បច្ចេកវិទ្យាឌីជីថលភ្លោះ និង AI អាចកំណត់កំហូចស្ពាន និងវាយតម្លៃស្តង់ដារថ្មីសម្រាប់ការជួសជុល

ការជួសជុលស្ពាន Robert Street ដែលមានអាយុកាលជាប្រវត្តិសាស្ត្រ ប្រើប្រាស់បញ្ញាសិប្បនិម្មិត និងឌីជីថលភ្លោះ ដើម្បីទាយយកដំណើរការត្រួតពិនិត្យ និងកំណត់កំហូចដែលត្រូវជួសជុល និងថែទាំ

អស់រយៈពេលជិត 100 ឆ្នាំមកនេះ ស្ពានឥន្ទធនូ Robert Street នៅ St. Paul រដ្ឋ Minnesota ត្រូវបានដាក់ជានិមិត្តរូបនៃសំណង់ប្រវត្តិសាស្រ្ត។ ជារចនាសម្ព័ន្ធបែបទំនើប វាក៏ត្រូវបានបម្រើជាផ្លូវថ្នល់ដ៏សំខាន់សម្រាប់ចរាចរណ៍ឆ្លងកាត់នៃទន្លេ Mississippi ដោយធ្វើដំណើរពីផ្នែកខាងលិចនៃទីក្រុងទៅកាន់ទីប្រជុំជននៃសង្កាត់ St. Paul។

ឥឡូវនេះ មន្ទីរសាធារណការនៃរដ្ឋមីនីសូតា (MnDOT) កំពុងរៀបចំផែនការជួសជុលដ៏សំខាន់មួយ ដែលនឹងធ្វើឱ្យស្ពានប្រវត្តិសាស្ត្រមួយនេះអាចគង់វង្សស្ថិតស្ថេរសម្រាប់រយៈពេល 50 ឆ្នាំទៅមុខទៀត។ កិច្ចការមួយនេះ គឺមានគោលបំណងធានាឱ្យបាននូវអនាគតជាប្រវត្តិសាស្រ្តរបស់សង្កាត់ St. Paul ខណៈដែលការធ្វើគំរូពីវឌ្ឍនភាពបច្ចេកវិទ្យានឹងក្លាយជាស្តង់ដារមួយសម្រាប់ការជួសជុល និងថែទាំក្នុងកិច្ចការវិស្វកម្មស្ពាន។

លោក Barritt Lovelace អនុប្រធាន UAS, AI និង reality modeling សម្រាប់ក្រុមហ៊ុន Collins Engineers, Inc បាននិយាយថា “[នេះគឺជាជំហានឆ្ពោះទៅមុខដ៏ធំបំផុតនៅក្នុងការត្រួតពិនិត្យស្ពានចាប់តាំងពីការងារត្រួតពិនិត្យស្ពានបានយល់ព្រមជាផ្លូវការនៅឆ្នាំ 1971 ដោយរដ្ឋសហព័ន្ធ”។

មន្ទីរសាធារណការនៃរដ្ឋមីនីសូតា (MnDOT) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនវិស្វកម្ម Collins ដើម្បីត្រួតពិនិត្យស្ពាន Robert Street មុនពេលជួសជុលឡើងវិញ បន្ទាប់ពីការជួសជុលជាទ្រង់ទ្រាយធំធ្លាប់បានធ្វើឡើងតែមួយដងប៉ុណ្ណោះនៅឆ្នាំ 1989។ សម្រាប់ការងារជួសជុលស្តារឡើងវិញនេះ ក្រុមអធិការកិច្ចសំណង់ស្ពានបានបង្កើតវិធីសាស្រ្តបែបប្រពៃណី ដែលពាក់ព័ន្ធនឹងការវាស់ស្ទង់ និងកំណត់ស្នាមប្រេះដោយដៃ ហើយពឹងផ្អែកលើគំនូរព្រាង និងការកំណត់ចំណាំដែលគូរដោយខ្មៅដៃ ព្រមជាមួយនឹងរូបថត នៅពេលមានការវាយតម្លៃសំខាន់ៗ។

នៅទីនេះ វិស្វកររបស់ Collins អាចលម្អិតទិន្នន័យដែលប្រមូលបានដោយប្រើដ្រូន Skydio ដើម្បីចាប់យករូបភាពជាង 57,000 ចំណុច នៃស្ពានដើម្បីផ្គុំចូលគ្នា មុននឹងវិភាគ។

ដោយប្រើកម្មវិធី គំរូរូបពិតរបស់ Bentley ក្រុមអធិការកិច្ចបានដំណើរការរូបភាពដែលថតដោយយន្តហោះដ្រូនដើម្បីបង្កើតជាស្ពានភ្លោះឌីជីថលយ៉ាងលម្អិត។ សមត្ថភាពនេះបានអនុញ្ញាតឱ្យវិស្វករជាន់ខ្ពស់នៅក្នុងគម្រោងមើលឃើញជាមុននូវស្ពាន និងសិក្សាពីស្ថានភាពរបស់វា ដោយចងក្រងឯកសារមុនពេលចុះទៅត្រួតពិនិត្យនៅកន្លែងផ្ទាល់។ នៅពេលចុះដល់ទីតាំង វិស្វករអាចផ្អែកទៅលើការចម្លងឌីជីថល 3D នៅលើកុំព្យូទ័រថេប្លេត ដោយគ្រាន់តែភ្ជាប់អ៊ីនធឺណិត និងបញ្ចូលកំណត់ចំណាំបន្ថែមទៅតាមគំរូនីមួយៗប៉ុណ្ណោះ។

លោក Lovelace បាននិយាយថា ដែលធ្លាប់អនុវត្តកន្លងមក ក្រុមរបស់គាត់អាចប្រមូលបានយ៉ាងហោចណាស់ 70% នៃព័ត៌មានត្រួតពិនិត្យសរុបរបស់គម្រោង មុនពេលចុះពិនិត្យ។ “យើងនៅតែពឹងផ្អែកលើអ្នកត្រួតពិនិត្យរបស់យើង និងបទពិសោធន៍របស់ពួកគេ ប៉ុន្តែយើងបានផ្លាស់ប្តូរពីការរកឃើញនូវកំហូចទាំងនេះជាច្រើននៅការដ្ឋាន ដោយគ្រាន់តែផ្ទៀងផ្ទាត់ថា វាពិតជាមានការខូចខាតមែនឬទេនៅទីនោះ និងកំណត់ព័ត៌មានត្រូវត្រួតពិនិត្យជាមុនជាមួយបញ្ញាសិប្បនិមិត្តឱ្យបានត្រឹមត្រូវ។”។

 អត្ថប្រយោជន៍ត្រូវបានចែករំលែក

ដោយប្រើវិធីសាស្រ្តគ្រប់គ្រងគម្រោងតាមរយៈឌីជីថលទាំងនេះ វិស្វកររបស់ Collins អាចកាត់បន្ថយពេលវេលាដែលបានចំណាយចុះការដ្ឋានផ្ទាល់យ៉ាងតិចណាស់ 20% ហើយការបិទផ្លូវដើម្បីត្រួតពិនិត្យក៏តិចជាងមុន ដោយគ្មានការរំខានចរាចរណ៍សម្រាប់អ្នកធ្វើដំណើរ ហើយវិស្វករគ្រាន់តែផ្តោតតែលើជំហានបន្ទាប់ដ៏សំខាន់សម្រាប់ការងារ ដូចជា៖ ការវាយតម្លៃសមត្ថភាពទ្រទម្ងន់របស់ស្ពាន និងបង្កើតផែនការគ្រប់គ្រងស្ពាន ដើម្បីបង្ហាញដល់អ្នកសិក្សាគម្រោង។

លោក Lovelace បាននិយាយថា “វិស្វករគ្រាន់តែចំណាយពេលវេលាក្នុងការសម្រេចចិត្ត ដោយយោងទៅលើទិន្នន័យដែលប្រមូលបាន”។

អត្ថប្រយោជន៍នៃការពឹងផ្អែកលើវិធីសាស្រ្តគ្រប់គ្រងគម្រោងដោយឌីជីថល ក៏បានបន្ថែមសមត្ថភាពដល់ក្រុមវិស្វករយកឈ្នះដៃគូប្រកួតប្រជែងផ្សេងទៀតដែលប្រើវិធីសាស្រ្តប្រពៃណី លើការដេញថ្លៃជួសជុលស្តារឡើងវិញនូវស្ពាន Robert Street នេះផងដែរ។

ទិន្នន័យត្រួតពិនិត្យ និងការធ្វើតេស្តដែលបានបញ្ចូលទៅក្នុងឌីជីថលភ្លោះត្រូវបានចែករំលែកនៅទូទាំងក្រុមការងារដែលពាក់ព័ន្ធក្នុងគម្រោង រួមទាំងក្រុមសិក្សាប្លង់ និងក្រុមសាងសង់ផងដែរ ដោយបានផ្តល់នូវវិធីសាស្រ្តក្នុងការត្រួតពិនិត្យការងារដល់ក្រុមអធិការកិច្ចដោយរលូន។ ជាប្រពៃណី មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ការងាររបស់ក្រុមអធិការកិច្ច និងពិនិត្យមើលថា តើមានកំហូចណាមួយនៃការងារត្រូវបានមើលរំលងដែរឬទេ? ទាំងនេះ គឺត្រូវចាត់ចែងការត្រួតពិនិត្យឯករាជ្យមួយផ្សេងទៀតបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការប្រើប្រាស់ឌីជីថលភ្លោះដើម្បីរៀបចំ និងបង្ហាញទិន្នន័យ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព និងគណនេយ្យភាពបន្ថែមទៀត ចាប់តាំងពីការងារចាប់ផ្តើមរហូតដល់បញ្ចប់។

លោក Lovelace បានបន្ថែមថា “វាមានឱកាសតិចណាស់នៃការកើតមានកំហុស ដូច្នេះយើងកំពុងធ្វើការដើម្បីកាត់បន្ថយហានិភ័យ – មិនត្រឹមតែសម្រាប់ខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អតិថិជនរបស់យើងផងដែរ”។

លើសពីនេះទៀត ការបង្កើតឌីជីថលភ្លោះ គឺសម្រាប់អ្នកម៉ៅការដែលអាចយល់ដឹងលម្អិតបន្ថែមទៀតអំពីស្ថានភាពនៃគ្រឿងបង្គុំស្ពាន។ វិស្វកររបស់ Collins រំពឹងថានឹងសន្សំបានប្រហែល 20% ក្នុងការចំណាយលើការជួសជុលស្តារឡើងវិញ។ លោក Lovelace ជឿជាក់ថា ការត្រួតពិនិត្យបានល្អ នឹងជួយអ្នកម៉ៅការអាចដាក់សំណើដេញថ្លៃសំណង់បានកាន់តែត្រឹមត្រូវ។ លោកប៉ាន់ប្រមាណថាការចែករំលែកព័ត៌មាននេះនឹងនាំមកនូវការសន្សំរហូតដល់ 15 លានដុល្លារ សម្រាប់មន្ទីរ MnDOT និងការកាត់បន្ថយ 10% នៃសម្ភារៈប្រើប្រាស់ក្នុងអំឡុងពេលដំណើរការសាងសង់។

ប្រយុទ្ធប្រឆាំងនឹងកង្វះកម្លាំងពលកម្ម
ការច្នៃប្រឌិតបែបឌីជីថលក៏បានជួយក្រុមវិស្វកម្មកាត់បន្ថយការខ្វះខាតកម្លាំងពលកម្មដែលបច្ចុប្បន្នឧស្សាហកម្មស្ពានកំពុងជួបប្រទះ។ លោក Lovelace បាននិយាយថា យើងមិនមានវិស្វករថ្មីគ្រប់គ្រាន់ទេក្នុងការចូលរួមជាកម្លាំង ដើម្បីផ្គត់ផ្គង់ការងារតាមតម្រូវការដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សសម្រាប់ជំនាញនេះ ដោយសារតែស្ពាននៅសហរដ្ឋអាមេរិកមួយចំនួន និងអាយុកាលហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតលើសពី 50 ឆ្នាំ។

លោក​បាន​មាន​ប្រសាសន៍​ថា “ហេដ្ឋារចនាសម្ព័ន្ធ [អាមេរិក] គឺ​ស្ថិត​ក្នុង​ជំនាន់​ទី ២ ដែល​ត្រូវ​ការ​ការ​ជួស​ជុលជាចាំបាច់”។

ផ្អែកលើការត្រួតពិនិត្យ សម្រាប់គម្រោងស្ពាន Robert Street បានបង្ហាញពីសមត្ថភាពបញ្ញាសិប្បនិមិត្តជួយទូទាត់ចំណាយរវាងការជួលបុគ្គលិកតិចជាងមុនសម្រាប់ការងារនៅការដ្ឋានផ្ទាល់ វាបានកាត់បន្ថយពេលវេលា និងកម្លាំងពលកម្មសរុបដែលទាមទារប្រចាំការផ្ទាល់នៅនឹងកន្លែង។ ករណីនេះ វាបានផ្តល់សន្សំការចំណាយច្រើនជាង USD90,000 សម្រាប់ការងារមួយនេះ។ ហើយសម្រាប់គម្រោងនាពេលអនាគត លោក Lovelace ក៏គិតទុកជាមុនអំពីជម្រើសនៃការពិគ្រោះយោបល់ដោយនិម្មិត (Virtual consultancy) សម្រាប់វិស្វករដែលមានបទពិសោធន៍ ហើយមិនមានពេលវេលាគ្រប់គ្រាន់ចុះទៅកាន់ការដ្ឋានដោយផ្ទាល់។

ជាលទ្ធផលនៃអត្ថប្រយោជន៍ទាំងនេះ គាត់រំពឹងថារំហូរការងារឌីជីថលដំបូងនឹងក្លាយជាបទដ្ឋានសម្រាប់គាត់ និងសហការីរបស់គាត់ឆ្ពោះទៅថ្ងៃខាងមុខ។ លោក​បាន​បន្ត​ថា​៖ «​ទោះ​បី​ជា​ករណី​ដែល​អតិថិជន​មិន​បាន​ស្នើ​សុំ​ឱ្យ​យើង​ធ្វើ​បែប​នេះ​ក៏​ដោយ ក៏​យើង​នៅតែអាចផ្តល់ជូនដល់អតិថិជនបានដែរ ​ព្រោះ​យើង​ដឹង​ថា​ យើង​អាច​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ផលិតផល​ល្អ​ប្រសើរ​ក្នុង​តម្លៃ​ទាប​បើ​ធៀប​នឹង​វិធី​បុរាណ​»។

ប្រវត្តិវិស្វករ Barritt Lovelace

លោក Barritt Lovelace មានតួនាទីអនុប្រធានវិស្វកម្មនៃក្រុមហ៊ុន Collins ជាអ្នកដឹកនាំកម្មវិធីលើយន្តហោះដ្យូន បញ្ញាសិប្បនិម្មិត និងឌីជីថលភ្លោះក្នុងការចុះត្រួតពិនិត្យស្ពាន។

លោក Barritt Lovelace មានទស្សនៈវិស័យ និងបទពិសោធន៍ច្រើនលើសលុបលើសំណង់ស្ពាន។ ក្នុងរយៈពេលជិត 30 ឆ្នាំក្នុងនាមជាវិស្វករគ្រឿងបង្គុំ និងជាអ្នកត្រួតពិនិត្យស្ពាន គាត់បានប្រើត្រឹមតែខ្សែពួរប៉ុណ្ណោះដើម្បីចុះទៅក្រោមទឹក ហើយឡើងទៅលើដើម្បីត្រួតពិនិត្យសំណង់ស្ពាន។ ប៉ុន្តែឥឡូវនេះ គាត់អាចប្រើយន្តហោះដ្រូន និងកូនភ្លោះឌីជីថល ដើម្បីមើលស្ពានពីមុំថ្មី និងបានគ្រប់ជ្រុងជ្រោយ។

លោក Lovelace បាននិយាយថា “គំនិតខ្ញុំតែងតែចាប់អារម្មណ៍លើស្ពាន គឺមានហេតុផលដូចគ្នាដូចមនុស្សគ្រប់រូបបានចាប់អារម្មណ៍លើស្ពានដូច្នោះ” ។ គេតែនិយាយថា “ស្ពានគឺកន្លែងចម្លង ឬភ្ជាប់មនុស្ស ទៅនឹងសហគមន៍។” មែនហើយ! ខ្ញុំពិតជាសប្បាយចិត្តចំពោះឱកាសដើម្បីធ្វើការលើហេដ្ឋារចនាសម្ព័ន្ធលេចធ្លោទាំងនេះ រួមទាំងការចូលរួមចំណែករបស់ខ្ញុំក្នុងការស្ដារឡើងវិញនូវស្ពាន Stone Arch ដ៏ល្បីល្បាញរបស់ទីក្រុង Minneapolis ហើយថ្មីៗនេះ ស្ពាន Robert Street ដែលជាសំណង់ប្រវត្តិសាស្ត្ររបស់សង្កាត់ St. Paul នេះជាការចាប់ផ្តើមរបស់ខ្ញុំក្នុងអាជីពនេះ។

គាត់បានចាប់ផ្តើមអភិវឌ្ឍជំនាញវិស្វកម្មស្ពាននេះ ដើម្បីចាប់ឱកាសក្លាយជាអ្នកដឹកនាំលើគម្រោងគួរឱ្យកត់សម្គាល់ជាច្រើនក្នុងឆ្នាំ 2015 កន្លងមក នៅពេលដែលក្រុមហ៊ុន Collins Engineers បានទទួលជំនួយឥតសំណងពី MnDOT ដើម្បីពិចារណាពីរបៀបដែលយន្តហោះដ្រូនអាចប្រើប្រាស់សម្រាប់ការត្រួតពិនិត្យស្ពាន។ នៅពេលនោះ លោក Lovelace បានចាប់ឱកាសដើម្បីគ្រប់គ្រងការិយាល័យប្រចាំតំបន់នៅរដ្ឋ Minnesota ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលតម្រូវការកើនឡើងសម្រាប់ជំនាញឌីជីថល គាត់មានឱកាសដើម្បីដើរតួជាអ្នកដឹកនាំដែលនឹងបង្ហាញភាពជឿនលឿនផ្នែកបច្ចេកវិទ្យានេះនៅក្នុងកិច្ចការវិស្វកម្មសំណង់ស្ពាន។លោក​បាន​បន្ត​ថា​៖ «​យើង​បាន​ប្រែក្លាយការងារជា​ស្ដង់ដារ​នៅ​ពេល​ដែល [​ឧស្សាហកម្ម​នេះ​] ចាប់​ផ្ដើម​ប្រើ​យន្តហោះ​ដ្រូនជា​លើក​ដំបូង​ក្នុង​ការ​ត្រួត​ពិនិត្យ​ស្ពាន។

ឥឡូវនេះ លោក Lovelace មិនត្រឹមតែជាអ្នកណែនាំផ្នែកបច្ចេកវិជ្ជានៃគម្រោងត្រួតពិនិត្យស្ពានធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រឹក្សាជាមួយភ្នាក់ងាររដ្ឋផ្សេងៗដែលចង់បង្កើនសមត្ថភាពត្រួតពិនិត្យឌីជីថលផ្ទាល់ខ្លួនរបស់ពួកគេ។ គាត់និយាយថា វាបានជំរុញយើងឱ្យក្លាយជាផ្នែកមួយនៃសន្ទុះឆ្ពោះទៅមុខនៃទូទាំងឧស្សាហកម្មនេះ។

លោកគូសបញ្ជាក់ថា “ការទៅធ្វើការជាមួយមន្ទីរសាធារណការ DOTs ទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាពិតជាគួរឱ្យចាប់អារម្មណ៍” ។ “វាបានធ្វើយើងទទួលបានភាពរំភើបរីករាយក្នុងការជួយភ្នាក់ងារអធិការកិច្ចឱ្យអនុវត្តបច្ចេកវិទ្យានេះ ហើយចាប់ផ្តើមទាញយកអត្ថប្រយោជន៍ពីវា។”

លោក Lovelace ក៏រំភើបផងដែរដែលឃើញបច្ចេកវិទ្យាទាំងនេះបើកទ្វារសម្រាប់ទេពកោសល្យវិស្វកម្មថ្មីដើម្បីចូលរួមក្នុងឧស្សាហកម្មនេះនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់នៅទូទាំងប្រទេសកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកជឿជាក់ថា ឧស្សាហកម្មនេះក៏នឹងកាន់តែមានការស្វាគមន៍ចំពោះវិស្វករដែលមានទេពកោសល្យ ដែលធ្លាប់ជួបឧបសគ្គក្នុងការត្រួតពិនិត្យសំណង់ស្ពាន។

លោក Lovelace បានបន្ថែមថា “ខ្ញុំគិតថាការបញ្ចូលបញ្ញាសិប្បនិម្មិត យន្តហោះដ្រូន និងកូនភ្លោះឌីជីថល វាពិតជាបានជួយយើងទាក់ទាញវិស្វករដែលល្អបំផុត និងភ្លឺស្វាងបំផុតមកក្នុងវិស័យនេះ ពីព្រោះភ្លាមៗនោះ វាបានក្លាយជាបច្ចេកវិទ្យាមួយឈានមុខដែលយើងនឹងស្មានមិនដល់” ។


រូបថតរបស់ Collins Engineers, Inc. ៖ បង្ហាញពីការចែករំលែកព័ត៌មានតាមរយៈឌីជីថលភ្លោះនឹងនាំមកនូវការសន្សំរហូតដល់ 15 លានដុល្លារសម្រាប់មន្ទីរ MnDOT និងការកាត់បន្ថយ 10% នៃសម្ភារៈប្រើប្រាស់ក្នុងអំឡុងពេលដំណើរការសាងសង់។

អំពីអ្នកនិពន្ធ៖ Oana Crisan គឺជាអ្នកទីផ្សារផលិតផលជាន់ខ្ពស់ដែលផ្តោតលើការរចនាស្ពាន និងកម្មវិធីវិភាគនៅ Bentley Systems។ នាងទទួលបានបរិញ្ញាបត្រផ្នែកអាជីវកម្មប្រព័ន្ធព័ត៌មាន ពីសាលាធុរកិច្ច Dublin ប្រទេសអៀរឡង់ និងបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងការសិក្សានៅអឺរ៉ុបពីសាកលវិទ្យាល័យ Petru Maior ទីក្រុង Târgu Mureș ប្រទេសរ៉ូម៉ានី។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីម៉ែល oana.crisan@bentley.com

© 2023 Bentley Systems, Incorporated. Bentley and the Bentley logo are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly-owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -