជិតខាងដែលមានព្រំប្រទល់ជិតគ្នា។ យ៉ាងណាមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានបញ្ជាឱ្យបញ្ឈប់ការទិញលក់ ឬផ្ទេរកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីរួចជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ខណៈឯកសារផ្ទេរកម្មសិទ្ធពាក់ព័ន្ធនានា ចាត់ទុកថាមោឃៈ ទោះមានការដឹងលឺពីអាជ្ញាធរឃុំសង្កាតក្ដី។ (អានបន្ថែម) លើសពីនេះ បើតាមច្បាប់ភូមិបាល ក្នុងតំបន់នេះ ប្រជាពលរដ្ឋ មានរាល់សិទ្ធិ និងការការពារសិទ្ធិដូចកម្មសិទ្ធិឯកជនដែរ តែមិនមានសិទ្ធិចាត់ចែង (លក់ ឬដូរជាដើម) ឱ្យទៅបុគ្គល ឬក្រុមណាមួយជាដាច់ខាត នូវចំណែកណាមួយនៃកម្មសិទ្ធិសមូហភាពបាននោះទេ ពីព្រោះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ (អានបន្ថែម)
អានបន្ថែមGCFបានអនុម័តថវិកា ៤៣លានដុល្លារ ដើម្បីគាំទ្រកសិករនៅតំបន់ទន្លេសាបប៉ែកខាងជើង
មូលនិធិអាកាសធាតុបៃតង (GCF) ដែលជាមូលនិធិធំបំផុតនៅក្នុងពិភពលោក សហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រសួងសំខាន់ៗចំនួនពីរផ្សេងទៀត បានអនុម័តគម្រោងមួយក្រោមទំហំថវិកា ៤៣លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កសិករនៅក្នុងតំបន់ទន្លេសាបភាគខាងជើង។ គម្រោងនេះមានឈ្មោះថា «ភាពជាដៃគូរវាងរដ្ឋ និងឯកជនសម្រាប់កសិកម្មដែលមិនប៉ះពាល់បរិស្ថាន និងមុខរបរដែលមានភាពធន់នៅអាងទន្លេសាបភាគខាងជើង (PEARL)» ត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ដោយមានការគាំទ្របច្ចេកទេសពីអង្គការ (FAO) មានគោលបំណងបង្កើនសមត្ថភាពបន្សុំរបស់កសិករខ្នាតតូច សហគមន៍មូលដ្ឋាន និងខ្សែចង្វាក់តម្លៃផ្សេងទៀត នៅតំបន់អាងទន្លេសាបប៉ែកខាងជើង ដើម្បីទប់ទល់នឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ។ គម្រោងនេះទទួលបានទឹកប្រាក់ចំនួន ៣៦លានដុល្លារពី GCF និង ៦,៦លានដុល្លារផ្សេងទៀតជាថវិការរួមគ្នារវាងក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង FAO។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ FAO ចេញផ្សាយនាថ្ងៃទី ១៥ មីនា ដោយបានបន្ថែមថា ការអនុម័តកញ្ចប់ថវិកានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៥ របស់ GCF នាថ្ងៃទី ១៥ ខែមីនា នៅទីក្រុង Songdo ប្រទេសកូរ៉េខាងត្បូង។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ចំនួនទឹកប្រាក់ដែលបានអនុម័តនេះនឹងផ្តល់មូលនិធិដល់គម្រោងសម្រាប់រយៈពេល ៦ឆ្នាំ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ៤៥០.០០០នាក់ […]
អានបន្ថែមត្រឹមឆ្នាំ២០២៣ កម្ពុជាមានសហគមន៍កសិកម្មជាង ១២០០ មានតម្លៃជាង ២៦លានដុល្លារ
គិតត្រឹមឆ្នាំ២០២៣ នេះ កម្ពុជាមានចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ បានកើនឡើងដល់ចំនួន ១២៥១សហគមន៍ ក្រោមដើមទុនវិនិយោគសរុបជាង ២៦លានដុល្លារ។ នេះបើតាមពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សហគមន៍ទាំងអស់នេះ មានសមាជិកសរុប ១៧០.២០៨នាក់ ក្នុងនោះស្រ្តីមាន ១០៧.៣៨០នាក់ ហើយមានភាគហ៊ុនសរុបប្រមាណ ១២.៨លានដុល្លារ។ បន្ថែមពីនេះ សហគមន៍កសិកម្មទាំងនេះ មានមុខរបរសំខាន់ៗ រួមមាន ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម ដោយក្នុងនោះមានមុខដំណាំសំខាន់ៗ ដូចជាដំណាំស្រូវ និងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម។ ថ្លែងក្នុងសន្និបាត ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា ក្រសួងនឹងជួយគាំទ្របន្ថែមក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ជំរុញការបង្កើតមូលនិធិជួយដល់សហគមន៍ កសាងនិងពង្រីកទៅតាមខ្សែបណ្តោយនៃក្រុមអ្នកផលិត ដើម្បីទទួលបានប្រាក់ចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។
អានបន្ថែមប្រាសាទអង្គរវត្តជាប់ជាកន្លែងមើលថ្ងៃរះស្អាតបំផុត លើពិភពលោកប្រចាំឆ្នាំ២០២៣
ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ ដែលអាចមើលទេសភាពថ្ងៃរះនាពេលព្រឹកស្អាតបំផុតនៅក្នុងពិភពលោក ប្រចាំឆ្នាំ២០២៣។ នេះបើយោងតាមការចាត់ចំណាត់ថ្នាក់របស់គេហទំព័ររបស់ចក្រភពអង់គ្លេស Mornings.co.uk ដែលបានប្រមូលទិន្នន័យពីក្រុមហ៊ុនទេសចរណ៍អាមេរិក Tripadvisor លើការស្វែងរកកន្លែងមើលថ្ងៃរះល្អដាច់គេនៅលើពិភពលោក។ ប្រាសាទអង្គរវត្តបានទទួលបានសំឡេងឆ្នោតចំនួន ១០.៤០៤សំឡេង ដោយទទួលបានសំឡេងឆ្នោតច្រើនទ្វេដងលើទីតាំង Haleakala Crater នៅសហរដ្ឋអាមេរិក ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ និងទទួលបានសំឡេងត្រឹម ៣.៩៣៣តែប៉ុណ្ណោះ។ ប្រភពដដែលបានគូសបញ្ជាក់ថា ប្រាសាទអង្គរវត្ត គឺជាតំបន់អច្ឆរិយៈមួយ ក្នុងចំណោមតំបន់អច្ឆរិយៈទាំងប្រាំពីរ ក្នុងពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងនោះក៏មាន ប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌា ជាប់លេខ៣ ប្រាសាទ Borobudur នៅលើកោះជ្វា របស់ប្រទេសឥណ្ឌូណេស៊ី ជាប់លេខ៤ ថ្ម Uluru នៅប្រទេសអូស្រ្តាលី ជាប់លេខ៥ ហើយ ភ្នំ Sarangkot របស់ប្រទេសនេប៉ាល់ ជាប់លេខ៦ ប្រាសាទ Bagan របស់ប្រទេសមីយ៉ាន់ម៉ា ជាប់លេខ៧, ភ្នំ Adam’s Peak របស់ប្រទេសស្រីលង្កា ជាប់លេខ៨ […]
អានបន្ថែមត្រឹមខែមីនា-២០២៣ កម្ពុជារំដោះផ្ទៃដីមានមីនបាន ១០ខេត្ត-ក្រុង សល់តែ ១៥ខេត្ត ទៀតប៉ុណ្ណោះ
គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជារំដោះផ្ទៃដីមានមីនបានចំនួន ១០ខេត្ត-ក្រុងហើយ ខណៈខេត្តកណ្តាលត្រូវបានប្រកាសជាខេត្តអស់មីនទី១០ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដូច្នេះកម្ពុជាបច្ចុប្បន្ននៅសល់តែ ១៥ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាមគំហែងដោយសារគ្រាប់មីន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញការសាទរចំពោះខេត្តកណ្តាល ដែលក្លាយជាខេត្តអស់មីនទី១០ មានន័យថា យើងនៅសល់តែ ១៥ ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាមគំហែងដោយសារគ្រាប់មីន។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាគ្រោងនឹងប្រកាសខេត្តចំនួន ៨ទៀត ជាខេត្តអស់មីន បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមាន៖ ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់បន្ថែមថា បើទោះបីជាខេត្តកណ្តាលបានប្រកាស ជាខេត្តអស់មីនក៏ពិតមែន ក៏ប៉ុន្តែមិនមានន័យថា ខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ […]
អានបន្ថែមត្រឹមខែកុម្ភ: ឆ្នាំ២០២៣ CGCC ផ្តល់កម្ចីជាង ១០០លានដុល្លារ ដល់ជាង ១ម៉ឺនអាជីវកម្ម
គិតត្រឹមចុងខែកុម្ភ: ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានជូនដល់ ១១៥៥ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១០៤,៩ លានដុល្លារអាមេរិក។ នេះបើតាម CGCC បានឱ្យដឹងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ទំហំឥណទាននេះ មានការកើនឡើងចំនួន ១៥,៩លានដុល្លារអាមេរិក បើធៀបនឹងត្រឹមឆ្នាំ២០២២ មានតែ ៨៩លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ (អានបន្ថែម) ក្នុងនោះ ក្រុមហ៊ុន/អាជីវកម្មធុនធំមានចំនួន ៨១ រីឯសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមមានចំនួន ១០៧៤មូលដ្ឋាន ខណៈប្រភេទកម្ចីមានទ្រព្យធានាមាន ៤១០មូលដ្ឋាន និងគ្មានទ្រព្យធានាមានចំនួន ៧៤៥មូលដ្ឋាន។ បន្ថែមពីនេះ CGCC បានបញ្ជាក់ដែរថា គិតត្រឹមខែថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សន្និធិឥណទានដែលមានការធានាមានចំនួន ៨១,៦លានដុល្លារអាមេរិក ដោយឡែកសន្និធិទំហំការធានាឥណទានមានចំនួន ៥៨,៩លានដុល្លារអាមេរិក។
អានបន្ថែមកម្ពុជារំពឹងទាក់ទាញទេសចរចិនតាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍
ប្រទេសកម្ពុជារំពឹងទាក់ទាញរំហូរទេសចរចិនមកទស្សនាកំសាន្តកម្ពុជាកាន់តែច្រើនបន្ថែមទៀត តាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ស្របពេលដែលមានកំណើនចំនួនទេសចរធ្វើដំណើរតាមរយៈផ្លូវ នេះកាន់តែច្រើន ហើយមានតម្លៃសមរម្យ បូកផ្សំនឹងការសម្របសម្រួលគោលនយោបាយការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។ ក្នុងឱកាសដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានមានលើកឡើងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា ដោយសារចំនួននៃទេសចរចិន ឡាវ និងថៃ ដែលធ្វើដំណើរទៅមករវាងប្រទេសទាំងបីមានចំនួនកើនឡើងច្រើន ដែលនេះក៏ជាឱកាសរបស់កម្ពុជាផងដែរ ហើយតម្លៃនៃសេវាកម្មតាមរយៈរថភ្លើងល្បឿនលឿននេះមានតម្លៃសមរម្យ និងមានសុវត្ថិភាព។ លើសពីនេះ នៅក្នុងជំនួបទ្វេភាគីជាមួយលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា កម្ពុជា និងឡាវបានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់ តាមរយៈការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ជាដើម។ ឯកឧត្តមបានថ្លែងថា «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន ប្រទេសចិន មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ ព្រោះថ្លៃសំបុត្រថោកហើយសុវត្ថិភាព»។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជានិងថៃក៏គ្រោងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងឆ្លងកាត់ទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំនើនភ្ញៀវទេសចរទៅវិញទៅមកផងដែរ។
អានបន្ថែមបុរី ប៉េង ហួត នៅតែផ្ដល់ជូនប្រូម៉ូសិនចំណេញដល់អតិថិជនដើម្បីបានផ្ទះក្នុងក្ដីស្រមៃ
ក្នុងខែមីនា ឆ្នាំ២០២៣នេះ បុរី ប៉េង ហួត មានផ្ដល់ជូនការទិញផ្ទះជាមួយគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល រួមជាមួយការចំណេញរហូតដល់ ៨% ភ្លាមៗ។ បន្ថែមពីនេះ អតិថិជនក៏អាចបង់រំលស់ជាមួយធនាគារដៃគូដោយអត្រាការប្រាក់ចាប់ពី ៤.៦៩% ឡើងទៅតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះដ៏ប្រណីត គុណភាពសំណង់រឹងមាំ ថែមទាំងការរស់នៅក្នុងមជ្ឈដ្ឋាននៃសហគមន៍បែបទំនើបចម្រុះ ផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង់ស្រស់គ្រប់ទីកន្លែង ផ្លូវជិះកង់និងរត់ម៉ារ៉ាតុងស្តង់ដារអន្តរជាតិដំបូងគេក្នុងប្រទេសកម្ពុជា សួនកម្សាន្តបែបអឺរ៉ុប -ល- បុរី ប៉េង ហួត គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។ ជាមួយប្រភេទផ្ទះច្រើនជម្រើសរាប់ចាប់ពីខុនដូ វីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោល លោកអ្នកនឹងទទួលបានផ្ទះដ៏កក់ក្ដៅ ដែលមិនត្រឹមតែអាចរស់នៅពោរពេញដោយសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគិតគូរយ៉ាងល្អិតល្អន់អំពីសក្ដានុពលនាពេលអនាគត ពោលគឺទិញផ្ទះក្នុងពេលនេះ អាចមានឱកាសទទួលបានផលចំណេញទៅថ្ងៃក្រោយ។ គួរបញ្ជាក់ផងដែរថា ប្រូម៉ូសិននៃការបញ្ចុះតម្លៃរហូតដល់ ៨% មានរយៈពេលត្រឹមតែដំណាច់ខែមីនា ឆ្នាំ២០២៣ នេះប៉ុណ្ណោះ។ ទិញហើយដឹងតែចំណេញ! ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ ០៩៨/ ០១៦/ ០១៧ ៥៩៦ ៧៨៩ ឬចូលរួមតាម Telegram សូមចុចទីនេះ […]
អានបន្ថែមជនជាតិរុស្សីក្លាយជាអ្នកវិនិយោគអចលនទ្រព្យឈានមុខគេ លើកោះភូកេតប្រទេសថៃ
ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ដោយបានក្លាយជាអ្នកទិញខុនដូលើកោះភូកេតច្រើនជាងគេបំផុត ស្របពេលប្រជាជនរុស្សីជាច្រើននាក់បានសម្រុកចាកចេញពីប្រទេសរបស់ខ្លួន ខណៈសង្រ្គាមរវាងរុស្សីអ៊ុយក្រែននៅតែបន្ត។ សារព័ត៌មាន The Diplomat បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២២ ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ក្លាយជាអ្នកទិញខុនដូច្រើនបំផុត នៅលើកោះភូកេត នៃខេត្តភូកេត។ ប្រភពដដែល បានឱ្យដឹងទៀតថា បច្ចុប្បន្នមានជនជាតិរុស្សីបានកាន់កាប់អចលនវត្ថុប្រភេទខុនដូនៅលើកោះភូកេតរហូតដល់ទៅ ៤០ភាគរយ។ ភ្នាក់ងារលក់អចលនទ្រព្យមួយរូបបានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ធ្នូ ២០២២ និងខែមករា ២០២៣ កន្លងមក ជារដូវកាលលក់ដាច់បំផុត ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ភ្នាក់ងារដដែលបាននិយាយថា និន្នាការនេះត្រូវបានជំរុញ ដោយសារតែអ្នកវិនិយោគ (រុស្សី) មានការបារម្ភលើបញ្ហាសង្រ្គាម ដែលកំពុងកើតឡើង។ ក្រុមហ៊ុន Intermark Real Estate ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បានឱ្យដឹងថា ក្នុងចំណោមប្រតិបត្តិការទិញអចលនទ្រព្យក្រៅប្រទេសក្នុងឆ្នាំ២០២២ របស់ជនជាតិរុស្សី តំបន់អាស៊ីអាគ្នេយ៍បានគ្រប់គ្រងចំណែកដល់ទៅ ២៧ភាគរយ កើនឡើងពី ១២ភាគរយ ធៀបនិងឆ្នាំ២០២១។ អ្នកជំនាញអចលនទ្រព្យថៃម្នាក់ទៀតបានបញ្ជាក់ថា ជនជាតិរុស្ស៊ី យល់ថាអចលនទ្រព្យលើកោះភូកេត ឬកោះបាលី ជាជម្រើសវិនិយោគទី១ ដោសារពួកគេយល់ថា “តំបន់អាស៊ីជាទីតាំងមានសុវត្ថិភាព និងអព្យាក្រឹតសម្រាប់ប្រជាជនរុស្ស៊ី”។ […]
អានបន្ថែម២០២២ ចំណូលពន្ធដារនៅភ្នំពេញមានជាង ៣២០លានដុល្លារ ខណៈពន្ធអចលនទ្រព្យមានជាង ២៦លានដុល្លារ
ក្នុងឆ្នាំ២០២២ ចំណូលពន្ធពន្ធដារក្នុងរាជធានីភ្នំពេញសរុបមានចំនួនជាង១,២៩៨ទ្រីលានរៀល ស្មើនឹងជាង ៣២០លានដុល្លារអាមេរិក ស្មើនឹង ១១៥,៤៦% នៃផែនការ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះ ចំណូលពន្ធអចលនទ្រព្យមានចំនួន ១០៨,៨៣ប៊ីលានរៀល ស្មើនឹងជាង ២៦លានដុល្លារអាមេរិកខណៈពន្ធលើដីធ្លីមិនបានប្រើប្រាស់មានចំនួន ៧,៣៩៨ប៊ីលានរៀល។ មួយវិញទៀត ចំណូលពន្ធលើឈ្នួលអចលនទ្រព្យ និងអចលនទ្រព្យមានចំនួន ២៦៥,៨៧ប៊ីលានរៀល ហើយពន្ធប្រថាប់ត្រាមានចំនួន ៥០៤,៧៤ប៊ីលានរៀល។ ដោយឡែក ក្នុងឆ្នាំ២០២២ ផងដែរ ចំណូលពីពន្ធគយ និងរដ្ឋាករសរុបមានចំនួន ៨០,១៣ប៊ីលានរៀល ស្មើនឹងជាង ១៩,៧៩លានដុល្លារអាមេរិក កើនប្រមាណជា ២៤.៨១៣លានរៀល ឬ ៤៤,៨៦% ធៀបនឹងឆ្នាំ២០២១។ គួរបញ្ជាក់ថា ឆ្នាំ២០២២ រដ្ឋប្រមូលចំណូលពន្ធដារសរុបបានចំនួន ៣.៤៥៥,១១លានដុល្លារ ស្មើនឹង ១២២,៥៤% នៃផែនការច្បាប់។ (អានបន្ថែម) ចំណែក ចំណូលពន្ធគយវិញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០.៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែម