ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ
ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈស្តង់ដារ ដើម្បីដណ្តើមរង្វាន់ធំម៉ូតូ និងរង្វាន់លើកទឹកចិត្តជាច្រើននៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្កាម៉ល
កម្មវិធីប្រកួតបិទការ៉ូ ស៊ីកា ខេមបូឌា ២០២៦ ដែលជាព្រឹត្តិការណ៍ដំបូងបង្អស់មិនធ្លាប់មាន បានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្កាម៉ល ដោយបានទាក់ទាញជាងជំនាញបិទការ៉ូឆ្នើមៗមកពីគ្រប់ទិសទីឱ្យមកជួបជុំគ្នា ដើម្បីបង្ហាញពីសមត្ថភាពពិត បច្ចេកទេសដ៏រស់រវើក និងការខិតខំប្រឹងប្រែងរបស់ពួកគេ ដែលជាចំណែកដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍគុណភាពសំណង់។ ព្រឹត្តិការណ៍ដ៏ធំនេះមិនត្រឹមតែជាការប្រកួតប្រជែងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការគោរព និងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិជ្ជាជីវៈរបស់ជាងបិទការ៉ូ ដែលជាអ្នកធានានូវសោភ័ណភាព និងភាពរឹងមាំយូរអង្វែងនៃសំណង់អគារទំនើបៗនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គណៈកម្មការបានរកឃើញម្ចាស់ជ័យលាភីដែលទទួលបានរង្វាន់ធំជាម៉ូតូ Suzuki Let ដ៏ថ្មីស្រឡាងមួយគ្រឿង ព្រមទាំងអ្នកឈ្នះរង្វាន់លើកទឹកចិត្តតាមផ្នែកបច្ចេកទេសជាច្រើនរូបទៀត ដែលបានបង្ហាញស្នាដៃយ៉ាងលេចធ្លោ។ គួររំឭញផងដែរថា ភាពហ្មត់ចត់ និងការវាយតម្លៃប្រកបដោយតម្លាភាពខ្ពស់នៃព្រឹត្តិការណ៍នេះ គឺទទួលបានការចូលរួមពីគណៈកម្មការជំនាញដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសំណង់ រួមមាន លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងទទួលបន្ទុកផ្នែកអប់រំ និងបណ្តុះបណ្តាលនៃគណៈវិស្វករកម្ពុជា លោក ជួន វិសុទ្ធ ប្រធានគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន COVA (Cambodia) Co., Ltd និងកញ្ញា អាន លក្ខិណា វិស្វករគ្រឿងផ្គុំនៃក្រុមហ៊ុន Meinhardt Consultants (Cambodia) Co., Ltd។
ជោគជ័យដ៏អស្ចារ្យនៃយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ស្តង់ដារសំណង់នេះ មិនអាចកាត់ផ្ដាច់បានពីការគាំទ្រ និងសហការឧបត្ថម្ភយ៉ាងពេញទំហឹងពីដៃគូសំខាន់ៗ មានដូចជា Khmer Builder និង Bosch Power Tools ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះលេចចេញជារូបរាងឡើង។ តាមរយៈការរៀបចំកម្មវិធីលំដាប់ថ្នាក់ជាតិបែបនេះ ក្រុមហ៊ុន ស៊ីកា ខេមបូឌា បានបន្តបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំមកនូវផលិតផលកាវបិទការ៉ូ និងសម្ភារសំណង់ស្តង់ដារខ្ពស់ ព្រមទាំងរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់កម្រិតជីវភាពរបស់ជាងសំណង់នៅក្នុងព្រះរាជាណាក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយចីរភាព។ (អានបន្ថែម)

- Video Advertisement -