SCG, ក្រសួងការងារ បើកការប្រកួតជំនាញសំណង់ប្រចាំឆ្នាំលើកទី២ ដើម្បីពង្រឹងសមត្ថភាពមេជាងសំណង់នៅកម្ពុជា
ក្រុមហ៊ុន SCG ដែលជាសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានបើកការប្រកួតប្រជែងជំនាញសំណង់ប្រចាំឆ្នាំលើកទី២ដោយ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពជាងសំណង់នៅកម្ពុជា ខណៈដែលវិស័យសំណង់នៃប្រទេសនេះ កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មេជាងសំណង់ ៤០រូប ដែលចម្រាញ់ចេញពីមេជាងសំណង់ជាង ២០០នាក់ ដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងជំនាញនៅតាមបណ្ដាខេត្ត ដែលរៀបចំដោយ SCG និងដៃគូរបស់ខ្លួន បានចូលរួមនៅក្នុងការប្រកួតប្រចាំឆ្នាំលើកទី២នេះ។ បេក្ខជនមេជាងសំណង់ ប្រកួតប្រជែងគ្នាលើ ៣មុខជំនាញ គឺ ជំនាញបូក, ជំនាញប្រក់ដំបូល និងជំនាញដំឡើងស្មាតបត។
លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់របស់ SCG នៅកម្ពុជា បានថ្លែងថា កម្មវិធីប្រឡងប្រជែងជំនាញសំណង់នៅថ្ងៃនេះ បង្ហាញពីបំណងប្រាថ្នារបស់ SCG ក្នុងការផ្ដល់ឱកាសប្រសើរឡើងនិងគុណភាពនៃការរស់នៅដល់អ្នកពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
លោក វីរុត ថ្លែងដូច្នេះថា «តាមរយៈកម្មវិធីនេះ យើងចង់ជួយលើកកម្ពស់ជំនាញរបស់មេជាងសំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់នៅកម្ពុជា។ ជាងនេះទៀត ម្ចាស់លំនៅដ្ឋាននិងអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ ក៏នឹងទទួលបានស្តង់ដារនិងគុណភាពសំណង់ប្រសើរឡើង ផងដែរ»។
លោក វីរុត ក៏បានបន្ថែមថា នៅពេលដែលជំនាញរបស់ខ្លួនកាន់តែប្រសើរឡើង និងមានវិញ្ញាបនបត្រទទួលស្គាល់ពីកម្មវិធីបណ្ដុះបណ្ដាលនិងប្រកួតប្រជែងនេះ មេជាងសំណង់ ឬអ្នកម៉ៅការសំណង់នៅក្នុងស្រុក នឹងមានឱកាសការងារនិងចំណូលកាន់តែខ្ពស់ថែមទៀត។
លោក ឡៅ ហ៊ីម អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងនៅពេលបើកកម្មវិធីប្រកួតប្រជែងជំនាញមេជាងសំណង់ ថាការអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺទាមទារចាំបាច់នូវការគាំទ្រនិងចូលរួមពីវិស័យឯកជន។
លោក ឡៅ ហ៊ីម មានប្រសាសន៍ដូច្នេះថា «សូមឱ្យក្រុមហ៊ុន ចូលរួមគាំទ្រនូវរាល់សកម្មភាពដែលរដ្ឋត្រូវការការសហការពីវិស័យឯកជន មានដូចជា ការចុះកម្មសិក្សា ការស្រាវជ្រាវ និង
ការចូលរួមអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជាដើម»។
លោកអនុរដ្ឋលេខាធិការក្រសួងការងារ ក៏បានបន្ថែមផងដែរថា ការប្រកួតប្រជែងជំនាញនេះ នឹងចូលរួមចំណែកសម្រេចគោលនយោបាយជាតិ ក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការបណ្តុះបណ្តាលជំនាញ បង្តើតការងារ បង្កើនផលិតភាព និងបង្កើនប្រាក់ចំណូល។
គួរបញ្ជាក់ថា ការប្រកួតប្រជែងនេះ នឹងចម្រាញ់យកជ័យលាភី លេខ១, លេខ២ និងលេខ៣ លើមុខជំនាញនីមួយៗ នៃមុខជំនាញទាំងបី ហើយជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ២លានរៀល និងដំណើរទស្សនកិច្ចទៅប្រទេសថៃ, លេខ២ បានទឹកប្រាក់ ១លាន ២សែនរៀល និងលេខ៣ បានទឹកប្រាក់ ៨សែនរៀល។
ប្រកួតប្រជែងជាងសំណង់ប្រចាំឆ្នាំលើកទី២នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ អេសស៊ីជី ដែលមានគោលបំណងជួយលើកស្ទួយវិស័យសំណង់នៅកម្ពុជា ក្នុងរយៈពេលវែង ។
អេសស៊ីជី សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរៀបចំឲ្យមានការប្រកួតប្រជែងជំនាញមេជាងសំណង់នេះ ចាប់តាំងពីឆ្នាំ២០១៨មក។
គិតរហូតមកដល់ចុងឆ្នាំ២០១៩នេះ មេជាងសំណង់ជាង ៤០០នាក់ មកពីទូទាំងប្រទេសកម្ពុជា បានទទួលការបណ្ដុះបណ្ដាល និងជិត ៨០នាក់ បានចូលរួមនៅក្នុងប្រកួតប្រជែងជំនាញប្រចាំឆ្នាំ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន SCG៕



- Video Advertisement -