បញ្ជាថ្មី៖ ក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង ត្រូវបង់ពន្ធ និងចុះបញ្ជី: មិនបង់ពន្ធ មិនអាចកាត់ឈ្មោះ

អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យថ្មី ដោយតម្រូវឱ្យក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង បង់ពន្ធ និងចុះបញ្ជី។ នេះជាការបញ្ជាក់របស់ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាស្ដីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា កន្លងទៅ។ ឯកឧត្តម គង់ វិបុល ថ្លែងថា៖ «បើថាអត់បានមកបង់ពន្ធ ហើយអត់មានលេខ Tax QR កូដនោះទេ មានន័យថា មកកាត់ឈ្មោះលក់អត់ចេញទេ»។ បើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារ ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យសម្រាប់ក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងនេះ អាចនឹងដាក់ដំណើរការនៅចុងខែមេសា ឬក៏ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ខណៈនាពេលបច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារកំពុងអភិវឌ្ឍកម្មវិធីនេះ។ តាមរយៈប្រព័ន្ធនេះ រាល់ផ្ទះនីមួយៗ នឹងមានQR កូដ ហើយផ្ទះដែលមិនមាន QR កូដ មានន័យថា ម្ចាស់បុរី ឬផ្ទះអត់បង់ពន្ធ និងអត់បានចុះបញ្ជី ហើយមិនអាចផ្ទេរកម្មសិទ្ធិបានទេ៕

អាន​បន្ថែម

អាជ្ញាធរមណ្ឌលគិរីចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យ ដែលបន្ដកើនឡើង

អាជ្ញាធរខេត្តមណ្ឌលគិរី បានព្រមានផាកពិន័យ និងចាត់វិធានតាមផ្លូវច្បាប់ធ្ងន់ធ្ងន់ចំពោះអាជីវកម្មពុះដីឡូតិ៍ណាដែលមិនបានសុំច្បាប់អនុញ្ញាត ខណៈបច្ចុប្បន្នកំពុងបន្ដចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យទាំងនេះ។ ការព្រមាននេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្តរកឃើញថា មានការអភិវឌ្ឍដី និងការសាងសង់ក្នុងខេត្តយ៉ាងអនាធិបតេយ្យ ដោយគ្មានសុំច្បាប់អនុញ្ញាតជាមុន ជាពិសេសមិនផ្ទេរកម្មសិទ្ធិ និងបំបែកក្បាលដីឱ្យអ្នកទិញ ព្រមទាំងសាងសង់មិនស្របតាមផែនការប្រើប្រាស់ដី។ បើតាមលិខិតជូនដំណឹងចុះថ្ងៃទី០៣ ខែមីនា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលខេត្តក៏បានដាក់ចេញបទបញ្ជា ៣ សំខាន់ៗ ដល់អ្នកអភិវឌ្ឍដីឡូតិ៍ផងដែរ រួមមាន៖ ១) ម្ចាស់អាជីវកម្ម ត្រូវសុំច្បាប់អនុញ្ញាតសាងសង់ និងពុះដីឡូតិ៍ មុនប្រកបអាជីវកម្មនៅអាជ្ញាធរមានសមត្ថកិច្ច ២) ម្ចាស់អាជីវកម្ម ត្រូវដាក់បង្ហាញឯកសារផ្លូវច្បាប់នានា នៅទីតាំងដី ឬគម្រោង ដើម្បីឱ្យសាធារណជនបានឃើញ ៣) ម្ចាស់អាជីវកម្ម ត្រូវប្រគល់ឯកសារចម្លងច្បាប់ដើម ជូនដល់អ្នកទិញ ដូចជា លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណប្រកបអាជីវកម្ម បណ្ណកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធដទៃទៀត។

អាន​បន្ថែម

អាជ្ញាធរជាតិអប្សរា ពង្រឹងច្បាប់ និងបទបញ្ញតិរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា កាលពីដើមខែមីនា កន្លងមក បានបើកវគ្គបណ្តុះបណ្តាលពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិពាក់ព័ន្ធនឹងការរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ ដល់សិក្ខាកាមជាមន្ត្រី និងនិស្សិតចំនួន ១០០នាក់។ ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះសំខាន់ៗចំនួន ០៤ ចំណុចដូចជា៖ ១.ច្បាប់គតិយុត្ត (ការគ្រប់គ្រង និងប្រើប្រាស់ដី ការបដិសេធច្បាប់សាងសង់ ការអនុញ្ញាតច្បាប់សាងសង់)។ ២.សំណង់លំនៅឋានខ្មែរ (លក្ខណៈទូទៅនៃផ្ទះខ្មែរ ប្រភេទសំណង់នៃផ្ទះខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ផ្ទះខ្មែរ និងការតុបតែងកែលម្អ)។ ៣.ការផ្លាស់ប្ដូរសំណង់ផ្ទះខ្មែរ។ ៤. គោលការណ៍របស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រងលំនៅឋានប្រពៃណីក្នុងឧទ្យានអង្គរ។

អាន​បន្ថែម

បុរី ហ្គោលដេន ផាក បញ្ចុះតម្លៃរហូតដល់ ១៥% ព្រមនឹងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល

ដើម្បីជាការអបអរសាទរគម្រប់ខួប ១ ឆ្នាំនៃការបើកលក់គម្រោង ដឹណេតឆឺរ៉ល បុរីហ្គោលដេន ផាក នឹងផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃដ៏ពិសេសដល់ទៅ ១៥% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ត្រឹម ២០% គ្មានប្រាក់កក់ និងគ្មានការប្រាក់រយៈពេល ៣០ខែ។ នេះជាឱកាសសម្រាប់លោកអ្នកចង់បានផ្ទះដែលហ៊ុំព័ទ្ធដោយធម្មជាតិបៃតង ប្រៀបបាននឹងតំបន់រីសត ដែលលោកអ្នកមិនត្រឹមតែហៅថាផ្ទះ តែក៏ជាទីកន្លែងដែលបង្កើតការចង់ចាំល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ងាយស្រួលទាំងការរស់នៅ និងប្រកបអាជីវកម្ម។ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីសរុប ៦០ហិកតា មានសួនធម្មជាតិដ៏ធំទំហំ ៤,៥ហិកតា និង មានទន្លេអមសងខាង។ គម្រោងស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង ជាប់ផ្លូវជាតិ ៦អា ដែលមានផ្ទះច្រើនប្រភេទដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និង ហូមអហ្វីស ដែលត្រូវបានរចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗ ដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ។ លោកអ្នកថែមទាំងអាចសម្រាកលំហែនៅទីធ្លាដ៏ធំវិសេសវិសាលជុំវិញក្នុងបុរី ដែលមានក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលមានឧបករណ៍ទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន ឱ្យក្រសួងពាក់ព័ន្ធសុំអនុញ្ញាតសិន មុនប្រើច្បាប់ស្តីពីអស្សាមិករណ៍

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធឱ្យសុំការអនុញាត ឬយោបល់ជាមុនសិន មុននឹងសម្រេចឈានទៅដល់ការអនុវត្តច្បាប់ស្តីពីអស្សាមិករណ៍ ដែលជាការដកហូតដីឯកជនមកស្ថាបនាគម្រោងហេដ្ឋានរចនាសម្ព័ន្ធសាធារណៈនានា។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ សម្តេច ហ៊ុន សែន ប្រកាសថា ជាទូទៅច្បាប់អស្សាមិករណ៍ នឹងត្រូវប្រើករណីប្រជាពលរដ្ឋរឹងរូសមិនព្រមទទួលសំណងផលប៉ះពាល់ពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ដោយរដ្ឋមានសិទ្ធិនឹងដកហូតដីនោះ។ ប៉ុន្តែ មន្ដ្រីត្រូវប្រើប្រាស់ច្បាប់នេះឱ្យមានតម្លាភាព ត្រឹមត្រូវ និងប្រើនៅពេលចាំបាច់ប៉ុណ្ណោះ។ «ឧទាហរណ៍ យើងត្រូវសាងសង់ផ្លូវ សាងសង់ស្ពាន យើងបានដោះស្រាយផលប៉ះពាល់ជាង ៤០០០គ្រួសារហើយ ដោយព្រមទទួលយកដំណោះស្រាយ តែសល់ត្រឹម២គ្រួសារអីមិនព្រម តើយើងគួរតែបោះបង់ស្ពានឬផ្លូវចោល ឬយើងប្រើជម្រើសត្រឹមត្រូវ គឺប្រើប្រាស់ច្បាប់អស្សាមិករណ៍។ ព្រោះច្បាប់អស្សាមិករណ៍នេះ ពេលណាផលប្រយោជន៍រដ្ឋតម្រូវ គឺត្រូវតែប្រើហើយ តែមិនមែនអីសុទ្ធតែប្រើច្បាប់នេះរហូតនោះទេ គឺចាំបាច់ត្រូវសុំការអនុញ្ញាតជាមុនសិន» សម្ដេចបានប្រសាសន៍។ គួរបញ្ជាក់ថា ច្បាប់អស្សាមិករណ៍ ត្រូវបានសភាអនុម័តកាលពីឆ្នាំ២០០៩។ ច្បាប់នេះ មានគោលបំណងកំណត់ការដកហូតកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់និយមន័យយន្តការនីតិវិធីនៃការដកហូតកម្មសិទ្ធិ និងផ្តល់សំណងសមស្របសម្រាប់ការសាងសង់ ឬការស្តារឡើងវិញនូវគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់ការចាប់អារម្មណ៍ និងការអភិវឌ្ឍជាតិរបស់សាធារណជន និងជាតិ៕

អាន​បន្ថែម

Urbanland ចាប់ដៃគូជាមួយធនាគារផ្ដល់កម្ចីទិញផ្ទះដល់ទៅ ១០០% និងការប្រាក់ត្រឹម ៤,៣៩%

ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជាប់ជ័យលាភីក្នុងស្រុក និងជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាមួយ ធនាគារ CIMB Bank សារជាថ្មី និងថ្មីមួយបន្ថែមទៀតជាមួយធនាគារ ចិន Bank of China សម្រាប់គម្រោងបុរីចន្ទគីរី។ ការសហការជាមួយធនាគារ CIMB Bank នឹងផ្តល់ជូនអតិថិជនបុរីចន្ទគីរីនូវទំហំទឹកប្រាក់កម្ចីទិញផ្ទះរហូតដល់ ១០០% ដែលកន្លងមកអតិថជនទទួលបានតែ ៨០% ប៉ុណ្ណោះ។ ដោយឡែក តាមរយៈធនាគារចិនវិញ អតិថិជននឹងអាចទទួលបានអត្រាការប្រាក់កម្ចីទិញផ្ទះទាបដល់ ៤,៣៩% ក្នុងឆ្នាំទី១។ ធនាគារចិន Bank of China បានក្លាយជាដៃគូសហការថ្មីមួយក្នុងចំណោមដៃគូ ៣ ផ្សេងទៀតរបស់គម្រោងបុរីចន្ទគីរី ដែលរួមមានធនាគារ BRED ធនាគារ CIMB និងធនាគារ J Trust Royal Bank។ អតិថិជនរបស់បុរី នឹងទទួលបាននូវប្រាក់កម្ចីទិញផ្ទះកាន់តែមានភាពងាយស្រួល និងរហ័សជាងមុនតាមរយៈធនាគារទាំងអស់នេះ។ ការចុះហត្ថលេខាត្រូវបានប្រារព្ធធ្វើឡើងនៅការិយាល័យលក់នៃបុរីចន្ទគីរី ក្រោមអធិបតីភាពលោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន […]

អាន​បន្ថែម

សំណង់ និងអលចនទ្រព្យស្រូបយក ១៨% នៃឥណទានវិស័យធនាគារសរុប ៣៨ ប៊ីលានដុល្លារ

ការផ្តល់ឥណទានពីធនាគារពាណិជ្ជ និងធនាគារឯកទេស ដល់អតិថិជន មានសរុបដល់ទៅ ៣៨,៦ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២១ ដែលកើនឡើង ២៤,៤% ធៀបនឹងឆ្នាំចុងឆ្នាំ២០២០។ ឥណទានផ្តល់ដល់សំណង់ និងការជួញដូរអចលនទ្រព្យ រួមចំណែក ប្រមាណ ៦,៩៣ ប៊ីលានដុល្លារ ឬ១៨%។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ២០២១ វិស័យសំណង់ ទទួលបានឥណទាន ៩,៣% នៃឥណទានសរុប ឬស្មើនឹង ៣,៥៨ ប៊ីលានដុល្លារ ខណៈការជួយដូរអចលនទ្រព្យ រួមចំណែក ៨,៧% ឬស្មើនឹង ៣,៣៥ប៊ីលានដុល្លារ។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ទំហំឥណទាន នៅបន្តកើនឡើងដោយសារកំណើនតម្រូវការវិនិយោគ និង ចំណាយផ្សេងៗតាមវិស័យដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច។ ទោះជាមានវិបត្តិកូវីដក្ដី ឥណទានមិនដំណើរការ (ការខកខានសង) មានត្រឹម ២% នៃឥណទានសរុប សឱ្យឃើញថាកម្ពុជានៅមានស្ថិរភាពក្នុងវិស័យធនាគារ។        

អាន​បន្ថែម

អាជ្ញាធរខេត្តមណ្ឌលគិរីគ្រោងរៀបចំតំបន់អណ្តូងរ៉ែមាសជាតំបន់ទេសចរណ៍

អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយក្រុមហ៊ុនរ៉ុករករ៉ែ Renaissance Minerals Cambodia គ្រោងររៀបចំតំបន់អណ្តូងរ៉ែមាសទៅជាកញ្ចប់ទេសចរណ៍ទៅថ្ងៃអនាគត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជាក់ ម៉េងហាង អភិបាលរងខេត្តក្នុងកម្មវិធីវឌ្ឍនភាពមូលដ្ឋាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ។ ឯកឧត្តមបញ្ជាក់ថា ក្រុមហ៊ុននឹងរៀបចំតំបន់នោះជាទេសចរណ៍ឱ្យដូចនៅក្រៅប្រទេស ដោយនឹងបង្កើតជាកញ្ចប់ទេសចរណ៍តែម្តង។ «កញ្ចប់នេះអាចមានរយៈពេលពី ៣ ទៅ៤ យប់ ដោយកញ្ចប់ទី១ គឺការទស្សនារមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តមានដូចជាទឹកជ្រោះ ភ្នំជាដើម រីឯកញ្ចប់ទី២ គឺជាការទស្សនាដំណើរការនៃការចម្រាញ់យករ៉ែមាស» ឯកឧត្តមបន្ដ។

អាន​បន្ថែម

កំណើនប្រជាជន សេដ្ឋកិច្ច និងការរស់នៅបែបទាន់សម័យ នឹងជំរុញតម្រូវការខុនដូនៅកម្ពុជា

ទីផ្សារខុនដូនៅកម្ពុជា ដែលបច្ចុប្បន្ន ផ្អែកខ្លាំងទៅលើជនបរទេស នឹងទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុកជាងមុន បើអ្នកអភិវឌ្ឍផ្លាស់ប្ដូរតម្លៃ និងរបៀបសាងសង់ ស្របពេលដែលចំនួនប្រជាជនកើនឡើង ហើយនិន្នាការរស់នៅក្នុងលំនៅឋានបែបទំនើបក៏កំពុងពេញនិយម។ លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លើកឡើងថា អ្នកទិញក្នុងស្រុក ចាប់ផ្តើមងាកមកគាំទ្រទីផ្សារខុនដូ បើទោះបីជាទីផ្សារខុនដូ ពឹងផ្អែកលើជនបរទេសក៏ដោយ។ លោក លើកឡើងថា និន្នាការនេះ គឺគាំទ្រ ដោយកត្តាចរាចរណ៍ក្នុងទីក្រុង និងកត្តាគ្រួសារបង្កើតថ្មីដែលចង់រស់នៅក្នុងទីក្រុង ជិតកន្លែងធ្វើការ និងការប្រកបជំនួញ។ តាមរយៈនេះ ទីផ្សារខុនដូ នៅមានឱកាសរីកនៅកម្ពុជា ប៉ុន្តែអ្នកអភិវឌ្ឍត្រូវចេះចាប់យកឱកាស ដោយសាងសង់ខុនដូឱ្យស្របតាមតម្រូវការក្នុងស្រុកទាំងទំហំ និងតម្លៃ ជាជាងរង់ចាំវិនិយោគិនពីក្រៅប្រទេសដែលមិនដឹងថាពេលណា។ បច្ចុប្បន្នចំណែកក្នុងស្រុកលើទីផ្សារខុនដូ គឺនៅមានកម្រិតទាបនៅឡើយ ដែលជាការបង្ហាញថា ទីផ្សារនេះនៅមានចន្លោះធំធាត់ជាងនេះ បើធ្វើទីផ្សារបានត្រឹមត្រូវ ហើយស្របនឹងនិន្នាការជាក់ស្ដែង។

អាន​បន្ថែម

អ្នកជំនាញ៖ វិបត្តិកូវីដ ២ ឆ្នាំ កន្លងមក ជួយបង្វែទិសទីផ្សារអលចនទ្រព្យកម្ពុជាឱ្យដើរទៅរកផ្លូវត្រូវ

អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា វិស័យអចលនទ្រព្យសម្រាប់ឆ្នាំ ២០២២ និងឆ្នាំខាងមុខ នឹងបន្តមានកំណើនយឺត តែមាននិរន្តរភាពជាងមុន ពោលគឺមិនខ្លាំងដូចមុន តែមានសកម្មភាពជាបន្ដបន្ទាប់មិនជាប់គាំង។ កំណើននិរន្តរភាពនេះ គឺដោយសារតែទីផ្សារបាន និងកំពុងសម្របខ្លួន ហើយងាកមកផ្ដោតលើប្រភេទអចលនទ្រព្យដែលត្រូវនឹងតម្រូវការក្នុងស្រុកជាក់ស្ដែង។ លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា ទោះមានវិបត្តិកូវីដក្ដី សកម្មភាពទិញលក់ អចលនទ្រព្យ នៅតែបន្តមាន នៅតាមតំបន់ ឬទីក្រុងដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អាកាសយានដ្ឋាន គោលដៅទេសចរណ៍ និងច្រកព្រំដែនអន្តរជាតិនានា។ «ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ ប្រភេទអចលនទ្រព្យដែលត្រូវជាមួយនឹងតម្រូវការរអ្នកទិញក្នុងស្រុក ដូចជាផ្ទះមានតម្លៃសមរម្យ និងដីតាមតំបន់អភិវឌ្ឍន៍ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ» លោកបានបន្ដ ។ «ទិសដៅសក្ដានុពលគឺនៅតែមានការទិញលក់ក្នុងតំបន់ដូចជា កំពត កែប សៀមរាប ព្រះសីហនុ កំពង់ស្ពឺ ប៉ោយប៉ែត បាវិត និងមណ្ឌលគីរីជាដើម»។ បើតាមការវិភាគរបស់លោក ២ ឆ្នាំកន្លងមកនេះ បានបង្រៀនឱ្យទីផ្សារផ្លាស់ប្ដូរខ្លួនងាកទៅរកផ្លូវត្រូវ ពោលគឺតម្រូវការក្នុងស្រុកជាក់ស្ដែង។ ដូច្នេះចាប់ពីពេលនេះតទៅ ទីផ្សារនឹងមានកំណើនដោយមាននិរន្តរភាពជាងមុន ទោះជាមិនកើនខ្លាំងដូចមុន តែជាការកើនដែលមានជាបន្ដបន្ទាប់។

អាន​បន្ថែម